អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​ស្ត្រី​អារ៉ាប៊ី​សាអ៊ូឌីត គ្មាន​សិទ្ធិ​បើក​បរ​ដូច​ស្ត្រី​ដទៃ​លើ​ពិភពលោក ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

អារ៉ាប៊ីសាអ៊ូឌីត គឺ​ជា​ប្រទេស​តែ​មួយគត់​នៅលើ​លោក​យើង​នេះ ដែល​ស្ត្រី​គ្មាន​សិទ្ធិ​បើក​រថយន្ត​ និង​ចេញ​ក្រៅ​ផ្ទះ​ដោយ​គ្មាន​ទទូល​ស្បែ។ ប៉ុន្តែ​នៅ​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ស្ត្រី​កាន់​តែ​ច្រើន​ឡើងៗ​នាំ​គ្នា​បះបោរ ប្រឆាំងបម្រាម​​ដ៏​តឹង​តែង​ខុសគេ ដោយ​ជម្នះ​បើក​ឡាន ទោះ​បី​ជា​បាន​ដឹង​ជាមុន​ថា​ត្រូវ​ប៉ូលិស​ចាប់ និង​ត្រូវ​ទទួល​ការ​ផាក​ពិន័យ​ យ៉ាងណា​ក៏​ដោយ។ កាលពី​ថ្ងៃ​សៅរ៍​ទី ២៦​តុលា ស្ត្រី​អារ៉ាប៊ីសាអ៊ូឌីត ខ្លះ​នាំ​គ្នា​ចេញ​បើក​ឡាន​បញ្ឈឺ​ប៉ូលិស ខ្លះ​ទៀត​​បោះផ្សាយ​របៀប​បើក​បរ​រថយន្ត​តាម​ប្រព័ន្ធ​សង្គម​ផ្សេងៗ។ តើ​ហេតុ​អ្វី​បាន​ជា​ស្ត្រី​​អារ៉ាប៊ី​សាអ៊ូឌីត ​គ្មាន​សិទ្ធិ​បើក​បរ ? តើ​​ប្រទេស​នេះ​សំអាង​លើ​ហេតុ​ផល​អ្វី បាន​ជា​ហាមឃាត់​ស្ត្រី​យ៉ាង​ដូច្នេះ ?!

ស្ត្រី​អារ៉ាប៊ីសាអ៊ូឌីត ជម្នះ​បើក​រថយន្ត​ ដើម្បី​សម្តែង​ការ​តវ៉ា​ប្រឆាំង​នឹង​បម្រាម​មិន​ឱ្យ​ស្ត្រី​បើក​ឡាន
ស្ត្រី​អារ៉ាប៊ីសាអ៊ូឌីត ជម្នះ​បើក​រថយន្ត​ ដើម្បី​សម្តែង​ការ​តវ៉ា​ប្រឆាំង​នឹង​បម្រាម​មិន​ឱ្យ​ស្ត្រី​បើក​ឡាន © Reuters
ផ្សាយពាណិជ្ជកម្ម

ជាលើក​ទី​មួយ​ក្នុង​ប្រវត្តិ​អារ៉ាប៊ីសាអ៊ូឌីត ដែល​​ស្ត្រី​បី​នាក់​នៅ​ក្នុង​ជួរ​អ្នក​កាន់​អំណាច​បាន​ធ្វើ​អនុសាសន៍​សុំ​លុប​ចោល​ការ​ហាមឃាត់​ បម្រាប​មិន​ឱ្យ​ស្ត្រី​បើកបរ។ ប៉ុន្តែ​រដ្ឋាភិបាល​អារ៉ាប៊ីសាអ៊ូឌីត មិន​ប្តូរ​ជំហរ​ដាច់​ខាត​ និង​បាន​ប្រកាស​បញ្ជាក់​ជា​ថ្មី​ការ​ហាមឃាត់​នេះ​ដដែល។ លើស​ពី​នេះ​ទៅ​ទៀត​ ក្រុម​អ្នក​កាន់​សាសនា​និយមជ្រុល​ បាន​​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ព្រះ​បរម​រាជ​វាំង ដើម្បី​ប្រឆាំង​នឹង​សំណើ​របស់​ស្ត្រី ដែល​ព្រះមហាក្សត្រ​ Abdallah កំពុង​ត្រួត​ពិនិត្យ​។ ព្រះ​មហាក្សត្រ​ដែល​ទំនង​ជា​មិន​ប្រឆាំង​នឹង​​សកម្មភាព​បើកបរ​របស់​ស្ត្រី​ទេ។ ប៉ុន្តែ​​ស្ត្រី​សកម្មជនដែល​មិន​ចង់​ឃើញ​ភាព​ប្រឈម​ក្លាយ​ជា​ហិង្សា​ បាន​​សុខ​ចិត្ត​ដក​សំណើ​ទៅ​វិញ ដោយ​ប្រែ​ជា​ការ​ប្រកូក​ប្រកាស​ធ្វើ​យុទ្ធនាការ​​ចំហ​ នាំ​គ្នា​បើក​រថយន្ត នៅ​ថ្ងៃ​សៅរ៍​ទី ២៦ តុលា ចំពោះ​ស្ត្រី​ណា​ដែល​មាន​បណ្ណ​បើក​បរ​នៅ​បរទេស។

ការ​តស៊ូ​ប្រឆាំង​នឹង​ការ​រើសរើង​នេះ​ មាន​ជា​យូរ​ឆ្នាំ​​មក​ហើយ​ ពោល​គឺ​តាំង​ពី​ សម័យ​សង្គ្រាម​នៅ​តំបន់​ឈូង​សមុទ្ទ​ពែក្ស ឆ្នាំ​១៩៩០​មក​ម្ល៉េះ។ ២៣​ឆ្នាំ​ក្រោយ ការតស៊ូ នៅ​តែ​​មុះ​មុត​ដដែល​ ព្រោះ​ការ​ទាមទារ​សិទ្ធិ​បើក​បរ​ដូច​បុរស មិន​មែន​ត្រឹម​តែ​ដើម្បី​សម្រួល​ការ​ធ្វើ​ដំណើរ​ ពេល​ទៅ​ធ្វើការ​ ឬ​ទៅ​សាលា​ទេ តែ​ជា​ចំណែក​មួយ​នៃ​សិទ្ធិ​ជា​ពលរដ្ឋ​ ជា​ចំណែក​ដ៏​ពេញ​លេញ​របស់​ពិភពលោក។

តើ​អ្វី​ជា​ឧបសគ្គ​រាំង​ស្ទះ​មិន​ឱ្យ​ស្ត្រី​អារ៉ាប៊ីសាអ៊ូឌីត បើកបរ​បាន ?

នៅ​អារ៉ាប៊ីសាអ៊ូឌីត ស្ត្រី​មាន​សិទ្ធិ​ពេញ​លេញ​ ក្នុង​ការ​ទទួល​បាន​នូវ​ការ​សិក្សា​អប់រំ បំពាក់បំប៉ន​ស្មើបុរស ដូច​ដែល​បុត្រី​សំណព្វ​របស់​ព្រះ​មហាក្សត្រ​បាន​លើក​ឡើង​ក្នុង​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​វិទ្យុបារាំង​អន្តរជាតិ​ ថា​ស្ត្រី​អារ៉ាប៊ីសាអ៊ូឌីត មាន​មុខ​មាន​មាត់​ក្នុង​សង្គម​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ ជាអ្នក​រួម​ចំណែក​អភិវឌ្ឍន៍​ជាតិ​ ជា​អ្នក​ស្រាវជ្រាវ ជា​អ្នក​រាជការ។ ប៉ុន្តែ​ស្ត្រី​មិន​អាច​បើក​បរ​បាន​ឡើយ ! ​គ្មានទេ​ច្បាប់​ហាមឃាត់ ប៉ុន្តែ​ស្ត្រី​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ទៅ​ចុះ​ឈ្មោះ​ប្រលង​យក​បណ្ណ​បើក​បរ ! បើ​គ្មាន​បណ្ណ​បើក​បរ គឺ​​អាច​បើក​​ឡាន​បាន។ នេះ​បាន​ជា​ច្បាប់ ! ដូច្នេះ​ប្រសិន​បើ​ស្រ្តី​ណា ដែល​មាន​លទ្ធភាព​ចេញ​ទៅ​បរទេស ហើយ​បាន​រៀន និង​ទទួល​បាន​បណ្ណ​បើក​បរ​នៅ​ប្រទេស​ក្រៅ ទើប​ ប៉ូលិស​មិន​​​ឃាត់​ខ្លួន​ពេល​បើក​បរ​។

បម្រាម​ហាម​បើក​បរ​ មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​វប្បធម៌​ប្រពៃណី ឬ សាសនា ?!

នេះ​ជា​សំណួរ​ដែល​មាន​ចម្លើយ​ខុស​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស។ នៅ​ក្នុង​អត្ថបទ​សាសនា​អ៊ីស្លាម គ្មាន​ចែង​សោះ​ឡើយ​អំពី​ការ​ហាម​ឃាត់​មិន​ឱ្យ​ស្ត្រីបើក​បរ។ តែ​អ្នក​នយោបាយ​អារ៉ាប៊ីសាអ៊ូឌីតខ្លះ​ បាន​បក​ស្រាយ​ពន្យល់​បែប​ផ្សេង​វិញ​ថា អត្ថបទ​សាសនា​នេះ​ក៏​មិន​បាន​ណែនាំ​ឱ្យ​ស្ត្រី​បើក​បរដែរ ដូច្នេះ​ការ​ហាមឃាត់​គឺ​មិន​ខុស​ទេ។ ជា​សរុប​អ្វីៗ​ស្ថិត​នៅ​លើក​ការ​បក​ស្រាយ ដោយ​យក​អ៊ីស្លាម​ មក​ធ្វើ​ជា​លេស ឬ​​ជា​ឧបករណ៍​​​​ប៉ុណ្ណោះ។ ភរិយា​របស់​ព្យាការី​មហាម៉េត នៅ​សម័យ​នោះ​ចេះ​​ជិះសត្វអូដ្ឋ ដែល​ប្រៀប​បាន​នឹង​រថយន្ត​នាពេល​បច្ចុប្បន្ន។ ផ្ទុយ​ទៅ​វិញ​ អ៊ីស្លាម​ហាម​ឃាត់​មិន​ឱ្យ​ស្ត្រី​នៅ​ម្នាក់ឯង​ ជាមួយ​ជន​មិន​ស្គាល់​មុខ​។ បើ​ផ្អែក​លើ​ចំណុច​នេះ សកម្មភាព​របស់​បណ្តា​ជនអារ៉ាប៊ីសាអ៊ូឌីត​បច្ចុប្បន្ន​កំពុង​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​អ៊ីស្លាម ព្រោះ​ស្ត្រី​ត្រូវ​ជិះ​ឡាន​ជាមួយ​តៃកុង​ដែល​ជា​មនុស្ស​ដទៃ។ ដូច្នេះ​អ៊ីស្លាម​មិន​មែន​ជា​ដើម​ចម​នាំ​ដល់​ការ​ហាមឃាត់​មិន​ឱ្យ​ស្ត្រី​បើក​បរ​ឡើយ។ អ៊ីចឹង​មានតែ​មនុស្ស និង​ទម្លាប់​ប្រពៃណី ?! សង្គម​អារ៉ាប៊ីសាអ៊ូឌីត​ មាន​ការ​បែង​ចែង​យ៉ាង​ខ្លាំង​ជុំ​វិញ​សិទ្ធិ​បើក​បរ​របស់​ស្ត្រី ហើយ​ការ​បែង​ចែង​នេះ​គឺ​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ជំនឿ​អរូបិយ​របស់បុគ្គល។ ខ្លះ​ថា​ត្រូវការ​ពេល​វេលា ព្រោះ​សង្គម​មិន​អាច​ទទួល​យក​បាន​ភ្លាមៗ​ឡើយ​នៅពេល​ឃើញ​ស្ត្រី​បើក​បរ ពោល​គឺ​គ្មាន​អ្វី​ជា​សំអាង​សម​ស្រប​សោះឡើយ​។

បើ​យោង​តាម​ការ​បក​ស្រាយ​ខាង​លើ​នេះ គ្មាន​អ្វី​រាំង​ស្ទះ​ស្ត្រី​អារ៉ាប៊ីសាអ៊ូឌីតបើក​បរ​សោះ។ ស្ត្រី​អារ៉ាប៊ីសាអ៊ូឌីត គួរ​តែ​បាន​ទទួល​សិទ្ធិបើក​បរ​ដូច​ស្ត្រីដទៃ​លើ​លោក​។ ប៉ុន្តែ​មុន​នឹង​អាច​សម្រេច​ក្តី​ប្រាថ្នា​នេះ​បាន ស្ត្រី​ត្រូវការ​ការ​គាំទ្រ​ពី​រ​ផ្នែក ៖ ទី​មួយ​ពី​សង្គម​គ្រួសារ (ឪពុក​ បងប្អូន​ប្រុស ស្វាមី​ និង​ទីពីរ​គឺ​សេចក្តី​ក្លាហានផ្ទាល់​ខ្លួន។ ការ​គាំទ្រ​ពី​បុរស​ក្នុង​គ្រួសារ​ ជា​គ្រឹះ​ដ៏​សំខាន់​ ព្រោះ​បើ​​មាន​ការ​​ឃាត់​ខ្លួនស្ត្រី​ណា​ម្នាក់​ប៉ូលិសនឹង​ទាក់​ទង​ទៅ​មេ​គ្រួសារ​ជាបុរស​ ហើយ​បុរស​នេះ​ឯង​ដែល​ត្រូវ​ទៅធានា​​ ​ និង​ជា​អ្នក​ការពារ​ស្ត្រី​រូប​នោះ​ នៅ​ចំពោះ​មុខ​អាជ្ញាធរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ