អានតួអត្ថបទ
បារំាង-រវ៉ាន់ដា

រវ៉ាន់ដា៖បារំាង​ត្រូវ​ហ៊ាន​ទទួលស្គាល់​ការពិត​ចំពោះ​តួនាទី​របស់ខ្លួន​នៅ​ក្នុង​អំពើប្រល័យពូជសាសន៍

នៅ​ថ្ងៃ​ចន្ទ ទី៧ មេសា​នេះ ប្រទេស​រវ៉ាន់ដា​រៀបចំ​ពិធី​ប្រារព្ធ​ខួប​គម្រប់ ២០ឆ្នំា​នៃ​អំពើ​ប្រល័យ​ពូជសាសន៍​កាល​ពី​ថ្ងៃទី៧ មេសា ឆ្នំា ១៩៩៤។ ជា​ថ្មី​ម្តង​ទៀត លោក​ប្រធានាធិបតី​រវ៉ាន់ដា ប៉ូល កាហ្គាមេ​បាន​ចោទ​បារំាង​ពី​បទ​បាន​រៀបចំ និង​ចូលរួម​ដោយ​ផ្ទាល់​នៅ​ក្នុង​អំពើ​ប្រល័យ​ពូជសាសន៍​នោះ។ ជា​ប្រតិកម្ម​ឆ្លើយ​តប​វិញ ទីក្រុង​ប៉ារីស​បាន​សម្រេច​មិន​ទៅ​ចូលរួម​នៅ​ក្នុង​ពិធី​ប្រារព្ធ​ខួប ២០ឆ្នំា​នោះ​ទេ។ រីឯ​លោកស្រី​ប្រមុខ​ការទូត​រវ៉ាន់ដា​បាន​អំពាវនាវ​ឲ្យ​បារំាង​ហ៊ាន​ទទួល​ស្គាល់​ការ​ពិត​ចំពោះ​តួនាទី​របស់​ខ្លួន​នៅ​ក្នុង​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​រវ៉ាន់ដា។

លោក​ប្រធានាធិបតី​រវ៉ាន់ដា​ប៉ូល កាហ្គាមេ
លោក​ប្រធានាធិបតី​រវ៉ាន់ដា​ប៉ូល កាហ្គាមេ REUTERS/Ruben Sprich
ផ្សាយពាណិជ្ជកម្ម

២០ឆ្នំា​បាន​កន្លង​ផុត​ទៅ តែ​សង្រ្គាម​ពាក្យ​សម្តី​បាន និង​កំពុង​បន្ត​មាន​យ៉ាង​ផុសផុល​រវាង​ប្រទេស​បារំាង និង​ប្រទេស​រវ៉ាន់ដា ពិសេស​ចំ​ថ្ងៃ​ដែល​ប្រជាជន​រវ៉ាន់ដា​កំពុង​រៀបចំ​ពិធី​ប្រារព្ធ​ខួប​គម្រប់ ២០ឆ្នំា​នៃ​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​រវ៉ាន់ដា​កាល​ពី​ថ្ងែទី៧ មេសា ឆ្នំា ១៩៩៤។ អំពើ​ប្រល័យពូជសាសន៍​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ប្រមាណ​ជា ៨០០ ០០០នាក់​ដែល​ភាគច្រើន​ជា​ជនជាតិ​ភាគតិច​ទូតស៊ី។ តាម​គម្រោង បារំាង​បាន​ត្រៀម​បញ្ជូន​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​របស់​ខ្លួន​ឲ្យ​ទៅ​ចូល​រួម​នៅ​ក្នុង​ពិធី​នោះ តែ​ត្រូវ​បាន​លប់​ចោល​ភ្លាម​វិញ បន្ទាប់​ពី​លោក​ប្រធានាធិបតី​រវ៉ាន់ដា​ប៉ូល កាហ្គាមេ​បាន​ចោទ​បារំាង​ចំៗ​ថា ជា​អ្នក​ដែល​បាន​រៀបចំ និង​ចូលរួម​ដោយ​ផ្ទាល់​នៅ​ក្នុង​អំពើប្រល័យពូជសាសន៍​នៅ​រវ៉ាន់ដា​កាល​ពី ២០ឆ្នំា​មុន

នៅ​ថ្ងៃ​អាទិត្យ ទី៦ មេសា លោក​ប៊ែរណា គូឈ្នែរ អតីត​រដ្ឋមន្រ្តី​ការបរទេស​បារំាង​ក្នុង​ជំនាន់​លោក​ប្រធានាធិបតី​នីកូឡា សាកូហ្ស៊ី​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​របស់​លោក​ប្រធានាធិបតី​រវ៉ាន់ដា និង​បញ្ជាក់​ថា បារំាង​អាច​នឹង​មាន​កំហុស​ឆ្គង​ខ្លះ​នៅ​ក្នុង​អំពើ​ប្រល័យ​ពូជសាសន៍​នោះ តែ​មិន​មែន​ជា​អ្នករៀប​ចំ និង​ចូល​រួម​ដោយ​ផ្ទាល់​ដូច​ការ​ចោទ​របស់​លោក​ប្រធានាធិបតី​រវ៉ាន់ដា​ទេ។ ចំណែក​លោកស្រី​ប្រមុខ​ការទូត​រវ៉ាន់ដា​ល្វី មូស្ហីគីវ៉ាបូ​វិញ បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ការ​សម្រេចចិត្ត​របស់​បារំាង​ដែល​មិន​ទៅ​ចូលរួម​នៅ​ក្នុង​ពិធី​ប្រារព្ធ​ខួប​គម្រប់ ២០ឆ្នំា​នោះ និង​ថា ជា​ការ​សម្រេចចិត្ត​មួយ​ដែល​គ្មាន​ភស្តុតាង​ត្រឹមត្រូវ។

ទន្ទឹម​គ្នា​នេះ លោកស្រី​ មូស្ហីគីវ៉ាបូ​ក៏​បាន​ឆ្លៀត​អំពាវនាវ​ឲ្យ​បារំាង​ហ៊ាន​ចេញ​មុខ​ទទួល​ស្គាល់​ការ​ពិត​ចំពោះ​តួនាទី​របស់​ខ្លួន​នៅ​ក្នុង​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​រវ៉ាន់ដា​កាល​ពី ២០ឆ្នំា​មុន។ លោកស្រី​មូស្ហីគីវ៉ាបូ​បាន​យល់​ឃើញ​ថា បារំាង និង​រវ៉ាន់ដា​មិន​អាច​បន្ត​មាន​ទំនាក់ទំនង​ល្អ​ទៅ​មុខ​បាន​ទេ ល្គឹក​ណា​ដែល​គ្មាន​ការ​លាតត្រដាន​ការពិត និង​ការ​ជម្រះ​បញ្ជី​គ្នា​ឲ្យ​បាន​ដាច់ស្រឡះ​ពី​រឿង​ប្រវត្តិសាស្រ្ត​នោះ។ សម្រាប់​លោកស្រី​មូស្ហីគីវ៉ាបូ ប្រវត្តិសាស្រ្ត​នៅ​តែ​ជា​ប្រវត្តិសាស្រ្ត​ដែល​គ្មាន​នរណា​អាច​បំភ្លេច​ចោល​បាន​ឡើយ។

គួរ​រម្លឹក​ជូន​ថា​កាល​ពី​ឆ្នំា ១៩៩៤ បារំាង​ជា​សម្ព័ន្ធមិត្ត​របស់​រដ្ឋអំណាច​ជ្រុលនិយម​នៅ​រវ៉ាន់ដា​កាន់កាប់​ដោយ​ពួក​ហ៊ូទូ ហើយ​គឺ​ពួក​ហ៊ូទូ​នេះ​ឯង​ដែល​បាន​ធ្វើ​ការ​សម្លាប់​រង្គាល​លើ​ពួក​ជនជាតិ​ភាគតិច​ទូតស៊ី​ក្នុង​ចន្លោះ​ខែ​មេសា និង​កក្កដា ឆ្នំា ១៩៩៤ ក្រោម​វត្តមាន​ទាហាន​បារំាង​នា​ពេល​នោះ។ អ៊ីចឹង​ហើយ​បាន​ជា​មាន​ការ​សង្ស័យ​ចំពោះ​តួនាទី​របស់​ទាហាន​បារំាង​ក្នុង​សម័យ​នោះ ហើយ​គឺ​តំាង​ពី​ពេល​នោះ​មក​ឯង ដែល​ទំនាក់ទំនង​រវាង​ទីក្រុង​បារីស និង​គីហ្គាលី​បាន និង​កំពុង​បន្ត​បំពុល​ដោយ​រឿងរ៉ាវ​ប្រវត្តិសាស្រ្ត​មួយ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ