អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ឧបសគ្គចម្បង​នៅក្នុង​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ គឺ​កើត​ចេញ​ពី​ការ​បន្ត​មិនទុកចិត្ត​គ្នា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពេញ​មួយ​ថ្ងៃ​អាទិត្យ ទី១៣ កក្កដា ក្រុមប្រទេស ៥បូក១ ស្តីពី​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​បាន​រួមប្រជុំ​គ្នា​ជា​ថ្មី​នៅ​ក្នុង​ទីក្រុង​វីយែន ប្រទេស​អូទ្រីស។ ក្រុមប្រទេស ៥បូក១ នោះ​មាន ចិន សហរដ្ឋអាមេរិក បារំាង អង់គ្លេស រុស្ស៊ី និង​ប្រទេស​អាល្លឺម៉ង់។ គោលដៅ​នៃ​កិច្ចប្រជុំ​ពេល​នេះ គឺ​ដើម្បី​ស្វែង​រក​កិច្ចព្រមព្រៀង​ចុង​ក្រោយ​មួយ​ស្តីពី​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឲ្យ​បាន​មុន​ថ្ងៃទី២០ កក្កដា​ខាង​មុខ។ តែ​មិន​ទាន់​អី​ផង ភាគី​នីមួយៗ​បាន​ទទួល​ស្គាល់​ថា នៅ​មាន​ផ្លូវ​វែងឆ្ងាយ​ដែល​ត្រូវ​ដើរ មុន​នឹង​អាច​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ជា​ស្ថាពរ​នោះ។ ហេតុអ្វី​បាន​ជា​សំណុំរឿង​មួយ​នេះ​នៅ​តែ​បន្ត​ប្រទាញប្រទង់​គ្នា​ខ្លំាង​ម្ល៉េះ និង​ថា តើ​អ្វី​ទៅ ជា​ឧបសគ្គ​ចម្បង​នោះ?

វេទិកា​នៃ​កិច្ចប្រជុំ ៥ បូក ១ ស្តីពី​រឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ក្នុង​ទីក្រុង​វីយែន ប្រទេស​អូទ្រីស
វេទិកា​នៃ​កិច្ចប្រជុំ ៥ បូក ១ ស្តីពី​រឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ក្នុង​ទីក្រុង​វីយែន ប្រទេស​អូទ្រីស REUTERS/Dragan Tatic
ផ្សាយពាណិជ្ជកម្ម

វា​ជា​សំណុំរឿង​មួយ​ច្រំដែល តែ​វា​ជា​បច្ចុប្បន្នភាព​មួយ​ដែល​យើង​ត្រូវ​លើក​យក​មក​និយាយ​ជា​ថ្មី​ដោយ​ចៀស​មិន​រួច។ ចៀស​មិន​រួច ព្រោះ​កិច្ចប្រជុំ ៥ភាគីបូក១ ស្តីពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​លើក​នេះ​ត្រូវ​រក​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​ជា​ស្ថាពរ​មួយ​ឲ្យ​បាន​មុន​ថ្ងៃទី២០ កក្កដា​ខាង​មុខ។ ជម្រើស​យក​ថ្ងៃទី២០ កក្កដា ឆ្នំា ២០១៤ ជា​ថ្ងៃ​ឱសានវាទ​ក៏​មិនមែន​ជា​រឿង​មួយ​ចៃដន្យ​ទេ តែ​ជា​ការ​សម្រេចចិត្ត​រួម​គ្នា​នា​កិច្ចប្រជុំ​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស​កាល​ពី​ខែ​វិច្ឆិកា ឆ្នំា ២០១៣ កន្លង​ទៅ។ កាលណោះ ភាគី​ពាក់ព័ន្ធ​ដោយ​រាប់បញ្ចូល​ទំាង​អ៊ីរ៉ង់​ផង បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បឋម​មួយ​ស្តីពី​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដ៏​ស្មុគស្មាញ និង​អូសបន្លាយ។ កិច្ចព្រមព្រៀង​បឋម​នោះ​បាន​ចែង​យ៉ាង​ច្បាស់ ពី​ការ​រំលាយ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ជា​ថ្មូរ​នឹង​ការ​លើក​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ។ ថ្ងៃ​នេះ ទី១៥ កក្កដា ពោល​គឺ​នៅ​សល់​តែ ៥ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ដែល​គេ​ត្រូវ​រក​ឲ្យ​ឃើញ​នូវ​កិច្ចព្រមព្រៀង​ចុង​ក្រោយ​មួយ។

តែ​អ្វី​ជា​ការ​កត់សម្គាល់​នោះ​នៅ​ត្រង់​ថា នៅ​ក្រោយ​កិច្ចប្រជុំ​ពេញ​មួយ​ថ្ងៃ​អាទិត្យ ទី១៣ កក្កដា​មក ភាគី​ពាក់ព័ន្ធ​នីមួយៗ​ហាក់​ដូច​ជា​គ្មាន​សុទិដ្ឋិនិយម​បន្តិច​ណា​សោះ​ថា គេ​នឹង​អាច​សម្រេច​បាន​កិច្ចព្រមព្រៀង​ជា​ស្ថាពរ​មួយ​ស្តីពី​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង​ឲ្យ​បាន​មុន​ថ្ងៃទី២០ កក្កដា​នោះ។ ទំាង​លោក​ប្រមុខ​ការទូត​បារំាង អាល្លឺម៉ង់ និង​អង់គ្លេស​សុទ្ធ​តែ​បាន​ទទួល​ស្គាល់​ថា នៅ​មាន​ផ្លូវ​វែង​ឆ្ងាយ​ដែល​ត្រូវ​ដើរ មុន​នឹង​អាច​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ចុង​ក្រោយ។ តាម​រយៈ​ពាក្យ​សម្តី​នេះ​នំា​ឲ្យ​គេ​អាច​យល់​បាន​ថា នៅ​មាន​បញ្ហា​ជា​ច្រើន​ទៀត​ដែល​ក្រុមប្រទេស​លោកខាងលិច និង​អ៊ីរ៉ង់​កំពុង​បន្ត​និយាយ​មិន​ចុះសម្រុង​គ្នា​នៅ​ឡើយ។

អ៊ីចឹង​ហើយ​ជា​មាន​ការ​លើក​ឡើង​ថា បើ​នៅ​តែ​គ្មាន​កិច្ចព្រមព្រៀង​ចុងក្រោយ​មុន​ថ្ងៃ​ឱសានវាទ ទី២០ កក្កដា​នោះ តើ​កិច្ចប្រជុំ​នឹង​ត្រូវ​បិទបញ្ចប់​ជា​ស្ថាពរ​ត្រឹម​នេះ ឬ​មួយ​ក៏​អាច​បន្ត​ទៅ​មុខ​ទៀត​បាន។ មាន​ចម្លើយ​ពីរ​ចំពោះ​សំណួរ​នេះ អ្នក​ខ្លះ​យល់​ថា វា​ហាក់​ដូច​ជា​រហ័ស​ពេក​ដែល​គេ​ត្រូវ​លើក​បញ្ហា​នេះ​ឡើង រីឯ​អ្នកខ្លះ​ទៀត​បាន​ផ្តល់​ជម្រើស​ពីរ ឬ​មួយ​គេ​ត្រូវ​បន្ត​កិច្ចចរចា​ជា​បន្ត​ទៀត ឬ​មួយ​ក៏​គេ​ត្រូវ​បញ្ចប់​វា​ត្រឹម​ណេះ​ដោយសារ​តែ​គ្មាន​កុងសង់ស៊ុស។ តែ​យ៉ាង​ក៏​ដោយ មតិ​ទូទៅ​បាន​យល់​ឃើញ​ថា អ្វី​ដែល​សំខាន់​មិនមែន​ពេល​វេលា​ទេ តែ​គឺ​កិច្ចព្រមព្រៀង​ចុង​ក្រោយ​មួយ មាន​ន័យ​ថា គេ​ចំា​បាច់​ត្រូវ​តែ​រក​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​មួយ​ដែល​អាច​ទទួល​យក​បាន​ទំាង​អស់​គ្នា ព្រោះ​បើ​មិន​ដូច្នោះ​ទេ សំណុំរឿង​ដែល​បាន​បំពុល​ពិភពលោក​តំាង​ពី ១០ឆ្នំា​មក​ហើយ​មួយ​នេះ​នឹង​បន្ត​អូសបន្លាយ​កាន់​តែ​ឆ្ងាយ​ថែម​ទៀត។

ហេតុអ្វី​បាន​ជា​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នៅ​តែ​បន្ត​ប្រទាញប្រទង់​គ្នា​ខ្លំាង​ម្ល៉េះ និង​ថា តើ​អ្វី​ទៅ ជា​ឧបសគ្គ​ចម្បង​នោះ?

មែនទែន​ទៅ តំាង​ពី​ក្រោយ​ការ​ជាប់​ឆ្នោត​ប្រធានាធិបតី​អ៊ីរ៉ង់​របស់​លោក​ហាសាន រ៉ូហានី​មក ទំនាក់ទំនង​រវាង​អ៊ីរ៉ង់ និង​សហគមន៍​អន្តរជាតិ​ហាក់​ដូច​ជា​ការ​ធូរ​ស្រាល​ច្រើន រីឯ​ការ​ចរចា​រឿង​នុយក្លេអ៊ែរ​ទៀត​សោត​ក៏​មាន​ដំណើរការ​ទៅ​មុខ​គួរ​ឲ្យ​កត់សម្គាល់​ដែរ។ ទំាង​បស្ចិមលោក ក៏​ដូច​ជា​រដ្ឋាភិបាល​ថ្មី​អ៊ីរ៉ង់​សុទ្ធ​តែ​បាន​ធ្វើ​សម្បទាន​ឲ្យ​គ្នា​ទៅ​វិញ ទោ​មក។ ជាក់ស្តែង​កាល​ពី​ខែ​មករា​ដើម​ឆ្នំា ២០១៤ នេះ អ៊ីរ៉ង់​បាន​ពន្យឺត​ល្បឿង​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម​របស់​ខ្លួន រីឯ​សហគមន៍​អន្តរជាតិ​ក៏​បាន​ផ្តើម​លើក​ចេញ​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​មួយ​ចំនួន​ចេញ​ពី​អ៊ីរ៉ង់​ដែរ។

ទោះ​ជា​យ៉ាង​នេះ​ក្តី គេ​ក៏​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ភាគី​នីមួយៗ​ក៏​នៅ​តែ​បន្ត​រក្សា​ជំហរ​រឹងប៉ឹង​របស់​គេ​តែ​រៀងៗ​ខ្លួន​ដែរ។ នៅ​ម្ខាង ក្រុមប្រទេស​បស្ចិមលោក​ដែល​ចង់​កំណត់​សមត្ថភាព​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម​ដែល​ទាមទារ​ដោយ​អ៊ីរ៉ង់។ ក្រុមប្រទេស​លោកខាងលិច​យល់​ឃើញ​ថា បើ​គេ​ទុក​បណ្តោយ​ឲ្យ​អ៊ីរ៉ង់​ធ្វើ​ការ​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម​ស្រេច​តែ​នឹង​ចិត្ត នោះ​អ៊ីរ៉ង់​អាច​យក​ទៅ​ប្រើ​ក្នុង​ការ​ផលិត​គ្រាប់បែក​បរមាណូ។ ចំណែក​អ៊ីរ៉ង់​វិញ​ធ្លាប់​បាន​អះអាង​ម្តង​ជា​ពីរ​ដង​ថា សារធាតុ​អ៊ុយរ៉ាញ៉ូម​ដែល​ចម្រើន​ធាតុ​រួច​ហើយ​មិនមែន​ទុក​ប្រើ​ក្នុង​វិស័យ​យោធា​ទេ តែ​សម្រាប់​ប្រើ​នៅ​ក្នុង​វិស័យ​​ស៊ីវិល​សុទ្ធសាធ។ ដូច្នេះ​ឃើញ​ថា វិល​ចុះ វិល​ឡើង សង្រ្គាម​ពាក្យ​សម្តី​រវាង​ភាគី​ទំាង​ពីរ​នៅ​តែ​បន្ត​វិលវល់​ជុំវិញ​តែ​រឿង​ដដែល។ សហគមន៍​អន្តរជាតិ​សង្ស័យ​អ៊ីរ៉ង់​សំងំ​ផលិត​គ្រាប់បែប​បរមាណូ តែ​អ៊ីរ៉ង់​តែងតែ​បដិសេធ​ជានិច្ច។

ផ្តើម​ចេញ​ពី​ចំណុច​នេះ​នំា​ឲ្យ​គេ​យល់​បាន​ថា ការ​ដែល​ភាគី​ទំាង​ពីរ​បាន និង​កំពុង​បន្ត​ប្រទាញប្រទង់​គ្នា​នា​ពេល​នេះ មិនមែន​ដោយសារ​តែ​គ្មាន​ឆន្ទៈ​ចង់​ដោះស្រាយ​នោះ​ទេ។ បើ​គ្មាន​ឆន្ទៈ ក៏​គ្មាន​កិច្ចចរចា​ដែល​បាន​ធ្វើ​ជា​ហូរហែ​មក​ដល់​ថ្ងៃ​នេះ​ឡើយ។ តែ​គឺ​មក​ពី​ភាគី​ទំាង​ពីរ​នៅ​បន្ត​មិន​ទុក​ចិត្ត​គ្នា។ សេចក្តីទុកចិត្ត​ដែល​ត្រូវ​តែ​មាន​ទៅ មាន​មក គឺ​មិន​ត្រូវ​ចេញ​មក​តែ​ពី​ភាគី​ម្ខាង​នោះ​ទេ។ នៅ​សល់​រហូត​ដល់ ៥ថ្ងៃ​ទៀត​ឯណោះ​ទើប​ឱសានវាទ​ផុត​កំណត់។ ដូច្នេះ វា​គ្មាន​រឿង​អ្វី​ដែល​គេ​មិន​អាច​រក​ឃើញ​កិច្ចព្រមព្រៀង​ចុងក្រោយ​បាន​នោះ​ទេ តែ​ដំបូង ម្នាក់ៗ​ត្រូវ​តែ​ហ៊ាន​បង្ហាញ​ពី​ឆន្ទៈ​ពិតប្រាកដ និង​ការ​ទុកចិត្ត​រវាង​គ្នា​ទៅ​វិញ ទៅ​មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ