កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សៅរ៍ 05 ឧសភា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សៅរ៍ 05 ឧសភា 2012

លទ្ធផល​ស៊ើបអង្កេត​ករណី ឈុត វុទ្ធី ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ

លទ្ធផល​ស៊ើបអង្កេត​ករណី ឈុត វុទ្ធី ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ
លទ្ធផល​ស៊ើបអង្កេត​ករណី ឈុត វុទ្ធី ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ
©បូណា

ដោយ ប៉ែន បូណា

គណៈកម្មការ​ចម្រុះ​ទទួលបន្ទុក​ស៊ើបអង្កេត​ករណី​បាញ់សម្លាប់​លោក ឈុត វុទ្ធី និង​លោក អ៊ិន រតនា ក្នុង​ខេត្តកោះកុង​កាលពី​ថ្ងៃទី២៦មេសា​កន្លងទៅ​បានប្រកាស​លទ្ធផល​នៃ​ការស៊ើបអង្កេត​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃ​សៅរ៍​នេះ។ លទ្ធផល​បង្ហាញថា លោក ឈុត វុទ្ធី ត្រូវបាន​បាញ់សម្លាប់​ដោយ​មន្ត្រី​កង​រាជអាវុធហត្ថ ឈ្មោះ​អ៊ិន រតនា។ ភ្លាមៗ​​សន្តិសុខ​ក្រុមហ៊ុន​ម្នាក់​បាន​ទៅ​ដណ្តើម​កាំភ្លើង​ពី​អ៊ិន រតនា ទើប​បណ្តាល​ឲ្យ​កាំភ្លើង​រៀលកៃ​ត្រូវ អ៊ិន រតនា ស្លាប់​តែម្តង។ សង្គម​ស៊ីវិល​នៅ​មិនទាន់​ទទួលយក​លទ្ធផល​នេះ​នៅឡើយ​ទេ។

សេចក្តីរាយការណ៍​របស់ ប៉ែន បូណា ពីទីក្រុង​ភ្នំពេញ
 

05/05/2012 by ប៉ែន បូណា

លទ្ធផល​ស៊ើបអង្កេត​ថ្មី​ដែល​គណៈកម្មការ​ចម្រុះ​បានប្រកាស​នៅថ្ងៃនេះ​បាន​បង្ហាញ​ថា លោក ឈុត វុទ្ធី ពិតជា​ត្រូវបាន​បាញ់​សម្លាប់​ដោយ​មន្ត្រី​កង​រាជអាវុធហត្ថ​ឈ្មោះ​អ៊ិន រតនា​ពិតប្រាកដ​មែន ប៉ុន្តែ ភ្លាមៗ​នោះ​សន្តិសុខ​ក្រុមហ៊ុន​ម្នាក់​ឈ្មោះ រ៉ាត់ បូរ័ត្ន បាន​ស្ទុះ​ទៅ​ដណ្តើម​កាំភ្លើង​ពី​អ៊ិន រតនា ក្នុង​បំណង​កុំ​ឲ្យ​បាញ់​បន្ត​ទៀត ប៉ុន្តែ ជា​ចៃដន្យ​ស្រាប់​តែ​កាំភ្លើង​រៀល​កៃ​ត្រូវ​អ៊ិន រតនា​ស្លាប់​តែ​ម្តង។
 
លទ្ធផល​ថ្មី​នេះ​ខុស​ពី​ការសន្និដ្ឋាន​កាលពី​ដំបូង​ដែលថា មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកោះកុង ឈ្មោះ អ៊ិន រតនា បាន​ស្លាប់​ដោយសារ​​ការ​បាញ់​សម្លាប់​ខ្លួន​ឯង បន្ទាប់​ពី​បាន​បាញ់​សម្លាប់​លោក ឈុត វុទ្ធី។ក្នុង​សន្និសីទ​កាសែត​មួយ​ដែល​បាន​បើក​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​នៅ​ឯ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ទិត សុធា អនុប្រធាន​ក្រុម​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស និង​ជា​សមាជិក​គណៈកម្មការ​ចម្រុះ​ទទួល​បន្ទុក​ស៊ើបអង្កេត​ករណី​ខាង​លើ​បាន​ប្រាប់​ឲ្យ​ដឹង​ថា គណៈកម្មការ​ស៊ើបអង្កេត​បាន​សាកសួរ​សាក្សី​ជាច្រើន​រួមមាន​ទាំង​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​ផ្ទាល់ និង​សាក្សី​ដោយ​ប្រយោល ហើយ​ចម្លើយ​គឺ​ដូចៗ​គ្នា​ដែល​អាច​បញ្ជាក់​ពី​ការ​ពិត​បាន។ គណៈកម្មការ​នេះ​ក៏​ប្រកាស​បិទ​ការ​ស៊ើបអង្កេត​ជា​បណ្តោះអាសន្ន​តែត្រឹម​នេះ។
 
ដោយឡែក​ជនសង្ស័យ​ឈ្មោះ រ៉ាត់ បូ​រ័ត្ន ត្រូវ​បាន​តុលាការ​ខេត្តកោះកុង​ចោទប្រកាន់​រួចហើយ​ពីបទ​មនុស្សឃាត​ដោយ​អ​ចេតនា។ បទ​ចោទ​នេះ​អាច​នឹង​មានទោស​ពីមួយ​ឆ្នាំ​ដល់​បី​ឆ្នាំ​ក្នុង​ពន្ធនាគារ។
 
សូម​បញ្ជាក់​ថា ក្រោយ​ការ​បាញ់​សម្លាប់​លោក​ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ និង​មន្ត្រី​កង​រាជអាវុធហត្ថ​ឈ្មោះ អ៊ិន រតនា នៅ​កោះកុង​កាលពី​ថ្ងៃទី២៦មេសា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​បង្កើត​គណៈ​កម្មការ​ចម្រុះ​មួយ​កាលពី​ថ្ងៃ​ចន្ទ​ទី៣០មេសា​ក្នុង​គោលបំណង​បើក​ការស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​បុរស​ទាំង​ពីរ។ មាន​មន្ត្រីជាន់ខ្ពស់​មកពី​ស្ថាន​ប័ន​ចំនួន៥​ដែល​មាន​សមាសភាព​នៅ​ក្នុង គណៈកម្មការ​ចំពោះ​កិច្ច​នេះ​គឺ​ក្រសួងមហាផ្ទៃ កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទីស្តីការ​គណៈរដ្ឋមន្ត្រី ក្រសួង​យុត្តិធម៌ និង​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច។
 
យ៉ាង​ណា​ក៏​ដោយ លទ្ធផល​ដែល​ប្រកាស​នៅថ្ងៃនេះ​មិនត្រូវ​បាន​ទទួលយក​ដោយ​អង្គការ​សង្គម​ស៊ីវិល​ទេ។ លោក ចាន់ សុវ៉េត មន្ត្រី​អ្នកស៊ើប​អង្កេត​របស់​ស​មា​គម​អាដហុក ក៏ដូចជា​លោក អំ សំអាត មន្ត្រី​អង្គការ​លី​ការដូ​ដែរ​បាន​បដិសេធ​មិន​ទទួលយក​លទ្ធផល​នេះ​ទេ​ដោយ​ពួកគេ​អះអាងថា នៅ​មិនទាន់​ឆ្លុះបញ្ចាំង​ការពិត​នៅ​ឡើយ។ ក្រុម​សង្គម​ស៊ីវិល​គ្រោង​នឹង​ចេញ​របាយការណ៍​ស៊ើបអង្កេត​ផ្ទាល់​របស់​ពួកគេ​មួយ​ទាក់ទង​នឹង​ករណីនេះ​ក្នុង​ពេល​ឆាប់ៗ​នេះ៕

tags: កម្ពុជា
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close