អានតួអត្ថបទ
នាទី​យល់ដឹង​អំពី​ច្បាប់ និង​ជំនួញ

ការ​ការពារ​ផលប្រយោជន៍​និយោជិត​ក្នុង​ករណី​ក្រុមហ៊ុន​ក្ស័យធន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុង​នាទី​យល់ដឹង​អំពី​ច្បាប់​​​របស់​យើង​នៅថ្ងៃ​នេះ សេង ឌីណា នឹង​ពន្យល់​អំពី​​អាទិភាព​នៃ​ផលប្រយោជន៍​របស់​​បុគ្គលិក និង​និយោជិត​ ក្នុងករណី​ក្រុមហ៊ុន​ត្រូវ​ក្ស័យធន។ នៅក្នុងករណី​ក្រុមហ៊ុន​​ជួប​នឹង​បញ្ហា​ហិរញ្ញវត្ថុ ដែល​អាច​នាំទៅរក​ការ​ក្ស័យធន បញ្ហា​ដែល​ចោទឡើង​ចំពោះ​និយោជិត​របស់​ក្រុមហ៊ុន គឺ​​ការបាត់បង់​ការងារ និង​ប្រាក់បៀវត្សរ៍ ដែល​ក្រុមហ៊ុន​ជំពាក់។ តើ​ក្នុង​ច្បាប់​ខ្មែរ និយោជិត​ទទួល​បាន​នូវការ​ការពារ​ដូចម្តេច​ខ្លះ?

ក្នុងករណី​ក្ស័យធន ក្រុមហ៊ុន​ត្រូវ​ទូទាត់​ប្រាក់បៀវត្សរ៍​និយោជិត​​ឲ្យ​អស់​ មុននឹង​ទូទាត់​សងបំណុល​ផ្សេងទៀត
ក្នុងករណី​ក្ស័យធន ក្រុមហ៊ុន​ត្រូវ​ទូទាត់​ប្រាក់បៀវត្សរ៍​និយោជិត​​ឲ្យ​អស់​ មុននឹង​ទូទាត់​សងបំណុល​ផ្សេងទៀត ©​ លី​ ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

តើ​ក្នុង​ស្ថានភាព​បែបណា ដែល​ក្រុមហ៊ុន​ត្រូវ​ចូល​ក្នុង​ដំណាក់កាល​ក្ស័យធន?

យោងតាម​មាត្រា ៤ នៃ​​​ច្បាប់​ ស្តីពី​​ក្ស័យធន (ឆ្នាំ​២០០៧) “​ក្ស័យធន សំដៅ​ដល់​ស្ថានភាព​របស់​ពាណិជ្ជករ ឬ​នីតិបុគ្គល​មិនអាច​ទូទាត់​សង​បំណុលបាន ហើយ​ត្រូវ​ប្រកាស​បញ្ជាក់​ដោយ​តុលាការ”។

ដូច្នេះ នៅពេល​ដែល​ក្រុមហ៊ុន​មួយ ជួប​នឹង​បញ្ហា​ហិរញ្ញវត្ថុ លែង​មាន​លទ្ធភាព​ទូទាត់​សងបំណុល​ ដែល​ជំពាក់គេ ក្រុមហ៊ុន​នេះ​ស្ថិត​ក្នុង​ស្ថានភាព​ក្ស័យធន។ ក៏ប៉ុន្តែ ក្រុមហ៊ុន​មិនអាច​ធ្វើការ​​ប្រកាស​ក្ស័យធន​ និង​បិទទ្វារ​ក្រុមហ៊ុន​ដោយខ្លួន​ឯង​បានទេ។ មានតែ​តុលាការ​ប៉ុណ្ណោះ ដែល​មាន​សមត្ថកិច្ច​ក្នុងការ​ប្រកាស​ក្ស័យធន ជម្រះបញ្ជី និង​រំលាយ​ក្រុមហ៊ុន​នេះ​ចោលបាន។

ការ​កំណត់​ក្នុង​ច្បាប់​​បែបនេះ គឺ​ដើម្បី​ធានា​នូវការ​ទូទាត់​​សង​បំណុល​ឲ្យ​បាន​តាមលំដាប់លំដោយ និង​ត្រឹមត្រូវ ទៅតាម​សិទ្ធិ​របស់​ម្ចាស់​បំណុល និង​ដើម្បី​ចៀសវាង​ការ​ប្រកាស​ក្ស័យធន​​ក្នុង​​ចេតនា​ទុច្ចរិត ដែល​អាច​បង្ក​ឲ្យ​មាន​ការ​ខូតខាត​ផលប្រយោជន៍​របស់​​បុគ្គលិក​ និង​និយោជិត​ក្រុមហ៊ុន។

តើ​អ្នកណាខ្លះ ដែល​អាច​ដាក់ពាក្យ​បណ្តឹង​សុំ​ឲ្យ​តុលាការ​បើក​សំណុំរឿង​ក្ស័យធន​បាន?

តាមមាត្រា ៨ នៃ​ច្បាប់​ស្តីពី​ក្ស័យធន អ្នកដែល​អាច​ប្តឹង​សុំ​បើក​សំណុំរឿង​ក្ស័យធន​បាន គឺ​អាចជា៖ ម្ចាស់​បំណុល​របស់​ក្រុមហ៊ុន ក្រុមហ៊ុន​ជា​កូនបំណុល (ក្រុមហ៊ុន​ដែល​ត្រូវ​ក្ស័យធន) ឬ​តំណាង​អយ្យការ។

គួរ​បញ្ជាក់ថា សំណុំរឿង​ក្ស័យធន​នេះ​អាច​ធ្វើឡើង​ទាំងចំពោះ​ក្រុមហ៊ុន ចំពោះ​នីតិបុគ្គល​ផ្សេងទៀត និង​ចំពោះ​​ពាណិជ្ជករ​ជា​រូបវន្ត​បុគ្គល។

តើ​ការ​បើក​សំណុំរឿង​ក្ស័យធន នៅ​តុលាការ មាន​ដំណើរការ​យ៉ាងដូចម្តេច​ខ្លះ?

​ជា​ជំហាន​ដំបូង​បំផុត ក្រោយ​ពី​ទទួលបាន​បណ្តឹង តុលាការ​ត្រូវ​បើក​សវនាការ​​​ ដើម្បី​ពិនិត្យ​មើល​ថា តើ​បណ្តឹង​នេះ​​មាន​​​មូលដ្ឋាន​ត្រឹមត្រូវ​ដែរ​ឬទេ?

បើ​ពិនិត្យ​មើលទៅ​ឃើញ​ថា បណ្តឹង​នេះ​មិនមាន​មូលហេតុ​សមស្រប​ ឬ​ធ្វើឡើង​ក្នុង​ចេតនា​ទុច្ចរិត គឺ​ត្រូវ​សម្រេច​បដិសេធ​បណ្តឹង​នេះ​ចោល។ ក្នុងករណីនេះ ក្រុមហ៊ុន​មិន​អាច​ប្រកាស​ក្ស័យធន​បានទេ។

បើ​សិន​ជា​មើលទៅ​ឃើញ​ថា បណ្តឹង​មាន​មូលដ្ឋាន​ត្រឹមត្រូវ ទើប​តុលាការ​អាច​ចេញ​សេចក្តីសម្រេច​បើក​សំណុំរឿង​ក្ស័យធន​ តាម​ការ​ស្នើសុំ។ ក្នុងករណីនេះ តុលាការ​ត្រូវ​តែងតាំង​អភិបាល​បណ្តោះអាសន្ន​ម្នាក់ឲ្យ​គ្រប់គ្រង​ក្រុមហ៊ុន​ជា​បណ្តោះអាសន្ន ដើម្បី​​បន្ត​អាជីវកម្ម​របស់​ក្រុមហ៊ុន ក្នុង​ពេល​តុលាការ​កំពុង​ចាត់ការ​សំណុំរឿង និង​ដើម្បី​ចាត់វិធានការ​ចាំបាច់​នានា ​ក្នុងការ​ការពារ​ផលប្រយោជន៍​ម្ចាស់​បំណុល។

គួរ​បញ្ជាក់ថា នៅពេល​ដែល​តុលាការ​សម្រេច​បើក​សំណុំរឿង​ក្ស័យធន មិនមែន​មានន័យថា តុលាការ​ប្រាកដ​ជា​​​ប្រកាស​​ជម្រះ​បញ្ជី រំលាយ​ក្រុមហ៊ុន​ចោលនោះទេ។ ជាទូទៅ អាទិភាព​​ចម្បង​របស់​​តុលាការ គឺ​​​ស្វែងរក​ដំណោះស្រាយ​ចាំបាច់ ដើម្បី​​​ឲ្យ​ក្រុមហ៊ុន​នេះ​អាច​បន្ត​អាជីវកម្ម​តទៅមុខ​ទៀត​បាន ដើម្បី​ការពារ​ផលប្រយោជន៍​របស់​និយោជិត។

ដូច្នេះ ក្រោយ​ពី​​សម្រេច​បើក​សំណុំរឿង​ក្ស័យធន ជា​ជំហាន​បន្ទាប់ តុលាការ​​ត្រូវ​ព្យាយាម​រក​កា​រសម្របសម្រួល​រវាង​ម្ចាស់​បំណុល និង​ក្រុមហ៊ុន ដែល​ជា​កូន​បំណុល។ បើ​សិន​ជា​ពិនិត្យ​មើលទៅ​ឃើញ​ថា អាជីវកម្ម​របស់​ក្រុមហ៊ុន​នៅមាន​ដំណើរការ​ល្អ អាច​រក​ផល​ចំណេញ​​បាន ម្ចាស់​បំណុល​ និង​ក្រុមហ៊ុន​ជាកូន​បំណុល​អាច​​ចរចា រក​វិធី​សម្រុះសម្រួលគ្នា​​​ ដូចជា​ ​៖

  • ពន្យារពេល​សងបំណុល
  • ឬ​ក៏​កាត់បន្ថយ​បំណុល​មួយផ្នែក
  • ឬ​​យក​បំណុល​​ទាំងអស់ ឬ​មួយផ្នែក​ទៅ​ប្តូរ​យក​ភាគហ៊ុន​ក្នុងក្រុមហ៊ុន
  • ឬ​ក៏​យក​បំណុល​​ទៅ​ប្តូរ​នឹង​ទ្រព្យ​របស់​ក្រុមហ៊ុន ប៉ុន្តែ ទុក​ទ្រព្យ​នោះ​ឲ្យ​ក្រុមហ៊ុន​ប្រើប្រាស់ ដើម្បី​បន្ត​អាជីវកម្ម ។ល។

លុះត្រា​តែ​មិនមាន​ជម្រើស​អ្វី​ផ្សេង ទើប​តុលាការ​សម្រេច​ជម្រះ​បញ្ជី លក់​​ទ្រព្យ​សម្បត្តិ​របស់​ក្រុមហ៊ុន ដើម្បី​យក​លុយ​​ទៅ​សងម្ចាស់​បំណុល។
 
ក្នុងការ​ជម្រះ​បញ្ជីនេះ តើ​ការ​ទូទាត់​ជម្រះ​បំណុល​ត្រូវ​​​ធ្វើ​ឡើង​តាម​លំដាប់លំដោយ​បែបណា? តើ​ម្ចាស់​បំណុល​ប្រភេទណា ដែល​មាន​សិទ្ធិ​ទទួល​សំណងមុនគេ?

យោងតាម​មាត្រា ៥៧ នៃ​ច្បាប់​ស្តីពី​ក្ស័យធន លុយ​ដែល​ទទួល​បាន​ពី​ការ​ជម្រះ​បញ្ជី​ទ្រព្យ​សម្បត្តិ​របស់​ក្រុមហ៊ុន ត្រូវ​យក​ទៅ​​ទូទាត់​បំណុល តាម​លំដាប់លំដោយ​ នៃ​ឋានានុក្រម​ម្ចាស់បំណុល ដែលមាន ៤ថ្នាក់៖

អាទិភាព​ទី១ គឺ​ត្រូវ​យក​ទៅ​ទូទាត់​​ប្រាក់បៀវត្ស​បុគ្គលិក, ប្រាក់​បំណាច់​របស់​អភិបាល​បណ្ដោះអាសន្ន​ ​ប្រាក់ចំណាយ​ទៅលើ​ដំណើរការ​តុលាការ និង​សេវា​រដ្ឋបាល ដែល​ទាក់ទង​នឹង​សំណុំរឿង​ក្ស័យធន។

អាទិភាព​ទី២ គឺ​ត្រូវ​យក​ទៅ​ទូទាត់​បំណុល​ដែល​មាន​កិច្ចធានា (បំណុល​ដែល​មាន​ដាក់​ទ្រព្យ​ធានា)។

អាទិភាព​ទី៣ គឺ​ត្រូវ​ទូទាត់​ពន្ធដារ​​ដែល​ត្រូវ​បង់​ឲ្យ​​រដ្ឋ

អាទិភាព​ទី៤ គឺ​ត្រូវ​ទូទាត់​បំណុល​ផ្សេងៗទៀត ដែល​មិនមាន​កិច្ចធានា។

ដោយមើលទៅលើ​ឋានានុក្រម​នេះ បុគ្គលិក និង​និយោជិត​របស់​ក្រុមហ៊ុន​ទទួលបាន​នូវការ​ការពារ​ខ្ពស់បំផុត​ពី​ច្បាប់​​ស្តីពី​ក្ស័យធន ដោយ​មាន​អាទិភាព​ទទួលបាន​នូវការ​ការទូទាត់​ប្រាក់បៀវត្សរ៍​ មុន​​ការ​ទូទាត់​បំណុល​ផ្សេងទៀត រួមទាំង​ ការ​ទូទាត់​បំណុល​ដែល​មាន​ទ្រព្យ​ធានា។

ប្រសិនបើ​លុយ​ដែល​បាន​ពី​ការ​​លក់ទ្រព្យ​របស់​​ក្រុមហ៊ុន មិន​គ្រប់​សងបំណុល​អស់ទៀត តើ​ម្ចាស់ភាគ​ហ៊ុន​មាន​កាតព្វកិច្ច​ត្រូវ​លក់​ទ្រព្យ​ផ្ទាល់​ខ្លួន ដើម្បី​សងបំណុល​ដែរ​ឬទេ?

បើសិន​ជា​ក្រុមហ៊ុន​នេះ គឺជា​ក្រុមហ៊ុន​ទទួលខុសត្រូវ​មាន​កម្រិត ទ្រព្យ​ក្រុមហ៊ុន និង​ទ្រព្យ​​ផ្ទាល់ខ្លួន​របស់​ម្ចាស់​ភាគហ៊ុន គឺ​ត្រូវ​បែងចែក​ដាក់​ពី​គ្នា​ស្រឡះ។ ការទទួលខុសត្រូវ​លើ​បំណុល គឺ​ត្រូវ​កម្រិត​ត្រឹមតែ​ទ្រព្យ​របស់​ក្រុមហ៊ុន​តែប៉ុណ្ណោះ មិនអាច​ពាក់ព័ន្ធ​ទៅដល់​ទ្រព្យ​ផ្ទាល់​ខ្លួន​របស់​ម្ចាស់​ភាគហ៊ុន​ទេ លើកលែង​តែ​ក្នុងករណី​ដែល​ម្ចាស់ភាគហ៊ុន​​ជា​អ្នក​គ្រប់គ្រង​កិច្ចការ​ក្រុមហ៊ុន​ ហើយ​​​​ចាត់ចែង​លុយកាក់​ក្រុមហ៊ុន​មិន​ត្រឹមត្រូវ​​ ឬ​​បាន​ផ្តល់​ព័ត៌មាន​មិនពិត ​ឬ​ប្រព្រឹត្ត​កំហុស​ណាមួយ​ ដែល​ជា​ដើមចម​នាំ​ទៅរក​ការ​ក្ស័យធន​របស់​ក្រុមហ៊ុន។

ដូច្នេះ ក្នុងករណី​ក្រុមហ៊ុន​ទទួលខុសត្រូវ​មាន​កម្រិត មិនមាន​ទ្រព្យ​គ្រប់គ្រាន់​ក្នុងការ​សងបំណុល ម្ចាស់​បំណុល​មួយចំនួន ដែល​មាន​អាទិភាព​ក្រោយគេ​អាច​នឹង​ត្រូវ​ខាតបង់​បំណុល​ទាំងស្រុង ឬ​មួយផ្នែក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ