អានតួអត្ថបទ
នាទី​យល់ដឹង​អំពី​ច្បាប់ និង​ជំនួញ

នីតិវិធី​ចុះបញ្ជីដីធ្លី​មានលក្ខណៈជាប្រព័ន្ធ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការចុះ​បញ្ជីដីធ្លី និង​ការចេញ​ប័ណ្ណកម្មសិទ្ធិ មាន​នីតិវិធី​ពីរ គឺ​ការ​ចុះ​បញ្ជី​តាម​ការ​ស្នើ​សុំ​របស់​ម្ចាស់ដី ដែល​គេ​ឲ្យ​ឈ្មោះថា ការចុះបញ្ជី​ដាច់ដោយដុំ និង​ការចុះបញ្ជី​​មួយឃុំម្តងៗ​តាម​ការ​កំណត់​របស់​​​រដ្ឋាភិបាល ដែល​គេ​ហៅថា ​ការចុះបញ្ជី​មានលក្ខណៈជាប្រព័ន្ធ។កាល​ពី​សប្តាហ៍មុន លោក-អ្នក​បាន​ជ្រាបរួចមក​ហើយ​អំពី​នីតិវិធី នៃ​ការ​ចុះបញ្ជី​ដាច់ដោយដុំ។ នៅថ្ងៃនេះ សេង ឌីណា សូមលើក​យក​នីតិវិធី​​នៃ​ការចុះបញ្ជី​មានលក្ខណៈ​ជា​ប្រព័ន្ធ មកជូន​លោក-អ្នកស្តាប់។

ប័ណ្ណកម្មសិទ្ធិ​ដី
ប័ណ្ណកម្មសិទ្ធិ​ដី ©រក្សាសិទ្ធិ
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​របប​ខ្មែរក្រហម​ដួលរលំ​ទៅ រាល់​ប័ណ្ណ​កម្មសិទ្ធិ​​លើ​ដីធ្លី នៅទូទាំងប្រទេស​ត្រូវ​បាត់បង់​ទាំងអស់។ ច្បាប់​បាន​កំណត់​​លុបចោល​រាល់​របប​កម្មសិទ្ធិ​ទាំងអស់ ដែល​មាន​មុន​ឆ្នាំ​១៩៧៩។ ដើម្បី​រៀបចំ​កសាង​បញ្ជី​ដីធ្លី និង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ នៅទូទាំងប្រទេស ឡើងវិញ ច្បាប់​បាន​កំណត់​បង្កើត​នីតិវិធី​ពិសេស​មួយ គឺ​ “ការចុះ​បញ្ជីដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ”។

ការចុះបញ្ជីដីធ្លី​ មានលក្ខណៈជាប្រព័ន្ធ គឺ​ជា​ការចុះបញ្ជីដីធ្លី ដែល​កើត​ចេញ​ពី​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល ដោយ​មិនចាំបាច់​មាន​ការ​ស្នើ​សុំ​ពី​ម្ចាស់ដីឡើយ។ រដ្ឋាភិបាល​ជា​អ្នក​កំណត់​ជ្រើសរើស​ភូមិ ឬ​ឃុំ​ណាមួយ ដែល​ត្រូវ​ធ្វើ​ការចុះបញ្ជីដីធ្លី។

នីតិវិធី​នៃ​ការ​ចុះ​បញ្ជី​ដីធ្លី​មានលក្ខណៈជាប្រព័ន្ធនេះ ត្រូវ​ចែកចេញ​ជា​ ៥ដំណាក់​កាល​សំខាន់ៗ៖

ដំណាក់កាល​ទី១៖ ត្រៀមរៀបចំ

នៅ ​ក្នុង​ដំណាក់​កាល​នេះ រដ្ឋាភិបាល​នឹង​ត្រូវ​ធ្វើ​ការ​ប្រកាស​កំណត់​តំបន់​វិនិច្ឆ័យ​ថា តើ​ត្រូវ​ធ្វើ​ការ​ចុះបញ្ជីដីធ្លី នៅ​ក្នុង​ឃុំ​ណាមួយ។

នៅ​ក្នុង​ ដំណាក់​កាល​នេះ អាជ្ញាធរ​ត្រូវ​ធ្វើ​ការ​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ នៅ​ក្នុង​ឃុំ ឲ្យ​បាន​ជ្រាប​អំពី​ការចុះ​បញ្ជីដីធ្លីនេះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ត្រៀម​ខ្លួន​ចូលរួម​ក្នុង​ដំណើរ​ការ​នេះ។

គណៈកម្មការ ​មួយ​ត្រូវ​បង្កើត​ឡើង ដើម្បី​​ជួយ​ដល់​ដំណើរ​ការ​នៃ​ការ​​ចុះបញ្ជី​មាន​លក្ខណៈ​ជាប្រព័ន្ធ។ គណៈកម្មការ​នេះ​មាន​សមាសភាព​ដូចតទៅ៖

-អភិបាល​ខេត្ត-ក្រុង ជាប្រធាន

-អភិបាល​ស្រុក-ខ័ណ្ឌ ជាសមាជិក

-ប្រធានក្រុម​បច្ចេកទេសវាស់វែង ជាសមាជិក

-មេឃុំ-ចៅសង្កាត់ ឬ​តំណាង​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ជាសមាជិក

-គ្រប់មេភូមិ​ទាំងអស់ នៅ​ក្នុង​​ឃុំ-សង្កាត់ ជា​សមាជិក

-ចាស់ព្រឹទ្ធាចារ្យ​ ២រូប ដែល​ស្គាល់​ប្រវត្តិដី​ នៅក្នុង​ឃុំ ជាសមាជិក

ដំណាក់កាលទី២៖ វាស់វែង និង​​កសាង​ប្លង់​សុរិយោដី

ម្ចាស់ដី គឺ​ជា​អ្នក​កំណត់​ព្រំ ជាមួយ​អ្នក​ជិតខាង។ ចំណែក មន្រ្តី​បច្ចេកទេស គ្រាន់តែ​ជា​អ្នក​ចុះ​ទៅវាស់វែង ទៅតាម​ព្រំ ដែល​ចង្អុល​បង្ហាញ​ ដោយ​ម្ចាស់ដី​តែប៉ុណ្ណោះ។ ដូច្នេះ នៅ​ក្នុង​ដំណាក់​កាល​នេះ ការ​ចូលរួម​ចំណែក​ពី​ម្ចាស់ដី មាន​សារៈសំខាន់​ណាស់។

ម្ចាស់ដី ក៏​ត្រូវ​ត្រៀម​នូវ​ឯកសារ​ចាំបាច់​មួយ​ចំនួន​ផង​ដែរ។ ឯកសារ​ទាំងនេះ រួមមាន សំបុត្រ​កំណើត, អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ, សៀវភៅ​គ្រួសារ, សៀវភៅ​ស្នាក់នៅ, សំបុត្រ​អាពាហ៍ពិពាហ៍​, បណ្តាំ​មរតក, សាលក្រម​តុលាការ, លិខិត​ទិញ-លក់ ។ល។

ដំណាក់កាលទី៣៖ ផ្សព្វផ្សាយ

អាជ្ញាធរ ​ត្រូវ​ធ្វើ​ការ​បិទផ្សាយ​ជា​សាធារណៈ នូវ​ប្លង់​សុរិយោដី និង​បញ្ជី​ឈ្មោះ​ម្ចាស់ដី ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​អាច​ធ្វើ​ការ​ត្រួតពិនិត្យ​ និង​តវ៉ា​​សុំ​ធ្វើ​ការ​កែប្រែ ប្រសិន​បើ​មាន​កន្លែង​មិន​ត្រឹមត្រូវ។

គួរ​បញ្ជាក់ថា នៅ​ក្នុង​ដំណើរ​ការ​ចុះបញ្ជីនេះ ប្រសិន​បើ​កើត​មាន​វិវាទ​ណាមួយ ដូចជា វិវាទ​រឿង​ព្រំដី​ជាដើម ភាគី​ជម្លោះ​​អាច​សុំ​ឲ្យ​គណៈកម្មការ​រដ្ឋបាល​ជួយដោះស្រាយ និង​សម្រុះសម្រួល​ឲ្យ ដោយ​មិនចាំបាច់​ប្តឹងផ្តល់​គ្នា ទៅដល់​តុលាការ​នោះទេ។

ដំណាក់កាលទី៤៖ វិនិច្ឆ័យ និង​សម្រេច

ដំណាក់ ​កាល​នេះ គឺ​មាន​ពាក់ព័ន្ធ​តែ​ជាមួយ​​ស្ថាប័ន​រដ្ឋ​តែប៉ុណ្ណោះ។ ផុត​រយៈពេល ៣០​ថ្ងៃ ដែល​បើក​ឲ្យ​មាន​ការតវ៉ា មន្រ្តី​មាន​សមត្ថកិច្ច ត្រូវ​ធ្វើ​ការពិនិត្យ ទៅ​លើ​ប្លង់​សុរិយោដី និង​បញ្ជី​ឈ្មោះ​ម្ចាស់ដី ដែល​ត្រូវ​ចុះ​ក្នុង​សៀវភៅគោលបញ្ជីដីធ្លី។ ដី​ទាំងឡាយ​ណា​ ដែល​មិនជាប់​មាន​ទំនាស់ ហើយ​មិនមែន​ចូល​ជាដី​របស់​រដ្ឋ នឹង​ត្រូវ​ចុះ​ក្នុង​សៀវភៅ​គោលបញ្ជី​ដីធ្លី ហើយ​ប្រធាន​មន្ទីរ​ភូមិបាល​ខេត្ត-ក្រុង នឹង​ចុះហត្ថលេខា​លើ​ប័ណ្ណកម្មសិទ្ធិស្ថាពរ។

ដំណាក់កាលទី៥៖ ការចែកប័ណ្ណ

គឺ ​ជាដំណាក់​កាល​ចុងក្រោយ។ ក្រោយ​ពី​​អាជ្ញាធរ​ចុះហត្ថលេខា​ចេញ​ប័ណ្ណ​ហើយ ប័ណ្ណ​ទាំងនេះ​នឹង​ត្រូវ​ចែក​ជូន​ដល់​ម្ចាស់ដី​វិញ។ ម្ចាស់ដី​ត្រូវ​​ទៅ​ទទួល​ប័ណ្ណ​ ដោយ​ផ្ទាល់ដៃ ហើយ​ប័ណ្ណ​នេះ គឺ​ជា​ប័ណ្ណកម្មសិទ្ថិ​ស្ថាពរ។

គិត​រហូត​មកទល់ពេលនេះ ការចុះបញ្ជីដី​ធ្លី​មានលក្ខណៈ​ជា​ប្រព័ន្ធ​នេះ ទើប​តែ​ធ្វើ​បាន​ប្រមាណ​ជាង ២០% តែប៉ុណ្ណោះ។

គួរបញ្ជាក់ ​​ថា បើ​ទោះជា​​ការចុះបញ្ជី​លក្ខណៈជាប្រព័ន្ធ​នៅ​មិនទាន់​បាន​ចប់សព្វគ្រប់ នៅទូទាំងប្រទេស​ក៏ដោយ ប៉ុន្តែ ការចុះបញ្ជី​ដាច់ដោយដុំ ទៅតាម​ការស្នើសុំ​របស់​ម្ចាស់ដី នៅតែអាច​ធ្វើ​ទៅបាន ក្នុង​ពេលទន្ទឹម​​គ្នា​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ