អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

អរិយធម៌​អាមេរិក​មុន​គ្រីស្តូហ្វកូឡុំ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង អំពី​អរិយធម៌​នៃ​បណ្តាជន​ ដែលរស់​នៅ​លើ​ទឹកដី​អាមេរិក មុន​ការមកដល់របស់​គ្រីស្តូហ្វ កូឡុំ នៅ​ចុង​សតវត្សរ៍​ទី​១៥។

សូរ្យគ្រាស​នៅលើ​ពីរ៉ាមីដ​បន្សល់ទុក​ដោយ​ពួក​ម៉ាយ៉ា
សូរ្យគ្រាស​នៅលើ​ពីរ៉ាមីដ​បន្សល់ទុក​ដោយ​ពួក​ម៉ាយ៉ា Getty Images/Bjorn Holland
ផ្សាយពាណិជ្ជកម្ម

នៅ​ចុងសវត្សរ៍​ទី១៥ នៅ​ពេល​គ្រីស្តូហ្វ កូឡុំ ធ្វើដំណើរ​មក​ដល់​ទ្វីបអាមេរិក មនុស្ស​រាប់​លាន​នាក់​កំពុង​តែ​រស់នៅលើ​ទឹកដី​នេះ​ស្រាប់ទៅហើយ។ ជនជាតិ​ដើម​អាមេរិក​ ដែល​យើង​តែងតែ​ហៅ​ថា​ជា​ជនជាតិ “ឥណ្ឌា​ស្បែកក្រហម” បាន​ធ្វើ​ដំណើរ​មក​ដល់​ទឹកដី​អាមេរិក តាំង​ពី​រាប់ម៉ឺនឆ្នាំមុនម៉្លេះ ដោយធ្វើ​ដំណើរ​ចេញ​ពី​អាស៊ី​​ឆ្លងកាត់​តាម​ច្រកសមុទ្រ​នៅ​ចន្លោះ​រុស្ស៊ី និង​​អាឡាស្កា (​ច្រក​សមុទ្រ​ Bering) ដែល​កាលណោះ គឺ​ជា​ដីគោក ដែល​អាច​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើងបាន។

អ្នក​ប្រវត្តិសាស្រ្ត​បាន​ប៉ាន់ស្មាន​ថា គិត​ត្រឹម​សតវត្សរ៍​ទី ១៥ នៅ​ពេល​ដែល​គ្រីស្តូហ្វ កូឡុំ​ ធ្វើ​ដំណើរ​មក​ដល់​ ទ្វីបអាមេរិក​ទាំងមូល​មាន​មនុស្ស​រស់​នៅ​សរុប​ប្រមាណ​ជា ៥០លាននាក់ ក្នុងនោះ ប្រមាណ​ជា ១០លាន​នាក់ រស់​នៅ​ត្រង់​ម្តុំ​ទឹកដី​សហរដ្ឋ​អាមេរិក​បច្ចុប្បន្ន​នេះ។

ជនជាតិ​ដើម​អាមេរិក ក៏​ដូចជា​មនុស្ស​នៅតំបន់​​ផ្សេងទៀត​ដែរ ​បាន​ស្គាល់​នូវ​ការ​វិវឌ្ឍ​ក្នុង​របៀបរស់នៅ​ ចាប់តាំង​ពី​ការរស់នៅ​ដោយ​ការបរបាញ់ និង​បេះផ្លែឈើ​ តាមរបៀប​បុរេប្រវត្តិ បន្ទាប់មក​បាន​ចាប់យក​របរ​កសិកម្ម បង្កើត​ជា​រដ្ឋ ដែល​​ខ្លះ​មាន​​អរិយធម៌​រុងរឿង​មិនចាញ់​មនុស្ស​នៅ​តំបន់​ផ្សេងទៀត​ប៉ុន្មាន​នោះទេ។ ពួកគេ​ចេះ​បង្កើត​អក្សរសរសេរ ហើយ​មាន​ចំណេះដឹង​​ខ្ពង់ខ្ពស់​ខាង​សិល្បៈ ស្ថាបត្យកម្ម តារាស្រ្ត​ គណិតវិទ្យា និង​កសិកម្ម។

រុក្ខជាតិ​មួយ​ចំនួន ដែល​បច្ចុប្បន្ន​ត្រូវ​បាន​គេ​ស្គាល់ និង​បរិភោគ​ជាទូទៅ ទាំង​នៅ​អឺរ៉ុប ក៏ដូចជា នៅ​កន្លែង​ផ្សេងទៀត​នៅទូទាំង​ពិភពលោក ដូចជា ដំឡូងបារាំង, ដើម​កាកាវ ដែល​គេយក​មកធ្វើ​ជា​សូកូឡា (Chocolat), ស្លឹកកូកា ដែល​គេ​យក​មក​ធ្វើ​ជា​ភេស្ជៈ​កូកាកូឡា, ពោត, ប៉េងប៉ោះ ឬ​ថ្នាំជក់ ជាដើម សុទ្ធសឹង​ជា​រុក្ខជាតិ ដែល​មាន​ដើមកំណើតដំបូង​ចេញ​ពី​វប្បធម៌​កសិកម្ម​នៃ​ជនជាតិ​ដើម​អាមេរិក។

ជាទូទៅ គេ​សង្កេតឃើញ​ថា ជនជាតិដើមអាមេរិក ដែល​បាន​បង្កើត​ជា​រដ្ឋ​​មាន​អរិយធម៌​រុងរឿង​ខ្លាំង ច្រើន​តែ​ពួកអ្នក​​នៅក្នុង​តំបន់​អាមេរិកកណ្តាល និង​អាមេរិក​ខាងត្បូង។

ពួកម៉ាយ៉ា (Maya) បង្កើត​រដ្ឋ​នៅត្រង់​ម្តុំ​ទឹកដី​ដែល​បច្ចុប្បន្ន​ក្លាយ​ទៅជា ប្រទេស​ក្វាតេម៉ាឡា (Guatemala), ហុងឌូរ៉ាស់ (Honduras), អេលសាល់វ៉ាឌ័រ (El Salvador) និង​មួយផ្នែក​នៃ​ប្រទេស​ម៉ិចស៊ិក។ ម៉ាយ៉ា​គឺ​ជា​អរិយធម៌​ដ៏ចំណាស់​ជាងគេ​បំផុតនៅ​អាមេរិក ដោយ​មាន​ដើមកំណើត​តាំងពី​ប្រមាណ​ជា​ ២៦០០ឆ្នាំ​មុនគ.ស ហើយ​បាន​ស្គាល់​នូវ​ភាពរុងរឿង​ខ្លាំង នៅ​ចន្លោះ​សតវត្សរ៍ទី៦ ដល់ ​​ទី៩គ.ស មុននឹង​ត្រូវ​ធ្លាក់ដុនដាប រហូត​រលាយ​បាត់រូប នៅ​សតវត្សរ៍ទី១៦។

ជនជាតិ​ដើមអាមេរិក​ផ្សេង​ទៀត ដែល​មាន​អរិយធម៌​រុងរឿង​មួយដែរ គឺ​ពួក​អាស្ទែក (Aztèque) ​ដែល​មានទីតាំង​នៅ​ត្រង់ម្តុំ​ប្រទេស​ម៉ិចស៊ិក​បច្ចុប្បន្ន និង​ពួក​អ៊ីងកា (Inca) ដែល​មាន​ទឹកដី​លាតសន្ធឹង​ចាប់តាំង​ពី​ប្រទេស​អេក្វាទ័រ កាត់តាម​បូលីវី និង​ប៉េរូ រហូតដល់​ស៊្ហីលី។

បច្ចុប្បន្ន​ អរិយធម៌​នៃ​ជនជាតិដើមអាមេរិកអស់ទាំងនេះ​ត្រូវ​រលាយបាត់រូប ក៏ប៉ុន្តែ បាន​បន្សល់ទុក​នូវ​ស្លាកស្នាម​ជាច្រើន ដែល​បញ្ជាក់ពី​អរិយធម៌​របស់​ពួកគេ ក្នុងសម័យរុងរឿង ដូចជា ពីរ៉ាមីដ នៅ​ម៉ិចស៊ិក និង​អាមេរិក​កណ្តាល ដែល​បន្សល់ទុក​ដោយ​ពួក​ម៉ាយ៉ា និង​ពួក​អាស្ទែក និង​ក្រុងបុរាណ​​ ម៉ាឈូពីឈូ (Machu Pichu) នៅ​ប៉េរូ ដែល​បន្សល់ទុក​ដោយ​ពួក​អ៊ីងកា ហើយ​ដែល​បច្ចុប្បន្ន​ ត្រូវបាន​គេ​ចាត់បញ្ចូល​ក្នុង​ចំណោម​អច្ឆរិយវត្ថុ​របស់​ពិភពលោក។

ដំណើរមកដល់ទ្វីបអាមេរិក​​របស់​គ្រីស្តូហ្វ​កូឡុំ នៅ​ចុងសតវត្សរ៍ទី១៥ គឺ​ជា​របត់​ដ៏សំខាន់​បំផុតមួយ នៃ​ប្រវត្តិសាស្រ្ត​របស់​ជនជាតិដើម​អាមេរិក ពីព្រោះ​វា​ជា​ចំណុច​ចាប់ផ្តើម​នៃ​ការ​វាតទី​ធ្វើ​អាណានិគម​របស់​អឺរ៉ុប ជាពិសេស អេស្ប៉ាញ ទៅលើ​ទឹកដី​អាមេរិក។ ការ​ដាក់​អាណានិគម​ដោយ​កម្លាំង ដែលនាំ​ទៅរក​ការ​ស្លាប់​រង្គាល​ជនជាតិដើមអាមេរិក។
 

ក្រុងបុរាណ Machu Pichu បន្សល់ទុក​ដោយ​ពួក​អ៊ីងកា នៅ​ប្រទេស​ប៉េរូ​បច្ចប្បន្ន
ក្រុងបុរាណ Machu Pichu បន្សល់ទុក​ដោយ​ពួក​អ៊ីងកា នៅ​ប្រទេស​ប៉េរូ​បច្ចប្បន្ន

ជាការពិត​ថា នៅ​ពេល​ទាហានអេស្ប៉ាញ ដែល​គេហៅ​ថា ពួក Conquestador ធ្វើ​ដំណើរ​មក​ដល់​អាមេរិក នៅ​ចុងសតវត្សរ៍​ទី១៥ អរិយធម៌​ម៉ាយ៉ា​បាន​ធ្លាក់ចុះខ្សោយ ស្ទើរតែ​រលាយ​បាត់រូប​ទៅហើយ។ ក៏ប៉ុន្តែ ពួក​អាស្ទែក និង​ពួក​អ៊ីងកា​វិញ នៅ​ជា​អាណាចក្រ​ធំ​មួយ​នៅឡើយ។

នៅចុង​ឆ្នាំ​១៥១៩ ទាហាន​អេស្ប៉ាញ​ ដែល​​​ធ្វើ​ដំណើរ​ចេញ​ពី​គុយបា បាន​ទៅដល់​រាជធានី​របស់​ពួក​អាស្ទែក (ដែលមានទីតាំង​នៅ​ត្រង់​រដ្ឋធានី​ម៉ិចស៊ិក​បច្ចុប្បន្ន)។ ​ស្តេច​អាស្ទែក ឈ្មោះ​ម៉ុងតេហ៊្សូម៉ា (Montezuma) បាន​ទទួល​ឲ្យ​ទាហាន​អេស្ប៉ាញ​ស្នាក់នៅ​ដោយ​សុខស្រួល ក៏ប៉ុន្តែ ក្រោយ​មក ទាហាន​អេស្ប៉ាញ​ក៏​បាន​វាយប្រហារ​​កាប់សម្លាប់មេដឹកនាំ​ជាច្រើន​របស់​ពួក​អាស្ទែក ក្នុងនោះ​ក៏រួមមាន​ទាំង​ស្តេច​ម៉ុងតេហ៊្សូម៉ា​ផងដែរ។ ក្រោយមកទៀត អេស្ប៉ាញបាន​នាំទ័ព​មក​​​វាយលុក​ចូល​​រាជធានី​របស់​ពួក​អាស្ទែក និង​ផ្តួលរំលំ​អាណាចក្រ​អាស្ទែក​ទាំងស្រុង នៅពាក់កណ្តាល​​ឆ្នាំ​១៥២១ មុននឹង​វាតទី​ចាក់ចុះ​ទៅទិស​ខាង​ត្បូង រហូតទៅដល់​ដែនដី​របស់​ពួក​ម៉ាយ៉ា។

នៅ​ឆ្នាំ​១៥៣១ ទាហាន​អេស្ប៉ាញ​មួយក្រុម​ផ្សេងទៀត បាន​ធ្វើ​ដំណើរ​សសៀរ​តាម​ឆ្នេរ​ប៉ែក​ខាង​លិច​អាមេរិក ចាក់ចុះ​ទៅទិស​ខាង​ត្បូង សំដៅ​ទៅ​ប៉េរូ ទីតាំង​ធំ​របស់​អាណាចក្រ​អ៊ីងកា។ អេស្ប៉ាញ ដែល​មាន​គ្នា​មិនដល់ ២០០នាក់​ផង បាន​បើកការ​វាយប្រហារ និង​ចាប់​ខ្លួន​ស្តេច​អ៊ីងកា ធ្វើ​ឲ្យ​អាណាចក្រ​អ៊ីងកា​ត្រូវ​ដួលរលំ នៅ​ចុងឆ្នាំ​១៩៣២។

ការពង្រីក​អាណានិគម​របស់​អឺរ៉ុប​នៅលើ​ទ្វីបអាមេរិក​បាន​បង្កនូវ​វិនាសកម្ម​យ៉ាង​មហាធំធេង​ដល់​ជនជាតិដើម។ ក្រៅ​ពី​​រងគ្រោះ​ដោយ​ការ​កាប់សម្លាប់​រង្គាល​ ក្នុង​អំឡុង​សង្រ្គាម​វាតទី​ពង្រីក​អាណានិគម​របស់​ពួក​អេស្ប៉ាញ​ ជនជាតិ​ដើមអាមេរិក​បន្ត​រងគ្រោះ​​រាប់​ទសវត្សរ៍​​ជា​បន្តបន្ទាប់​មកទៀត នៅ​ក្រោម​អាណានិគម​អឺរ៉ុប ជាពិសេស រងគ្រោះ​ដោយ​ការ​កេងប្រវ័ញ្ច​ការងារ​តាមបែប​ទាសករ និង ជាពិសេស ​រងគ្រោះ​ដោយ​ជំងឺ ដែល​ពួកអឺរ៉ុប​នាំ​យក​មក​តាមខ្លួន ដែល​សុទ្ធសឹងជា​ប្រភេទជំងឺ​ថ្មីៗ ដែល​ពួកជនជាតិ​ដើម​អាមេរិក​មិនមាន​អង់ទីគ័រ​ ដើម្បី​ការពារ​ខ្លួន។ មេរោគ​ដែល​ចម្លង​ពី​ពួកអឺរ៉ុប​បាន​រាតត្បាត​សម្លាប់​ជនជាតិ​ដើមអាមេរិក​ទាំងលានៗ​នាក់។

ប្រជាជន​អ៊ីងកា ដែល​អ្នក​ប្រវត្តិសាស្រ្ត​ប៉ាន់ប្រមាណ​ថា មាន​ចំនួន​ប្រហែល​ពី ១២លាន ទៅ ១៥លាន​នាក់ នៅ​មុន​អាណានិគម​អេស្ប៉ាញ បាន​ធ្លាក់ចុះ​មកនៅ​ត្រឹមតែ​ប្រមាណ​ជា ៦០ម៉ឺននាក់ប៉ុណ្ណោះ មួយសតវត្សរ៍​ក្រោយ​អាណានិគម។ ប្រជាជន​អាស្ទែកវិញ បាន​ធ្លាក់ចុះ ពី​ប្រមាណ​ជា ២០លាននាក់ មកនៅ​ត្រឹមតែ​ប្រមាណ​ ១,៦លាននាក់ ពោលគឺ ធ្លាក់ចុះ​រហូតដល់​ទៅ​ជាង ៩០%។

បច្ចុប្បន្ន​នេះ នៅតែ​មាន​ជនជាតិ​ដើម​អាមេរិក​ ប្រមាណ​ជា​ជាង ៥០លាន​នាក់ កំពុងរស់នៅ​លើ​ទ្វីបអាមេរិក។ ក៏ប៉ុន្តែ នៅសល់តែ​មនុស្ស​ប៉ុណ្ណោះ ​ដែល​រស់នៅ​រាយប៉ាយ​ជា​ជនជាតិ​ភាគតិច នៅ​តាម​បណ្តា​ប្រទេសផ្សេងៗ​គ្នា នៅ​ស្ទើរតែពាសពេញ​​ក្នុង​ទ្វីប​អាមេរិក ចាប់តាំង​ពី​កាណាដា រហូតទៅដល់​ស្ហ៊ីលី។ ចំណែកឯ​អរិយធម៌​ដ៏រុងរឿង​របស់​ពួកគេ​វិញ​ត្រូវ​រលាយ​បាត់បង់​អស់ទៅហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ