អានតួអត្ថបទ
កម្ពុជា

ប្រតិកម្ម​របស់​អង្គការ​សង្គម​ស៊ីវិល ពាក់ព័ន្ធ​នឹង​គណៈកម្មការ​​ចម្រុះ​ដោះ​ស្រាយ​ភាព​មិន​ប្រក្រតី​​នៃ​​​ការ​បោះ​ឆ្នោត

ចុង​ក្រោយ​នេះ គណៈកម្មការ​​ចម្រុះ​ដើម្បី​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត មិន​អាច​បង្កើត​ឡើង​បាន​ទេ ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ព្រម​ចូល​រួម។ គណបក្ស​ប្រឆាំង​នេះ យល់​ឃើញ​ថា សមាស​ភាពគណកម្មការ​​ចំពោះ​កិច្ច ដែល គ.ជ.ប. ស្នើ​ឡើង គឺ​នៅ​មាន​លក្ខណៈ​ចង្អៀត​នៅ​ឡើយ ដែល​ផ្ទុយ​ពី​គោល​បំណង​របស់​គណបក្ស​សង្គ្រោះជាតិ​ចង់​បាន។ គោលបំណង​នោះ​គឺ​ គណៈកម្មការ​ត្រូវ​បាន​ការ​ចូល​រួម​ពី​តំណាង​គណបក្ស​សង្គ្រោះជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ព្រម​ទាំង​អង្គការ​សង្គម​ស៊ីវិល អ្នក​សង្កេតការណ៍​ជាតិ-អន្តរជាតិ ដោយ​មាន គ.ជ.ប. ជា​អ្នក​សម្រប​សម្រួល និង​អង្គការ​សហប្រជាជាតិ ជា​អាជ្ញាកណ្តាល។ គោល​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ខាង​លើ​នេះ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​សង្កេត​ការណ៍​បោះ​ឆ្នោត យល់​ឃើញ​ផ្សេង​ៗ​ពី​គ្នា។

អង្គការ​សង្គម​ស៊ីវិល​អង្កេត​ការណ៍​បោះ​ឆ្នោត នៅ​ក្នុង​បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះ​ឆ្នោត
អង្គការ​សង្គម​ស៊ីវិល​អង្កេត​ការណ៍​បោះ​ឆ្នោត នៅ​ក្នុង​បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះ​ឆ្នោត RFI/Im Rachna
ផ្សាយពាណិជ្ជកម្ម

គម្រោង​បង្កើត​គណៈកម្មការ​ចម្រុះ សម្រាប់​ដោះ​ស្រាយ​ភាព​មិន​ប្រក្រតី ស្ដី​ពី​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ត្រូវ​បរាជ័យ​នៅ​ចុង​បញ្ចប់។ បរាជ័យ​ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ ​មិន​ពេញ​ចិត្ត​នឹង​សមាសភាព​គណៈកម្មការ​ដែល​មិន​មាន​សង្គម​ស៊ីវិល និង​អង្គការ​សហប្រជាជាតិ​ចូល​រួម​ជា​អាជ្ញា​កណ្ដាល។

ទាក់ទិន​ទៅ​នឹង​វត្តមាន​របស់​អង្គការ​សង្គម​ស៊ីវិល នៅ​ក្នុង​គណៈកម្មការ​​ចម្រុះ​ខាង​លើ ត្រូវ​បាន​លោក ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​អង្គការ​សង្កេត​ការណ៍​បោះ​ឆ្នោត Necfec អះ​អាង​ថា មិន​មាន​ប្រយោជន៍​អ្វី​ទេ ប្រសិន​បើ​ភាគី​ទាំង​៣ គឺ​ គ.ជ.ប. គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ មិន​ស្រុះ​ស្រួល​គ្នា​ទេ​នោះ។

ប៉ុន្តែ​ការ​ធ្វើ​ការ​តែ​៣​ភាគី ដូច​លោក​ហង្ស ពុទ្ធា លើក​ឡើង​ខាង​លើ ត្រូវ​បាន​លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​សង្កេត​ការណ៍​បោះ​ឆ្នោត​ខុមហ្វ្រែល យល់​ផ្សេង​ថា វា​អាច​មាន​បញ្ហា។ មាន​បញ្ហា​ព្រោះ គ.ជ.ប. មាន​តែ​ម្នាក់ឯង ឈរ​នៅ​កណ្ដាល​គណបក្ស​ដល់​ទៅ​២។ លោក ​គល់ បញ្ញា យល់​ថា​គួរ​តែ​មាន​វត្តមាន​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​គណៈកម្មការ​ចម្រុះ​នោះ។ លោក​គល់ បញ្ញា អះអាង​ថា វត្តមាន​អង្គការ​សង្គម​ស៊ីវិល ដែល​មាន​ឯកទេសនិង​​វិជ្ជាជីវៈ នឹង​ជួយ​ឲ្យ​ការ​ស៊ើបអង្កេត​របស់​គណៈ​កម្មការ​នោះ កាន់​តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត។

ចំណែក​សំណើ​របស់​គណបក្ស​សង្គ្រោះជាតិ ដែល​ទាមទារ​ឲ្យ​មាន​វត្តមាន​អង្គការ​សហប្រជាជាតិ​ ​នៅ​ក្នុង​គណៈកម្មការ​នោះ ត្រូវ​បាន​លោក​គល់ បញ្ញា ឲ្យ​ដឹង​ថា វា​ហាក់​ដូច​ជា​គ្មាន​ទំនាស់​អ្វី​ទេ ព្រោះអង្គការ​សហប្រជាជាតិ ក៏​ធ្លាប់​ជួយ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣​ដែរ។​ លោក​គល់ បញ្ញា ឲ្យ​ដឹង​ថា ភាគី​ទាំង​អស់ ទាំង​គ.ជ.ប. និង​គណបក្ស​នយោបាយ ​អាច​ជជែក​គ្នា​ ថា​តើ​នឹង​ប្រគល់​តួនាទី​អ្វី​ឲ្យ​អង្គការ​អន្ដរជាតិ​នោះ?

ផ្ទុយ​ពី​លោក គល់ បញ្ញា លោក​ហង្ស ពុទ្ធា យល់​ថា ឥឡូវ​នេះ វត្តមាន​របស់​អង្គការ​សហប្រជាជាតិ​ នៅ​ក្នុង​គណៈកម្មការ​ចម្រុះ តាម​ការ​ទាមទារ​របស់​គណបក្ស​សង្គ្រោះជាតិ មិន​ទាន់​ចាំ​បាច់​ទេ។ សំខាន់​គឺ ខ្មែរ​គ្នា​ឯង​ដែល​មាន​និន្នាការ​នយោបាយ​ខុស​គ្នា​នេះ សាក​ល្បង​ជជែក​​គ្នា​​ម្ដង​ទៀត​សិន មុន​នឹង​សុំ​ជំនួយ​ពី​ក្រៅ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ