អានតួអត្ថបទ
កម្ពុជា

ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​របស់​បោះឆ្នោត​នឹង​ត្រូវ​បន្ត ៣​ថ្ងៃ​ទៀត

ដំណើរការ​ធ្វើ​បច្ចុប្បន្នភាព​​បញ្ជី​ឈ្មោះ​បោះឆ្នោត​សម្រាប់​ឆ្នាំ២០១៣ ​បានចាប់ផ្តើម ​កាលពី​ថ្ងៃទី១ ខែតុលា។  គិត​មកទល់នឹង​ថ្ងៃទី១៧ តុលា, តួលេខ​បណ្តោះអាសន្ន​បាន​បង្ហាញថា ដំណើរការ​នេះ​បានទទួល​មនុស្ស​ចុះឈ្មោះ​ថ្មី ប្រមាណ​ ជាង១៦ម៉ឺន​នាក់។ ប៉ុន្តែ ​ដំណើរការធ្វើ​បច្ចុប្បន្នភាព និង​​ពិនិត្យ និង​ចុះឈ្មោះ​បោះឆ្នោត​ ដែល​នឹងត្រូវ​បញ្ចប់​ត្រឹម​ថ្ងៃទី២០តុលា​នេះ ត្រូវបាន គ ជ ប ប្រ​កាស​​ពន្យារ​ពេល​ បន្ថែម​បី​ថ្ងៃ​ទៀត ដោយសារតែ​ខេត្ត-ក្រុង​មួយចំនួន​បាន​ជួប​គ្រោះ​ទឹកជំនន់។

ប្រជាពលរដ្ឋ​នាំគ្នា​មើលបញ្ជីឈ្មោះ នៅ​មុខ​ការិយាល័យ​បោះឆ្នោត ថ្ងៃអាទិត្យ ២៨​ កក្កដា ២០១៣
ប្រជាពលរដ្ឋ​នាំគ្នា​មើលបញ្ជីឈ្មោះ នៅ​មុខ​ការិយាល័យ​បោះឆ្នោត ថ្ងៃអាទិត្យ ២៨​ កក្កដា ២០១៣
ផ្សាយពាណិជ្ជកម្ម

 

លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ថ្លែងថា យ៉ាង​ហោចណាស់​មាន​ឃុំ-សង្កាត់​ចំនួន២១១ នៅក្នុង​ខេត្ត-ក្រុង​ចំនួន១០ នឹងត្រូវ​បាន​ពន្យា​រ​ពេល​បន្ថែម៣ថ្ងៃ​ទៀត ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មានលទ្ធភាព​ទៅ​ពិនិត្យ​ឈ្មោះ និង​ចុះ​ឈ្មោះក្នុង​បញ្ជី​​បោះឆ្នោត ដែល​ត្រូវ​ធ្វើ​ជារៀងរាល់ឆ្នាំ។ 

ដោយឡែក​តួលេខ​ជាក់លាក់​ក្នុង​រយៈពេល​ដំណើរការ​ពិនិត្យ​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ដែល​បានចាប់ផ្តើម​តាំងពី​ថ្ងៃទី១តុលា ដល់​ថ្ងៃទី២០តុលា នឹងត្រូវ​បានគ.ជ.ប​ធ្វើការ​បូកសរុប​នៅ​ថ្ងៃ​ចន្ទ​ទី២១ ស្រប​ពេលដែល​រយៈពេល​បន្ថែម​បី​ថ្ងៃ​សម្រាប់​ខេត្ត-ក្រុង​លិច​ទឹកជំនន់​ចំនួន​១០ចាប់ផ្តើម​ដំណើរ​ការ​បន្ថែម​របស់ខ្លួន​នោះ។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់លោក ទេព នីថា ដោយ​លោក​បាន​កត់សម្គាល់ថា បើទោះបី​ជាមាន​គ្រោះទឹកជំនន់​នៅតាម​បណ្តា​ខេត្ត​មួយចំនួន ក៏​ដំណើរការ​ចុះឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​នៅតាម​បណ្តា​ខេត្ត​ផ្សេងទៀត បាន​ដំណើរការ​ទៅបាន​យ៉ាង​ល្អ​ដែរ តាំង​ពីថ្ងៃ​ចាប់ផ្តើម​មក។

 

កន្លងមក​អង្គការ​សង្គម​ស៊ីវិល ក៏ដូចជា​គណបក្សប្រឆាំង​បានធ្វើ​ការរិះគន់ និង​បានលើកឡើង​ទាក់ទង​ទៅនឹង​ពេលវេលា​ដែល គ.ជ.ប បានកំណត់​យក​ខែតុលា​នេះ ដើម្បី​​ដំណើរការ​ចុះឈ្មោះថ្មី និង​ពិនិត្យ​បញ្ជី​ឈ្មោះអ្នក​បោះឆ្នោត​ ពីព្រោះ​ខែតុលា ជា​ពេលវេលា​ដែល​ប្រទេស​កម្ពុជា​ជួបប្រទះ​ញឹកញាប់​នូវ​គ្រោះទឹកជំនន់ ដែល​​រំខាន​ដល់​ប្រជាពល​រដ្ឋ​​នៅក្នុង​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត។ អង្គការ​សង្គម​ស៊ីវិល និង​បក្សប្រឆាំង​ក៏បាន​ស្នើ​ឲ្យ គ.ជ.ប លើក​ពេល​ចុះឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​នេះ ទៅធ្វើ​នៅ​រដូវ​គ្មាន​ភ្លៀង​ផងដែរ ក៏ប៉ុន្តែ លោក ទេព នីថា បាន​បញ្ជាក់ថា ការកំណត់​យក​ពេលវេលា​នេះ គឺធ្វើឡើង​ទៅតាម​ច្បាប់បោះឆ្នោត​តែប៉ុណ្ណោះ។

 
គួរ​បញ្ជាក់ថា គ.ជ.ប បានកំណត់​រយៈពេល​ចុះឈ្មោះ​ប្រជាពលរដ្ឋ​ចូលទៅក្នុង​បញ្ជី​បច្ចុប្បន្ន​ភាព ឆ្នាំ២០១៣ ចាប់ពី​ថ្ងៃទី១ ដល់​ថ្ងៃទី២០ខែតុលា​ឆ្នាំ២០១។ ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី៥ ដែល​បាន​ប្រព្រឹត្តទៅ កាលពី​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ មាន​ចំនួន​ជាង ៩លាន៦សែន​នាក់។ យ៉ាងណាក៏ដោយ បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​នៅតែ​ជា​ប្រធាន​រឿង​ក្តៅ​នៅឡើយ​សម្រាប់​គណ​កប្ស​ប្រឆាំង​ដែល​តែងតែ​រិះគន់​ទៅលើ​ប្រព័ន្ធ​បោះឆ្នោត​ដែល​រៀបចំឡើង​ដោយ គ.ជ.ប នោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ