អានតួអត្ថបទ
នាទី​យល់ដឹង​អំពី​ច្បាប់ និង​ជំនួញ

ស្វែងយល់​អំពី​ប្រព័ន្ធ​យុត្តិធម៌​ខ្មែរ​សម័យបូរាណ​តាមរយៈ​រឿងព្រេង

ចុះផ្សាយ​នៅ​ថ្ងៃ៖

អស់រយៈពេល​ជិត​២សតវត្សរ៍​មក​ហើយ ដែល​ប្រព័ន្ធ​ច្បាប់ និង​យុត្តិធម៌​ខ្មែរ ទទួល​ឥទ្ធិពល​ពី​​បារាំង។ ប្រព័ន្ធ​យុត្តិធម៌​ខ្មែរ នា​សម័យបច្ចុប្បន្ន ចម្លង​តាម​ស្ទើរតែ​ទាំងស្រុង​ពី​​ប្រព័ន្ធ​យុត្តិធម៌​បារាំង គឺ​ជា​កេរមរតក​ ដែល​បន្សល់​ទុក​ពី​អាណានិគម​បារាំង។ តើ​​មុនពេល​ បារាំង​ចូល​មក​កាន់កាប់​​ប្រទេស​កម្ពុជា ខ្មែរ​មាន​​​ប្រព័ន្ធ​យុត្តិធម៌​​ផ្ទាល់​របស់​​ខ្លួន​ដែរ​ឬទេ?កាល​ពី​ពេល​ថ្មីៗ​នេះ លោក ហ៊ែល ចំរើន អ្នក​ច្បាប់​​ខ្មែរ​ជំនាន់​ក្រោយ​បាន​​​​ចេញ​ផ្សាយ​​សៀវភៅ​មួយ ដោយ​ធ្វើ​ការ​សិក្សា​លើ​​កម្រង​រឿងព្រេង និង​រឿង​សាស្រ្តា​ខ្មែរ ដើម្បី​ស្វែង​យល់​អំពី​​ប្រព័ន្ធ​យុត្តិធម៌​ខ្មែរ​សម័យដើម។

សៀវភៅ "មរតកយុត្តិធម៌ខ្មែរ" និពន្ធ​ដោយ​បណ្ឌិត​ហ៊ែល ចំរើន
សៀវភៅ "មរតកយុត្តិធម៌ខ្មែរ" និពន្ធ​ដោយ​បណ្ឌិត​ហ៊ែល ចំរើន
ផ្សាយពាណិជ្ជកម្ម

“មរតក​យុត្តិធម៌ខ្មែរ” គឺ​ជា​ចំណង​ជើង​សៀវភៅ ដែល​ជា​ស្នាដៃ​ដ៏ថ្មី​ស្រឡាង​មួយ​របស់​​បណ្ឌិត ហ៊ែល ចំរើន ចុះផ្សាយ​ កាល​ពី​ចុង​ឆ្នាំ​២០០៩ កន្លងទៅនេះ។ បន្ទាប់​ពី​បាន​និពន្ធសៀវភៅមួយ ស្តីពី "នីតិការងារ​កម្ពុជា" លោក​ហ៊ែល ចំរើន ដែល​ជា​បណ្ឌិត​ច្បាប់ បញ្ចប់​ការ​សិក្សា​ពី​ប្រទេស​បារាំង បាន​ងាក​មក​ចាប់​អារម្មណ៍​លើ​​ឫសគល់​នៃ​ប្រព័ន្ធ​យុត្តិធម៌​ខ្មែរ​វិញ​ម្តង។

ជិត ​២សតវត្សរ៍​ ក្រោម​ឥទ្ធិពល​ច្បាប់​បារាំង ប្រព័ន្ធ​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​ខ្មែរ បាន​ចម្លង​ស្ទើរ​តែ​ទាំងស្រុង​​​ពី​បារាំង។ នាពេលបច្ចុប្បន្ន​នេះ ប្រព័ន្ធ​ច្បាប់​ខ្មែរ​នៅតែ​បន្ត​ទទួល​ឥទ្ធិពល​ពីបរទេស តាមរយៈ​គម្រោង​បង្កើត​ច្បាប់​ថ្មីៗ​ទៀត ដែល​មាន​ជំនួយ​ពីបរទេស។

សំណួរ ​សួរថា តើ​នៅមុនពេល ដែល​​ឥទ្ធិពល​បរទេស​វាយលុក​ចូល​មក​ប្រទេស​កម្ពុជា ជាពិសេស មុន​ឆ្នាំ​១៨៦៣ ដែល​បារាំង​ចូល​មក​កាន់​កាប់​ប្រទេស​កម្ពុជា តើ​ខ្មែរ​មាន​ប្រព័ន្ធ​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​ផ្ទាល់​របស់​ខ្លួន​ដែរឬទេ?

នៅ​ក្នុង​សៀវភៅ “មរតក​យុត្តិធម៌ខ្មែរ”​ លោក​ហ៊ែល ចំរើន​ បាន​​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ ប្រមូល​ចងក្រង​បណ្តា​រឿងសាស្រ្តា និង​រឿងព្រេង​ខ្មែរ​មួយ​ចំនួន ដែល​ទាក់ទង​នឹង​ការ​កាត់ក្តី ជាពិសេស រឿងព្រេង ទាក់ទង​នឹង សុភាទន្សាយ ដែល​ជា​តួអង្គ​ដ៏ល្បីល្បាញ​មួយ ក្នុង​សង្គមខ្មែរ ថា ជា​អ្នក​ពូកែ​កាត់ក្តី ប្រកប​ដោយ​ប្រាជ្ញាវាងវៃ និង​ប្រកប​ដោយ​យុត្តិធម៌។

បើ ​ទោះ​ជា​គេ​មិន​អាច​សន្និដ្ឋាន​ឲ្យ​ប្រាកដ​ប្រជា​ថា រឿងព្រេង និង​រឿង​សាស្រ្តា​ខ្មែរ​ពិត​ជា​ឆ្លុះ​បញ្ចាំង​អំពី​ប្រព័ន្ធ​​យុត្តិធម៌​ ខ្មែរ​សម័យ​បុរាណ​ក៏​ដោយ ក៏​ប៉ុន្តែ ​រឿងព្រេង​ទាំងនេះ​គឺ​ជា​រឿង​ខ្មែរ និយាយ​អំពី​​របៀប​កាត់ក្តី​ពីសម័យដើម។

នៅ​ក្នុង​កាលៈទេសៈ​មួយ ដែល​ឯកសារ​ស្តីពី​ប្រវត្តិច្បាប់​ខ្មែរ ត្រូវ​បាត់បង់​ស្ទើរ​តែ​ទាំងស្រុង ដោយ​ឆ្លង​កាត់​សង្រ្គាម​រាប់​សតវត្សរ៍ សៀវភៅ “មរតកយុត្តិធម៌ខ្មែរ” នេះ គឺ​ជា​វិភាគទាន​មួយ ក្នុង​ការ​ស្វែងយល់​អំពី​ប្រវត្តិ និង​ឫសគល់​នៃ​ប្រព័ន្ធ​យុត្តិធម៌​ខ្មែរ​សម័យ​បុរាណ។ គឺជា​​ការព្យាយាម​បង្ហាញ​ឲ្យ​ឃើញ​ថា​ នៅ​មុន​ពេល​ ដែល​​ទទួល​ការវាយលុក​ពី​ឥទ្ធិពល​ច្បាប់​បរទេស ខ្មែរ​ក៏​មាន​ប្រព័ន្ធ​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​​របស់​ខ្លួន​ដែរ។

រហូត ​មកទល់​សព្វថ្ងៃ​នេះ បើ​ទោះ​ជា​ច្បាប់​ខ្មែរ​ទទួល​ឥទ្ធិពល​ខ្លាំងក្លា ពី​បារាំង​ក៏ដោយ ក៏​មាន​គោលការណ៍​ច្បាប់​ខ្មែរ​បុរាណ​ខ្លះ នៅតែ​ចាក់ឫស​ជាប់​ក្នុង​ការ​អនុវត្ត​ជាក់ស្តែង ក្នុង​សង្គម​ខ្មែរ​ដែរ។

ជាការពិត ​ថា ​រឿងព្រេង​មិនអាច​ជា​ភស្តុតាង​ជាក់លាក់ ១០០% បញ្ជាក់​អំពី​ប្រព័ន្ធច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​ខ្មែរ​សម័យបុរាណ​បាន​នោះទេ។ ក៏ប៉ុន្តែ នេះ​ជា​ជំហាន​ដំបូង​​ដ៏សំខាន់​មួយ ក្នុង​ការ​សិក្សា​ស្រាវជ្រាវ ស្វែង​យល់​អំពី​ឫសគល់​ច្បាប់​ខ្មែរ។

ការសិក្សា​ស្រាវជ្រាវ មិនខុស​អំពី​ការ​​​សាងសង់​​នោះទេ។ ដើម្បី​បាន​​ប្រាសាទ​​ដ៏​ស្កឹមស្កៃ​មួយ គេ​ចាប់​ផ្តើម​ពី​ថ្ម​មួយ​ដុំ​ទៅ។ ដូចដែល​អ្នកនិពន្ធ​បាន​បញ្ជាក់​ច្បាស់​ស្រាប់ នៅ​ក្នុង​សេចក្តី​ផ្តើម ថា សៀវភៅ “មរតកយុត្តិធម៌ខ្មែរ” គឺ​ “ប្រៀប​បាន​នឹង​​​ល្អងធូលី​​ដ៏​សុខុម​ល្អិត ក្នុង​កណ្តាល​បំណែក​នៃ​មហាប្រាង្គ​ប្រាសាទ​វប្បធម៌​នីតិសាស្រ្ត និង​ធម្មសាស្រ្ត​ខ្មែរ”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ