អានតួអត្ថបទ
ភូមា-អាមេរិក

លោក​អូបាម៉ា​អំពាវនាវ​ឲ្យ​បញ្ឈប់​អំពើហិង្សា​ប្រឆំាង​នឹង​អ្នកកាន់សាសនា​អ៊ីស្លាម​ក្នុង​ប្រទេស​ភូមា

នៅ​ក្នុង​ជំនួប​ជាមួយ​លោក​ប្រធានាធិបតី​ភូមា​ថេន សេន​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​នា​ថ្ងៃទី២១ ឧសភា​ម្សិលមិញ លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​បាន​កោតសរសើរ​ដល់​កំណែទម្រង់​ដែល​លោក​ថេន សេន​បាន​អនុវត្ត​តំាង​ពី ២ឆ្នំា​កន្លង​មក ទំាង​នៅ​ក្នុង​វិស័យ​នយោបាយ និង​សេដ្ឋកិច្ច។ ទន្ទឹម​គ្នា​នេះ លោក​ប្រធានាធិបតី​អាមេរិក​ក៏​បាន​សម្តែងក្តីព្រួយបារម្ភ​ចំពោះ​អំពើហិង្សា​រវាង​សហគមន៍​អ្នកកាន់សាសនា ដោយ​លោក​អូបាម៉ា​បាន​ស្នើ​លោក​ថេន សេន​ឲ្យ​ចាត់វិធានការ​បិទបញ្ចប់​អំពើហិង្សា​ប្រឆំាង​នឹង​អ្នកកាន់សាសនា​អ៊ីស្លាម។

លោក​ប្រធានាធិបតី​ភូមា ថេន សេន និង​លោក​ប្រធានាធិបតី​អាមេរិក អូបាម៉ា (រូបស្តំា)
លោក​ប្រធានាធិបតី​ភូមា ថេន សេន និង​លោក​ប្រធានាធិបតី​អាមេរិក អូបាម៉ា (រូបស្តំា) REUTERS/Larry Downing
ផ្សាយពាណិជ្ជកម្ម

ជា​សរុប កិច្ចសន្ទនា​រវាង​លោក​ប្រធានាធិបតី​ភូមា ថេន សេន និង​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា​មាន​រយៈពេល​ជាង ១ម៉ោង​នៅ​ក្នុង​ការិយាល័យ​រាងទ្រវែង​ស្ថិត​ក្នុង​សេតវិមាន។ នៅ​ក្នុង​កិច្ចសន្ទនា​នោះ លោក​អូបាម៉ា​បាន​កោតសរសើរ​មិន​ដាច់​មាត់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​លោក​ថេន សេន​ក្នុង​រយៈពេល ២ឆ្នំា​ចុងក្រោយ​នេះ។ ការ​កោតសរសើរ​ក៏​មាន​ដែរ ចំពោះ​វិធានការ​របស់​លោក​ថេន សេន​ក្នុង​ការ​ប្រឆំាងទប់​នឹង​អំពើហិង្សា​រវាង​សហគមន៍​អ្នកកាន់សាសនា​ព្រះពុទ្ធ និង​អ្នកកាន់សាសនា​អ៊ីស្លាម។ តែ​ជាមួយ​គ្នា​នេះ លោក​អូបាម៉ា​ក៏​បាន​ស្នើ​លោក​ថេន សេន​ឲ្យ​ចាត់វិធានការ​ជា​បន្ទាន់​ក្នុង​ការ​បិទបញ្ចប់​អំពើហិង្សា​ប្រឆំាង​នឹង​អ្នកកាន់សាសនា​អ៊ីស្លាម។

ការ​ស្នើ​របស់​លោក​អូបាម៉ា​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​អ្នកកាន់សាសនា​អ៊ីស្លាម​នៅ​ភូមា​បាន​និង​កំពុង​ទទួល​ការ​ធ្វើ​ទុក្ខបុកម្នេញ​ជា​រៀងរាល់​ថ្ងៃ​ពី​សំណាក់​អ្នកកាន់សាសនា​ព្រះពុទ្ធ​ដែល​មាន​ចំនួន​ច្រើន​នៅ​ក្នុង​ប្រទេស​ភូមា។ ជាក់ស្តែង​ក្នុង​ឆ្នំា ២០១២ អំពើហិង្សា​រវាង​សហគមន៍​អ្នកកាន់សាសនា​ទំាង​ពីរ​បាន​បណ្តាល​ឲ្យ​ស្លាប់​អ្នកកាន់សាសនា​អ៊ីស្លាម​រ៉ូហ៊ីនយ៉ា​ជាង ២០០នាក់ និង​៤០នាក់​បន្ថែម​ទៀត​កាល​ពី​ដើម​ឆ្នំា ២០១៣។ ទន្ទឹម​គ្នា​នេះ ក៏​មាន​ជនជាតិ​រ៉ូហ៊ីនយ៉ា​ប្រមាណ​ជា ១៤ម៉ឺននាក់​បាន​បាត់បង់​ផ្ទះសម្បែង​របស់​ខ្លួន។

យ៉ាង​ណា​ក៏​ដោយ ក្រៅ​ពី​ក្តីព្រួយបារម្ភ​ចំពោះ​អំពើហិង្សា​រវាង​សហគមន៍​អ្នកកាន់សាសនា លោក​ប្រធានាធិបតី​អាមេរិក​ក៏​បាន​កោតសរសើរ​ចំពោះ​ដំណើរ​ឆ្ពោះ​ទៅ​រក​ផ្លូវ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រទេស​ភូមា ពិសេស​ចំពោះ​នយោបាយ​កំណែទម្រង់​ដែល​លោក​ថេន សេន​បាន​អនុវត្ត​តំាង​ពី ២ឆ្នំា​កន្លង​ទៅ​នេះ។ « ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទំាង​ពីរ​ដែល​កាន់​តែ​ប្រសើរ​ឡើង​នា​ពេល​បច្ចុប្បន្ន ក៏​ដោយសារ​តែ​មាន​ឆន្ទៈ និង​ការ​អនុវត្តន៍​ជាក់ស្តែង​របស់​លោក​ថេន សេន​ដែរ » នេះ​ជា​ការ​ថ្លែង​របស់​លោក​អូបាម៉ា។ ជា​ការ​ឆ្លើយ​តប​វិញ លោក​ថេន សេន​បាន​ធានា​បន្ត​កំណែទម្រង់​ជា​បន្ត​ទៀត។

នៅ​ថ្ងៃ​នេះ និង​ដើម្បី​បង្ហាញ​ពី​ការ​គំាទ្រ​របស់​អាមេរិក​ចំពោះ​នយោបាយ​កំណែទម្រង់​របស់​លោក​ថេន សេន អាមេរិក និង​ភូមា​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ក្នុង​ក្របខ័ណ្ឌ​ពាណិជ្ជកម្ម និង​វិនិយោគ។ ចំណែក​ប្រធាន​ក្រុមហ៊ុន និង​រោងចក្រសហគ្រាស​អាមេរិកំាង​វិញ​បាន​អំពាវនាវ​ឲ្យ​លើក​ចេញ​វិញ​ជា​បន្ទាន់​នូវ​គ្រប់​ទ័ណ្ឌកម្ម​ប្រឆំាង​ភូមា ដើម្បី​អនុញ្ញាត​ឲ្យ​ពួក​គេ​អាច​ចូល​ទៅ​បោះទុន​រកស៊ី​នៅ​ក្នុង​ទីផ្សារ​នៃ​ប្រទេស​ក្រីក្រ​មួយ​នេះ​ដែល​មាន​ប្រជាជន​ប្រមាណ​ជា ៦០លាននាក់ តែ​សម្បូរ​ទៅ​ដោយ​ធនធាន​រ៉ែ​យ៉ាង​ក្រាស់ក្រែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ