អានតួអត្ថបទ
នាទី​យល់ដឹង​អំពី​ច្បាប់ និង​ជំនួញ

ស្វែងយល់​អំពី​ផ្សារ​ភាគហ៊ុន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស្ទើរតែ​រាល់ថ្ងៃ គេតែងតែ​ឮព័ត៌មាន​អំពី “ផ្សារភាគហ៊ុន”។ ផ្សារភាគហ៊ុន​ឡើងថ្លៃ, ផ្សារភាគហ៊ុន​ចុះថ្លៃ, ផ្សារភាគហ៊ុន​ដួលដាំដូង, កម្ពុជា​ជិតបើក​ផ្សារភាគហ៊ុន ។ល។ មាន​លោក-អ្នកស្តាប់​​ខ្លះ​បាន​សរសេរលិខិត​មក​​សុំ​ឲ្យ​វិទ្យុ​យើង​ពន្យល់​ អំពី​ “ផ្សារភាគហ៊ុន”​នេះ។ផ្សារភាគហ៊ុន គឺ​ជារឿង​ស្មុគស្មាញ ដែល​ពិបាក​នឹង​ពន្យល់​ឲ្យ​លម្អិតអស់​ក្នុងរយៈពេល​ខ្លី។ ក៏ប៉ុន្តែ ដើម្បី​ជា​ជំនួយ​​ខ្លះៗ ក្នុងការ​ស្វែងយល់​អំពី​ផ្សារភាគហ៊ុន ខាងក្រោមនេះ គឺ​ជា​សំណួរ-ចម្លើយ​សាមញ្ញ​ខ្លីៗ។

ផ្សារភាគហ៊ុន នៅញូយ៉ក
ផ្សារភាគហ៊ុន នៅញូយ៉ក ©Reuters
ផ្សាយពាណិជ្ជកម្ម

តើ​ផ្សារភាគហ៊ុន​ជា​អ្វី?

បើ​និយាយ​​ឲ្យ​ខ្លី​ សាមញ្ញ ហើយ​ស្រួល​ស្តាប់ ផ្សារភាគហ៊ុន គឺ​ជា​កន្លែង​ដែល​គេ​ទិញ-លក់​ភាគហ៊ុន។

ចុះ ភាគហ៊ុន ជា​អ្វី? ភាគហ៊ុន គឺ​ជា​ចំណែក​ដើមទុន ដែល​គេ​ដាក់​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន​ណាមួយ។ នៅពេល​ដែល​ក្រុមហ៊ុន​ចំណេញ ម្ចាស់​ភាគហ៊ុន​ក៏​បាន​ចំណេញ​ ហើយ​បើ​ក្រុមហ៊ុន​ខាត ម្ចាស់​ភាគហ៊ុន​ក៏​ខាត។ ការចំណេញ ឬ​ខាតនេះ វា​សមាមាត្រ​ទៅនឹង​ចំណែក​​ភាគហ៊ុន​ដែល​ខ្លួន​មាន។ បើ​មាន​ភាគហ៊ុន​ច្រើន ពេល​ចំណេញ​ ក៏ចំណេញ​ច្រើន ហើយ​ពេល​ខាត ក៏​ខាត​ច្រើន។

ក្រុមហ៊ុន​ខ្លះ គេ​យក​ភាគហ៊ុន​មួយ​ផ្នែក​​ទៅដាក់​លក់​ នៅ​លើ​ទីផ្សារ​ភាគហ៊ុន។ ប៉ុន្តែ មិនមែន​គ្រប់​តែ​ក្រុមហ៊ុន​ទាំងអស់​អាច​លក់​ភាគហ៊ុន​បានទេ។ ទាល់តែ​ជា​ប្រភេទ​ក្រុមហ៊ុន​ ដែល​ច្បាប់​កំណត់​ថា​​​អនុញ្ញាត​ឲ្យ​លក់​ភាគហ៊ុន​បាន ទើប​អាច​ចុះ​ភាគហ៊ុន​លក់​បាន។

តើ​អ្នក​ទិញ​ភាគហ៊ុន​អាច​ទទួល​បាន​ផលចំណេញ​អ្វី​ខ្លះ? ហើយ​អាច​ខាតបង់​អ្វី​ខ្លះ?

កាល​ណា​អ្នកណាទិញ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ណាមួយ អ្នក​នោះ​នឹង​ក្លាយ​ជា​ម្ចាស់​ហ៊ុន​របស់​ក្រុមហ៊ុន​នោះ ហើយ​មាន​សិទ្ធិ​ដូច​ម្ចាស់​ហ៊ុន​ផ្សេងទៀត​ដែរ ដូចជា សិទ្ធិ​បោះឆ្នោត​​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន ជាដើម។ គ្រាន់តែ​ថា អ្នកណា​មាន​ភាគហ៊ុន​ច្រើន មាន​សំឡេង​បោះឆ្នោត​ច្រើន អ្នក​មាន​ភាគហ៊ុន​តិច មាន​សំឡេង​​តិច។

នៅ​ពេល​ដែល​ក្រុមហ៊ុន​រកស៊ី​បាន​ចំណេញ​លុយ ហើយ​គេយក​លុយ​ចំណេញ​នេះ​មកចែក​​គ្នា ម្ចាស់ភាគហ៊ុន​​ទាំងអស់​ទទួល​បាន​ចំណែក​ប្រាក់​ចំណេញ​នេះ ស្រប​ទៅតាម​ភាគហ៊ុន​ដែល​ខ្លួន​មាន។ បើ​មានភាគហ៊ុន ១% បាន​ចំណេញ ១%​។ ប៉ុន្តែ បើ​ក្រុមហ៊ុន​ខាត​វិញ​ ក៏ខាត​ទៅតាម​​ចំណែក​ភាគហ៊ុន​នេះ​ដែរ។

ហេតុអ្វី​បាន​ជា​មាន​អ្នក​លេង​ភាគហ៊ុន​ខ្លះ​ចំណេញ​ ឬ​ក៏​ខាត​​​ រាប់​ម៉ឺន​ ឬ​រហូតដល់​រាប់​លានដុល្លារ ក្នុង​មួយ​ប៉ព្រិច​ភ្នែក?

អ្នក​លេង​ភាគហ៊ុន​បែបនេះ ទិញភាគហ៊ុន​មិនមែន​​ទុក​ចាំ​ទទួល​ចំណែក​លុយ​ចំណេញ​ពីក្រុមហ៊ុនទេ គឺ​ទិញ​មក​ ដើម្បី​លក់​ទៅវិញ ​យក​ចំណេញ​ភ្លាមៗ។ ក្នុងករណីនេះ ភាគហ៊ុន ត្រូវ​ក្លាយ​ទៅជា​ទំនិញ ដែល​គេលក់​ចេញ ទិញ​ចូល ដូចទំនិញ​​ដែល​គេ​លក់​នៅ​លើ​ទីផ្សារ​ធម្មតាដែរ។

ឧទាហរណ៍​៖ ពេល​ខ្ញុំ​ឮដំណឹង​អំពី​រឿង​ជំងឺ​ផ្តាសាយ​អា កំពុង​តែ​រីក​រាលដាល​ឡើង នៅ​ម៉ិចស៊ិច ខ្ញុំ​វិភាគ​ទៅ ឃើញថា ជំងឺ​នេះ​ជា​ជំងឺ​ឆ្លង​ខ្លាំង ដែល​អាច​រាលដាល​ទៅ​ប្រទេស​ផ្សេងៗ​ទៀត។ ដើម្បី​បង្ការកុំ​ឲ្យ​ជំងឺនេះ​ឆ្លង​រាលដាល គេ​ប្រាកដ​ជា​ត្រូវ​នាំ​គ្នា​ចាក់វ៉ាក់សាំង។ អ៊ីចឹង ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​​ប្រាកដ​ជា​លក់​វ៉ាក់សាំង​បានច្រើន ហើយ​ចំណេញ​លុយ​ច្រើន។ ដល់​ពេលនោះ​​ ភាគហ៊ុន​ក្រុមហ៊ុន​ផលិតវ៉ាក់សាំង​ ​ប្រាកដ​ជា​ឡើង​ថ្លៃ​កប់ពពក ព្រោះ​​អ្នក​ណា​ក៏​ចង់​ទិញ​ភាគហ៊ុន​នេះ​ដែរ។ ដូច្នេះ ខ្ញុំ​ក៏​ប្រមូល​ទិញ​ភាគហ៊ុន​ក្រុមហ៊ុន​នេះ​​ទុក ទាន់ពេល​នៅថោក។ ​ពេល​ដែល​​ភាគហ៊ុននេះឡើង​ថ្លៃ ខ្ញុំ​ក៏​លក់​ចេញ​ទៅវិញភ្លាម​ យក​ចំណេញ។ ​ខ្ញុំចេះ​តែ​បន្ត​ធ្វើ​អ៊ីចឹង​រហូត​ទៅ ជាមួយ​ក្រុមហ៊ុន​ផ្សេងទៀត​ក៏ធ្វើ​​ដូចគ្នា! ជួនកាល​ទិញ​ពេលនេះ មួយ​ម៉ោង​ក្រោយ​​ឡើងថ្លៃ លក់​ទៅវិញ​ភ្លាម​ក៏មាន។

ផ្ទុយទៅវិញ បើ​ការវិភាគ​របស់ខ្ញុំ​​ខុស ភាគហ៊ុន​មិន​ឡើង​ថ្លៃ ស្រាប់តែ​ចុះថ្លៃ​ទៅវិញ ខ្ញុំ​ក៏​ខាតបង់​ទៅតាម​នោះដែរ។ បើ​សិន​ជា​ខ្ញុំ​ដឹង​ខ្លួនទាន់ ពេល​ឃើញ​ភាគហ៊ុន​ចាប់​ចុះ​បន្តិច ខ្ញុំ​ប្រញាប់​លក់​ចេញ​ភ្លាមៗ ​ខ្ញុំខាត​ដែរ តែ​ខាត​តិច។ ក៏ប៉ុន្តែ ពេលខ្លះ ​ខ្ញុំ​មិន​ចង់​លក់​ចេញ​ភ្លាម​ទេ អង្គុយ​ចាំមើល ក្រែង​វា​ឡើង​មកវិញ។ បើ​វាឡើង​មកវិញ​មែន​វាគ្រាន់ ប៉ុន្តែ បើ​វាចេះតែចុះ​ទៅទៀត ហើយ​ខ្ញុំ​ចេះ​តែ​ចាំ​ ដល់​ពេលមួយ​វាចុះ​ទាបខ្លាំង បាន​ខ្ញុំ​លក់​ចេញ ពេលនោះ​​ខ្ញុំ​ក៏​ខាត​ឡុងចុង​អ៊ីចឹង​ទៅ។

សូម​បញ្ជាក់​ថា ការលេងភាគហ៊ុន​បែបនេះ គឺ​ជា​រឿងប្រថុយប្រថាន​បំផុត។ ជួនកាល ចំណេញ​មក ខាត​ទៅវិញ​អស់ទៅវិញភ្លាម​ក៏មាន។ ខាត​ទាំង​ដើម​អស់​ទៅទៀត​ក៏មាន ប្រៀប​ដូច​ទៅនឹង​ការ​ភ្នាល់​ល្បែង​ដូច្នេះ​ដែរ។ ​ការ​លេងភាគហ៊ុន​របៀបនេះ​ឯង ដែល​​ពេលខ្លះ ធ្វើ​ឲ្យ​ផ្សារភាគហ៊ុន​ដួលដាំដូង ហើយ​ពេលខ្លះ​បង្កើត​ទៅជា​វិបត្តិ​ហិរញ្ញវត្ថុ​ពាសពេញ​ពិភពលោក​ក៏មាន។

តើ​អ្វី​ទៅ​ជាមូលហេតុ​ដែល​នាំ​ឲ្យ​ភាគហ៊ុន​ឡើង​ថ្លៃ ឬ​ចុះថ្លៃ?

ដោយសារតែ​ភាគហ៊ុន ត្រូវគេ​យក​មក​ទិញដូរ​យក​ចំណេញ ដូច​ទំនិញ​ធម្មតា អ៊ីចឹង ភាគហ៊ុន​ឡើង​ថ្លៃ ឬ​ក៏ចុះ​ថ្លៃ វា​គោរពទៅតាមច្បាប់​ទីផ្សារ​ធម្មតា ពោល​គឺ​ វា​អាស្រ័យ​ទៅលើ​ផ្គត់ផ្គង់ និង​តម្រូវការ។ គឺ​អ្នក​ទិញ-លក់​ភាគហ៊ុន​នេះ​ឯង ដែល​ជា​អ្នក​កំណត់​ថ្លៃ។ បើ​មាន​អ្នក​រកទិញច្រើន មិនសូវមាន​អ្នក​ចង់​លក់​ វា​ក៏ឡើងថ្លៃ។ បើ​មាន​អ្នក​លក់​ច្រើន មិនសូវមាន​អ្នក​ទិញ វា​ក៏​ធ្លាក់ថ្លៃ។
អ្នក​លេងភាគហ៊ុន គេ​នាំគ្នា​លក់​ ឬ​ក៏នាំ​គ្នា​ទិញ គឺ​វា​អាស្រ័យ​ទៅ​លើ​ការវិភាគ​របស់​អ្នក​លេង​ម្នាក់ៗ ដែល​គេ​មើលទៅ​ថា តើ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ណាមួយ​នឹង​ឡើងថ្លៃ ឬ​ចុះថ្លៃ? ហើយ​ការវិភាគនេះ គេ​ធ្វើ​ឡើង​ទៅលើ​ហេតុការណ៍​ផ្សេងៗ ដែល​ទាក់ទង​នឹង​ក្រុមហ៊ុននេះ ​(សូមមើល​ឧទាហរណ៍​​ខាងលើ អំពី​ ​​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង និង​គ្រុន​ផ្តាសាយ​អា​)។

ឧទាហរណ៍​មួយ​ទៀត ពេលខ្លះ គ្រាន់តែ​មាន​លេចឮ​ដំណឹង​ព្រាលៗ​មក​ថា អ៊ីស្រាអែល​​ចង់​​ប្រើ​កម្លាំង​ទ័ព​វាយប្រហារ​លើ​អៀរ៉ង់ ភាគហ៊ុន​របស់​ក្រុមហ៊ុន​ប្រេង​ក៏ចាប់​ធ្លាក់ចុះ​គ្រឹប​ ក៏មាន។

នៅពេល​ដែល​គេនិយាយ​ថា ​ភាគហ៊ុន​នេះ​ ឬ​ភាគហ៊ុន​នោះ មាន ១០០០ Points ឬ​ក៏ ២០០០​ Points តើ​មាន​ន័យ​ថាម៉េច?

១០០០ ឬ​២០០០ Points នេះ មិនមែន​ជា​ថ្លៃ​ភាគហ៊ុនទេ គ្រាន់តែ​ជា​សន្ទស្សន៍​តែប៉ុណ្ណោះ។ សន្ទស្សន៍របស់​ភាគហ៊ុន​នេះ ​កំណត់​ដោយ​ក្រុមហ៊ុន ដែល​មាន​ជំនាង​​ខាង​ហ្នឹង។​ គេ​ប្រើប្រាស់​សន្ទស្សន៍​ភាគហ៊ុន ​ ដើម្បី​តាមដាន​មើល​​ អំពី​ការវិវឌ្ឍ​នៃ​ទីផ្សារ​ភាគហ៊ុន។ ឧបមាថា ពេល​ចាប់​បើក​លក់​ពេលព្រឹក ភាគហ៊ុន​​​មាន ១០០០ Point ហើយ​ស្រាប់តែ ថ្ងៃ​រសៀល​ វាចុះ​មក​នៅ​ត្រឹម ៩០០ មានន័យថា ភាគហ៊ុន​​ធ្លាក់​ចុះ​ ១០០ Points ស្មើ​នឹង ១០% ឬ​ក៏​បើ​ឡើង​ដល់ ១១០០ មានន័យថា ភាគហ៊ុន​​វា​កើន​ឡើង ១០%។

អ្វី​ដែល​សំខាន់ គឺ​មិនមែន​ចំនួន​ Point ១០០០, ២០០០ ឬ​ក៏ ៣០០០​ពាន់​នេះទេ។ អ្វី​ដែលគេ​តាមដាន​ខ្លាំង​ជាងគេ គឺ​ភាគរយ​ ដែល​អាច​ឲ្យ​គេ​ដឹង​ថា ភាគហ៊ុន​​នៅ​កន្លែងណាមួយ វា​កើនឡើង ឬ​ក៏​ធ្លាក់ចុះ? បើ​កើនៗ​ប៉ុន្មាន? បើ​ចុះ​ៗប៉ុន្មាន? ត្រូវ​ទិញ ឬ​ក៏​ត្រូវ​លក់? លក់​ឥឡូវ ឬ​មួយ​ក៏​ចាំ​បន្តិច​ទៀត?

តើ​ធ្វើ​ម៉េច​ដើម្បី​ឲ្យ​ដឹង​ថា​ភាគហ៊ុន​ ដែល​យើង​មាន​នៅ​នឹង​ដៃ គិតជា​លុយ ​មាន​តម្លៃ​ប៉ុន្មាន?

វា​អាស្រ័យថា តើ​យើង​មាន​ភាគហ៊ុន​ក្រុមហ៊ុន​អ្វី? ភាគហ៊ុន​របស់​ក្រុមហ៊ុន​នីមួយៗ​មាន​តម្លៃ​ខុសៗ​គ្នា។

តាមការពិត ភាគហ៊ុន​មួយ​ មិន​​ឡើងថ្លៃ ឬ​ចុះថ្លៃ​ភ្លាមៗ ដូច​ដែល​យើង​ឃើញ​នៅលើ​ទីផ្សារ​ភាគហ៊ុន​ទេ។ ឧបមាថា ក្រុមហ៊ុន​មួយ​មាន​ដើម​ទុន ១លាន​ដុល្លារ ហើយ​បែងចែក​ជា​១លាន​ភាគហ៊ុន។ អ៊ីចឹង ១​ភាគហ៊ុន គឺ​ថ្លៃ​១ដុល្លារ ហើយ​នៅតែ​១ដុល្លារ​អ៊ីចឹង​រហូត លើក​លែង​តែ​ដល់​ពេលណាមួយ គេ​បង្កើន​ដើមទុន​ក្រុមហ៊ុ​ន​នេះ​​​ដល់ ២លាន ពេល​នោះ ទើប​​ថ្លៃភាគហ៊ុន​​ឡើង​ដល់ ២ដុល្លារ​ក្នុង​មួយ​ហ៊ុន។ បើ​គណនា​តាម​តម្លៃ​ភាគហ៊ុន​បែ​ប​នេះ មិនមាន​អ្វី​ស្មុគស្មាញ​នោះទេ។ ១​ហ៊ុន​ថ្លៃ​១ដុល្លារ បើយើង​មាន​១ពាន់​ហ៊ុន គឺ​ស្មើ​នឹង​១ពាន់​ដុល្លារ។

ក៏ប៉ុន្តែ តម្លៃ​ភាគហ៊ុន នៅលើ​ទីផ្សារ​ភាគហ៊ុន​វា​ខុស​ពី​តម្លៃ​ហ៊ុន ដែល​ក្រុមហ៊ុន​ចុះ​បញ្ជី​លក់។ តម្លៃ​ភាគហ៊ុន នៅលើ​ទីផ្សារភាគហ៊ុន ប្រែប្រួល​ឡើងចុះ​ភ្លាមៗ មិនទៀង​ទាត់​នោះទេ។ ដូច្នេះ ​តម្លៃភាគហ៊ុន ដែល​​អ្នកណាម្នាក់​មាន​ក្នុងដៃ វា​ប្រែប្រួល​ទៅតាម​ពេលវេលា។ ឧបមាថា ខ្ញុំមាន​ភាគហ៊ុន​ក្រុមហ៊ុនតូតាល់ ចំនួន ១ពាន់​ហ៊ុន។ តាម​តម្លៃ​លើ​ទីផ្សារ នៅពេលនេះ ម៉ោង​នេះ ភាគហ៊ុន​តូតាល់​ ថ្លៃ​១០​ដុល្លារ ក្នុង​១ហ៊ុន។ អ៊ីចឹង ខ្ញុំមាន​១ពាន់ហ៊ុន វាស្មើ​នឹង ១ម៉ឺន​ដុល្លារ។ ក៏ប៉ុន្តែ ដរាបណា​ខ្ញុំ​មិន​​ទាន់​លក់​ភាគហ៊ុន​ទាំង​នេះ​ចេញ​ផុត​ពី​ដៃ​​ទេ ១ម៉ឺន​ដុល្លារនេះ គ្រាន់​តែ​ជា​តម្លៃ​លើ​ក្រដាស​ប៉ុណ្ណោះ។ កន្លះម៉ោងក្រោយ​វា​អាច​រលាយ​បាត់​ទៅ​អស់​ក៏មាន ឬ​ក៏​វា​អាច​កើន​ឡើង​រហូត​ដល់​ទៅ​២ម៉ឺន​ក៏​ថា​បាន។

តើ​​ពាក្យ​ថា “ទីផ្សារ​មូលបត្រ” និង “​ទីផ្សារ​ភាគហ៊ុន”​ ជា​ពាក្យ​តែមួយ ឬ​ក៏​ពាក្យ​ពីរមានន័យ​ខុសគ្នា?

និយាយ​ឲ្យ​ត្រឹមត្រូវ​មែនទែន ពាក្យ​ពីរ​នេះ​មាន​ន័យ​ខុសគ្នា។ តាមពិត ភាគហ៊ុន​គ្រាន់តែ​ជា​ផ្នែក​មួយ​​ប៉ុណ្ណោះ នៃ​មូលបត្រ។ ក្រៅ​ពី​ភាគហ៊ុន នៅមាន​មូលបត្រ​ផ្សេង​ទៀត ដែល​គេ​យក​មក​ធ្វើ​ការទិញ-ដូរ នៅ​លើ​ទីផ្សារ​មូលបត្រ​ដែរ ដូចជា ​មូលបត្រ​បំណុល មូលបត្រ​ជា​វត្ថុធាតុដើម ឬ​ជា​រូបិយវត្ថុ ។ល។ និង​។ល។

ដោយសារ តែ​ពីដំបូង​ឡើយ ភាគហ៊ុន គឺ​ជា​ប្រភេទ​មូលបត្រ ដែល​​គេទិញ-លក់​ច្រើន​ជាងគេ។ ទើប​យើង​​ចំណាំ​តែ​និយាយ​ “ផ្សារភាគហ៊ុន” ជាប់​មាត់​រហូតមក។ ប៉ុន្តែ​​ បើ​តាម​ភាសា​បច្ចេកទេស​ត្រឹមត្រូវ គេ​ត្រូវ​ហៅ​ថា “ទីផ្សារ​មូលបត្រ”។

ប្រសិន​បើ​លោក-អ្នក​ចង់​ដឹង​បន្ថែម​ អំពី​ផ្សារភាគហ៊ុន​ (ផ្សារមូលបត្រ) សូម​អាន​វែបសៃត៍​របស់ គណៈកម្មការ​មូលបត្រ​កម្ពុជា (http://www.secc.gov.kh)។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ