អានតួអត្ថបទ
ភូមា

ភូមា៖ អ.ស.ប.​ទាមទារ​ឲ្យ​បើក​ការ​ស៊ើបអង្កេត​ជុំវិញ​អំពើ​ហិង្សា​នៅ​រ៉ាក់ឃីន

កាលពីថ្ងៃ​សុក្រ​ម្សិលមិញ លោកស្រី ណាវី ភីឡៃ (Navi Phillay) ឧត្តមស្នងការ​អ.ស.ប.​ទទួលបន្ទុក​សិទ្ធិមនុស្ស បាន​ទាមទារ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ ​ទៅលើ​របាយការណ៍​ដែល​ថា កងកម្លាំង​រដ្ឋាភិបាល​ភូមា​ ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​​​​ដោះស្រាយ​​អំពើហិង្សា នៅ​រដ្ឋ​រ៉ាក់ឃីន ប៉ុន្តែ ​បែរ​ជា​​​ធ្វើការ​បង្រ្កាប​តែ​ទៅលើ​​ទៅលើ​ជនជាតិ​ភាគតិច​​កាន់​សាសនា​អ៊ីស្លាម​ទៅវិញ។

សហគមន៍​ជនជាតិភាគតិច រ៉ូហ៊ីងយ៉ា ដែល​មិនមាន​ប្រទេស​ណា​ទទួលស្គាល់​ជា​ពលរដ្ឋ
សហគមន៍​ជនជាតិភាគតិច រ៉ូហ៊ីងយ៉ា ដែល​មិនមាន​ប្រទេស​ណា​ទទួលស្គាល់​ជា​ពលរដ្ឋ REUTERS/Andrew Biraj
ផ្សាយពាណិជ្ជកម្ម

ឧត្តមស្នងការ​អ.ស.ប.​ទទួលបន្ទុកសិទ្ធិមនុស្ស​បាន​ឲ្យដឹង​ថា អំពើហិង្សា​រវាង​អ្នក​​កាន់​ពុទ្ធសាសនា និង​ជនជាតិភាគតិច​កាន់សាសនា​អ៊ីស្លាម ​នៅ​រដ្ឋ​រ៉ាក់ឃីន ដែល​បាន​ផ្ទុះឡើង កាល​ពី​ខែ​ឧសភា បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​យ៉ាងតិច ៧៨នាក់​បាត់បង់ជីវិត។ ទីភ្នាក់ងារ​ទទួលបន្ទុក​ជនភៀសខ្លួនវិញ​បាន​ឲ្យដឹង​ថា មាន​មនុស្ស​​​ប្រមាណ ៨ម៉ឺននាក់​ បាន​រត់ចោល​ផ្ទះសម្បែង ដើម្បី​គេច​ពី​អំពើ​ហិង្សា​នេះ។

គួររំឭកឡើងវិញ​ថា អំពើ​ហិង្សា​នេះ​បាន​ផ្ទុះឡើង ក្រោយ​ពី​ស្រ្តី​អ្នក​កាន់​ពុទ្ធសាសនា​ម្នាក់​ត្រូវ​បាន​​បុរស​កាន់សាសនា​អ៊ីស្លាម​ ៣នាក់​ រំលោភ និង​សម្លាប់ ហើយ​ក្រុម​អ្នក​កាន់ពុទ្ធសាសនា​ក៏​បាន​នាំគ្នា​វាយសម្លាប់​អ្នក​កាន់​សាសនា​អ៊ីស្លាម​ ១០នាក់ ដើម្បី​ជា​ការ​សងសឹកវិញ។

លោកស្រី ណាវី ភីឡៃ បាន​លើកឡើង​ថា លោកស្រី​បាន​ទទួលរបាយការណ៍​ពី​ប្រភព​ឯករាជ្យ​ថា កងកម្លាំង​ដែល​អាជ្ញាធរ​ភូមា​បញ្ជូន​ឲ្យ​​ទៅ​​​ដោះស្រាយ​អំពើ​ហិង្សា នៅ​រដ្ឋ​រ៉ាក់ឃីន​នេះ បែរ​ជា​បាន​ធ្វើការ​បង្រ្កាប​ដោយ​ហិង្សា តែ​ទៅលើ​ជនជាតិ​ភាគតិច​កាន់សាសនា​អ៊ីស្លាម​ទៅវិញ ហើយ​ពេលខ្លះ​ថែម​ទាំង​បាន​​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា​ទៅលើ​ជនជាតិ​ភាគតិច​ទាំងនេះ​ទៀតផង ជាពិសេស ទៅលើ​សហគមន៍​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា។

លោកស្រី​ភីឡៃ​បាន​សម្តែងនូវ​ការ​ស្វាគមន៍​ចំពោះ​សេចក្តីសម្រេច​របស់​អាជ្ញាធរ​ភូមា ដែល​បាន​អនុញ្ញាត​ឲ្យ​បេសកជន​អ.ស.ប. ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ​រ៉ាក់ឃីន នៅ​សប្តាហ៍​ក្រោយ ក៏ប៉ុន្តែ លោកស្រី​បាន​បន្ត​ថា សេចក្តីសម្រេច​នេះ​មិន​ទាន់​គ្រប់គ្រាន់នៅឡើយទេ។ រដ្ឋាភិបាល​ភូមា​គួរ​តែ​អនុញ្ញាត​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ឯករាជ្យ​ទៅលើ​អំពើ​ហិង្សា​នៅ​រ៉ាក់ឃីននេះ។

គួរបញ្ជាក់ថា នៅ​ក្នុង​រដ្ឋ​រ៉ាក់ឃីន មាន​ជនជាតិភាគតិច​រ៉ូហ៊ីងយ៉ា​រស់នៅ​ប្រមាណ ៨០ម៉ឺននាក់។ សហគមន៍​រ៉ូហ៊ីងយ៉ានេះ គឺ​ជា​អ្នក​​​កាន់​សាសនា​អ៊ីស្លាម ហើយ​មិន​ត្រូវ​បាន​រដ្ឋាភិបាល​ភូមា​ទទួលស្គាល់​ថា​ជាជនជាតិភាគតិច​នោះទេ ហើយ​ក៏​មិន​ត្រូវ​បាន​ទទួលស្គាល់​ជា​ពលរដ្ឋ​ភូមា​នោះដែរ។

នៅពេលនេះ សហគមន៍​អន្តរជាតិ​កំពុង​តែ​អបអរ​ចំពោះ​កំណែទម្រង់​នយោបាយ​របស់​រដ្ឋាភិបាល​ភូមា​ ក៏ប៉ុន្តែ ក្នុង​ពេល​ជាមួយ​គ្នា​ គេ​ក៏​កំពុង​តែ​បារម្ភ​ដែរ​ថា ការ​រើសអើង​ប្រកាន់​ពូជសាសន៍​ចំពោះ​ជនជាតិភាគតិច​ កំពុង​តែ​ចោទ​ជា​បញ្ហា ដែល​អាច​ជា​ឧបសគ្គ​ដ៏ធំមួយ ចំពោះ​កំណែទម្រង់​ប្រជាធិបតេយ្យ​ភូមា។

កាលពី​ថ្ងៃ​ពុធ​កន្លងទៅនេះ នៅក្នុង​សុន្ទរកថា​ជាលើក​ដំបូង នៅ​ចំពោះ​មុខ​សភា​ភូមា លោកស្រី​អ៊ុង សាន​ស៊ូជី បាន​ទាមទារ​ឲ្យ​សភា​ភូមា​អនុម័ត​ច្បាប់ ដើម្បី​ការពារ​សិទ្ធិ​ជនជាតិភាគតិច​ទាំងអស់​នៅ​ភូមា ដោយ​បញ្ជាក់ថា ច្បាប់នេះ​មាន​សារៈសំខាន់​ ដើម្បី​ឲ្យ​ភូមា​ប្រែក្លាយ​ទៅជា​ប្រទេស​​ប្រជាធិបតេយ្យ​ពិតប្រាកដ និង​ជា​ប្រជាជាតិ​មួយ ដែល​ចេះគោរពគ្នា​ទៅវិញទៅមក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ