អានតួអត្ថបទ
ព្យុះហៃយ៉ាន

ព្យុះហៃយ៉ាន​ចេញពី​វៀតណាម​ មកដល់ចិន​សំលាប់​មនុស្ស​យ៉ាងហោច​៦នាក់​

បន្ទាប់​ពី​បាន​បោកបក់​នៅ​វៀតណាម​នៅព្រឹក​ថ្ងៃ​ចន្ទ​នេះ ព្យុះ​ហៃយ៉ាន​បាន​បន្ត​ដំណើរ​មកដល់​ឆ្នេរ​ភាគខាងត្បូង​​ប្រទេស​ចិន និង​បានធ្វើអោយ​មនុស្សស្លាប់​​យ៉ាងហោច​៦នាក់។ ក្រុមសង្គ្រោះ​​ចិន​កំពុង​ស្វែង​រក​​អ្នកកប៉ាល់​ដឹកទំនិញ​៥នាក់ ដែល​បាន​បាត់ខ្លួន។ ផ្ទុយទៅវិញ មុន​មកដល់​ចិន នៅ​​​វៀតណាម​នៅព្រឹក​ថ្ងៃ​ចន្ទ​នេះ ព្យុះ​ហៃយ៉ានបាន​បន្ថយ​ឥទ្ធិពល​ខ្លួន និង​​​​មិន​បាន​បង្ក​ការខូចខាតធ្ងន់ធ្ងរ​ និង​សំលាប់​មនុស្ស​ណាម្នាក់នោះទេ។​ ប៉ុន្តែ​មាន​មនុស្ស​៣នាក់បាត់ខ្លួន។ ​​នៅពេលនេះ សហគមន៍​អន្តរជាតិ​កំពុង​តែ​ផុសផុល​ផ្តល់ជំនួយ​ ធ្វើប្រតិបត្តិការ​​ជួយ​ជន​រងគ្រោះ​​នៅហ្វីលីពីន។ តួលេខ​​អ្នកស្លាប់​នៅហ្វីលីពីន​ចុងក្រោយ​ ​មាន​ជាងមួយម៉ឺននាក់។

ខេត្ត​Quang Ninh វៀតណាម ៖ បុរស​​ពីរ​នាក់នេះ កំពុង​ពិនិត្យ​មើល​អង់តែន​ទូរទស្សន៍​ដែល​ព្យុះហៃយ៉ាន​បាន​​បំបាក់ នៅ​​ព្រឹក​ថ្ងៃចន្ទ​នេះ។
ខេត្ត​Quang Ninh វៀតណាម ៖ បុរស​​ពីរ​នាក់នេះ កំពុង​ពិនិត្យ​មើល​អង់តែន​ទូរទស្សន៍​ដែល​ព្យុះហៃយ៉ាន​បាន​​បំបាក់ នៅ​​ព្រឹក​ថ្ងៃចន្ទ​នេះ។ REUTERS/Kham
ផ្សាយពាណិជ្ជកម្ម

ព្យុះហៃយ៉ាន​បាន​ធ្វើដំណើរ​ចេញ​ពីវៀតណាម ទៅដល់​ឆ្នេរ​ភាគខាងត្បូង​ប្រទេស​ចិន នៅ​រសៀល​ថ្ងៃ​ចន្ទនេះ ដោយ​បាន​សម្លាប់​មនុស្ស​ និង​បំផ្លាញ​ផ្ទះសំបែង​ អគារ ជាច្រើនខ្នង។
អាជ្ញាធរ​ចិន​បាន​ជម្លៀស​មនុស្សសន្ធឹកសន្ធាប់​​​ នៅ​កោះហៃណាន។ នៅ​ចិន​ ​ព្យុះហៃយ៉ាន​​បាន​បន្ថយ​ល្បឿន​ខ្យល់​បោកបក់​មក​ត្រឹម​​១១៨គីឡូម៉ែត្រ ក្នុង​មួយម៉ោង។

ដើមឈើ​បាក់ធ្លាក់​ដោយសារព្យុះ​ហៃយ៉ាន នៅ​ខេត្ត​ហៃណាន​ ប្រទេស​ចិន
ដើមឈើ​បាក់ធ្លាក់​ដោយសារព្យុះ​ហៃយ៉ាន នៅ​ខេត្ត​ហៃណាន​ ប្រទេស​ចិន REUTERS/Stringer

 
មុន​មកដល់ចិន ព្យុះ​ហៃយ៉ាន​ឆ្លងកាត់​វៀតណាម និង​បានបន្ថយ​ឥទ្ធិពល​ខ្លួន​ច្រើន ដោយ​ល្បឿនខ្យល់​​ធ្លាក់​មក​ត្រឹម​១២០គីឡូម៉ែត្រ​​ ក្នុង​មួយម៉ោង។ គឺ​ខុសពី​នៅ​ហ្វីលីពីន​ដែល​ល្បឿន​ខ្យល់​មាន​រហូត​​​ជាង​៣០០គីឡូម៉ែត្រ​។ នៅ​វៀតណាម​កាលពី​ព្រឹកមិញ​ ប្រជាជន​​ប្រមាណ​៦សែនកន្លះ​ ដែល​អាជ្ញាធរ​បាន​ជម្លៀស​នោះ ត្រូវ​បាន​អនុញ្ញាត​អោយ​ត្រលប់​ទៅ​ផ្ទះ​​វិញហើយ។

ព្យុះ​ហៃយ៉ាន​បាន​ប្រែទិស​​របស់​ខ្លួន ដោយ​​ធ្វើដំណើរ​ទៅ​ភាគខាងជើង​វៀតណាម​​វិញ មុននឹងទៅដល់ចិន។ ខុស​ពីការ​ព្យាករណ៍​ទុកកាលពី​ដំបូង​ទី ដែល​ថា​ព្យុះនេះត្រូវ​​វាយប្រហារ​ភាគកណ្តាល​វៀតណាម។ រដ្ឋាភិបាល​វៀតណាម​បាន​ប្រកាស​ផ្តល់ជំនួយ​បន្ទាន់​ជាង​១សែន​ដុល្លារ ជួយ​ជនរងគ្រោះ។

នៅហ្វីលីពីន អង្គការ​​ផ្សេងៗ​និង​ប្រទេស​ជាច្រើន​​កំពុង​​ធ្វើសកម្មភាព​ផុសផុល​ជួយ​ជនរងគ្រោះ។ នៅហ្វីលីពីន អាជ្ញាធរ​ខ្លាច​ថា ចំនួន​អ្នកស្លាប់​អាចកើន​ឡើង​ដល់​រាប់ម៉ឺននាក់។ អង់គ្លេស​បាន​ផ្តល់​ជំនួយ​៩លាន៦សែន​ដុល្លារ កាណាដា​ផ្តល់​៥លានដុល្លារ។ អូស្រ្តាលី​សន្យា​ជួយ​ហ្វីលីពីន​១០លាន​ដុល្លារ។ ហើយ​ចិន​ក៏សន្យា​ជួយ​មួយសែន​ដុល្លារ​ដល់ហ្វីលីពីន​ផងដែរ។

អាមេរិក​បាន​បញ្ជូន​ទាហានខ្លួន​ដែលមាន​​​វត្តមាន​នៅ​​​ជប៉ុន​ អោយ​ចូលរួម​ប្រតិបត្តិការ​ នៅ​ហ្វីលីពីន។​ អង្គការ​យូនីសេហ្វ អុកស្វាំ និង​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន បានបញ្ជូន​សំភារៈ​និង​ជំនួយ​ផ្សេងៗ​ដល់​ប្រជាជន​​រងគ្រោះ។ នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ សម្តេច​សង្ឃ​ប៉ាប​ ហ្រ្វង់ស៊័រ បាន​អំពាវនាវ​អោយ​គ្រិស្តសាសនិក​នានា​ផ្តល់ជំនួយ​ជាក់ស្តែង​ដល់​ហ្វីលីពីន។

បញ្ហា​ចោទ​នៅហ្វីលីពីន​ពេលនេះ គឺ​ការខ្វះខាត​ទឹក​ស្អាត ចំណីអាហារ​ ថ្នាំពេទ្យ​ និង​ការព្យាបាលអ្នករបួស។ ជនរងគ្រោះ​មាន​ការ​អស់សង្ឃឹម​ខ្លាំង ហើយ​បាន​ធ្វើការ​លួចប្លន់​សំភារៈ និង​ចំណីអាហារ​ផ្សេងៗរបស់​ក្រុមសង្គ្រោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ