អានតួអត្ថបទ
ភូមា

ភូមា​បន្ត​​ធ្លាក់​ក្នុង​​ភាព​តានតឹង​ក្រោយ​អំពើ​ហិង្សា​សហគមន៍​ថ្ងៃអង្គារ​

នៅ​ភូមា ​ក្រោយ​អំពើហិង្សា​រវាង​អ្នកកាន់​ពុទ្ធសាសនា​និង​អ្នកកាន់​សាសនា​អ៊ីស្លាម កាលពី​ល្ងាច​ថ្ងៃ​អង្គារ ​នៅ​ទីក្រុង​ម៉ាន់ដាឡៃ ​ថ្ងៃ​សុក្រ​នេះ ប៉ូលិស​​ភូមា​បានបន្ត​ល្បាត​នៅ​តាម​ផ្លូវ​ជាច្រើន​ ក្នុងក្រុង​។ពី​ល្ងាច​ថ្ងៃព្រហស្បតិ៍​ រហូត​ដល់​ព្រឹក​ថ្ងៃ​សុក្រ​នេះ ស្ថានភាព​ហាក់​ស្ងប់​បន្តិច ក្រោយ​​អាជ្ញាធរ​បាន​ដាក់​បំរាម​គោចរ​ក្នុង​ស្រុក។ អំពើហិង្សា​សហគមន៍​សាសនា​ផ្ទុះ​តាំង​ពី​​ថ្ងៃ​អង្គារមក​​ បានសម្លាប់​មនុស្ស​២នាក់ ពុទ្ធសាសនិកជន​​​​ម្នាក់ និងអ្នក​កាន់​សាសនា​អ៊ីស្លាម​ម្នាក់។

អ្នកកាន់​សាសនា​អ៊ីស្លាម​ឈរពី​រានហាល​​ ​មើល​ប៉ូលិសដែល​កំពុង​ល្បាត​នៅ​មុខ​ផ្ទះខ្លួន។ ​
អ្នកកាន់​សាសនា​អ៊ីស្លាម​ឈរពី​រានហាល​​ ​មើល​ប៉ូលិសដែល​កំពុង​ល្បាត​នៅ​មុខ​ផ្ទះខ្លួន។ ​ REUTERS/Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម

ទោះ​ជា​ស្ថានភាព​ហាក់​បាន​ស្ងប់​ស្ងាត់​បន្តិច​វិញ នៅ​ទីក្រុង​ម៉ាន់ដាឡៃ ដែល​បាន​រង​អំពើ​ហិង្សា​​សហគមន៍ កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ក៏ដោយ ​ក៏ថ្ងៃ​សុក្រ​នេះ ប៉ូលិស​ភូមា​នៅតែ​បន្ត​ល្បាត​​ទីកន្លែង​មួយចំនួន ក្នុង​ក្រុង​ម៉ាន់ដាឡៃដែរ​ ដើម្បី​ធានា​សុវត្ថិភាព​សន្តិសុខ ព្រោះថា​​ ភូមា​តែង​រង​ភាព តានតឹង​​បង្ក​ដោយ​ជម្លោះរវាង​ពុទ្ធសាសនិកជន និង​ក្រុម​​អ្នកកាន់​សាសនា​អ៊ីស្លាម។

ក្រុង​ម៉ាន់ដាឡៃ ជា​ក្រុង​សំខាន់​ទី២​នៅ​ភូមា។ ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ មនុស្ស​រាប់រយ​នាក់ បាន​នាំគ្នា​ទៅ​វាយប្រហារ​​​តូប​ទំនិញ​អ្នកកាន់​សាសនា​អ៊ីស្លាម​មួយកន្លែង ដោយសារ​​តែ​ម្ចាស់​តូប​​ទំនិញបាន​រង​ការចោទ​ប្រកាន់​ថា រំលោភ​ផ្លូវភេទ។ ​​នៅ​យប់​ថ្ងៃពុធ ​អំពើហិង្សា​បាន​សម្លាប់​អ្នក​កាន់​​សាសនា​អ៊ីស្លាមម្នាក់ និង​ពុទ្ធសាសនិកជន​ម្នាក់។ អាជ្ញាធរ​បាន​ចាប់ខ្លួន​មនុស្ស​៤នាក់ និង​ប្រកាស​បំរាម​គោចរ​នៅ​យប់ថ្ងៃ​ព្រហស្បតិ៍។ យោងតាម​អ្នកទទួលខុសត្រូវ​ភូមា អំពើ​ហិង្សា​នេះ​​កើតឡើង​ដោយសារ​​​​តែ​ការចុះផ្សាយ​ពាក្យចចាម​អារ៉ាម​​បំផ្លើស​ព័ត៌មាន​ ក្នុង​អ៊ីនថឺនេត ខណៈ​រដ្ឋាភិបាល​ភូមា​នៅមិនទាន់​មាន​គម្រោង​​អ្វី​ចាត់ការ​ពាក្យ​​ចចាមអារ៉ាម​តាម​អ៊ីនថឺនេត​នៅឡើយ។ ​

តាំងពី​ឆ្នាំ​២០១២មក អំពើហិង្សា​វាយប្រហារ​អ្នកកាន់​សាសនា​អ៊ីស្លាម​បាន​​​សម្លាប់​មនុស្ស​ជាង​២៥០នាក់ និង​ធ្វើ​អោយ​មាន​មនុស្ស​ភៀសខ្លួន​​១សែន៤ម៉ឺននាក់ ភាគច្រើន​ជា​អ្នកកាន់​សាសនា​អ៊ីស្លាម។ អ្នកកាន់​សាសនា​អ៊ីស្លាម​នៅ​ភូមា​ មាន​៤ភាគរយ​ប៉ុណ្ណោះ ក្នុង​ចំណោម​ប្រជាជន​ក្នុង​ស្រុក ដែល​​​ភាគច្រើន​កាន់សាសនា​ព្រះពុទ្ធ។ ជាញឹកញយ គ្រាន់តែ​ពាក្យ​ចចាម​អារ៉ាម រឺ​បទឧក្រិដ្ឋ​​ឯកជន​បន្តិចបន្តួច​កើតឡើង ក៏​​​បង្ក​អោយ​ផ្ទុះ​​អំពើហិង្សា​សហគមន៍​​​ដែរ។ មិនត្រឹម​ប៉ុណ្ណោះ ក្រុម​​សង្ឃជ្រុលនិយម​​មួយចំនួន​ក៏​​បាន​ពន្យុះ​​​អោយ​មាន​ហិង្សាផងដែរ។ មេដឹកនាំបក្ស​ប្រឆាំង​ អ៊ុងសាន ស៊ូជី បាន​អំពាវនាវ​អោយ​អាជ្ញាធរ​ភូមា​​​​​គិតគូរ​ដោះស្រាយ​ពី​ពាក្យចចាមអារ៉ាម​ដែល​នាំ​អោយ​ផ្ទុះ​អំពើហិង្សា​ក្នុង​ស្រុក។ អំពើហិង្សា​សហគមន៍​នេះ អាច​ជា​ឧសគ្គ​ដល់​កំណែ​ទម្រង់​​នយោបាយ​របស់​រដ្ឋាភិបាលភូមា ក្រោយ​របប​សឹក​ភូមា​​​រំលំ​ចោល​ កាលពី​ឆ្នាំ​២០១១៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ