អានតួអត្ថបទ
អាហ្វហ្គានីស្ថាន

វត្តមាន​កាន់តែ​ស្មុគស្មាញ​របស់​ទ័ព​បរទេស នៅ​អាហ្វហ្គានីស្ថាន

ពួកឧទ្ទាម​តាលីបង់​បាន​ប្រកាស កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ១៥ មីនា ផ្អាក មិន​ចរចា​ជាមួយ​អាមេរិក ដើម្បី​បញ្ចប់​ជម្លោះ នៅក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។ យ៉ាងណា​ក៏ដោយ សេតវិមាន​នៅតែ​បញ្ជាក់​ថា អាមេរិក​នៅ​បន្ត​នយោបាយ​ផ្សះផ្សារជាតិ​ដើម្បី​បញ្ចប់​សង្រ្គាម នៅអាហ្វហ្គានីស្ថាន ដែល​កើតមាន​ចាប់តាំងពី​ឆ្នាំ ២០០១មក។

ទាហាន​អាមេរិកាំង​ទទួល​សមាជិក​តាលីបង់ដែល​​បោះបង់​ចោល​អាវុធ ក្នុង​ក្របខ័ណ្ឌ​ផ្សះផ្សារជាតិ​របស់​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​
ទាហាន​អាមេរិកាំង​ទទួល​សមាជិក​តាលីបង់ដែល​​បោះបង់​ចោល​អាវុធ ក្នុង​ក្របខ័ណ្ឌ​ផ្សះផ្សារជាតិ​របស់​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ © REUTERS
ផ្សាយពាណិជ្ជកម្ម

 

ដំណើរការ​ចរចា​សន្តិភាព​ជាមួយ​ពួកតាលីបង់​បាន​ស្លាប់​មុន​កើត ទៅទៀត។ កាលពីល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ពួកឧទ្ទាម​តាលីបង់​ទើប​បាន​ប្រកាស​បញ្ឈប់​រាល់​ការចរចា​ជាមួយ​អាមេរិក។ ហេតុផល​របស់​ពួកតាលីបង់ គឺគេ​មិនចូលចិត្ត​ចរិក​ក្រឡេចក្រឡុច​របស់​អាមេរិក។

គួរបញ្ជាក់ថា ចាប់តាំងពី​ត្រូវ​កងកម្លាំង​បរទេស ដឹកនាំ​ដោយ​អាមេរិក​វាយបណ្តេញ​​ចេញពី​អំណាច នៅអាហ្វហ្គានីស្ថាន នៅឆ្នាំ ២០០១ ពួកតាលីបង់​បាន​បង្កើត​ជា​ក្រុមប្រដាប់​អាវុធ វាយប្រយុទ្ធ​បង្ហូរឈាម​ជាមួយ​កងទ័ព​បរទេស។ ១០ឆ្នាំ​ក្រោយ​ការប្រយុទ្ធ​មិនឈ្នះ មិនចាញ់ ពួកតាលីបង់​ទើបតែ​បាន​សម្រេច​ចិត្ត ជាលើកទីមួយ ចូលមក​ចរចា​ផ្ទាល់​ជាមួយ​អាមេរិក​ដើម្បី​ឈាន​ទៅដល់​ការបញ្ចប់​សង្រ្គាម​រ៉ាំរ៉ៃ នៅលើ​ទឹកដី​អាហ្វហ្គានីស្ថាន។

កាលពីខែ​ពីខែមករា ដើម​ឆ្នាំនេះ ពួកតាលីបង់ ដែល​មាន​ការយល់ព្រម​ពី​រដ្ឋាភិបាល​លោក Hamid Kazai បាន​បង្ហាញ​ពី​ចេតនា ចង់​បង្កើត​ការិយាល័យ​មួយ​របស់ខ្លួន ក្នុង​ប្រទេស​កាតារ ដើម្បី​ចរចា​ជាមួយ​អាមេរិក។ តាំងពីពេលនោះមក ពួកតាលីបង់ និង​អាមេរិក​បាន​ចាប់ផ្តើម​ទាក់ទង គ្នា​បណ្តើរៗ ដោយ​អាមេរិក​ចង់​ឲ្យ​ពួកឧទ្ទាម​តាលីបង់​បោះបង់​ចោល​អំពើហិង្សា មុន​នឹង​ចូល​មក​ចរចាគ្នា ចំណែក​ពួកតាលីបង់​វិញ​បាន​ទាមទារ​ឲ្យ​អាមេរិក ដោះលែង​គ្នីគ្នា​របស់គេ​ដែល​រហូត​មកដល់​ពេលនេះ កំពុង​ជាប់ នៅ​គុក​Guantanamo។

ដំណើរ​ឈាន​ទៅរក​ការចរចា​មានតែ​នៅលើ​តុ ចំណែក​នៅទី​សមរភូមិវិញ ភាគី​ទំាងពីរ គឺ​ពួកតាលីបង់ កងទ័ព​បរទេស​នៅតែ​ប្រយុទ្ធគ្នា មិន​បន្ថយ​ដៃ។ ហើយ​នៅទីបំផុត ពន្លឺ​សន្តិភាព​ជាមួយ​ពួកតាលីបង់​ក៏​រលត់​ទៅវិញ បន្ទាប់ពី​ពួកតាលីបង់​សម្រេច​លែង​ចរចា ដោយ​ខឹង​នឹង​អាមេរិក​ដែល​មិន​ចង់​និយាយ​ពី​ការដោះលែង​មេដឹកនាំ​សំខាន់ៗ​របស់​តាលីបង់​ដែល​អាមេរិក​បាន​ចាប់ដាក់​គុក​Guantanamo។

ដោយពិតទៅ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍ចុងក្រោយនេះ ទំនាក់ទំនង​ល្អ​អាមេរិក និង​អាហ្វហ្គានីស្ថាន​បាន​ធ្លាក់​សឹង​ដល់​ចំណុច​សូន្យ។ បាតុកម្ម​របស់​ប្រជាជន​អាហ្វហ្គានីស្ថាន​ប្រឆាំង​វត្តមាន​ទ័ពបរទេស ជាពិសេស​ទ័ព​អាមេរិក​បាន​កើតមាន​ជាបន្តបន្ទាប់ ពោល គឺ​ចាប់តាំងពី​មាន​រឿង​អាស្រូវ​ដែល​ទាហាន​អាមេរិក​បាន​ដុត​គម្ពីរ​កូរអាន។ កាលពី​ថ្ងៃ​អាទិត្យ​សប្តាហ៍មុននេះ​ទៀត ទាហាន​អាមេរិក​ម្នាក់​បាន​បាញ់សម្លាប់​ប្រជាជន​ស៊ីវិល​អាហ្វហ្គានីស្ថាន​ដល់​ទៅ​១៦នាក់ ដែលនេះ​បាន​បង្ក​ឲ្យ​មាន​កំហឹង​ពុះកញ្រ្ជោល​ក្នុង​ចំណោម​ប្រជាជន ពួកតាលីបង់ និង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន។

កាលពីថ្ងៃម្សិលមិញ លោក​ប្រធានាធិបតី​Hamid Kazai​បាន​ទាមទារ​ឲ្យ​ទ័ព​បរទេស​ចាកចេញ​ពី​ភូមិ​នានា និង​ត្រលប់មក​តាំងទី​តែ​នៅក្នុង​បន្ទាយ​របស់ខ្លួនវិញ។ លោក​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​នៅបាន​បញ្ជាក់ថា ប្រទេស​របស់លោក​បាន​ត្រៀមខ្លួន​រួចហើយ​ដើម្បីទទួល​ការងារបន្ត​ពី​ទ័ព​បរទេស។ បើតាមលោក​ Kazai ទាហាន​អាហ្វហ្គានីស្ថាន​អាច​រក្សា​សន្តិសុខ​បាន​ដោយ​ខ្លួនឯង ចាប់តាំងពី​ឆ្នាំ ២០១៣ គឺ​មិន​មែន​ចុងឆ្នាំ ២០១៤ ទៅតាមការព្រាងទុក​ពីមុន​ឡើយ។ អាមេរិក​វិញ បាន​បញ្ជាក់ថា ការដក​កងទ័ព​ពីអាហ្វហ្គានីស្ថាន​នឹង​មិន​ធ្វើឡើង​ដោយ​ប្រថុចញ៉ុច ប៉ុន្តែ ដោយ​មើល​ទៅ​តាម​ស្ថានភាព​ជាក់ស្តែង និង​គោរព​ទៅ​តាម​កាលបរិច្ឆេទ ក្នុង​កិច្ចព្រមព្រៀង​ដែល​ធ្វើ​ឡើង​នៅទីក្រុង​Bruxelles៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ