អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

អាមេរិក​នាំ​គម្រោង​កិច្ចព្រមព្រៀង​ទៅ​អ៊ីស្រាអែល​ដើម្បី​ស្រោច​ស្រង់​ផែនការ​សន្តិភាព

លោក ចន ឃែរី (John Kerry)នឹង​បក​ទៅ​ក្រុង​ម្តង​ទៀត​នៅ​ថ្ងៃពុធ​នេះ ! លោក​ប្រមុខ​ការ​ទូត​សហរដ្ឋ​អាមេរិក ចង់​សាក​ល្បង​សង្គ្រោះ​ដំណើរ​ការ​សន្តិភាព​អ៊ីស្រាអែល-ប៉ាឡេស្ទីន ដែល​ត្រូវ​អស់​សុពលភាព​នៅ​ចុងខែ​មេសា ឱ្យមាន​ដណ្តើម​រស់​បន្ត​ទៀត យ៉ាង​ហោច​ណាស់​រហូត​ ​ដល់​ឆ្នាំ​២០១៥ ព្រោះ​ពេល​នេះ​លោក​បាន​ក្តាប់​ទៅ​ជាមួយ​នូវ​ថ្នូរដែល​ទាមទារ​ដោយ​អ៊ីស្រាអែល។

នៅ​Jérusalem ថ្ងៃទី ២៦​មីនា ​អ៊ីស្រាអែល​នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ដោះលែង​អ្នក​ទោស​ប៉ាឡេស្ទីន
នៅ​Jérusalem ថ្ងៃទី ២៦​មីនា ​អ៊ីស្រាអែល​នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ដោះលែង​អ្នក​ទោស​ប៉ាឡេស្ទីន REUTERS/Ronen Zvulun
ផ្សាយពាណិជ្ជកម្ម

អាមេរិក​បាន​រក​ឃើញ​កិច្ច​ព្រមព្រៀង​ជាមួយ​អ៊ីស្រាអែល នាឱកាសទស្សនកិច្ច​ផ្លេក​បន្ទោល​របស់​លោក​ប្រមុខ​ការទូត ចន​ ឃែរី នៅ​ទីក្រុង​Jerusalem កាលពី​ថ្ងៃ​ចន្ទ ដោយ​វ៉ាស៊ីនតោន​សុខចិត្ត​ដោះលែង​ចារកិច្ច​អ៊ីស្រាអែល​សញ្ជាតិ​អាមេរិក តាម​ការទាមទារ​ តាំង​ពី​ជាច្រើន​ឆ្នាំ​ណាស់​មក​របស់​អ៊ីស្រាអែល។

ជាប់​ឃុំ​ឃាំង​បាន​​២៨​ឆ្នាំ ជា​អតីត​អ្នក​វិភាគ​យោធា​ជើង​ទឹក​អាមេរិក M.Jonathan Pollard ត្រូវ​បាន​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារអស់​មួយ​ជីវិត​នៅ​ឆ្នាំ​១៩៨៧ ពី​បទ​បាន​ធ្វើ​ចារកិច្ច​នាំ​ព័ត៌មាន​ទៅ​ឱ្យ​អ៊ីស្រាអែល។ ការ​ដោះលែង​ចារកិច្ច ជា​វីរៈបុរស​អ៊ីស្រាអែល​​រូប​នេះ អាច​នឹង​ប្រព្រឹត្ត​ទៅ​នៅ​រវាង​ពីរ​សប្តាហ៍​ ខាង​មុខទៀត​ ជា​ថ្នូរ​នឹង​ការ​ដោះលែង​អ្នក​ទោស​ប៉ាឡេស្ទីន​២៦​នាក់ គ្រោង​ធ្វើ​ជា​ដំបូង​នៅ​ថ្ងៃ​ទី ២៩​មីនា តែ​ត្រូវ​លើក​ពេល​ទៅ​វិញ​ និង​ការ​ដោះលែង​អ្នកទោស​ប៉ាឡេស្ទីន​ ​ គ្មាន​ដៃប្រលាក់​ឈាម និង​ជិត​ផុត​ទោស​ ចំនួន​៤០០នាក់ផ្សេងទៀត។ លោក​ប្រមុខ​ការទូត​អាមេរិក ត្រូវ​បង្ហួស​ទៅ​តំបន់​ដើមបូព៌ា​ នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​ពាំនាំ​​ទំនុក​ចិត្ត​ដល់​ភាគី​ប៉ាឡេស្ទីន ថា​ពិត​ជា​នឹង​មាន​ការ​ដោះលែង​អ្នក​ទោស​ក្រុម​ចុងក្រោយ​មែន។

ក្រៅអំពី​ការ​ផ្តោះ​ប្តូរ​អ្នក​ទោស កិច្ចព្រមព្រៀង​អ៊ីស្រាអែល​-អាមេរិក​នេះ ក៏​បាន​បើក​ផ្លូវ​ឱ្យ​ដំណើរ​ការ​ចរចា​សន្តិភាព​អ៊ីស្រាអែលប៉ាឡេស្ទីន​ អាច​បន្ត​ទៅ​មុខ​ទៀត​ រហូត​ដល់​ឆ្នាំ​២០១៥។ ព្រោះ​សូម​បញ្ជាក់​ថា កិច្ចចរចា​សន្តិភាព​ដើម្បី​បូព៌ា​បច្ចុប្បន្ន​នេះ ត្រូវ​ដល់​ឱសានវាទ​នៅ​ថ្ងៃ​ទី ២៩​មេសា។ ​

ប៉ុន្តែ​ទន្ទឹមនឹង​សុទិដ្ឋនិយម​បន្ត​ការ​ចរចា​សន្តិភាព អង្គការ​ក្រៅ​រដ្ឋាភិបាល​​បាន​ជូន​ដំណឹង​ថា​អ៊ីស្រាអែល​កំពុង​ផ្តើម​ផែនការ​សាងសង់​​​លំនៅដ្ឋាន ៧០០​ខ្នង​នៅ​ហ្សេរ៉ុយសាឡិម​ខាងកើត។ ការ​ធ្វើ​អាណានិគមកិច្ច​ដែល​ភាគី​ប៉ាឡេស្ទីន បាន​ច្រាន​ចោទ​តាំង​ពី​ដំបូង​ភ្លាម ថា​នឹង​មិន​បន្ត​កិច្ច​ចរចា​ឡើយ ប្រសិន​បើ​អ៊ីស្រាអែល​មិន​បញ្ឈប់​ សកម្មភាព​ សាង​សង់​លំនៅដ្ឋាននៅ​ស៊ីហ្ស័កដានី និង​នៅ​ហ្សេរ៉ុយសាឡិម​ខាង​កើត​ ទាំង​ស្រុង​ទេ​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ