អានតួអត្ថបទ
ឥណ្ឌា

ឥណ្ឌា៖ មាន​ទារក​ជាង ៣០០ ០០០នាក់​បាន​ស្លាប់​រៀងរាល់ឆ្នំា ក្រោយ​ពី​ស្គាល់​ពន្លឺថ្ងៃ​បាន ២៤ម៉ោង

នៅ​ក្នុង​ប្រទេស​ឥណ្ឌា រៀងរាល់​ឆ្នំា មាន​ទារក​ជាង ៣០០ ០០០នាក់​បាន​បាត់បង់​ជីវិត បន្ទាប់​ពី​កើត​បាន ២៤ម៉ោង​មក នេះ​បើ​យោង​តាម​ការសិក្សា​របស់​អង្គការ​ក្រៅរដ្ឋាភិបាល​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ ទី៧ ឧសភា​នេះ។ ការសិក្សា​ដដែល​បាន​បង្ហាញ​ថា ជាទូទៅ មរណៈភាព​របស់​ទារក​ទំាង​នោះ​មាន​ជាប់ពាកព័ន្ធ​ទៅ​នឹង​ការ​ឆ្លង​មេរោគ​ដែល​តាម​ធម្មតា​អាច​ព្យាបាល​បាន។ ចំពោះ​អង្គការ​ក្រៅរដ្ឋាភិបាល មូលហេតុ​នៃ​ការស្លាប់​ទារក​ទំាង​នោះ គឺ​បណ្តាល​មក​ពី​កង្វះ​ថវិកា និង​កង្វះ​ឆន្ទៈនយោបាយ​របស់​រដ្ឋាភិបាល។

ស្លាកសញ្ញា​អង្គការ Save the Children
ស្លាកសញ្ញា​អង្គការ Save the Children
ផ្សាយពាណិជ្ជកម្ម

គឺ​ជា​របាយការណ៍​ប្រចំា​ឆ្នំា​របស់​អង្គការ​ក្រៅរដ្ឋាភិបាល​ឈ្មោះ « Save the Children » ស្តីពី​ស្ថានភាព​មាតា​នៅ​ក្នុង ១៨៦ប្រទេស​ក្នុង​លោក។ របាយការណ៍​បាន​បង្ហាញ​ថា នៅ​ក្នុង​ប្រទេស​ឥណ្ឌា​តែ​គត់ អត្រា​មរណៈភាព​ទារក​នៅ​ពេល​កើត​បាន ២៤ម៉ោង​មាន​រហូត​ដល់​ទៅ ២៩% ក្នុង​ចំណោម​មរណៈភាព​ទារក​នៅ​ទូទំាង​ពិភពលោក។ យោង​តាម​របាយការណ៍ អាស៊ីខាងត្បូង​ដែល​មាន​ចំណុះ​ប្រជាជន​រហូត​ដល់​ទៅ ២៤% នៃ​ចំនួន​ប្រជាជន​ក្នុង​លោក​នោះ អត្រា​មរណៈភាព​ទារក​នៅ​ពេល​កើត​មាន​រហូត​ដល់​ទៅ ៤០% ឯណោះ។ ក្រៅ​ពី​ប្រទេស​ឥណ្ឌា ប្រទេស​ប៉ាគីស្ថាន និង​បង់ក្លាដែស​ក៏​មាន​អត្រា​មរណៈភាព​ទារក​ទើបកើត​ថ្មីថ្មោង​ខ្ពស់​ដែរ ពោល​មាន​ពី ២៨ ០០០ ទៅ ៦០ ០០០នាក់​ក្នុង​មួយ​ឆ្នំាៗ។

លោក Mike Novell នាយក​អង្គការ « Save the Children » ក្នុង​តំបន់​បាន​គូសបញ្ជាក់​ថា ពិត​ជា​មាន​ការ​រីកចម្រើន​ខ្លះ​ក្នុង​ការ​ជួយ​ស្រោចស្រង់​ជីវិត​ទារក​ទំាង​នោះ ក៏​ប៉ុន្តែ ចំនួន​ទារក​ស្លាប់​ក្នុង​មួយ​ថ្ងៃ​នៅ​តែ​មាន​ជាង ១ ០០០នាក់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ប៉ាគីស្ថាន និង​បង់ក្លាដែស។ យោង​តាម​អង្គការ « Save the Children » មាន​មូលហេតុ ៣យ៉ាង​ធំៗ​នៃ​មរណៈភាព​ទារក ទីមួយ គឺ​ភាព​ស្មុគស្មាញ​នៅ​ពេល​កើត ទីពីរ គឺ​ការ​កើត​មុន​កាល​កំណត់ និង​ទីបី គឺ​ការ​ឆ្លង​មេរោគ​នៅ​ពេល​កើត​ចេញ​ភ្លាម។ អង្គការ « Save the Children » យល់​ឃើញ​ថា បើ​មាន​ការ​ជួយ​ធ្វើ​អន្តរាគមន៍​ភ្លាមៗ ទោះ​បី​ជា​មាន​តម្លៃ​ថោក​ក៏​ដោយ ក៏​អាច​ជួយ​កាត់​បន្ថយ​មរណៈភាព​ទារក​បាន​រហូត​ដល់​ទៅ ៧៥%។ សម្រាប់​អង្គការ « Save the Children » អ្វី​ដែល​ហេតុផល​ចម្បង​នោះ គឺ​កង្វះ​ថវិកា និង​កង្វះ​ឆន្ទៈនយោបាយ​របស់​រដ្ឋាភិបាល។

ក្នុង​រយៈពេល​ជាង ១០ឆ្នំា​ចុងក្រោយ​នេះ កំណើន​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ឥណ្ឌា​បាន​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​បង្កើន​ការ​ចំណាយ​របស់​ខ្លួន​សម្រាប់​កាត់​បន្ថយ​ភាពក្រីក្រ។ ប៉ុន្តែ​អង្គការ « Save the Children » បាន​កត់សម្គាល់​ឃើញ​ថា មាន​កម្មវិធី​មួយ​ចំនួន​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​របស់​ប្រជាជន​ពិតប្រាកដ​ទេ។ មាន​ស្រ្តីឥណ្ឌា​ជាង ៥០% បាន​បង្កើត​កូន​របស់​ខ្លួន​នៅ​ផ្ទះ ដោយ​គ្មាន​អនាម័យ​ត្រឹមត្រូវ និង​គ្មាន​ជំនួយ​ពី​គ្រូពេទ្យ​ទេ។ នៅ​តាម​តំបន់​ដាច់ស្រយាល​ក៏​មិន​សូវ​មាន​មន្ទីរពេទ្យ និង​គ្រូពេទ្យ។ ជា​ទូទៅ ស្រ្តី​ជា​ម្តាយ​បាន​ប្រគល់​កូនតូច​របស់​ខ្លួន​ទៅ​ឲ្យ​មេដោះ​ដែល​គ្មាន​បទពិសោធន៍​ជួយ​មើល​ថែរក្សា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ