អានតួអត្ថបទ
កម្ពុជា

រថយន្ត​ក្រុង​សាធារណៈ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ជា​លើក​ទី​២ ក្នុង​ទី​ក្រុង​ភ្នំពេញ​

រថយន្ត​ក្រុង​សាធារណៈ​ត្រូវ​បានសម្ពោធ​​ដាក់​ឲ្យ​ប្រើ​ប្រាស់​សាកល្បង​ជា​ផ្លូវការហើយ​នៅថ្ងៃទី៥កុម្ភៈ​នេះ។ ​នេះ​ជា​ការសាកល្បងលើកី២ បន្ទាប់​ពី​ការ​សាកល្បង​ដាក់​ឲ្យ​មាន​សេវា​រថយន្ត​​ក្រុង​រត់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ លើកទី១ កាលពី​ឆ្នាំ ២០០១ ។ ​ក្រោម​កិច្ច​សហការ​ពី​ភ្នាក់ងារ​​សហប្រតិបត្តិ​ការ​​អន្តរជាតិ​​ជប៉ុន​ (JICA) សាលា​រាជធានី​​បាន​ព្យាយាម​សាកល្បង​​ដាក់​ឲ្យដំណើរការ​រថយន្តក្រុង​នេះ គឺដើម្បី​កាត់​បន្ថយ​បញ្ហា​ការ​កកស្ទះ​ចរាចរណ៍ នៅ​ក្នុង​ទីក្រុង។

រថយន្ត​សាធារណៈ ដែល​ដាក់​ឲ្យ​ដំណើរ​ការ​ក្នុង​ទីក្រុង​ភ្នំពេញ
រថយន្ត​សាធារណៈ ដែល​ដាក់​ឲ្យ​ដំណើរ​ការ​ក្នុង​ទីក្រុង​ភ្នំពេញ @RFI
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ទី​០៥កុម្ភៈនេះ សាលារាជធានី​ភ្នំពេញ សហការ​ជាមួយទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​​ជប៉ុន (JICA) បាន​សម្ពោធ​រួម​គ្នា ដាក់​​​ឲ្យ​ដំណើការ​សាកល្បង​រថយន្ត​ក្រុងដឹក​អ្នក​ដំណើរ​​មួយ​ខ្សែ ពី​គល់ស្ពាន​ជ្រោយចង្វា ទៅ​ផ្សារ​ច្បារអំពៅ ពោល​គឺ​រត់​តែនៅ​លើ​ផ្លូវ​ព្រះ​មុនីវង្ស ក្នុង​ទីក្រុង​ភ្នំពេញ។ គម្រោង​នេះ​នឹង​ដាក់អោយ​សាកល្បង​ រយៈពេល​មួយខែ គិត​ចាប់​ពី​ថ្ងៃទី ០៥​​កុម្ភៈ​នេះ​ រហូត​ដល់​ថ្ងៃទី ៤មិនា ឆ្នាំ​២០១៤។ ​អ្នកដំណើរចំណាយតែ​១៥០០​រៀល​ប៉ុណ្ណោះ​ សម្រាប់​ការធ្វើដំណើរ​មួយ​ជើង។

តាម​ការ​ប្រកាស​របស់​សាលា​រាជធានី រថយន្តក្រុង​ដែល​ដាក់​ឲ្យ​ចរាចរណ៍​ក្នុងកំឡុង​ពេល​មួយ​ខែនេះ ​មាន​ចំនួន ១០គ្រឿង ដោយ​រថយន្ត​មួយ​គ្រឿង​ អាច​ផ្ទុក​អ្នក​ដំណើរ​​បាន ៣៥​កៅអី​។ ជាប្រភេទរថយន្តក្រុងទំនើប មាន​ម៉ាស៊ីនត្រជាក់ ប្រកបដោយផាសុកភាព។ រថយន្ត​ក្រុងនេះ​ចាប់​ចេញ​ដំណើរពី​ម៉ោង៥និង៣០នាទីព្រឹក​  រហូតដល់​ម៉ោង៨និង៣០នាទី​យប់ ក្នុង​ចន្លោះ​ពី​ចំណត​មួយ ទៅ​ចំណត​មួយ ​មាន​ចម្ងាយ​៥០០ម៉ែត្រ ហើយរថយន្ត​ត្រូវ​ឈប់​ទទួល​ភ្ញៀវតែមួយនាទី​ប៉ុណ្ណោះ សម្រាប់​ចំណត​នីមួយៗ។​ ចាប់​ពី​កន្លែង​ចេញ​ដំណើរ​រហូត​ដល់​គោលដៅ​​​​ មានចំណតទាំងអស់សរុបចំនួន​ ៣៦​។

លោក ឡុង​ ឌីម៉ង់ អ្នក​នាំពាក្យ​សាលារាជធានី​ភ្នំពេញ បាន​ប្រាប់​វិទ្យុបារាំង​ កាលពីពេល​កន្លងមកថា ការ​ដាក់​ឲ្យ​ប្រើ​ប្រាស់​រថយន្តក្រុង​សាធារណៈនេះ គឺ​ក្នុង​គោល​បំណង​កាត់​បន្ថយ​ការ​ស្ទះ ​និង​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងទីក្រុង​។ លោក ឡុង​ ឌីម៉ង់ ​បាន​និយាយ​ថា ​កំណើន​ប្រជាជន ​និង​ការ​ដឹកជញ្ជូន​ មាន​ការ​កើន​ឡើង​យ៉ាង​គំហុក ​ក្នុង​រយៈពេល ១០​ឆ្នាំ​ចុង​ក្រោយ​នេះ ពោល​គឺគិត​ត្រឹម​ឆ្នាំ ២០១៤នេះ មាន​រថយន្តជាង ៤០ម៉ឺន​គ្រឿង និង​ម៉ូតូ​ជាង ១​លានគ្រឿង​ ត្រូវបាន​ចុះ​បញ្ជី​នៅមន្ទីរ​សាធារណការ​ក្រុងភ្នំពេញ។

លោក​ ម៉ាសាតូ កូ​តូ  តំណាង​អង្គការ JICA ប្រចាំ​កម្ពុជា បាន​ប្រាប់វិទ្យុបារាំង​ថា ដំណើរការ​សាកល្បង​នេះ នឹង​ចំណាយ​ប្រាក់​របស់​គម្រោង​អង្គការ JICA  ហើយ​ប្រសិន​បើ​គម្រោង​នេះ ​ជោគជ័យ JICA  នឹង​ដាក់​ឲ្យ​ដំណើការ​ទាំងស្រុងនូវ​សេវា​រថយន្ត​ក្រុងនេះ នៅក្នុង​ឆ្នាំ​២០១៦​។

ចំណែក​សាលា​រាជធានី​ភ្នំពេញ ក៏​បាន​បញ្ជាក់ដែរថា បន្ទាប់ពី​ការដាក់​ឲ្យ​ដំណើរការ​រថយន្តក្រុង​ ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​១ លើកទី២ តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស សាលារាជធានី​ ក៏​គ្រោង​ដាក់​ឲ្យ​ដំណើរការ ជំហាន​ទី​២ តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម និង​ជំហាន​ទី​៣​ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង បន្តទៀត​ផងដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ