អានតួអត្ថបទ
ថៃ

ប៉ូលិស​ថៃ​បើក​ប្រតិបត្តិការ​ប្រឆាំង​ការ​ភ្នាល់​បាល់ទាត់​ខុសច្បាប់​​ ចាប់​​មនុស្ស​​ជាង​​១០០០នាក់​​

នៅថ្ងៃ​ពុធ​នេះ ប៉ូលិស​​ថៃ​បាន​ប្រាប់ថា បានចាប់ខ្លួន​មនុស្ស​​​១ពាន់​២៣នាក់ ពី​បទ​ភ្នាល់​​បាល់ទាត់​​ខុសច្បាប់ ក្នុង​ឱកាស​​​ពិភពលោក​កំពុង​​រៀបចំ​ការ​ប្រកួត​បាល់ទាត់​​​នៅ​ប្រេស៊ីល​ បច្ចុប្បន្ន​​នេះ។ ​​​ក្នុង​ចំណោម​ជនល្មើស​ ក៏​មាន​ជនបរទេស​ផងដែរ។ ជនល្មើស​ទាំងនេះ ​អាច​ជាប់​ពន្ធនាគារ​ ២ឆ្នាំ និង​បង់​ពិន័យ​៤៥អឺរ៉ូ។  

ផ្លាកសញ្ញា​តំណាង​ការប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ២០១៤ នៅប្រេស៊ីល
ផ្លាកសញ្ញា​តំណាង​ការប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ២០១៤ នៅប្រេស៊ីល fifa.com
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ថ្ងៃ​១២មិថុនា ថ្ងៃ​បើក​ការប្រកួត​​​​​​​បាល់ទាត់​ពិភពលោកឆ្នាំ២០១៤​​ ​​នៅ​ប្រទេស​ប្រេស៊ីល​មក ប៉ូលិស​ថៃ​បាន​ចាប់ខ្លួន​មនុស្ស​ជាង​​​មួយពាន់នាក់ ​​ជាប់ចោទ​ពីបទ​ធ្វើការ​ភ្នាល់​បាល់ទាត់​ខុសច្បាប់។ ជនល្មើស​ភាគច្រើន​ ជា​អ្នកយក​លុយ​ទៅចាក់​បាល់​តែ​ម្តង។ ក្នុង​ចំណោម​ជនល្មើស​ ក៏​មាន​ជនបរទេស មកពី​​ម៉ាកាវ ​និង​ហុងកុង​ផងសរុប​​​៤នាក់​ផងដែរ។ ប៉ូលិស​ចាប់ខ្លួន​ជនបរទេស​ទាំង៤រូប​នេះ កាលពីថ្ងៃ​អង្គារ។ ប៉ូលិស​សង្ស័យ​​ថា ពួកគេ​គឺ​ជា​មេ​ភ្នាល់​បាល់​តែម្តង។

ថ្ងៃ​២៦ឧសភា ពោល​គឺ​៤ថ្ងៃ​ក្រោយ​​​ធ្វើ​​​រដ្ឋប្រហារ​ទំលាក់​រដ្ឋាភិបាល​​​​ របប​សឹក​ថៃ​បាន​ប្រកាស​បើក​​​ប្រតិបត្តិការ​ប្រឆាំង​ទីកន្លែង​លេងល្បែង​ស៊ីសង កាស៊ីណូ ខុសច្បាប់​ជាច្រើន​កន្លែង ក្នុង​ក្របខណ្ឌ​នៃ​ការឃោសនា​​រៀបចំ​សណ្តាប់ធ្នាប់​សីលធម៌​ក្នុង​ស្រុក​ឡើងវិញ។ ថៃ​ជា​ប្រទេស​ហាមឃាត់​ល្បែង​ភ្នាល់លុយ។ ​មានតែ​ឆ្នោតជាតិ រឺ​ក៏​ការ​ប្រកួត​​ប្រណាំង​សេះ​តែ​ប៉ុណ្ណោះ ដែល​រដ្ឋអំណាច​​អនុញ្ញាត​អោយ​​ដំណើការ​​ក្នុង​ស្រុក។

ក្នុង​ប្រតិបត្តិការ​​បង្ក្រាប​ការភ្នាល់បាល់​ខុសច្បាប់​នេះ ប៉ូលិស​បាន​ដកហូត​​​​បណ្ណភ្នាល់បាល់​ច្រើន​​សន្លឹក ដែល​​មាន​តម្លៃ​រហូត​៣សែន​៨ម៉ឺន​៥ពាន់អឺរ៉ូ​ឯណោះ។ ​ក្រៅពីប្រតិបត្តិការ​ចាប់ខ្លួន​ជនល្មើស របបសឹកថៃ​ក៏​បិទ​​មិនអោយ​មាន​ការភ្នាល់​ល្បែង​តាម​អ៊ីនថឺនេត​ផងដែរ។

គួររំលឹក​ថា ​ ក្នុង​ពេល​​មានការ​ប្រកួត​បាល់ទាត់ពិភពលោក ​ឆ្នាំ​២០១០ ​ប៉ូលិស​ថៃ​បាន​​ចាប់ខ្លួន​មនុស្ស​​​សន្ធឹកសន្ធាប់​រហូត​​៣ពាន់៨រយ​​នាក់ ពីបទ​ភ្នាល់ល្បែង​ខុសច្បាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ