អានតួអត្ថបទ
អ.ស.ប.-កូរ៉េខាងជើង

អ.ស.ប.៖កូរ៉េខាងជើង​ត្រូវតែ​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ​ពី​បទឧក្រិដ្ឋកម្ម​របស់​ខ្លួន

នៅ​ថ្ងៃ​សុក្រ ទី១៤ វិច្ឆិកា​នេះ អ្នកស៊ើបអង្កេត​ម្នាក់​របស់​អង្គការ​សហប្រជាជាតិ​បាន​ថ្លែង​ថា វា​ជា​រឿង​មួយ​ចៀស​មិន​រួច​ដែល​ថ្នាក់ដឹកនំា​កូរ៉េខាងជើង​ត្រូវ​តែ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​មុខ​តុលាការព្រហ្មទ័ណ្ឌ​អន្តរជាតិ​ស្តីពី​បទឧក្រិដ្ឋកម្ម​របស់​ខ្លួន។ គឺ​អ្នកស៊ើបអង្កេត​រូប​នេះ​ហើយ​ដែល​បាន​ចោទ​របប​កុម្មុយនិស្ត​ក្រុង​ព្យុងយ៉ាង​ចំៗ​ពី​បទឧក្រិដ្ឋកម្ម​ប្រឆំាង​មនុស្សជាតិ។ ដោយឡែក និង​ដើម្បី​ចេញ​មុខ​ការពារ​ខ្លួន លោក​ប្រមុខ​កូរ៉េខាងជើង​គីម ជុនអ៊ុន​គ្រោង​នឹង​បញ្ជូន​មនុស្សជំនិត​របស់​លោក​ទៅ​កាន់​ប្រទេស​រុស្ស៊ី​ដើម្បី​សុំ​ការគំាទ្រ​ពី​ក្រុង​ម៉ូស្គូ។

លោក Marzuki Darusman អ្នករាយការណ៍ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កូរ៉េខាងជើង
លោក Marzuki Darusman អ្នករាយការណ៍ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កូរ៉េខាងជើង
ផ្សាយពាណិជ្ជកម្ម

លោក Marzuki Darusman អ្នករាយការណ៍ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កូរ៉េខាងជើង​បាន​យល់​ឃើញ​ថា លោក​គីម ជុនអ៊ុន​ត្រូវ​តែ​ចូលខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​មុខ​តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ​ពី​បទឧក្រិដ្ឋ​មួយ​ចំនួន​ដែល​បាន​កើត​មាន​នៅ​មុន​ការ​ឡើង​កាន់​អំណាច​របស់​លោក បើ​មិន​ដូច្នោះ​ទេ លោក​ក៏​ជា​អ្នក​រួម​គំនិត​ម្នាក់​ដែរ។ កំណត់​សម្គាល់​របស់​លោក Darusman បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​សហភាពអឺរ៉ុប និង​ប្រទេស​ជប៉ុន​បាន​ដាក់​សេចក្តីព្រាងច្បាប់​​មួយ​ទៅ​កាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ឲ្យ​ប្តឹង​ថ្នាក់ដឹកនំា​កូរ៉េខាងជើង​ពី​បទឧក្រិដ្ឋកម្ម​ប្រឆំាង​មនុស្សជាតិ​នៅ​តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ។ នៅ​សប្តាហ៍​ខាង​មុខ មហាសន្និបាត​អង្គការសហប្រជាជាតិ​ក៏​អាច​នឹង​លើក​យក​សេចក្តីព្រាងច្បាប់​នោះ​ទៅ​ពិនិត្យ ពិភាក្សា​ដែរ។

សេចក្តីព្រាងច្បាប់​ស្នើ​ដោយ​សហភាពអឺរ៉ុប និង​ប្រទេស​ជប៉ុន​បាន​ធ្វើ​ឡើង ដោយ​ផ្អែក​លើ​របាយការណ៍​របស់​គណៈកម្មការ​ស៊ើបអង្កេត​អ.ស.ប. ចេញ​ផ្សាយ​កាល​ពី​ដំណាច់ខែ​កុម្ភៈ​កន្លង​ទៅ។ របាយការណ៍​បាន​បង្ហាញ​ថា មាន​អ្នកទោស​នយោបាយ​រាប់សិបពាន់​នាក់​បាន​បាត់បង់​ជីវិត​ក្នុង​រយៈពេល ៥០ឆ្នំា​ចុងក្រោយ​នេះ និង​មាន​ពី ៨០ ០០០ ទៅ ១២០ ០០០នាក់​ផ្សេង​ទៀត​កំពុង​ជាប់​ក្នុង​ជំរំ​ឃុំឃំាង​សព្វថ្ងៃ​ដោយ​ទទួល​ទារុណកម្ម​យ៉ាង​ធ្ងន់ធ្ងរ។ ជាមួយ​គ្នា​នេះ នៅ​មាន​មនុស្ស​បាត់ខ្លួន​ជាង ២០០ ០០០នាក់​ផ្សេង​ទៀត​ដែល​ភាគច្រើន ជា​ជនជាតិ​កូរ៉េ​មក​ពី​កូរ៉េខាងត្បូង ជប៉ុន ព្រម​ទំាង​ជនជាតិ​ចិន និង​ជប៉ុន​ផង​ដែរ។

យោង​តាម​លោក Darusman ឧក្រិដ្ឋកម្ម​របៀប​នេះ​កំពុង​បន្ត​មាន​ជា​ប្រចំា​នៅ​ក្នុង​ជំនាន់​លោក​គីម ជុនអ៊ុន និង​ដែល​សហគមន៍អន្តរជាតិ​មិន​អាច​បន្ត​ឈរ​ឱបដៃ​មើល​បាន​ទៀត​ឡើយ។ ដើម្បី​អាច​ប្តឹង​ថ្នាក់ដឹកនំា​កូរ៉េខាងជើង​ពី​បទឧក្រិដ្ឋកម្ម​ប្រឆំាងមនុស្សជាតិ​នៅ​តុលាការ​ព្រហ្មទ័ណ្ឌអន្តរជាតិ​បាន គេ​ត្រូវ​ការ​សេចក្តីសម្រេចចិត្ត​ពី​ក្រុមប្រឹក្សាសន្តិសុខ តែ​រុស្ស៊ី និង​ចិន​ដែល​មាន​សិទ្ធិ​វ៉េតូ​នឹង​ចេញ​មុខ​ប្រឆំាង​ជា​មិន​ខាន។ យ៉ាង​ណា​ក៏​ដោយ និង​ដើម្បី​ប្រឆំាង​នឹង​សេចក្តីព្រាងច្បាប់​ប្រឆំាង​ខ្លួន លោក​គីម ជុនអ៊ុន​ត្រៀម​បញ្ជូន​មនុស្សជំនិត​របស់​លោក​ទៅ​កាន់​ប្រទេស​រុស្ស៊ី​ដើម្បី​សុំ​ការគំាទ្រ​បន្ថែម​ពី​ក្រុង​ម៉ូស្គូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ