អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ចំណាប់ខ្មាំង​បារាំង​ត្រូវបាន​ដោះលែង​ អ្នក​អន្តរការី​​និង​មេភេរវជន​អាហ្វ្រិក​​​ទទួល​បាន​ប្រយោជន៍​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពលរដ្ឋ​បារាំង ៤រូប ដែល​ត្រូវ​បាន​ក្រុមភេរវជន​អ៊ីស្លាម​ចាប់​ធ្វើ​ជា​ចំណាប់ខ្មាំង នៅ​ប្រទេស នីហ្សេ កាល​ពី​ ៣ឆ្នាំមុន ត្រូវបាន​ដោះលែង​មកវិញ កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​។ ​រដ្ឋាភិបាល​​បារាំង​អះអាង​ថា ការដោះលែង​នេះ​ត្រូវ​បាន​ធ្វើឡើង តាមរយៈ​ការចរចាសុទ្ធសាធ​ ហើយ​ថា រដ្ឋាភិបាល​​​មិនបាន​បង់លុយ​ទៅ​ឲ្យ​ក្រុមភេរវជន ជាថ្នូរ​នឹង​ការ​ដោះលែង​នេះ​ទេ។ តើ​ការចរចា​នោះ​ប្រព្រឹត្ត​ទៅ​បែបណា ក្នុង​លក្ខខណ្ឌ​ដូចម្តេច​ បាន​ជា​ក្រុមភេរវជន​អ៊ីស្លាម​តំបន់​ម៉ាហ្ក្រេប​ ដែល​គេហៅថា Aqmi នោះ យល់ព្រម​​ដោះលែង​ពលរដ្ឋបារាំង ?

ប្រធានាធិបតី​នីហ្សេ​ Mahamadou Issoufou (ឆ្វេង) និងប្រមុខ​ការទូតបារាំង​ Laurent Fabius បានទទួល​ពលរដ្ឋបារាំង Thierry Dol និង​ Daniel Larribe ដែល​ក្រុមភេរវជន​បានដោះលែង​កាលពីថ្ងៃ​អង្គារ។
ប្រធានាធិបតី​នីហ្សេ​ Mahamadou Issoufou (ឆ្វេង) និងប្រមុខ​ការទូតបារាំង​ Laurent Fabius បានទទួល​ពលរដ្ឋបារាំង Thierry Dol និង​ Daniel Larribe ដែល​ក្រុមភេរវជន​បានដោះលែង​កាលពីថ្ងៃ​អង្គារ។ AFP PHOTO / HAMA BOUREIMA
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​បារាំង​បដិសេធ​​ថា​ មិនបាន​បង់ប្រាក់​កាស​​រំលោះ​យក​ពលរដ្ឋបារាំង​ពី​កណ្តាប់ដៃ​​ក្រុមភេរវជន​អាល់កៃដា​ តំបន់​ម៉ាហ្ក្រេប​នោះទេ ហើយ​ថា គឺ​ការចរចា​ដែល​ធ្វើឡើង​ដោយ​ក្រុមអ្នក​ចរចា​របស់​ប្រធានាធិបតី​នីហ្សេ ជាមួយ​ក្រុមភេរវជន​​ឯណោះ​ទេ ដែល​បាន​សំរេច​ទៅដល់​ការដោះលែង​ពលរដ្ឋបារាំង​ទាំង៤រូប។ ប្រសិន​បើ​រដ្ឋាភិបាល​បារាំង​មិន​បាន​​ចេញលុយជាថ្នូរ​​នោះទេ មានន័យថា ក្នុង​ការចរចា​ររវាង​​ក្រុមអ្នកចរចា​អាហ្វ្រិក និង​ក្រុមភេរវជន​ ពិត​ជាមាន​លក្ខខណ្ឌ​អ្វី​ដោះដូរ​នឹង​គ្នា​ហើយ។ ព្រោះថា បើ​ទំពក់វា​មិនទៅ ភ្នៅក៏​វា​មិនមកដែរ។

បន្ទាប់​ពី​ពលរដ្ឋបារាំង​ទាំង៤រូប​បាន​ធ្វើដំណើរ​មក​កាន់ប្រទេស​បារាំងវិញ​ដោយ​សុវត្ថិភាព​​ កាលពី​ថ្ងៃ​ពុធ នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​​ ស្រាប់តែ​មាន​ព័ត៌មានពី​ប្រភព​អ្នកជិតដិត​នឹង​សំណុំរឿង​ដោះលែងនោះ​​ថា អ៊ីយ៉ាដ អាក់ ហ្កាលី ជា​មេដឹកនាំ​ក្រុមឧទ្ទាម​​អ៊ីស្លាម​​អាន់សារ អេដឌីន បាន​ទទួល​អភ័យឯកសិទ្ធិរួចពីការ​ចោទប្រកាន់​ភេរវកម្ម​ដើម្បី​​​ជាថ្នូរ​នឹង​ការដោះលែង​ពលរដ្ឋបារាំង​ទាំង៤រូប។ គួររំលឹកថា ក្រុមភេរវជន​​អ៊ីស្លាម​ អាន់សារ អេដឌីន​នេះ ជាក្រុម​ស្និទ្ធ​នឹង​អាល់កៃដា ប្រចាំ​អាហ្វ្រិក​ខាងត្បូង។ ​កងទ័ព​បារាំង​បាន​ប្រយុទ្ធ​បណ្តេញក្រុម​នេះ​​ចេញ​ពី​ភាគ​ខាងជើង​​ប្រទេស​ម៉ាលី នៅ​មុន​ពាក់កណ្តាល​ឆ្នាំ​២០១៣នេះ។ រដ្ឋាភិបាល​ប្រទេស​​ម៉ាលី​ធ្លាប់បាន​ចេញដីកា​តាម​ចាប់ខ្លួន​មេដឹកនាំ​ក្រុមឧទ្ទាម​រូបនេះ​ពីបទ​ធ្វើការ​បះបោរ បង្ក​អំពើ​ភេរវកម្ម។ មេដឹកនាំ​ក្រុម​ភេរវជន​អាន់សារ អេដឌីន​នេះ បាន​ទាមទារ​អោយ​អាជ្ញាធរ​លែង​បន្តការ​ចោទប្រកាន់​ប្រឆាំងរូប​​ខ្លួន និង​បក្សពួក​ជិតដិតរបស់ខ្លួនតទៅទៀត។

ប្រសិន​បើ​រឿងនេះ​ពិត​ជា​ដូច្នោះ​មែន មានន័យថា​ថ្នូរ​នៃការដោះលែងនេះ ជាផលវិបាក​មួយ​ធ្ងន់​ណាស់ ​ ​ព្រោះថា ដោះលែង​មេដឹកនាំ​​ក្រុមភេរវជន​ដែល​បង្ហូរឈាម​មនុស្សស្លូតត្រង់ អោយ​មាន​សេរីភាព គឺ​ជា​ការ​ប្រថុយ​ប្រថាន​មួយ​ខ្ពស់បំផុត។ ​

ឥលូវនេះ នៅ​ពេល​​​បានរួចខ្លួន​ពីសំណាញ់ច្បាប់​​បែបនេះ តើ​​មេភេវជន​អាហ្វ្រិក​មួយនេះ នឹង​ទៅធ្វើអ្វី​តទៅទៀត? ទៅ​ធ្វើគំរោង​ភេរវកម្ម​សម្លាប់មនុស្ស និង​ចាប់ចំណាប់ខ្មាំង​បរទេស រឺក៏យ៉ាងណា​ទៀតទៅ ?

ងាក​មក​មើល​អ្នកចរចា​អន្តរការី​អាហ្វ្រិក​វិញម្តង។ ​​សារព័ត៌មាន​ Libération បារាំង​ ចេញផ្សាយ​សប្តាហ៍នេះ បាន​​ប្រាប់ថា មាន​មនុស្ស​៣នាក់ មកពី​សហគមន៍​ទូអារេក បាន​ដើរតួជាអន្តរការី​សំខាន់​​​ ​ក្នុងដំណើរការចរចា​ជាមួយ​ក្រុមភេរវជន រហូត​សំរេចបាន​ការដោះលែង​ចំណាប់ខ្មាំង​បារាំង​នេះ។ ក្នុងនោះ អ្នក​អន្តរការីពីររូប​គួរអោយ​ចាប់អារម្មណ៍​ជាងគេ។ ​ទីមួយ​ គឺ​ជនជាតិ​នីហ្សេ ឈ្មោះ​ ម៉ូហាមេដ អាកូតី ជាអតីត​ក្រុមឧទ្ទាម និង​ជា​អតីត​រដ្ឋមន្ត្រី​បរិដ្ឋាន​ប្រទេស​នីហ្សេ។ បច្ចុប្បន្ននេះ​ លោក អាកូតី ជា​អ្នកគ្រប់គ្រង​សាខា​មួយ​របស់​ក្រុមហ៊ុន​ថាមពល​នុយក្លេអ៊ែរ​បារាំង អារេវ៉ា។ គួររំលឹកថា ចំណាប់ខ្មាំង​បារាំង​ដែល​បាន​ដោះលែង​កាលពីថ្ងៃ​អង្គារ​នៅអាហ្វ្រិក​នោះ ជា​អ្នកបំរើការងារ​អោយក្រុមហ៊ុននេះ។ លោក អាកូតី ធ្លាប់​មានការ​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ចរចា​ចំណាប់ខ្មាំង​បារាំងនេះ តាំង​តែ​ពីដំបូង​ម្ល៉េះ។ ​ ​ដូច្នេះ នៅពេល​ដែល​លោក​ធ្វើជា​អ្នកគ្រប់គ្រង​សាខា​ក្រុមហ៊ុន​អារេវ៉ា​បារាំង​ដូច្នេះ អាច​មានន័យថា ការចរចា​​កន្លងមក​នោះ បាន​ផ្តល់ជា​ប្រយោជន៍​ដល់លោក​អាកូតី ជាជនជាតិ​នីហ្សេនេះ​ហើយ។

ងាកទៅ​មើលអ្នកអន្តរការី​​ទីពីរ​វិញម្តង។ អ្នក​ទី​ពីរនេះ គឺលោក អាម៉ាបា អាក់ប៊ីប៊ី មកពី​ប្រទេស​ម៉ាលី ហើយ​ក៏មាន​ការ​ពាក់ព័ន្ធ​ក្នុងរឿងចរចា​ចំណាប់ខ្មាំង​បារាំង​ពីដំបូង​ទីដែរ។ យោងតាម​សារព័ត៌មាន​​ Libération បារាំង កាលពី​ឆ្នាំ​២០១០ ក្រោមការ​អនុញ្ញាត​របស់​រដ្ឋអំណាច​ប្រទេស​ម៉ាលី​ លោក អាក់ប៊ីប៊ី បាន​ទាក់ទង​ជាមួយ​ អ៊ីយ៉ាដ អាក់ហ្កាលី ជា​មេ​ក្រុមភេរវជន​​អ៊ីស្លាម​ អាន់សារ អេដឌីន ដែល​លឺថា​បាន​ទទួល​អភ័យឯកសិទ្ធិ​ជាថ្នូរ​ដោះលែង​ចំណាប់ខ្មាំង​បារាំង​នេះ។ លោក អាក់ប៊ីប៊ី អ្នកអន្តរការី​​​ទីពីរ​ក្នុង​រឿងចំណាប់ខ្មាំង​បារាំង​នេះ​ បានជួយ​អោយ​​​ជនជាតិ​នីហ្សេ​ លោក ម៉ូហាមេដ អាកូតី ដែល​ជា​អ្នកអន្តរការី​​ទីមួយនោះ​បាន​ជួបពិភាក្សា​​ជាមួយ​មេភេរវជន​ អ៊ីយ៉ាដ អាក់ហ្កាលី នេះ។ ប្រសិន​បើ​មេភេរវជន​អ៊ីស្លាម អាក់ហ្កាលី ​គ្មាន​ចំណាប់ខ្មាំង​បារាំង​​ក្នុងដៃ​​នោះ​ទេ ក៏​មេភេរវជនមួយ​​នេះ​អាច​ទាក់ទង​ក្រុមភេរវជន​ដែល​មានចំណាប់ខ្មាំង​បារាំង​ក្នុងដៃ​នោះបានដែរ។ ហើយ​ការចរចា​អោយមានការដោះលែង​នោះ គឺ​អាចសំរេច​ឡើងតាម​រយៈ​ការ​យល់ព្រម​អោយ​មេភេរវជន​នេះ បាន​ទទួល​អភ័យ​ឯកសិទ្ធិ​ រួច​ផុត​​ពី​ទោសភេរវកម្ម ហើយ​បក្សពួក​ភេរវជន​របស់​ខ្លួន​ក៏ទទួលបាន​ប្រយោជន៍​រួចផុត​ពី​សំណាញ់ច្បាប់​ផងដែរ។

ងាកមើល​ផ្នែកការទូត​វិញម្តង ប្រធានាធិបតី​បារាំង​បាន​​អរគុណ​ប្រធានាធិបតី​នីហ្សេ​ដែល​បាន​ប្រឹងប្រែង​គ្រប់បែបយ៉ាង​ដើម្បី​អោយពលរដ្ឋ​បារាំង​ទាំងនោះ​រួច​ខ្លួន​មកវិញ។ មានន័យ​ថា បារាំង​ប្រហែល​ជា​នៅតែ​បន្ត​ទំនាក់ទំនង​​ជិតដិត​ផ្នែក​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ជាមួយ​នីហ្សេ​​តទៅទៀត។ នេះ​​ជាប្រយោជន៍​មួយ​ធំធេង​សំរាប់​​ប្រទេស​នីហ្សេ​។

និយាយ​​រួម​ទៅ ថ្វីបើ​រដ្ឋបារាំង​​ប្រកាស​ថា ខ្លួន​មិន​ចេញ​ប្រាក់កាស​អ្វី​ជាថ្នូរ​នឹង​ការ​ដោះលែង​​ពលរដ្ឋ​ខ្លួន​មែន ប៉ុន្តែបើ​​​​មើល​ទៅ​ប្រទេស​នីហ្សេ​នៅអាហ្វ្រិក​វិញ ទាំងអ្នកអន្តរការី​នៃការ​ចរចា​​សំណុំរឿងនេះ ទាំងផ្នែកសេដ្ឋកិច្ច​ជាតិ សុទ្ធ​តែ​បាន​ទទួល​ប្រយោជន៍​ទាំងអស់ ដោយសារ​តែ​បាន​ចូលរួមសង្គ្រោះ​អាយុជីវិត​ចំណាប់ខ្មាំង​បារាំង។ ​ភាពសៅហ្មង​​គឺ​នៅត្រង់​ថា ជាថ្នូរ​នឹងការដោះលែង អាជ្ញាធរ​អាហ្វ្រិក​បាន​សំរេច​អោយ​មេភេរវជន​អ៊ីស្លាម​ មាន​សេរីភាព​រួច​ផុតពី​សំណាញ់ច្បាប់​ នេះ​​ជាគ្រោះថ្នាក់មួយ​ធំសំរាប់សុវត្ថិភាព​សន្តិសុខ​​នៅ​អាហ្វ្រិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ