អានតួអត្ថបទ
កាតា-អាហ្វហ្កានីស្ថាន

លោក​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​ទៅ​ប្រទេស​កាតា​ដើម្បី​ចរចា​ជាមួយ​ពួកឧទ្ទាម​តាលីបង់

លោក​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​ Hamid Karzai បាន​ទៅ​ដល់​ទីក្រុង​ដូហា ប្រទេស​កាតា។ នៅ​ទីក្រុង​ដូហា លោក Hamid Karzai ជជែក​ពី​គម្រោង​បើក​ការិយាល័យ​នៃ​ក្រុម​តំណាង​របស់​ពួក​ឧទ្ទាម​តាលីបង់។ គោលដៅ​គឺ​ដើម្បី​ទុក​សម្រាប់​រៀបចំ​កិច្ចចរចា​សន្តិភាព​ជា​យថាហេតុ​រវាង​រដ្ឋាភិបាល និង​ពួក​ឧទ្ទាម។ គួរ​ជម្រាប​ជូន​ថា មក​ដល់​ពេល​នេះ រូប​លោក Hamid Karzai ក៏​ដូច​ជា​ក្រុម​ឧទ្ទាម​តាលីបង់​ដែរ បាន​បដិសេធ​មិន​អង្គុយ​ចរចា​ជាមួយ​គ្នា​ទេ។

លោក Hamid Karzaï ប្រធានាធិបតីអាហ្វហ្កានីស្ថាន
លោក Hamid Karzaï ប្រធានាធិបតីអាហ្វហ្កានីស្ថាន REUTERS/Mohammad Ismail
ផ្សាយពាណិជ្ជកម្ម

តាម​ពិត​ទៅ គម្រោង​នៃ​ការ​បង្កើត​ឲ្យ​មាន​ការិយាល័យ​របស់​អ្នក​តំណាង​ពួក​ឧទ្ទាម​តាលីបង់​ពេល​នេះ គឺ​ក្នុង​គោលដៅ​ជួយ​សម្រួល​នៅ​ក្នុង​កិច្ចចរចា​សន្តិភាព​រវាង​ក្រុមឧទ្ទាម និង​សហគមន៍​អន្តរជាតិ នៅ​ក្រោយ​ឆ្នំា ២០១៤។ គឺ​នៅ​ដំណាច់​ឆ្នំា ២០១៤ ខាង​មុខ​នោះ​ឯង ដែល​កម្លំាង​ទ័ព​អូតង់​នឹង​ត្រូវ​ដក​ចេញ​ទំាង​អស់​ពី​ទឹកដី​អាហ្វហ្កានីស្ថាន។ ហើយ​ដើម្បី​ជៀសវាង​កុំ​ឲ្យ​កើត​មាន​សង្គ្រាម​ស៊ីវិល​នៅ​ក្រោយ​ការ​ចាកចេញ​របស់​កម្លំាង​បរទេស​នោះ មាន​អ្នក​ទទួល​ខុសត្រូវ​របស់​លោក​ខាងលិច​ជា​ច្រើន​រូប​បាន​ទាមទារ​អស់​ជា​ច្រើន​ឆ្នំា​កន្លង​មក ឲ្យ​ដាក់​បញ្ចូល​ពួក​ឧទ្ទាម​តាលីបង់​នៅ​ក្នុង​គ្រប់​កិច្ចចរចា​សន្តិភាព។

សូម​ជម្រាប​ជូន​ថា ពី​ដំបូង​ឡើយ លោក​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​ Hamid Karzai បាន​ប្រឆំាង​យ៉ាង​ដាច់​អហង្ការ​​ចំពោះ​ការ​បង្កើត​ឲ្យ​មាន​ការិយាយ​របស់​ក្រុម​ឧទ្ទាម​តាលីបង់​នៅ​ក្នុង​ទីក្រុង​ដូហា ប្រទេស​កាតា។ តែ​នៅ​ទីបំផុត លោក​បាន​ប្តូរ​ចិត្ត​គំនិត និង​ថែម​ទំាង​បាន​ចូល​រួម​ដោយ​ផ្ទាល់​នៅ​ក្នុង​សំណុំរឿង​នេះ​ទៀត​ផង។ តែ​យ៉ាង​ណា​ក៏​ដោយ អ្វីៗ​នៅ​មិន​អាច​បញ្ជាក់​ពី​ជោគជ័យ​ជា​មុន​បាន​ទេ ព្រោះ​ថា​មក​ដល់​ពេល​នេះ រូប​លោក Hamid Karzai ក៏​ដូច​ជា​ក្រុម​ឧទ្ទាម​តាលីបង់​ដែរ បាន​បដិសេធ​មិន​ព្រម​អង្គុយ​ចរចា​ជាមួយ​គ្នា​ទេ។

តំាង​តែ​ពី​ដំបូង​ម្ល៉េះ ក្រុម​ឧទ្ទាម​តាលីបង់​តែងតែ​បាន​ចាត់​ទុក​រូប​ប្រមុខរដ្ឋ​អាហ្វហ្កានីស្ថាន Hamid Karzai ថា​ជា​អាយ៉ង​របស់​អាមេរិកំាង​ដែល​ពួក​គេ​មិន​ត្រូវ​ជ្រលក់​មាត់​រក​ទេ។ ចំណែក​នៅ​ខាង​រដ្ឋាភិបាល​ទីក្រុង​កាប៊ូល​វិញ កិច្ចចរចា​សន្តិភាព​នឹង​អាច​ចាប់​ផ្តើម​បាន លុះត្រា​ណា​តែ​ពួកឧទ្ទាម​បញ្ឈប់​ទំនាក់ទំនង​ជា​មួយ​អង្គការ​ភេរវនិយម​អាល់កៃដា​ជាមុន​សិន។

កាល​ពី ១ឆ្នំា​មុន​នៅ​ក្នុង​ទីក្រុង​ដូហា ប្រទេស​កាតា​ដែរ ពួក​ឧទ្ទាម​ធ្លាប់​បាន​ដើរ​ចេញ​ពី​តុចរចា​លើក​ដំបូង​ជាមួយ​ភាគី​អាមេរិកំាង​រួច​ហើយ។ តែ​ប្រសិន​បើ​មាន​កិច្ចចរចា​សន្តិភាព​ជាមួយ​សហគមន៍​អន្តរជាតិ​នៅ​ថ្ងៃ​ខាង​មុខ គេ​នៅ​មិន​ដឹង​ថា អ្វី​ទៅ​ជា​កាយវិការ​របស់​ពួក​ឧទ្ទាម​នោះ។ អ្វី​ដែល​គេ​ដឹង ប្រសិន​បើ​ភាគី​ពាក់ព័ន្ធ​នីមួយៗ​នៅ​តែ​បន្ត​ដាក់​លក្ខខណ្ឌ​ឲ្យ​គ្នា​ទៅ​វិញ ទៅ​មក​នោះ វា​មិន​ខុស​អ្វី​ពី​ការ​ចរចា​រវាង​មនុស្ស គ និង​មនុស្ស​ថ្លង់​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ