អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាយុជីវិត​កុមារ​ប៉ាឡេស្ទីន​ក្លាយជា​ផ្ទាំងស៊ីប​នៃ​ល្បែង​គ្រាប់បែក​ ​គ្រាប់​កាំភ្លើង​របស់​កងទ័ព​អ៊ីស្រាអែល​

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាំង​ពី​ថ្ងៃ​៨កក្កដា​មក ​ប្រតិបត្តិការ​​កងទ័ព​អ៊ីស្រាអែលប្រឆាំង​​​ក្រុម​ហាម៉ាស នៅ​តំបន់​ហ្កាហ្សា​​ បាន​សម្លាប់​​ប្រជាជន​ប៉ាឡេស្ទីន​​រាប់រយ​នាក់ ​ក្នុង​នោះ​​មាន​កុមារ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ស្លាប់ និង​រងរបួស។ ​​​រហូត​ទល់ពេល​នេះ ​មានកុមារ​៨០នាក់​​ ​មាន​ទាំង​ទារក​អាយុ​៣ខែ​ផងដែរ ដែល​​​​ស្លាប់​ក្នុង​ថ្លុកឈាម​​នៃ​អំពើហិង្សា។ ​ស្ថានភាព​តានតឹង​នៅ​ហ្កាហ្សា​ពេលនេះ មិនអាច​អោយ​កត់ត្រា​តួលេខ​​នេះ​ជា​ផ្លូវការ​​នៅឡើយ​​ទេ។ សហភាព​អឺរ៉ុប​បាន​សុំអោយ​មាន​ការ​ស៊ើបអង្កេត​លើ​មរណភាព​​កុមារ​ប៉ាឡេស្ទីន។ អ៊ីស្រាអែល​​​​ទទួលស្គាល់​​កំហុស​នៃ​​ប្រតិបត្តិការ​​យោធា​​ ថា​ពិត​ជា​បាន​​សម្លាប់​ជន​ស៊ីវិល​ប៉ាឡេស្ទីន ​តែ​អ៊ីស្រាអែល​មិនបាន​បង្អង់​ដៃ​នឹង​បាញ់ប្រហារ​​​នៅ​ហ្កាហ្សា​ទេ។

ឳពុក​ម្តាយ​របស់​​កុមារ​តូចៗ​ទាំង៤នាក់​ដែល​កំពុង​ទ្រហោរ​យំ​នេះ ត្រូវបាន​ស្លាប់​ដោយ​ការ​វាយប្រហារ​​របស់​កងទ័ពអ៊ីស្រាអែល។
ឳពុក​ម្តាយ​របស់​​កុមារ​តូចៗ​ទាំង៤នាក់​ដែល​កំពុង​ទ្រហោរ​យំ​នេះ ត្រូវបាន​ស្លាប់​ដោយ​ការ​វាយប្រហារ​​របស់​កងទ័ពអ៊ីស្រាអែល។ REUTERS/Mohammed Salem
ផ្សាយពាណិជ្ជកម្ម

ទិសដៅ​នៃ​ប្រតិបត្តិការ​យោធា​អ៊ីស្រាអែល​នៅ​ហ្កាហ្សា​​​​​ គឺ​កំចាត់​ក្រុម​ហាម៉ាស តែ​​គឺ​ប្រជាជន​​​​​ប៉ាឡេស្ទីន​ ពិសេស​គឺ​កុមារ​ប៉ាឡេស្ទីន​ទៅវិញ​ទេ ដែល​រងគ្រោះ​ក្នុង​ថ្លុកឈាមនៃ​អំពើ​ហិង្សា​ ពិសេស​កុមារ​អាយុ​​ខ្ទង់១២ឆ្នាំ។ យោងតាម​​អង្គការ​ការពារ​កុមារ ​War Child និង ​Defense for Children ​ចំនួន​កុមារ​ប៉ាឡេស្ទីន​​ ដែល​ស្លាប់​​ក្នុង​ការ​ប្រយុទ្ធ​រវាង​កងទ័ព​អ៊ីស្រាអែល ​​និង​ក្រុម​ហាម៉ាស ​មាន​ច្រើន​លើស​ពី​ចំនួន​សកម្មជន​ប្រយុទ្ធ​ប៉ាឡេស្ទីន​​​​ទៅទៀត។ សូមបញ្ជាក់​ថា ប្រជាជន​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សា ​មាន​១លាន៨សែននាក់ ក្នុងនោះ​​កុមារ​មាន​ចំនួន​ដល់​ទៅ​ពាក់​កណ្តាល។​ ​​

រយៈ​​ពេល​ចុងក្រោយ​នេះ ​​​​គិត​មិន​ដល់​៥ឆ្នាំ​ផង អ៊ីស្រាអែលបាន​ប្រើ​ទ័ព​កំចាត់​ក្រុម​ហាម៉ាស​​​នៅ​ហ្កាហ្សា​​​៣ដង​ទៅហើយ លើក​ទី​៣គឺ​ចាប់​ពី​ថ្ងៃ​៨កក្កដា​កន្លង​មក​ ​ពេល​​កងទ័ព​អ៊ីស្រាអែល​បើក​ប្រតិបត្តិការ​ផ្លូវ​អាកាស ហើយ​ពេលនេះ ​​បន្ត​រហូត​ដល់​ផ្លូវគោក​​​ទៀត បើ​ទោះ​ជា​​​​​ត្រូវ​​សម្លាប់​​ប្រជាជន​ប៉ាឡេស្ទីន​​​​ ពង្រាត់​​ក្រុមគ្រួសារ​ អោយ​​​ព្រាត់ប្រាស​គ្នា​យ៉ាងណា​​ក៏ដោយ។ ​ ដោយសារ​ការ​វាយប្រហារ​របស់​ទ័ព​អ៊ីស្រាអែល​ផ្ទួនៗគ្នា​ច្រើន​លើក​មកនេះ ​កុមារ​​ប៉ាឡេស្ទីន​​នៅ​ហ្កាហ្សាជំនាន់​​​បច្ចុប្បន្ន​ ​មិនដែល​ស្គាល់​​ឡើយ​ នូវ​អ្វី​ដែល​​​ហៅថា ​ភាព​សប្បាយ​រីករាយ​ក្នុង​នាម​​​ជា​កុមារ​​ មិន​ស្គាល់ឡើយ​​ភាព​សប្បាយ​​​​ជួបជុំ​គ្រួសារ​។ អ្វីដែល​ពួកគេ​ស្គាល់​​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ គឺ​សង្គ្រាម ​អំពើហិង្សា និង​ថ្លុកឈាម។

ប្រតិបត្តិការ​យោធា​អ៊ីស្រាអែល​​​នៅ​ហ្កាហ្សា​ ធ្វើឡើងតាំង​ពី​ថ្ងៃ​៨កក្កដា ​​​ចំពេល​បុណ្យ​សាសនា​រ៉ាម៉ាដង់​ ជាបុណ្យ​​តំរូវ​អោយ​ប្រជាជន​អារ៉ាប់​ប៉ាឡេស្ទីន​​​ តម​អាហារ​​ពេលថ្ងៃ និងបរិភោគ​បាន​តែ​ពេល​ថ្ងៃ​លិចបាត់។​ ​តែក្រពះ​ប្រជាជន​ប៉ាឡេស្ទីន​​​ក្រៀមស្វិត​​ ​ឳពុក​ម្តាយអារ៉ាប់​គ្រប់រូប​​ ​​មានតែ​ទឹកភ្នែក ភាព​ខ្លោចផ្សា​ក្នុង​​ដើមទ្រូង ​​ព្រោះតែ​​ឈាម​កុមារ​ប៉ាឡេស្ទីនហូរ​ឥតឈប់ ក្នុង​​​​​គ្រាប់​កាំភ្លើង​កងទ័ព​អ៊ីស្រាអែល។​ ​កុមារ​ប៉ាឡេស្ទីន​​ចាប់កំណើត ​​​បើកភ្នែក​មក ក៏​ឃើញ​តែ​អំពើហិង្សា​​​​​នៅ​ចំពោះ​មុខ។ បើកភ្នែកមក​ ក៏​ត្រូវរត់​គេចគ្រាប់​បែក គ្រាប់​កាំភ្លើង​​ មិន​ដែល​​បាន​​​​ដេកពួន ​រត់លេងសុខ​​​​​​ស្រួល​​ឡើយ។ ជាក់ស្តែង ​​​​ថ្ងៃ​ពុធ​សប្តាហ៍​មុន អ្នកសារព័ត៌មាន​​បាន​ឃើញ​ផ្ទាល់ភ្នែក​​​នូវ​ការ​ស្លាប់​​​របស់​​​ក្មេងប្រុស​​តូចៗ​២នាក់ ​អាយុ​៩ឆ្នាំ និង​១១ឆ្នាំ ​កំពុងរត់​​លេង​នៅ​​ឆ្នេរសមុទ្រ តែ​បែរ​ជា​ត្រូវ​​ស្លាប់ក្រោម​​​​គ្រាប់កាំភ្លើង​ធំ​អ៊ីស្រាអែលទៅវិញ។ កុមារ​ផ្សេងទៀត​ដែល​លេងជាមួយ​គ្នា ដែល​​រួចផុត​ពី​ការ​ស្លាប់​នេះ ​​​ភ័យ​ញ័រដៃញ័រជើង ​និង​បា​នស្រែក​ ហើយ​រត់​​ទៅជ្រក​អាយុជីវិត​ក្នុង​​​សណ្ឋាគារ​មួយ​កន្លែង។ ​​​

ពិនិត្យ​អោយ​ដិតដល់ ​ភ័យញ័រ​ដល់​ថ្នាក់នេះ ស​បញ្ជាក់ថា ​​ក្មេងៗ​ប៉ាឡេស្ទីន​​​មិនត្រឹម​រងការ​ប៉ះទង្គិច​​ផ្លូវកាយ​ទេ គឺ​​ផ្លូវចិត្ត​វិញ ក៏​​​​រងគ្រោះ​ធ្ងន់ធ្ងរ​ណាស់ដែរ។ កុមារ​ទាំងនេះ ប្រហែល​មិន​អាច​​កសាង​ផ្លូវចិត្ត​អោយ​ផុត​ពី​តថភាពហិង្សា​​ដែល​កើត​ជាប្រចាំ​​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​​​​​ទេ។ ​​​​យោងតាម​អង្គការ​យូនីសេហ្វ ​មុន​មានអំពើ​ហិង្សា​ពេលនេះ គ្រាន់តែ​​​កុមារ​នៅហ្កាហ្សា​​ ត្រូវការ​ជំនួយ​​ប្រឹក្សា​ផ្លូវចិត្ត មា​នដល់​​៦ម៉ឺននាក់​​។ ឥឡូវនេះ ​​ចំនួន​នេះ​នឹង​កើនឡើង​​ច្រើន​ទៀត ដោយសារ​តែ​​ការប្រយុទ្ធ​រវាង​យោធា​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស​បច្ចុប្បន្ន។ ​

ទាក់ទង​នឹង​​ការប៉ះទង្គិច​ផ្លូវកាយ​និង​ផ្លូវ​ចិត្ត​នេះដែរ ​វេបសៃត៍ប្រឆាំង​ទណ្ឌកម្ម​លើ​​កុមារ​ប៉ាឡេស្ទីន​មួយ stoptorutreenfantspalestiniens.wesign.it បាន​បរិហារ​កងទ័ព​អ៊ីស្រាអែល​ថា ​ពង្រាត់​កុមារ​​ប៉ាឡេស្ទីន​ពី​ក្រុមគ្រួសារ ថា​អ៊ីស្រាអែល​​បាន​ចាប់​កុមារ​ប៉ាឡេស្ទីន​យក​ទៅ​ធ្វើបាប ​វាយដំ​ និង​បំពាន​​ផ្លូវភេទ។ មូលហេតុ​គឺ​ ​ដោយសារ​​ក្មេងៗ​ទាំងនោះ​បាន​គប់ដុំ​ថ្ម លើ​រថក្រោះ​​អ៊ីស្រាអែល ពេល​រថក្រោះ​កំពុង​ឈូស​ផ្ទះ​ប្រជាជន។ ​​យោងតាម​វេបសៃត៍​ដដែល ​​​ជួនកាល ​​តុលាការ​យោធា​អ៊ីស្រាអែល​ថែមទាំង​​​ដាក់ទោសបំពាន​ច្បាប់​ លើ​​​កុមារ​ប៉ាឡេស្ទីន​ ​អាយុ​១២ឆ្នាំ​ឡើងទៅ អោយជាប់​ពន្ធនាគារ​ទៀតផង។ ​ហើយ​បើ​ឳពុកម្តាយ​ពួកគេ​ចង់​បាន​ពួកគេ​មកវិញ ត្រូវតែ​បង់ពិន័យ​អោយ​អ៊ីស្រាអែល។ ​វេបសៃត៍​ការពារ​កុមារ​នោះ បាន​សរសេរ​ទៀតថា ​អង្គការ​អន្តរជាតិ​ជាច្រើន​ក៏បាន​​​កត់សម្គាល់​ពី​​ទង្វើបំពាន​​របស់​អ៊ីស្រាអែលបែបនេះ​ដែរ។ ​ ​​

និយាយ​រួមមកវិញ ​​អ៊ីស្រាអែល​អួតថា ចង់បាន​សន្តិភាព​​ជាមួយ​ប៉ាឡេស្ទីន តើ​សន្តិភាព​នោះ​​អាច​កើតឡើង​ម្តេចទៅ បើ​អ៊ីស្រាអែល​គិតតែ​ពី​បន្ត​ការ​ប្រយុទ្ធ សម្លាប់​មនុស្ស​បែបនេះ?
បើ​កុមារ​ប៉ាឡេស្ទីន​កើតមក ឃើញតែ​​​ហិង្សា​ចំពោះ​មុខ ឃើញតែ​​គ្រាប់​​កាំភ្លើង​​ជនជាតិ​ហ្ស៊ីហ្វ​ធ្លាក់​ក្បែរ​ជើង តើ​​​កុមារ​តូចៗ​​អាច​មាន​គំនិត​សន្តិភាព​ក្នុង​ខួរក្បាល​​ម្តេច​បាន? នៅ​ចំពោះ​មុខ​មរណភាព​កុមារ​តូចៗ ដែល​សូម្បី​តែទារក​អាយុ​៣ខែ​ក៏​​រង​ការវាយប្រហារ​​របស់​អ៊ីស្រាអែល​ដែរនោះ តើ​អ៊ីស្រាអែល​​ចង់​សម្លាប់​ជនជាតិ​ប៉ាឡេស្ទីន​ផ្តាច់ពូជ​រឺ​យ៉ាងណា?

អ៊ីស្រាអែល​​ក៏​​ដឹងច្បាស់​​ដែរ​​ថា កំចាត់​ក្រុម​ហាម៉ាស គឺ​ដូច​ជា​​បាញ់​​សម្លាប់​ប្រជាជន​នៅ​ហ្កាហ្សា​ដូច្នោះ​ដែរ។ ​ជីវិត​​​ក្មេងៗ​ប៉ាឡេស្ទីន​ ​អាច​មាន​​តម្លៃ​ស្មើ​​​ជីវិត​ក្មេងៗ​អ៊ីស្រាអែល​ទេ? កន្លងទៅ​ថ្មីៗ​នេះ ក្រោយ​ពេល​​​​​​ក្មេងជំទង់​អ៊ីស្រាអែល​​៣រូប ​​ត្រូវគេ​ចាប់ខ្លួន​​និង​ត្រូវ​គេ​ធ្វើឃាត​​ គេ​នៅចាំ​បានថា ​អ៊ីស្រាអែល​ក៏​ប្រតិបត្តិការ​​ ​កំទេច​ក្រុម​ហាម៉ាស​​​​​ភ្លាមៗ​ទៅហើយ ​​ដោយ​ហាក់​មិន​គិត​ពី​ផលវិបាក​នៃ​សង្គ្រាម​ប្រឆាំង​ក្រុម​ហាម៉ាស​សោះ។ ​​​តែ​ពេល​នេះ ​ក្មេង​ប៉ាឡេស្ទីន​ស្លាប់​សន្ធឹក​សន្ធាប់​ ហេតុអ្វី​គ្មាន​​មេដឹកនាំ​អ៊ីស្រាអែល​ណា​​ ចេញ​បញ្ជា​ផ្អាក​ប្រតិបត្តិការ​យោធាទៅវិញ? អ៊ីស្រាអែល​ហាក់​បំពាន​​ច្បាប់​សង្គ្រាម បំពាន​សិទ្ធិមនុស្ស បំពាន​សិទ្ធិកុមារ ​តែ​សហគមន៍​អន្តរជាតិ​គ្មាន​ឥទ្ធិពល​អ្វី​ទប់ស្កាត់​សោះ តើ​​​មាន​​​យុត្តិធម៌​អ្វី​ចំពោះ​កុមារ​ប៉ាឡេស្ទីន​?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ