ជនបរទេសទៅលេងកូរ៉េខាងជើងអាចរក្សាទុកទូរស័ព្ទដៃជាប់នឹងខ្លួន
ជនបរទេសទំាងឡាយណាដែលចង់ទៅលេងនៅកូរ៉េខាងជើង ចាប់ពីអំណើះតទៅអាចរក្សាទុកទូរស័ព្ទដៃរបស់គេនៅនឹងខ្លួនបាន លុះត្រាណាតែពួកគេសុខចិត្តទុកលេខម៉ាស៊ីនទូរស័ព្ទរបស់ពួកគេឲ្យដល់អាជ្ញាធរកូរ៉េខាងជើងនេះជាការជូនដំណឹងរបស់ទីភ្នាក់ងារព័ត៌មានផ្លូវការចិនថ្មីកាលពីថ្ងៃអាទិត្យម្សិលមិញ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៤៣
វិធានការនេះ បានចូលជាធរមានចាប់តាំងពីថ្ងៃទី៧មករាមកម៉្លេះ-នេះបើយោងតាមអ្នកបច្ចេកទេសអេហ្ស៊ីបម្នាក់នៃក្រុមហ៊ុន Koryolink ដែលជាក្រុមហ៊ុនរួមគ្នារវាងក្រុមហ៊ុនអេហ្ស៊ីបនិងក្រុមហ៊ុនកូរ៉េខាងជើងដែលធ្វើអាជីវកម្មលើបណ្តាញទូរស័ព្ទ3G នៅកូរ៉េខាងជើង។
ជនបរទេស ចាប់ពីអំណើះទៅ អាចបំពេញក្រដាសស្នាមមួយដែលត្រូវប្រាប់ពីលេខម៉ាស៊ីន ទូរស័ព្ទដៃរបស់ពួកគេ (IMEI International Mobile Equipment Identity) ជាមុនសិន ទើបអាចរក្សាទុកទូរស័ព្ទដៃជាប់នឹងខ្លួនបាន។
គួររំលឹកថា កាលពីលើកមុនជនបរទេសត្រូវទុកជាដាច់ខាតទូរស័ព្ទដៃរបស់ពួកគេនៅត្រង់កន្លែងគយកូរ៉េខាងជើងរហូតដល់ពេលចាកចេញពីប្រទេសទើបគេអាចមកយកបានវិញ។
“វិធានការថ្មីរបស់កូរ៉េខាងជើងនេះ ពុំមានជាប់ទាក់ទងអ្វីទៅនឹងដំណើរទស្សនកិច្ចរបស់ចៅហ្វាយនាយនៃក្រុមហ៊ុនGoogleឡើយ" តែគឺដោយសារការប្រឹងប្រែងចរចាយ៉ាងស្វិតស្វាញរបស់ក្រុមហ៊ុនអេហ្ស៊ីបតែប៉ុណ្ណោះ-នេះជាការអះអាងរបស់អ្នកបច្ចេកទេសនៃក្រុមហ៊ុនអេហ្ស៊ីប។
គួររំលឹកថា ចៅហ្វាយនាយនៃក្រុមហ៊ុន Google Eric Schmidt បានមកបំពេញទស្សនកិច្ចនៅទីក្រុង ព្យុងយ៉ាង តាំងពីដើមខែមករានិងបានអំពាវនាវកូរ៉េខាងជើង ឲ្យឈប់បង្ខំខ្លួនឲ្យនៅឯកោតទៅទៀតដោយធ្វើការអនុញ្ញាតឲ្យប្រជាជនខ្លួនអាចប្រើប្រាស់អ៊ីនធ័រណែតដែរ។ តាំងពីវ័យក្មេងម្ល៉េះ ប្រជាជនកូរ៉េខាងជើងរស់នៅឯកឯងស្ទើរតែដាច់ដោយឡែកពីគេនៅក្នុងពិភពលោកនិងក៏ពុំដែលបានដឹងព័ត៌មានក្រៅផ្លូវការអ្វីឡើយពីព្រោះ បើប្រជាជនណាមួយហ៊ានធ្វើខុសលើការហាមប្រាមរបស់អាជ្ញាធរ នោះអាជ្ញាធរកូររ៉េខាងជើងនឹងដាក់ទោសដល់ពួកគេយ៉ាងធ្ងន់ធ្ងរ។
ដោយពិតទៅ អឺនធ័រនែតនៅកូរ៉េខាងជើង គឺគ្រាន់តែជា intranet សំរាប់ប្រើប្រាស់តែនៅក្នុងប្រទេសប៉ុណ្ណោះនិងក៏ទុកសម្រាប់តែក្រុមបញ្ញាវ័ន្តកូរ៉េខាងជើងប្រមាណតែ ២០០ឬ៣០០នាក់ ឬ ក៏ប្រហែលជា១០០០នាក់ប៉ុណ្ណោះ-នេះបើយោងតាមការយល់ឃើញរបស់អ្នកជំនាញការបរទេស។
មិនតែប៉ុណ្ណោះ ជនបរទេសក៏ប្រហែលជានឹងអាចប្រើប្រាស់ប្រព័ន្ធអ៊ីនធ័រនែតបានតាមទូរស័ព្ទដៃដែរ-នេះជាការបញ្ជាក់បន្ថែមរបស់សារព័ត៌មានចិនថ្មី។
ដោយឡែក ប្រព័ន្ធទូរស័ព្ទថ្មីធុន 3G នៅក្នុងកូរ៉េខាងជើង បានអះអាងថា ប្រជាជនកូរ៉េខាងជើងដែលជាអ្នកប្រើប្រាស់ប្រព័ន្ធទូរស័ព្ទថ្មីនេះ មាន១លាន៨សែននាក់ តែពួកគេពុំអាចហៅចេញក្រៅស្រុកឬ ក៏ប្រើអ៊ីនធ័រនែតបានទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ