អានតួអត្ថបទ
អឺរ៉ុប-ស៊ីរី

សហភាព​អឺរ៉ុប​លុបចោល​បម្រាម​នាំ​គ្រឿងសព្វាវុធ​ទៅឲ្យ​ក្រុមឧទ្ទាម​ស៊ីរី

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហភាព​អឺរ៉ុប បាន​សម្រេច កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​ថា​នឹង​មិន​បន្ត​ការ​ហាមឃាត់​ការ​នាំគ្រឿង​សព្វាវុធ​ទៅ​ឲ្យ​ក្រុម​ឧទ្ទាម​ស៊ីរី​ទៀត​ហើយ នៅ​ក្រោយ​ពេល​ដែល​បម្រាមនេះ​ត្រូវ​ផុតសុពលភាព នៅ​ថ្ងៃសៅរ៍​ខាងមុខនេះ។ ការសម្រេច​នេះ​មានន័យថា ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​នឹង​អាច​នឹង​បញ្ជូន​គ្រឿង​សព្វាវុធ​ទៅ​ឲ្យ​ក្រុម​ឧទ្ទាម​ស៊ីរី​បាន។

​កងកម្លាំង​ឧទ្ទាមស៊ីរី​ទាមទារ​ជារឿយៗ​​ឲ្យ​លោកខាងលិច​ជួយ​ផ្តល់​គ្រឿងសព្វាវុធ​ដល់​ពួកគេ ដើម្បី​ទប់ទល់​នឹង​ទាហាន​រដ្ឋាភិបាល​របស់​លោក​អាសាដ
​កងកម្លាំង​ឧទ្ទាមស៊ីរី​ទាមទារ​ជារឿយៗ​​ឲ្យ​លោកខាងលិច​ជួយ​ផ្តល់​គ្រឿងសព្វាវុធ​ដល់​ពួកគេ ដើម្បី​ទប់ទល់​នឹង​ទាហាន​រដ្ឋាភិបាល​របស់​លោក​អាសាដ REUTERS/Goran Tomasevic
ផ្សាយពាណិជ្ជកម្ម

ចាប់ពីថ្ងៃសៅរ៍ ទី៣១ ឧសភា​ខាងមុខនេះ​ទៅ សហភាព​អឺរ៉ុប​លែង​ហាមឃាត់​​ប្រទេស​ជា​សមាជិក​របស់​ខ្លួន ក្នុងការ​បញ្ជូន​គ្រឿង​សព្វាវុធ​ទៅ​ឲ្យ​ក្រុម​ឧទ្ទាម​នៅ​ស៊ីរី​ទៀត​ហើយ ក៏ប៉ុន្តែ ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​របស់​លោក​បាស្ហា អាល់អាសាដ នឹង​នៅ​តែ​បន្ត​ដាក់​ដដែល។ ការ​សម្រេច ដែល​ធ្វើឡើង ក្រោយ​ពី​ការ​ជជែកគ្នា​តឹងសសៃ ក អស់រយៈពេល ១២ម៉ោង កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ រវាង​រដ្ឋមន្រ្តី​ការបរទេស​នៃ​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប។

ប្រទេស​មួយចំនួន រួមមាន បារាំង និង​អង់គ្លេស គឺ​ជា​អ្នក​ទាមទារ​ឲ្យ​ដក​ទណ្ឌកម្ម​លើ​ក្រុមឧទ្ទាមស៊ីរីនេះ។ ចំណែក​ប្រទេស​ផ្សេងទៀត រួមមាន អូទ្រីស ហ្វាំងឡង់ និង​សាធារណរដ្ឋ​ឆែក​ ជាដើម បាន​ជំទាស់។

មន្រ្តី​ជាន់ខ្ពស់​បារាំង​ម្នាក់ ដែល​សុំ​មិនបញ្ចេញ​ឈ្មោះ បាន​ឲ្យដឹង​ថា ការ​ដក​ទណ្ឌកម្ម​ចេញ​ពី​ក្រុម​ឧទ្ទាម​ស៊ីរីនេះ គឺ​ធ្វើឡើង​ត្រឹមតែ​ជាគោលការណ៍​ប៉ុណ្ណោះ ដោយ​មិនមាន​ប្រទេស​ណា សម្រេច​​បញ្ជូន​អាវុធ​ទៅ​ឲ្យ​ក្រុម​ឧទ្ទាម​នោះទេ។ សូម្បី​តែ​អង់គ្លេស និង​បារាំង ដែល​ជា​ប្រទេស​ចេញមុខ​គេ ក្នុងការ​ទាមទារ​ឲ្យ​ដក​ទណ្ឌកម្ម​លើ​ក្រុម​ឧទ្ទាមស៊ីរីនេះ ក៏​មិនមាន​គម្រោង​បញ្ជូន​គ្រឿង​សព្វាវុធ​ទៅ​ឲ្យ​ក្រុម​ឧទ្ទាមស៊ីរី​នៅពេលនេះ​ដែរ។

មែនទែនទៅ រដ្ឋមន្រ្តី​ការបរទេស​អឺរ៉ុប​បាន​ឯកភាព​គ្នា​ថា នៅ​ក្នុង​រយៈពេល​ ២ខែ​ខាងមុខ​នេះ នឹង​មិនមាន​ប្រទេស​ណា​បញ្ជូន​អាវុធ​ទៅ​ឲ្យ​ក្រុម​ឧទ្ទាមស៊ីរី​នោះទេ ដើម្បី​ចៀសវាង​កុំ​ឲ្យ​បង្ក​ជា​ឧបសគ្គ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​តាម​ផ្លូវ​ទូត ក្នុងការ​ស្វែងរក​ដំណោះស្រាយ​វិបត្តិ​ស៊ីរី តាមផ្លូវ​នយោបាយ តាមរយៈ​​សន្និសីទ​អន្តរជាតិ​ក្រុង​ហ្សឺណែវ។ ក៏ប៉ុន្តែ បើទោះជាយ៉ាងនេះ​ក៏ដោយ រុស្ស៊ី ដែល​ជា​សម្ព័ន្ធមិត្ត​របស់​លោក​បាស្ហា អាល់អាសាដ បាន​រិះគន់​ការសម្រេច​របស់​សហភាព​អឺរ៉ុប ក្នុងការ​ដកទណ្ឌកម្ម​លើ​ក្រុមឧទ្ទាមស៊ីរីនេះ ថា វា​ប្រាកដ​ជា​នឹងជះ​ផល​អវិជ្ជមាន ចំពោះ​សន្និសីទ​​អន្តរជាតិ​ក្រុង​ហ្សឺណែវ​ស្តីពី​វិបត្តិ​ស៊ីរី​នេះ​ជា​មិនខាន។

ចំណែក​ពី​ខាង​ក្រុម​ឧទ្ទាមស៊ីរីវិញ ក៏​ហាក់ដូចជា​មិន​មាន​ការ​អរសប្បាយ​ ចំពោះ​សេចក្តីសម្រេច​របស់​សហភាព​អឺរ៉ុបនេះ​ប៉ុន្មាន​ដែរ ដោយ​ពួកគេ​បាន​លើកឡើង​ថា ការ​បញ្ឈប់ការ​ហាមឃាត់​ការ​បញ្ជូន​គ្រឿងសព្វាវុធ​ទៅ​ឲ្យ​ក្រុម​ឧទ្ទាមស៊ីរី ដោយ​សហភាព​អឺរ៉ុប​នេះ ធ្វើឡើង​ដូចជា​​យឺតពេលបន្តិច​ទៅហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ