បំណុលសាធារណៈជប៉ុនកើនដល់៧ ៧៣៤ពាន់លានអឺរ៉ូ
យោងតាមតួលេខចេញផ្សាយដោយក្រសួងហិរញ្ញវត្ថុជប៉ុន នៅថ្ងៃសុក្រនេះ កម្រិតបំណុលសាធារណៈជប៉ុនបានឡើងដល់ជាងមួយលាន ពាន់លានយេន ត្រូវនឹងប្រាក់អឺរ៉ូប្រមាណ ៧ ៧៣៤ពាន់លានអឺរ៉ូ ។ មូលនិធិរូបិយវត្ថុអន្តរជាតិ បានទាមទារអោយអាជ្ញាធរជប៉ុន ធ្វើគំរោងថវិកាដ៏ជាក់លាក់មួយ ដើម្បីកាត់បន្ថយបំណុលដ៏មហាសាលនេះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥១
នៅថ្ងៃសុក្រនេះ យោងតាមក្រសួងហិរញ្ញវត្ថុជប៉ុន បំណុលសាធារណៈជប៉ុនបានកើនឡើងដល់កម្រិតជាងមួយលាន ពាន់លានយេន ដែលត្រូវជា ៧៧៣៤ ពាន់លានប្រាក់អឺរ៉ូ កាលពីចុងខែមិថុនាកន្លងទៅ។ បំណុលសាធារណៈគិតរហូតដល់ចុងខែមិនា មានត្រឹមតែ ៩៩២ ០០០ ពាន់លានយេន ប៉ុណ្ណោះ។
យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ បំណុលជប៉ុនមានកម្រិតត្រូវនឹង២៤៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប។ ខុសពីបណ្តាប្រទេសអឺរ៉ុប ជប៉ុនមិនស្គាល់ថាអ្វីទៅជាវិបត្តិបំណុលនោះឡើយ ព្រោះថាជប៉ុនជាប្រទេសជឿនលឿនសេដ្ឋកិច្ចលំដាប់ទី៣ លើពិភពលោក ហើយបំណុលសាធារណៈជប៉ុនជាង៩០ភាគរយ ស្ថិតនៅក្រោមការកាន់កាប់របស់ប្រជាជនជប៉ុន។ ទោះយ៉ាងនេះក្តី មូលនិធិរូបិយវត្ថុអន្តរជាតិ និងអង្គការអន្តរជាតិនានា បានសុំអោយជប៉ុនស្វែងរកវិធានការដោះស្រាយបំណុលដ៏មហាសាលនេះ អោយបានរហ័ស។
រដ្ឋាភិបាលជប៉ុនទើបតែបានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ ថាមានគំរោងពង្រឹងថវិកាជាតិ តាមរយៈការកាត់បន្ថយចំណាយសាធារណៈអោយបាន ៦២ពាន់លានអឺរ៉ូ ចាប់ពីខែមេសា ឆ្នាំ២០១៤ រហូតដល់ខែមិនា ឆ្នាំ២០១៦។ គិតតាមគំរោងនេះ ជប៉ុនអាចកាត់បន្ថយការចាយវាយប្រមាណជាង៤ភាគរយ ក្នុងមួយឆ្នាំ។ រដ្ឋាភិបាលជប៉ុននឹងកាត់បន្ថយការចាយវាយ រឺក៏ដំឡើងពន្ធបន្ថែម រឺក៏ត្រូវអនុវត្តវិធានការទាំងពីរតែម្តង។ ពន្ធដែលយកពីលើការចាយវាយក្នុងស្រុកសព្វថ្ងៃ មានកម្រិត៥ភាគរយ ហើយនឹងឡើងដល់៨ភាគរយ នៅខែមេសា ឆ្នាំ ២០១៤ និងដល់១០ភាគរយ នៅខែតុលាឆ្នាំ២០១៥។
អ្នកវិភាគនានា គិតថាគំរោងកាត់បន្ថយការចាយវាយសាធារណៈនេះ ប្រហែលជាពិបាក សម្រេចណាស់ ព្រោះថា សព្វថ្ងៃ នាយករដ្ឋមន្ត្រីអភិរក្សនិយម Shinzo Abe បានកំណត់ការបង្កើនសំទុះសេដ្ឋកិច្ចក្នុងស្រុក ជាទិសដៅនយោបាយសេដ្ឋកិច្ចជាតិ។ រដ្ឋាភិបាលលោកអាបេ បានចំណាយថវិការហូតដល់ជាង៤០ពាន់លានអឺរ៉ូ សំរាប់ការងារសាធារណៈ ពីខែមេសា ឆ្នាំ២០១៣ ដល់ខែមិនា ឆ្នាំ២០១៤៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ