អានតួអត្ថបទ
កម្ពុជា

ក្រុម​បាតុករ​ជួបជុំ​គ្នាក្រោម​កម្តៅ​ថ្ងៃ​ នៅ​ទី​លាន​ប្រជាធិបតេយ្យ​

នៅ​ឯ​ទី​លាន​ប្រជាធិបតេយ្យ ​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ ​ក្រុម​បាតុករ​គណបក្ស​សង្គ្រោះជាតិ​បានមក​ជួបជុំ​គ្នា​ជា​បន្តបន្ទាប់​ ដើម្បី​រង់ចាំ​កម្មវិធី​ផ្លូវ​ការ​នៅ​រសៀល​នេះ។ តាម​ការ​វាយតម្លៃ​របស់​អង្គការ​សង្គម​ស៊ីវិល មនុស្ស​ប្រមាណ​ជា​២​ម៉ឺន​នាក់​ បាន​មក​ជួបជុំ​គ្នា​នៅ​ព្រឹក​នេះ​ ក្រោម​អាកាសធាតុ​ក្តៅ​ហែង។ បាតុករ​កំពុង​បន្ត​ចូល​មក​ជា​បន្ត​បន្ទាប់​ទៀត។

ក្រុម​អ្នក​ចូលរួម​​មហាបាតុកម្ម របស់​គណបក្ស​សង្គ្រោះជាតិ នៅ​ថ្ងៃទី​២៣តុលា២០១៣
ក្រុម​អ្នក​ចូលរួម​​មហាបាតុកម្ម របស់​គណបក្ស​សង្គ្រោះជាតិ នៅ​ថ្ងៃទី​២៣តុលា២០១៣ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ព្រឹក​នេះ​ បានចាប់ផ្តើម​ឡើង​ដោយមាន​អ្នកចូលរួម​ច្រើន​កុះករ​នៅ​ទីលាន​ប្រជាធិបតេយ្យ។ នៅ​ព្រឹក​នេះ​ នៅ​មិនទាន់មាន​កម្មវិធី​អ្វី​សំខាន់​នៅឡើយ​ទេ​ ដោយ​ពួកគេ​គ្រាន់តែ​មកជួបជុំ​គ្នា​ដើម្បី​រង់ចាំ​ដង្ហែ​ញត្តិ​នៅ​ថ្ងៃរសៀល​តែប៉ុណ្ណោះ។

អ្នក​ដែលមាន​វត្ត​មាននៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ព្រឹក​នេះ​ មាន​ចំនួន​ប្រហែល២ម៉ឺន​នាក់​ នេះ​បើ​យោងតាម​ការវាយតម្លៃរ​បស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​តាមដាន​ព្រឹត្តិការណ៍​នេះ។ ពួកគេ​បាន​ជ្រក​ក្រោម​ដំបូល​ប្រក់​សំពត់​តង់​ ដើម្បី​គេច​ពី​កម្តៅថ្ងៃ​ដ៏​ហួតហែង។ លោក សួន ប៊ុន​ស័ក្តិ មន្ត្រី​នៃ​គណៈកម្មាធិការ​ប្រព្រឹត្ត​កម្ម​នៃ​អង្គការ​សមាគម​ការពា​រ​សិទ្ធិមនុស្ស​ដែល​បាន​តាមដាន​រឿងនេះ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា នៅតាម​បណ្តា​ច្រកចូល​ភ្នំពេញ អាជ្ញាធរ​មិនបាន​រារាំង​អ្នកដំណើរ​ដែល​មក​ចូលរួម​បាតុកម្ម​ទេ ប៉ុន្តែ គ្រាន់តែ​មានការ​ឆែកឆេរខ្លះៗប៉ុណ្ណោះ។

ការឆែកឆេរ​នេះ​បាន​បង្ក​ការ​រំខាន​ខ្លះ​ដល់​អ្នក​ដំណើរ។ យ៉ាងណាក៏ដោយ លោក សួន ប៊ុន​ស័ក្តិ កត់សម្គាល់ថា អាជ្ញាធរ​ហាក់ដូច​ជាមាន​ការសម្របសម្រួល​ឲ្យ​បាតុករ​បាន​ចូលមក​ធ្វើបាតុកម្ម​នៅ​ទីក្រុង​ភ្នំពេញ។ រហូត​មក​ទល់​ថ្ងៃត្រង់​នេះ នៅ​មិនទាន់មាន​ឧបទ្ទវ​ហេតុអ្វី​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​នៅឡើយ​ទេ។

សូមបញ្ជាក់ថា តាម​គម្រោង​សម្រាប់​មហា​បាតុកម្ម​ថ្ងៃ​ដំបូង​នេះ អ្នក​ចូល​មហា​បាតុកម្ម​នឹង​ដង្ហែ​ញត្តិ​ដែលមាន​ស្នាម​មេដៃ​ពលរដ្ឋ​រាប់លាន​នាក់​ដែល​ខ្លួន​ប្រមូលបាន​ ទៅ​ដាក់ជូន​ការិយាល័យ​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ ប្រចាំ​ទីក្រុង​ភ្នំពេញ។ មេដឹកនាំ​របស់​គណបក្ស​​សង្គ្រោះ​ជាតិ លោក​សម រង្ស៊ី និង​លោក កឹម សុខា ក៏​គ្រោង​នឹងចូលរួម​ក្នុង​ពិធី​ដង្ហែ​ញត្តិ​នេះដែរ។ បន្ទាប់ពី​ការដាក់​ញត្តិ​រួចហើយ ក្រុមបាតុករ​នឹង​វិល​មកកាន់​ទីលាន​ប្រជាធិប​តេយ្យ​វិញ។ នៅ​យប់​នេះ ក៏​មានការបញ្ចាំង​​ខ្សែភាពយន្ត​ឯកសារ​ស្តីពី​ការតស៊ូ​របស់​វីរជន​បរទេស​មួយចំនួន ​ដើម្បី​បង្ហាញ​ក្រុមបាតុករ​ផងដែរ។

មហា​បាតុកម្ម​នឹង​បន្ត​ធ្វើ​រយៈពេល​បី​ថ្ងៃ​ជាប់ៗ​គ្នា។ នៅ​ថ្ងៃ​ស្អែក និង​ថ្ងៃ​បន្ត​បន្តា​ប់​ទៀត ក្រុមបាតុករ​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ​នឹង​ដង្ហែ​ញត្តិ​ស្នាម​មេដៃ​របស់​អ្នក​គាំទ្រ​ទៅជូន​ស្ថានទូត​បរទេស​នានា​នៅ​ទីក្រុង​ភ្នំពេញ​ផងដែរ​ ដើម្បី​សុំ​ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​ដោះស្រាយ​បញ្ហា​បោះឆ្នោត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ