អានតួអត្ថបទ
កម្ពុជា

ពលរដ្ឋ​​ខេត្ត​បាត់ដំបង និង​ព្រះសីហនុ​​​ ​​​​រំលឹក​ពី​វិវាទ​ដីធ្លី​ចាស់​ដល់​ចៅហ្វាយខេត្ត​ថ្មី​

ប្រជាពលរដ្ឋ​ដែលមាន​ទំនាស់​ដីធ្លី​នៅតាម​ខេត្ត​មួយចំនួន​ ហាក់ដូចជា​កក្រើក​ឡើងវិញ​ហើយ​ឡើងទៅ​តវ៉ា​រកខុសរកត្រូវ ដោយ​ពួកគេ​បានស្នើ​សុំ​ឲ្យ​អាជ្ញាធរខេត្ត​ជួយ​ដោះស្រាយ​ឲ្យ​ពួកគេ​ប្រឈម​នឹង​ក្រុម​អ្នកមាន​លុយ និង​អ្នកមានអំណាច​មួយចំនួន។ ការឡើង​តវ៉ា​ជាថ្មី​លើ​រឿង​ដីធ្លី​ចាស់​នេះ បាន​កើតឡើង​បន្ទាប់ពី​គណៈកម្មការ​មួយ​​ត្រូវបាន​ប​ងើ្ក​ត​ឡើង និង​ការ​ស្តី​បន្ទោស​ត្រង់ៗ​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅលើ​មន្ត្រី​ដែល​ស្ពឹក​ស្រពន់។

ប្រជា​ពលរដ្ឋ​តវ៉ា​រឿង​បញ្ហា​ដី​ធ្លី​នា​ពេល​កន្លង​មក​។
ប្រជា​ពលរដ្ឋ​តវ៉ា​រឿង​បញ្ហា​ដី​ធ្លី​នា​ពេល​កន្លង​មក​។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

នៅតាម​បណ្តា​ខេត្ត​នានា​នៅ​ថ្ងៃ​ចន្ទ​នេះ មាន​ចលនា​តវ៉ា​ដីធ្លី​មួយចំនួន​ត្រូវគេ​កត់សម្គាល់ថា​បាន​​កើតឡើង​ដំណាលគ្នា។ ការចាប់ផ្តើម​ធ្វើការ​តវ៉ា​សា​ជាថ្មី​នេះ​បាន​កើតឡើង​បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្តីបន្ទោស​មន្ត្រី​របស់លោក​ជា​សាធារណៈ កាល​ពី​ពេល​ថ្មីៗនេះ និង​ការបង្កើត​គណៈកម្មការ​ដោះស្រាយ​វិវាទ​ដីធ្លី​មួយ​ជាបន្ទាន់។

ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅក្នុង​ខេត្ត​ចំនួន​ពីរ ក្នុងនោះ​មាន​ខេត្តបាត់ដំបង និង​ខេត្ត​ព្រះសីហនុ បាននាំគ្នា​ទៅ​ដាក់​ញត្តិ​តវ៉ា​នៅ​សាលាខេត្ត​ដូចគ្នា​នៅថ្ងៃនេះ ដោយសារតែ​ខេត្ត​ទាំង​ពីរ​​នេះ​សុទ្ធតែ​ទើបតែ​ផ្លាស់ប្តូរ​ចៅហ្វាយខេត្ត​ថ្មី​ដូចគ្នា។

មន្ត្រី​អង្គការ​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក ប្រចាំខេត្ត​បាត់ដំបង លោក ​យិន ម៉េង​លី ក៏ដូចជា​អ្នកស្រី ជៀប សុធា​រី នៅ​ខេត្ត​ព្រះសីហនុ​ដែរ បាន​អះអាង​ស្រដៀង​គ្នា​ថា សំណុំរឿង និង​បណ្តឹងផ្សេងៗដែល​ប្រជាជន​បានដាក់​ចូលទៅ​កាន់​គណៈ​អភិបាលខេត្ត​ចាស់ សុទ្ធតែ​មិនទាន់បាន​ដោះស្រាយ និង​ដោះស្រាយ​ប្រកបដោយ​ភាពអយុត្តិធម៌។

រីឯ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ថ្មី​ទាំងពីរ​សុទ្ធតែ​មិនទាន់​បានដឹង​ពី​សំណុំ​ឯកសារ​ដីធ្លី​ចាស់។ ហេតុដូច្នេះ​ហើយ​ទើប ប្រជាពលរដ្ឋ​ដែលមាន​ទំនាស់​ដីធ្លី​ជាមួយនឹង អ្នកមាន​និង​ឧកញ៉ា នាំគ្នា​ឡើងមក​ដាក់​ញត្តិ​ជាថ្មី​ដើម្បី​ផ្តល់ព័ត៌មាន​នេះ ចៅហ្វាយខេត្ត​ថ្មី រួមទាំង​ទទូច​ឲ្យ​មានការ​ដោះស្រាយ​ជូន​ពួកគេ​ចៀសវាង​ភាព​រ៉ាំ​រៃ​ជា​ទំលាប់​ដូច​កាលពីមុន។

លោក យិន ម៉េង​លី តំណាង អាដហុក​នៅ​ខេត្តបាត់ដំបង​បញ្ជាក់ថា នៅក្នុង​ខេត្ត​នោះ​មាន​ប្រជាពលរដ្ឋ​ចំនួន៣ក្រុម មកពី​ស្រុក​ប​វិល​ខេត្តបាត់ដំបង ដែល​កន្លងមក​បញ្ហាដីធ្លី​របស់​ពួកគាត់ មិនមាន​ដំណោះស្រាយ​អ្វី​ជាក់ស្តែង មានតែ​ការចោទប្រកាន់ និង​ចាប់​ឃុំ​អ្នក​តវ៉ា ថា​បាន​រំលោភ​ទៅលើ​ដី​របស់​ក្រុមហ៊ុន។ភាព​ព្រងើយកន្តើយ​របស់​អាជ្ញាធរ​ខេត្ត​កន្លងមក ត្រូវបាន​រិះគន់​ផងដែរ​ពី​មន្ត្រី​ការពា​សិទ្ធិមនុស្ស​អាដហុក។

ដោយឡែក​នៅឯ​ខេត្ត​ព្រះសីហនុ​វិញ តំណាង​អាដហុក​នៅ​ទីនោះ​បញ្ជក់​ថា មាន​ប្រជាជន​ចំនួន៩សហគមន៍ ហើយ​មាន​បញ្ហា​ជម្លោះដីធ្លី​ជាមួយនឹង​ឧកញ៉ា និង​អ្នកមាន​ធនធាន​ដែល​ការពារ​ដោយ​អ្នកមានអំណាច​មួយចំនួន​ផងដែរ។

មន្ត្រី​នៅក្នុង​គណៈកម្មការ​ដោះស្រាយ​វិវាទ​ដីធ្លី ដែល​ទើបតែ​បង្កើត​ថ្មី​ពុំ​អាចទាក់ទង​បានទេ តែ​ទោះយ៉ាងណា​មន្ត្រី​សាលាខេត្ត​ទាំងពីរ​បានទទួល​ជួប​ជាមួយ​ក្រុមអ្នកតវ៉ា និង​យល់ព្រម​ទទួល​យក​បណ្តឹង​ពី​ពួកគេ ហើយ​បាន​ប្រាប់ថា​នឹ​ធ្វើការ​ដោះស្រាយ​នៅពេល​ខាងមុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ