អានតួអត្ថបទ
កម្ពុជា

ក្រុមហ៊ុន​ប្រមូល​សំរាម​សាកល្បង​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​GPS​ និង​ GIS​

ប្រព័ន្ធ​GPS បំពាក់​ក្នុង​រថយន្ត​ប្រមូល​សំរាម និង​ប្រព័​ន្ធ​GISក្នុង​កុំ​ព្យូ​ទ័​រ ត្រូវបាន​ដាក់អោយ​សាកល្បង​ក្នុង​រយៈពេល៦ខែ ​ដោយ​ចាប់ផ្តើម​ពី​ខែមេសា​នេះ​តទៅ។ ការដាក់​ឲ្យ​សាកល្បង​នេះ​ធ្វើឡើង នៅក្នុង​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ក្នុង​គោលដៅ ជួយ​សំរួល​អោយ​ការប្រមូល​សំរាម​និង​ការ​សំអាត​ទីក្រុង ​កាន់តែ​មាន​ប្រសិទ្ធភាព។ ប្រសិនបើ​គម្រោង​នេះ​ទទួលបាន​លទ្ធផល​វិជ្ជមាន អ្នកគ្រប់គ្រង​ជាន់ខ្ពស់​ក្រុមហ៊ុន​ស៊ិន ទ្រី និង​សាលា​រាជធានី​ភ្នំពេញ សុទ្ធតែ​អះអាងថា​ ចង់​បន្ត​ពង្រីកប្រព័ន្ធ​នេះ​នៅ​​​គ្រប់​ទូទាំង​ខណ្ឌ។ 

កាក​សំណល់​សំរាម នៅទីក្រុងភ្នំពេញ
កាក​សំណល់​សំរាម នៅទីក្រុងភ្នំពេញ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

សាលា​រាជធានី​ភ្នំពេញ ក្រុមហ៊ុន ស៊ិន​ទ្រី និង​មូលនិធិ​អាស៊ី បាន​សហការគ្នា​សាកល្បង​គម្រោង​ប្រមូល​សំរាម​ដោយ​បំពាក់​ប​ច្ចេក​​វិទ្យា​GPS  និង GIS ។ លោក សេង ប៊ុន​រិ​ទ្ធ នាយក​គ្រប់គ្រង​ជាន់ខ្ពស់​នៃ​ការិយាល័យ​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ស៊ិន​ទ្រី បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI ថា នៅក្នុង​គម្រោង​នេះ មូលនិធិ​អាស៊ី​បានផ្តល់​ជា​បច្ចេកទេស និង ឧបករណ៍​បំពាក់ ព្រមទាំង​ការបណ្តុះបណ្តាល​ដល់​បុគ្គលិក​ក្រុមហ៊ុន ។

លោក​បាន​បញ្ជាក់ថា​នៅពេលនេះ ដំណើរការ​នៃ​គម្រោង​នេះ ឋិត​នៅក្នុង​កំរិត​ដំបូង ដោយ​ទើបតែ​មានការ​បំពាក់​ឧបករណ៍​ក្នុង​រថយន្ត ហើយ​ចំពោះ​ប្រព័ន្ធ​ត្រួតពិនិត្យ​មិនទាន់​តម្លើង​រួចរាល់​ទេ ។ ចំនែក ​ក្នុង​សប្តាហ៍​នេះ មូល​នី​ធិ​អាស៊ី នឹង​ចុះមក​បណ្តុះបណ្តាល​បុគ្គលិក​ស៊ិន​ទ្រី ហើយ​សប្តាហ៍​ក្រោយ ​ពួកគេ​នឹង​ចាប់ផ្តើម​ពិនិត្យ​លើ​ទិន្ន​ន័យ​ ​ដែល​ទទួលបាន​ពី​​ប្រព័ន្ធ​​នោះ ។

លោក សេង ប៊ុន​រិ​ទ្ធ បាន​អោយដឹងទៀតថា ​ប្រព័ន្ធ​បច្ចេកវិទ្យា GPS និង GIS នេះ នឹង​អាច​អោយ​​គេ​​ងាយ​ស្រួល​នៅក្នុង​ការតាមដាន​ប្រតិបត្តិ​ការប្រមូល​សំរាម។  បើតាម​ការចុះផ្សាយ​របស់​គេហ​ទំព័រ​​សាលាក្រុង​ភ្នំពេញ​​ ការប្រើប្រាស់​ប្រព័ន្ធ​​នេះ ​​អាច​ផ្តល់អោយ​សេវា​ប្រមូល​សំណល់​បាន​កាន់តែ​លឿន ជួយ​សន្សំសំចៃ​ប្រេង ហើយ​អាចអោយ​សាធារណជន​​មើល​ព័ត៌មាន​​សំរាម​បាន និង​ចូលរួម​កែលំអ​​ការផ្តល់សេវា​សំណល់​រឹង​ផងដែរ។

លោក សេង សា​វី ប្រធាន​ក្រុមហ៊ុន​ស៊ិន​ទ្រី បញ្ជាក់ថា គម្រោង​សាកល្បង​ប្រតិ​​បត្តិ​ការ​ប្រមូល​សំរាម​នៅ​ខណ្ឌដូនពេញ រយៈពេល៦ខែ ដោយ​ប្រើ​ប្រព័ន្ធ​​បច្ចេកវិទ្យា​GPS និង GIS នេះ មាន​គោលដៅ លើ​កម្ពស់​ការប្រមូល​សំរាម ដើម្បី​រៀប​ចំការ​សំអាត​ក្រុង ធ្វើយ៉ាងណា​អោយបាន​ស្អាត។ យ៉ាងណាក៏ដោយ​ ការ​សំអាត​​ក្រុង​​នេះ ក៏ត្រូវ​មានការ​សហកា​រ​ពី​អាជ្ញាធរ ក្រុមហ៊ុន និង ប្រជាជន​ផងដែរ។

ចំណែក លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បានបង្ហាញ​សុទិដ្ឋិនិយម​ថា ប្រសិនបើ​គម្រោង​នេះ​ទទួលជោគជ័យ មូលនិធិ​អាស៊ី​អាច​នឹង​បន្ត​សហការ​ជាមួយ សាលា​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​​ប្រមូល​សំរាម ស៊ីនទ្រី ពង្រីក​ការប្រើប្រាស់​​ប្រព័ន្ធ​​បច្ចេកវិទ្យា​ទំនើប​នេះ​ នៅ​គ្រប់​ទូទាំង​ខណ្ឌ។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី០៣ មេសា សាលា​រាជធានី​ភ្នំពេញ ក្រុមហ៊ុន​ស៊ិន​ទ្រី និង​មូលនិធិ​អាស៊ី បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ ស្តីពី​គម្រោង​សាកល្បង​ប្រតិបត្តិ​ការប្រមូល​សំរាម​នៅ​ខណ្ឌដូនពេញ ដោយ​ប្រើ​​ប្រព័ន្ធ​GPS និង​GIS។ នៅក្នុង​ពិធី​ចុះ​អនុស្សរណៈ​នេះ លោក ប៉ា​សុជាតិ​វង្ស​ ​អភិបាល​រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់ថា បញ្ហា​សំរាម​ជា​កង្វល់​ដ៏​ធំ​មួយ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ