អានតួអត្ថបទ
កម្ពុជា

អង្គការ​សហ​ប្រជាជាតិ​៖ ​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា ​គឺ​ត្រូវ​ព្យាបាល​បញ្ហា ​មិន​មែន​មនុស្ស​ទេ​

ក្រុម​មនុស្ស​​ស្រឡាញ់​​ភេទ​​ដូច​គ្នា​​នៅ​​កម្ពុជា​ នៅ​តែ​​ជួប​ប្រទះ​​នូវ​​ការ​​​រំលោភ​បំពាន ​និង​​ការ​រើស​អើង​ ទាំង​​នៅ​ផ្ទះ ​នៅ​​សាលា ​នៅ​​កន្លែង​ធ្វើ​ការ ​និង​​នៅ​តាម​​ប្រព័ន្ធ​​ផ្សព្វផ្សាយ​។ ​នៅ​​ចំពោះ​មុខ​​បញ្ហា​​នេះ​ សកម្មជន​​សិទ្ធិ​មនុស្ស​​ស្រឡាញ់​​ភេទ​​ដូច​គ្នា​ បាន​​អំពាវ​នាវ​​ឲ្យ​​មាន​ការ​​ការពារ​ និង​​ដោះ​ស្រាយ​​បញ្ហា​​នេះ ​ដើ​ម្បី​​ឲ្យ​​អ្នក​​ស្រឡាញ់​​ភេទ​​ដូច​គ្នា ​ទទួល​បាន​​ឱកាស​​ស្មើ​មុ​ខ​ស្មើ​មាត់​ដូច​​អ្នក​​ផ្សេង​ទៀត​​នៅ​ក្នុង​​សង្គម​។ ​នេះ​​បើ​តា​ម​​របាយ​ការណ៍​​ស្ដី​ពី​​ក្រុម​មនុស្ស​​ស្រឡាញ់​​ភេទ​​ដូច​គ្នា​ ដែល​មាន​​ចំណង​ជើង​​ថា​ «​ត្រូវ​​ព្យាបាល​​បញ្ហា​ មិន​មែន​​ព្យាបាល​​មនុស្ស​» ​និង​​ដែល​ ការិយា​ល័យ​​​ឧ​ត្ត​ម​​ស្នងការ​​អង្គការ​សហ​ប្រជាជាតិ ​ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​ ចេញ​ផ្សាយ​​នៅ​​ថ្ងៃ​​ព្រហស្បតិ៍ ​ទី​០៧​សីហា​។

ក្រុម​​សិល្បៈ​​របស់​មនុស្ស​ភេទ​ទី​បី​។
ក្រុម​​សិល្បៈ​​របស់​មនុស្ស​ភេទ​ទី​បី​។ ©សុផល
ផ្សាយពាណិជ្ជកម្ម

លោកស្រី Vicente Salas អ្នកសរសេរ​របាយការណ៍ បាន​វាយតម្លៃថា កម្ពុជា​គឺជា​ប្រទេស​អ​ព្យា​ក្រឹត្យ​សម្រាប់​ក្រុមមនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា មិន​ដាក់​ទោសទណ្ឌ តែ​ក៏​មិន​បង្ហាញ​សញ្ញា​វិជ្ជមាន​ចំពោះ​បញ្ហា​នេះដែរ។ ឥរិយាបទ​ស្រឡាញ់​ភេទ​ដូចគ្នា មិនមែនជា​បទឧក្រិដ្ឋ​ទេ នៅ​កម្ពុជា។ ច្បាប់ ក៏ដូចជា​គោលនយោបាយ​នានា​របស់​កម្ពុជា ក៏​ហាក់ដូចជា​ស្ងៀមស្ងាត់ នៅ​ចំពោះមុខ​បញ្ហា​របស់​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា និង​សិទ្ធិ​របស់​ពួកគេ ដែល​ត្រូវ​សង្គម​រំលោភបំពាន និង​រើសអើង។

តាម​របាយការណ៍ ក្រុមមនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា ដែលមាន​ដូចជា មនុស្ស​ស្រី​ស្រលាញ់​ភេទ​ដូចគ្នា មនុស្ស​ប្រុស​ស្រលាញ់​ភេទ​ដូចគ្នា មនុស្ស​ស្រលាញ់​ភេទ​ទាំងពីរ និង​មនុស្ស​ប្តូរ​ភេទ ត្រូវ​ទទួលរង​ការបដិសេធ​ពី​ក្រុមគ្រួសារ ឬ​ត្រូវ​បង្ខំ​ឲ្យ​រៀបការ ការប៉ុនប៉ង​ព្យាបាល​ជំងឺ​ស្រឡាញ់​ភេទ​ដូចគ្នា និង​ការរំលោភបំពាន​ទាំង​ខាង​រាងកាយ និង​ស្មារតី។ ទង្វើ​អស់ទាំង​នេះ បាន​ជំរុញ​ឲ្យ​ក្រុមមនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​ជាច្រើន រត់​ចេញពីផ្ទះ ឬ​ធ្វើ​ឲ្យ​ពួកគេ​ធ្លាក់​ទឹកចិត្ត រហូតដល់​គិត​ធ្វើអត្តឃាត​ខ្លះ​ក៏មាន។

លោកស្រី Wan Hea Lee តំណាង​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា មានប្រសាសន៍ថា នៅមាន​បញ្ហា​ជាច្រើន​ណាស់​ដែល​ត្រូវ​ដោះស្រាយ ពាក់ព័ន្ធ​នឹង​ក្រុមមនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នានេះ។ ជាមួយគ្នានេះ លោកស្រី​បាន​សម្ដែង​ក្ដី​សង្ឃឹមថា របាយការណ៍​ស្ដីពី​ក្រុមមនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា នឹង​ត្រូវបាន​ប្រើប្រាស់ ដើម្បី​ព្យាបាល​បញ្ហា មិនមែន​ព្យាបាល​មនុស្ស​ទេ។

របាយការណ៍​ស្ដីពី​ក្រុមមនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា ដែលមាន​ចំណងជើង​ថា «ត្រូវ​ព្យាបាល​បញ្ហា មិនមែន​ព្យាបាល​មនុស្ស» ផ្ដោតទៅលើ​ទិដ្ឋភាព​ទូទៅ នៃ​ការ​ប្រឈម​របស់​ក្រុមមនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា និង​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា។ អង្គការសហប្រជាជាតិ​សង្ឃឹមថា ការរកឃើញ និង​អនុសាសន៍​ទាំងឡាយ​នៅក្នុង​របាយការណ៍​នេះ នឹង​ត្រូវបាន​ប្រើប្រាស់​ដោយ​អង្គការ សហគមន៍ និង​ដៃគូ​អភិវឌ្ឍ​នានា ដើម្បី​ជួយ​ឲ្យ​ប្រសើរឡើង​នូវ​ការផ្ដល់​ព័ត៌មាន ដល់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា និង​កម្មវិធី​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ