អានតួអត្ថបទ
កម្ពុជា

កិច្ច​សន្ទនា​តាម​ទូរ​ស័ព្ទ​ ហ៊ុន​ សែន​ - សម​ រង្ស៊ី​ ត្រូវ​បាន​លាត​ត្រដាង​

លោក​នាយក​​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​បាន​​​ទម្លាយ​​​​​ឲ្យ​​​ដឹង​​​ជា​​​សាធារណៈ​​នៅ​​ថ្ងៃ​​ព្រហស្បតិ៍​​​​នេះ​​អំពី​​កិច្ច​សន្ទនា​​តាម​​ទូរស័ព្ទ​​ជាមួយ​​លោក​ ​សម​ រង្ស៊ី​ កាល​ពី​​ថ្ងៃ​​ពុធ​។ បើ​​យោង​តាម​​លោក​នាយក​​រដ្ឋ​មន្ត្រី​ លោក ​​សម​ រង្ស៊ី ​ថា​​បាន​​យល់​ព្រម​​កំណត់​​កាល​បរិច្ឆេទ​​ថ្មី​​នៃ​​ការ​បោះ​ឆ្នោត​សភា​នៅ​ខែ​កុម្ភៈ​​ឆ្នាំ​ ២០១៨​ ។ ​ប៉ុន្តែ​ លោក​ សម​ រង្ស៊ី​ ​វិញ​​បាន​​អះអា​ង​ថា​ គ្រាន់​តែ​​គាំ​ទ្រ​​សេ​ណា​រី​យោ​​របស់​លោក​​នាយ​ក​រដ្ឋមន្ត្រី​ ប៉ុន្តែ​ មិន​ទាន់​មាន​​កិច្ច​ព្រម​ព្រៀង​​ជាមួយ​គ្នា​​ទេ​។​

លោក​ សម​ រង្ស៊ី ក្នុងសន្និសិទកាលពីថ្ងៃព្រហស្បតិ៍ ទី ១០ មេសា ឆ្នាំ ២០១៤ កន្លងទៅនេះ
លោក​ សម​ រង្ស៊ី ក្នុងសន្និសិទកាលពីថ្ងៃព្រហស្បតិ៍ ទី ១០ មេសា ឆ្នាំ ២០១៤ កន្លងទៅនេះ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅឯ​វិទ្យាស្ថាន​ជាតិ​អប់រំ លោក​នា​យក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទម្លាយ​ឲ្យ​ដឹង​ជា​សាធារណៈ​ថា ​លោក​បាន​ព្រមព្រៀង​ជាមួយ​លោក សម រង្ស៊ី ថា​នឹង​កំណត់​យក​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​នៅ​ខែកុម្ភៈ​ឆ្នាំ ២០១៧ និង បោះឆ្នោត​សភា​ខែកុម្ភៈ​ឆ្នាំ ២០១៨ ។

 ដើម្បី​ជា​ភស្តុតាង​នៃ​កិច្ចព្រមព្រៀង​នេះ លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា លោក​មាន​ខ្សែ​អាត់​​សំឡេង​សន្ទនា​រវាង​រូបលោក​ជាមួយ​មេដឹកនាំ​បក្សប្រឆាំង​តាម​ខ្សែ​ទូរស័ព្ទ​កាលពី​ថ្ងៃ​ពុធ​ផង​ដែរ។ កិច្ចសន្ទនា​ដែលមាន​រយៈពេល ៤៤ នាទី​នោះ​ក៏​ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី​អះ​អាង​ថា​មានការ​ជជែក​អំពី​គម្រោង​ចូលគាល់​ព្រះមហាក្សត្រ​ក្នុង​ព្រះបរមរាជវាំង​រួមគ្នា​នៅ​ថ្ងៃទី ១១មេសា​ផងដែរ។ ប៉ុន្តែ ក្រោយមក លោក​សម រង្ស៊ី ក៏បាន​ជូនដំណឹង​ទៅ​លោកនាយក​រដ្ឋ​មន្ត្រី​​វិញ​ថា លោក ​កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​មិន​យល់ព្រម​ទេ។ នេះ​បើ​យោង​តាម​អ្វីដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់ឲ្យ​ដឹង។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក៏បាន​ឆ្លើយតប​វិញភ្លាមៗដែរ​តាមរយៈ​សន្និ​សីទ​​កាសែត​មួយ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ។ លោក​បញ្ជាក់ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពិតជា​បាន​លើក​ពី​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​នៅ​ខែកុម្ភៈ​ឆ្នាំ ២០១៨ មែន ហើយ​លោក​គាំទ្រ​គំនិត​នេះ ប៉ុន្តែ លោក​ចង់​ឲ្យ​រំកិល​មក​មុខ​បន្ថែមទៀត។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ថា ប្រសិនបើ​កិច្ចព្រមព្រៀង​នេះ​ទទួល​បរាជ័យ​ទៅ​វិញ នោះ​មិនមែនជា​កំហុស​របស់លោក​ និង​លោក សម រង្ស៊ី​ទេ​តែ​ជា​កំហុស​របស់លោក កឹម សុខា។ លោក កឹម សុខា ដែល​ពេលនេះ​កំពុង​បំពេញ​ទស្សនកិច្ច​នៅឯ​បរទេស​ក៏បាន​ឆ្លើយ​​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ការចរចា​ជា​រឿង​ដែល​មិនអាច​ចៀស​រួច ប៉ុន្តែ ត្រូវ​ឈរ​លើ​ប្រយោជន៍​ជាតិ ​និង​ប្រជាជន។ លោក កឹម សុខា អះអាងថា លោកនាយក​រដ្ឋមន្ត្រី​អាច​ទិញ​​អ្នកណា​បាន តែ​មិនអាច​ទិញ​កឹម សុខា​បានទេ។

យ៉ាងណាក៏ដោយ លោកនាយក​រដ្ឋមន្ត្រី​អះអាងថា​មិនទាន់​អស់សង្ឃឹម​ទេ។ ចំណែក​លោក​សម រង្ស៊ី ក៏បាន​បញ្ជាក់ដែរថា កិច្ចចរចា​បានសម្រេច​លទ្ធផល​ពី៨០ទៅ៩០ភាគរយ​រួច​ហើយ​។ ប៉ុន្តែ ការសម្រេចអ្វីៗត្រូវ​រង់ចាំ​ការវិលត្រឡប់​របស់លោក កឹម សុខា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ