អានតួអត្ថបទ
កម្ពុជា

ក្រសួង​អប់រំ​ ចាប់​ផ្តើម​ធ្វើ​កំណែប្រឡង​បាក់​ឌុប​នៅ​​ថ្ងៃ​អាទិត្យ​នេះ​

ចាប់​ពី​​ថ្ងៃ​អាទិត្យ​ ទី​១០​សីហា​​នេះ​​ត​ទៅ ​ក្រសួង​​អប់រំ​ យុវជន ​និង​​កីឡា ​បាន​ចាប់​ផ្តើម​​ធ្វើ​​កំណែ​​ប្រឡង​​បាក់​​ឌុប​។ ​សំណៅ​​ចម្លើយ​​របស់​​បេក្ខជន​​ប្រលង​​បាក់​​ឌុប ​ជាង ​៩ ​ម៉ឺន​​នាក់ ​ត្រូវ​បាន​​យក​មក​​ប្រមូល​ផ្តុំ​​នៅ​​រាជ​ធានី​​ភ្នំពេញ ​ហើយ​​បែង​​ចែក​ជា​ ៩ ​មណ្ឌល​។ ​ក្នុង​​មួយ​​មណ្ឌល​កែ​​មួយ​​មុខ​វិជ្ជា​​ ក្រោម​​ការ​ឃ្លាំ​មើល​​ពី​​មន្ត្រី​​ក្រសួង​​អប់​រំ​ ដោយ​មាន​​​កិច្ច​សហ​ប្រតិបត្តិ​ការ​​​ជាមួយ​​នឹង​​​អ្នក​​សង្កេត​ការណ៍​​របស់​​អង្គភាព​​ប្រឆាំង​​អំពើ​ពុក​រលួយ​។

សិស្សថ្នាក់ទី១២ កំពុងពិនិត្យឈ្មោះចូលប្រលងបាក់ឌុប កាលពីថ្ងៃទី ៤ សីហា ឆ្នាំ ២០១៤។
សិស្សថ្នាក់ទី១២ កំពុងពិនិត្យឈ្មោះចូលប្រលងបាក់ឌុប កាលពីថ្ងៃទី ៤ សីហា ឆ្នាំ ២០១៤។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃអាទិត្យ​នេះ​តែម្តង ដែល​ក្រសួង​អប់រំ បានចាប់ផ្តើម​ដំណើរការ​ធ្វើ​កំណែ​ប្រឡង​បាក់​ឌុប។ ដំណើរ​ការកែ​លើ​សំណៅ​វិ​សា​ញ្ញា​សា​ប្រលង​នេះ មាន​រយៈពេល​ពី ៨ ទៅ ១០ ថ្ងៃ ធ្វើឡើង​នៅ ៩ មណ្ឌល​វិទ្យាល័យ ក្នុង​រាជធានី​ភ្នំពេញ។

លោក រស់ សា​លីន អ្នកនាំពាក្យ​ក្រសួង​អប់រំ បាន​ឲ្យ​ដឹងថា សំណៅ​ចម្លើយ​របស់​បេក្ខជន​ប្រលង​បាក់​ឌុប​សរុប​ជាង ៩ ម៉ឺន​នាក់ ត្រូវបាន​បញ្ជូន​មកពី​តាម​ខេត្ត​នានា​ទូទាំងប្រទេស មក​តម្កល់​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី០៦សីហា គឺ​បន្ទាប់​ពីថ្ងៃ​ប្រលង​មួយថ្ងៃ។ សំណៅ​ចម្លើយ​ទាំងនោះ ត្រូវបាន​កាត់​ក្បាល​ឈ្មោះ​បេក្ខជន ចេញពី​ក្រដាស់​សំណៅ​ចម្លើយ កាលពី​ថ្ងៃទី៨ និង​ថ្ងៃទី៩សីហា មុននឹង​ដំណើរការ​កំណែ​នៅ​ថ្ងៃអាទិត្យ​នេះ។ ក្រសួង​អប់រំ​កំណត់ថា កំណែ​លើ​សំណៅ​ចម្លើយ​នេះ មាន​រយៈពេល​ពី ៨ ទៅ ១០ ថ្ងៃ។ ចំណែក​លទ្ធផល នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី២៩សីហា សម្រាប់​នៅ​ភ្នំពេញ។ រីឯ​តាម​បណ្តា​ខេត្ត​ទូទាំងប្រទេស នឹងត្រូវ​ប្រកាស​លទ្ធផល នៅ​ថ្ងៃទី៣០សីហា។

លោក រស់ សា​លីន បន្ថែមថា ដំណើរការ​កំណែ​លើ​សំណៅ​ចម្លើយ​របស់​បេក្ខជន​ប្រឡង​បាក់​ឌុប ត្រូវបាន​បែងចែកជា ៩ មណ្ឌល ហើយ​ក្នុង​មួយ​មណ្ឌល មាន​តែមួយ​មុខវិជ្ជា​ប៉ុណ្ណោះ ដូចជា នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ មុខវិជ្ជា​អក្សរសាស្ត្រ ហើយ​នៅ​វិទ្យាល័យ​បាក់​ទូក លើ​វិញ្ញាសា​គណិតវិទ្យា។

អ្នកនាំពាក្យ​បាន​បញ្ជាក់ថា ដំណើរការ​កំណែ​ប្រឡង​នេះ ធ្វើឡើង​ក្រោម​ការត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់​ពី​មន្ត្រី​ក្រសួង​អប់រំ និង​អ្នកសង្កេតការណ៍​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ។ ដំណើរការ​នេះ មិនអាច​ប្រព្រឹត្ត​អំពើពុករលួយ​បានទេ ព្រោះ​យន្តការ ត្រូវ​បានរៀបចំ​ដាច់ដោយឡែក​ពីគ្នា រវាង​គ្រូ​អនុ​រក្ស ឬ​មេ​ប្រយោគ ហើយ​អ្នក​កាត់​ក្បាល​ក្រដាស់​ចម្លើយ​ផ្សេង អ្នក​កែ​ផ្សឹ​ង រីឯ​អ្នក​ស្រង់​បូក​ពិន្ទុ ក៏មាន​មួយក្រុម​ផ្សេងទៀត។ ក្នុងនោះ តាម​បន្ទប់​កំណែ​នីមួយៗ ក៏មាន​បំពាក់​កា​ម៉ារា​សុវត្ថិភាព​ថែមទៀត។

លោក​រ៉ុង​ ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​សាទរ​ចំពោះ​ចំណាត់ការ​រឹតបន្តឹង​របស់​ក្រសួង​អប់រំ ទាំង​វិន័យ​ពេល​ប្រលង កាលពី​ថ្ងៃទី៤ និង​ថ្ងៃទី៥សីហា រួមទាំង​យន្តការ​កំណែ​ពេលនេះ។ លោក​ រ៉ុង ​ឈុន អះអាងថា នៅ​ថ្ងៃ​ចាប់ផ្តើម​កំណែ​វិញ្ញាសា​ប្រលង​បាក់​ឌុប នៅ​ថ្ងៃអាទិត្យ​នេះ មិនមាន​ភាពមិនប្រក្រតី ឬ​កើតមាន​ស៊ិសស៊ុស អំពើពុករលួយ​ទេ។ ប៉ុន្តែ​គណៈកម្មការ​កំណែ​ប្រលង បាន​រាយការណ៍​ថា សិស្ស​ធ្វើបាន​តិចតួច ក្នុងនោះ មុខវិជ្ជា​គណិតវិទ្យា សិស្ស​ធ្វើ​បានតែ ១០ ទៅ ១៥ %។ ដូច្នេះ​អាច​នឹងធ្វើ​ឲ្យ​ឆ្នាំនេះ សិស្ស​ប្រឡង​បាក់​ឌុប ជាប់​តិចតួច៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ