អានតួអត្ថបទ

ហេតុអ្វី​បាន​ជា​ទីផ្សារ​មូលបត្រ​រអិល​ដាំ​ដូង​ជា​ថ្មី ?

អាកាសធាតុ​ត្រជាក់​មាន​ខ្យល់​​ខ្លាំង បោក​ដល់​ទីផ្សា​មូលបត្រ​ឱ្យ​​ឬ​យ៉ាងណា ? តាំង​ពី​ថ្ងៃ​ម្សិលមិញ​មក ទីផ្សារ​មូលបត្រនៅ​ស្ទើរគ្រប់ទីកន្លែង​ ​នៅ​លើ​ពិភពលោក​ បាន​ធ្លាក់​ថ្លៃ​យ៉ាង​ខ្លាំង។ បន្ទាប់​ពី​បាន​គេង​សម្រាក​អស់​មួយ​យប់ នៅ​ពេល​បើក​ទ្វារ​ភ្លាម​កាលពី​ព្រឹក ទីផ្សារ​ភាគហ៊ុនហាក់​បានស្គាល់​​ភាព​​ស្ងប់​ស្ងាត់​បន្តិច​ ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ផង ក៏​នាំ​គ្នា​ដាំ​ក្បាល​ធ្លាក់​ទៀត​ជាថ្មី​ទៀត។ ហេតុអ្វី​បាន​ទីផ្សារ​មូលបត្រ​ដាំ​ដូង​ជា​ថ្មី​បែប​នេះ ? ពិភពលោក​ មិន​ទុក​ចិត្ត​គ្នា​រឿង​អ្វី ? កំណើន​សេដ្ឋកិច្ច​​ពិភពលោក​​ពិត​ជា​កំពុង​បោះជំហាន​ដើរ​ថយ​ក្រោយ​ហើយ​ឬ ?

ទីផ្សារភាគហ៊ុន​ប៉ារីស ធ្លាក់​ថ្លៃ​អស់ ៣,២០% នៅ​ថ្ងៃទី ៨ កុម្ភៈ ២០១៦
ទីផ្សារភាគហ៊ុន​ប៉ារីស ធ្លាក់​ថ្លៃ​អស់ ៣,២០% នៅ​ថ្ងៃទី ៨ កុម្ភៈ ២០១៦ AFP PHOTO / ERIC PIERMONT
ផ្សាយពាណិជ្ជកម្ម

ទីផ្សារ​ភាគហ៊ុន​បារាំង​ អាល្លឺម៉ង់ បាន​បន្ត​ធ្លាក់​ចុះ​ជា​ថ្មី​ទៀត នៅ​ថ្ងៃ​អង្គារ​នេះ។ និយាយ​ជា​រួម​ទីផ្សារ​មូលបត្រ​ នៅ​មិន​ទាន់​មាន​ស្ថិរភាព​នៅ​ឡើយ​ទេ។ គ្រប់​អ្នក​វិភាគ សញ្ញា​វិជ្ជមាន​ក៏​មាន​ទាន់​ឃើញ​មាន​ដែរ។ ភាព​ជ្រួល​ច្របល់​ ទំនង​ជា​មិនចប់​ភ្លាមឡើយ។ ម្សិលមិញ ទាំង​បារាំង(៣,២០%) អាល្លឺម៉ង់ (៣,៣%) អង់គ្លេស (២,៧១%) ន័រវែស អេស្ប៉ាញ​ អ៊ីតាលី (៤,៩%) ក្រិក (៨%) អូស្ត្រាលី ធ្លាយ​ដល់​អាមេរិក​ទៀត (១,១០%) សុទ្ធ​តែ​ដាំ​ក្បាល​ខាត​បង់​យ៉ាង​ខ្លាំង ខ្លះ ជាង​៣ ខ្លះ​ជាង​៤%។

 
ការ​ធ្លាក់​ចុះ​នេះ បាន​ឆ្លង​រាល​ដាល​ដល់​អាស៊ី ! នៅ​ថ្ងៃ​នេះ​ជា​លើក​ទី​មួយ​ គិត​ចាប់​ពី​ឆ្នាំ២០១៤​មក ដែល​​​ទីផ្សារ​ភាគហ៊ុន​តូក្យូបាន​ស្គាល់​ការ​ធ្លាក់ផុង​បាត់​តម្លៃ​អស់​៥,៤០%។ ក្នុង​បរិបទ​បែប​នេះ រូបិយបណ្ណជប៉ុន​ក៏​បានហោះ​ឡើង ធ្វើ​ឱ្យ​តម្លៃ​ប្រាក់​ដុល្លារ​ធ្លាក់​មក​នៅ​ក្រោម​១១៥​យេន​ ជា​លើក​ទី​មួយ។ មិន​តែ​ប៉ុណ្ណោះ អត្រា​មូលបត្រ​បំណុល​រដ្ឋ​ជប៉ុន​ ​រយៈ​ពេល​វែង ១០ឆ្នាំ បាន​ធ្លាក់​មក​ក្រោម​សូន្យ​ទៅ​ទៀត ! ពោល​គឺ​មិន​ដែល​ធ្លាប់​មាន​ឃើញ​សោះ​ក្នុង​ប្រទេស​ជា​មហាអំណាច​ឧស្សាហកម្ម​​G៧ ទាំង​៧​ដំបូង​​នៅ​លើ​ពិភពលោក។ មាស វត្ថុ​ដែល​មានសុវត្ថិភាព​ជាង​គេ​បំផុត ក្នុង​គ្រប់​កាលៈទេសៈ​នោះ បាន​ឡើង​ថ្លៃ​១,៣%។

ទីផ្សារ​ភាគ​ហ៊ុន​អូស្រ្តាលី ក៏​បាន​ធ្លាក់​ថ្លៃ​អស់​២,៧%ដែរ។ តែ​សំណាង​ល្អ គេ​មិន​បាន​ឃើញ​និង​ដឹង​អំពី​ស្ថានភាព​ភាគហ៊ុន​របស់​ហុងកុង សៀងហៃ សេអ៊ូល ឬ​សិង្ហបុរី ដែល​បិទ​ទ្វារ​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ជា​ប្រពៃណី​។

ទីផ្សារ​មូលបត្រ​ជ្រួល​ច្របល់​ខ្លាំង​តាំងពី​ដើម​ឆ្នាំ​

ទីផ្សារ​មូលបត្រ​ពិភពលោក បាន​សម្ពោធ​ឆ្នាំ​ថ្មី ជា​មួយ​នឹង​ភាព​ច្របូក​ច្របល់​នេះ ក៏ព្រោះ​តែ​មាន​មូលហេតុ​ច្រើនមួយ​ហើយ​មួយ​ទៀត បូក​បញ្ចូល​ច្រើន​មុខ​ទៅ​ធ្វើ​ឱ្យ​ឡើង​ធំ។ ទីបំផុត​ឆ្នាំ​ថ្មីនេះ បាន​ជាប់​ឈ្មោះ​ជា​ការ​ចាប់​ផ្តើម​ដ៏​អាក្រក់​ជាង​គេ​បំផុត​មិន​ធ្លាប់​មាន។

តាំង​ពី​ផ្តើម​ឆ្នាំ​ថ្មី​មក ដំណឹង​ល្អ​មាន​តិច​តួច​ណាស់ ! នៅ​អឺរ៉ុប ហានិភ័យ​​នៃ​ធនាគារ​ក្នុង​តំបន់​អឺរ៉ូ គ្រាន់​តែ​ជា​មូលហេតុ​តូច​មួយ​ទៀត ដែល​គេ​យក​មក​ដាក់​បន្ថែម​ពី​បញ្ជី​​បន្ទុក​​ដ៏​វែង​ស្រាប់​តែ​ប៉ុណ្ណោះ។ អ្នក​វិនិយោគ​ គ្មាន​ទំនុក​ចិត្ត​ និង​ ការ​ព្រួយ​បារម្ភ ស្រាប់​ទៅ​ហើយ ​អំពី​កំណើន​សេដ្ឋកិច្ច​តិច​តួច​របស់​ចិន របស់​ពិភពលោក របស់ក្រុមប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់ ឥលូវ​ត្រូវ​ប្រឈម​នឹង​ភាព​តាន​តឹង​ នយោបាយ​ភូមិសាស្ត្រ រវាង​អ៊ីរ៉ង់ និង​អារ៉ាប៊ីសាអូឌីត កូរ៉េខាង​ជើង​និង​ប្រទេស​ជិត​ខាង ការ​ស្ទុះ​ឡើង​នៃ​ចរន្ត​ជាតិ​និយម​​នៅ អឺរ៉ុប ការ​គំរាម​កំហែង​ដើរ​ចេញ​ពី​អឺរ៉ុប​របស់​អង់គ្លេស បូក​ផ្សំ​នឹង​តម្លៃ​ប្រេង​ឆៅ​ឡើង​ថ្លែ​មិន​រួច (ត្រឹម​ម្តុំ​៣០ដុល្លារ​មួយ​ធុង​បារីល) ​​គឺ​ពិត​ជា​ល្បាយ​ផ្សំ​យ៉ាង​គ្រប់គ្រាន់​នាំ​ដល់​ការ​ផ្ទុះ​ក្តី​ព្រួយ​បារម្ភ រង្គើ​ដល់​ទីផ្សារ​ភាគហ៊ុន​ ជា​ថ្មី​ទៀត​នៅ​ពេល​នេះ។

មិន​តែ​ប៉ុណ្ណោះ នៅ​មាន​បុព្វហេតុ​ដ៏​ចំបងមួយ​ទៀត ដែល​​ នាំ​ឱ្យទីផ្សារ​ ព្រួយ​បារម្ភខ្លាំង។ គឺ​ក្រុម​អ្នក​វិនិយោគ កំពុង​រេ​ភ្នែក​ក្រឡាប់​ចាក់ ផ្តោត​ខ្លាំង​ទៅ​លើ​កំណើន​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក ដែល​គេ​សង្ស័យ​ថា​ដល់​គន្លាក់​បន្ថយ​ល្បឿន និង​អាច​ដើរ​ថយក្រោយ​ផង។

អាមេរិក​អាច​មាន​កំណើន​សេដ្ឋកិច្ច​ដើរ​ថយក្រោយ​ ?

អ្នក​វិនិយោគ​ស្ថិត​ក្នុង​ស្ថានភាព​ប្រុង​ប្រយ័ត្ន​ខ្លាំង និង​កំពុង​តាម​ដាន​ និង​រង់​ចាំ​មើល​សកម្មភាព​របស់​ធនាគារ​កណ្តាល​អាមេរិក​ ដែល​នឹង​ត្រូវ​សម្រេច​ចិត្ត​ ដំឡើង​អត្រា​ការ​ប្រាក់​ឬ​អត់ នៅ​ក្នុង​កិច្ចពិភាក្សា​នៅ​មុខ​សភា ថ្ងៃពុធ​និងព្រហស្បតិ៍​ស្អែក។

ធនាគារ​កណ្តាល ដែល​ទំនង​ជា​ពិបាក​អារ​កាត់​សេចក្តី​ផង​​​ ព្រោះ​​កាលពី​ថ្ងៃ​សុក្រ អាជ្ញាធរ​អាមេរិក​បាន​ប្រកាស​ផ្សព្វផ្សាយ​​តួលេខ​ទីផ្សារ​ការងារគួរ​ឱ្យ​ខក​ចិត្ត និង​ដែល​បាន​បង្ក​ឱ្យ​ភាព​ស្រពិចស្រពិលកាន់​តែ​​ខ្លាំង ភ័យ​ខ្លាច​អាមេរិក​មាន​គ្រោះ​​ជួប​កំណើន​សេដ្ឋកិច្ច​ដើរ​ថយ​ក្រោយ។

មានសម្មតិកម្ម​ច្រើន​ដែល​បង្ហាញ​ថា សន្ទុះ​កំណើន​សេដ្ឋកិច្ច​​ជាប់​រហូត​រយៈ​ពេល​៦​ឆ្នាំ​របស់​អាមេរិក​នេះ បាន​មក​ដល់​វគ្គ​បញ្ចប់ ! ដែលមិន​យូរ​មិន​ឆាប់ អាមេរិក​នឹង​ត្រូវជួប​វិបត្តិ​​សេដ្ឋកិច្ច​អវិជ្ជមាន។ ការ​អះអាង​នេះ​ត្រូវ​បាន​ពន្យល់​ថា​ ដំបូង​ឡើយ បើ​ទោះ​បី​រដ្ឋាភិបាល​ខំ​ប្រឹង​ទប់​ស្កាត់​​ផ្តល់​សន្ទុះ ដោយ​ដំឡើង​ប្រាក់​ខែ ធ្វើ​ឱ្យ​សេដ្ឋកិច្ច​​​​បន្ត​មាន​កំណើន ​តែ​ក្នុង​ល្បឿន​យឺត​ជាង​មុន ហើយ​បន្ទាប់​មក​ហានិភ័យនឹង​កើន​​ខ្ពស់​​ ដោយ​ការ​បន្ថយ​ល្បឿន​សេដ្ឋកិច្ចយូរៗ​ទៅ​​នឹងធ្វើ​​​អាមេរិក​មានសេដ្ឋកិច្ច​ដើរ​ថយក្រោយ។

ដូច្នេះ​ក្នុង​ពេល​រង់ចាំ​ ទីផ្សារភាគហ៊ុន​​​ត្រូវ​តែ​ដាំ​ក្បាល​ចុះ។ ម្យ៉ាង​ទៀត​ដូច​យើង​ដឹង​ស្រាប់​គ្រប់គ្នា ពិភពលោក​កំពុង​ព្រួយ​បារម្ភ​ស្រាប់​ទៅ​ហើយ អំពី​ដំណើរ​​បន្ថយ​ល្បឿននៃ​សេដ្ឋកិច្ច​ចិន មហាអំណាច​ទីពីរ និង​​ជា​ក្បាលម៉ាស៊ីន​អូសទាញ​សេដ្ឋកិច្ច​​ពិភពលោក។ ហើ​យ​បើមហាអំណាច​ទី​មួយ​ ដើរបន្ថយ​ល្បឿន​ទៀត តើ​ការ​រើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពិភពលោក​នឹង​ក្លាយ​ទៅ​ជា​យ៉ាងណា ?!

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ