អានតួអត្ថបទ
ឥណ្ឌា

ជម្ងឺ​រលាក​ខួរក្បាល​កំពុង​សម្លាប់​កុមារ​ឥណ្ឌា

ក្រៅ​ពី​ជំងឺ​គ្រុនឈាម គ្រុនចាញ់ មាន​ជំងឺ​មួយ​ទៀត​ហើយ​ដែល​បង្ក​ឡើង​ដោយ​សត្វមូស។ នៅ​ភាគ​ខាងជើង​ឥណ្ឌា សត្វមូស​ដែល​ចម្លង​មេរោគ​ពី​សត្វជ្រូក​មក​មនុស្ស កំពុង​នាំ​រោគ​រលាក​ខួរក្បាល​យ៉ាង​ធ្ងន់ធ្ងរ រហូត​សម្លាប់​មនុស្ស ជាពិសេស​កុមារ​ឥណ្ឌា​យ៉ាងតិច ២១៥​នាក់ ចាប់​តាំង​ពី​ដើម​រដូវ​វស្សា​ឆ្នាំ​នេះ។ ក្រុមគ្រូពេទ្យ​ឥណ្ឌា​កំពុងប្រញឹកដៃជើង​ដើម្បី​ជួយ​សង្រ្គោះ​កុមារ​ជាង​មួយ​ ពាន់នាក់​ទៀត ដែល​កំពុង​ស្ថិតនៅ​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ជានិច្ច។

ជម្ងឺ​រលាក​ខួរក្បាល​ចម្លង​ដោយ​សត្វមូស​សម្លាប់​កុមារ​ឥណ្ឌា​ជាង ២១៥​នាក់គិត​មក​ដល់​ថ្ងៃ​ទី ២៩​សីហា​២០១០​នេះ
ជម្ងឺ​រលាក​ខួរក្បាល​ចម្លង​ដោយ​សត្វមូស​សម្លាប់​កុមារ​ឥណ្ឌា​ជាង ២១៥​នាក់គិត​មក​ដល់​ថ្ងៃ​ទី ២៩​សីហា​២០១០​នេះ ©រក្សាសិទ្ធិ
ផ្សាយពាណិជ្ជកម្ម

02:00

សេចក្តី​រាយការណ៍​របស់​ឈាង បុប្ផា

ឈាង បុប្ផា

អ្នកជំងឺ​ជាង​មួយពាន់​នាក់​នោះ ភាគច្រើន​ជា​កុមារ និង​កំពុង​ស្ថិតនៅ​ក្នុង​ស្ថានភាព​សង្រ្គោះ​បន្ទាន់។ សម្រាប់អ្នកជំងឺ ក្តីសង្ឃឹម​រស់​មាន​តិច ​ក្នុងពេល​ក្រុមគ្រូពេទ្យ​ទទួលស្គាល់​ថា ពួកគេ​មិន​មាន​មធ្យោបាយ និង​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ព្យាបាល​ជំងឺ​រលាកខួរក្បាល​ដែល​ស្ថិតនៅ​ក្នុង​ដំណាក់ចុងក្រោយ​ទៅ​ហើយ​នោះទេ។ ក្រុមគ្រូពេទ្យ​បាន​វាយ​តម្លៃ​ទុកមុន​ថា ចំនួន​មនុស្ស​ស្លាប់​ដោយ​រោគ​រលាក​ខួរក្បាល​នេះ​នឹង​អាច​កើន​ឡើង​រហូត​ដល់​៣៥០០​នាក់។ ករណីស្លាប់ច្រើន​បែប​នេះ​ដោយមូលហេតុ​ថា ស្ថានភាព​ជំងឺ​អាច​ធ្លាក់​ដុនដាប នៅ​ពេល​ដែល​មេរោគ​រីករាលដាល ទៅ​រលាក​ខួរ​ក្បាល តែក្នុង​រយៈពេល​ពីរថ្ងៃ​ប៉ុណ្ណោះ។

 
ដោយពិត​ទៅ​ជំងឺរលាកខួរក្បាល​​នេះ​តែងតែ​រាតត្បាត​ នៅ​ក្នុង​ប្រទេស​ឥណ្ឌា ជា​ពិសេស​នៅ​ក្នុង​រដូវ​ភ្លៀងធ្លាក់។ ក្នុង​រដូវនេះ សត្វមូស​អាច​ចម្លង​មេរោគ​ពី​សត្វជ្រូក​មក​មនុស្ស​នូវ​មេរោគ​រលាក​ខួរក្បាល​ជប៉ុន។ គេ​ហៅ​ថា មេរោគរលាក​ខួរក្បាល​ជប៉ុន ដោយសារ​តែ​មេរោគ​នេះ​បាន​កើត​មាន និង​រកឃើញ​ដំបូងគេ​ ក្នុង​ប្រទេស​ជប៉ុន ​នា​ដើម​សតវត្សរ៍​ទី ២០។ ជាទូទៅ​គេ​អាច​រក​ឃើញ​រោគសញ្ញា​នៃ​ជំងឺ​រលាកខួរក្បាល​បង្ក​ដោយ​សត្វមូស តាមរយៈ​អាការរោគ ឈឺក្បាល គ្រុនក្តៅ​ខ្លាំង និងការក្អួតចង្អោរ។

ក្នុង​ប្រទេស​ឥណ្ឌា រដ្ឋអុតារ ប្រាដេស្ហ​( Uttar Pradesh) ដែល​ស្ថិតនៅ​ភាគខាងជើង​ប្រទេស កើត​មាន​ផ្ទុះ​រោគរលាកខួរក្បាល​ច្រើន។ គួរបញ្ជាក់​ថា រដ្ឋ​ អុតារ ប្រាដេស្ហ (Uttar Pradesh)​ដែល​ប្រជាជន​រស់នៅ​រហូត​ដល់ ១៤​លាន​នាក់ មាន​ប្រជាជន​ច្រើន​រស់នៅ​ក្នុង​ភាពក្រីក្រ និង​ខ្វះខាត​អនាម័យ ជាពិសេស នៅ​ពេល​ដែល​មាន​ទឹកជំនន់​ជន់លិច​ភូមិ​របស់​ពួកគេ ​នៅ​ក្នុង​រដូវភ្លៀង​បច្ចុប្បន្ន​នេះ។ ម្យ៉ាងទៀត គេ​រក​ឃើញ​ថា មេរោគ​រលាកខួរក្បាល​ភាគច្រើន​វាយលុក​ទៅ​លើ​កុមារ​ដែល​ខ្វះអាហារូបត្ថម្ភ។

គេ​នៅ​មិន​ទាន់​រក​ឃើញ​វិធីសាស្រ្ត​ផ្នែក​វេជ្ជសាស្រ្ត​ដើម្បី​ព្យាបាល​ជំងឺរលាកខួរក្បាល​​បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ មាន​វ៉ាក់សាំង​៣​ប្រភេទ​សម្រាប់​ការពារ​ជំងឺដ៏​កាចសាហាវ​មួយ​នេះ។ រដ្ឋបាល​ឥណ្ឌា​បង្ហាញ​ថា យុទ្ធនាការ​ចាក់ថ្នាំ​បង្ការ​បាន​រៀបចំ​ឡើង​ជា​រៀងរាល់ឆ្នាំ ប៉ុន្តែ យ៉ាងណា​ក៏​ដោយ ប្រជាជន​ឥណ្ឌា​ដែល​រស់នៅ​ក្នុង​រដ្ឋ​ អុតារ ប្រាដេស្ហ​និយាយ​ថា ពួកគេ​មិន​ដែល​បាន​ឃើញ​យុទ្ធនាការ​ចាក់ថ្នាំ​ការពារ មេរោគ​រលាកខួរក្បាល​ នៅ​ក្នុង​ភូមិ​ឃុំ​របស់​ពួកគេ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ