អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាស៊ានពិបាកនឹងដើរ​ដល់សមាហរ័ណកម្ម​សេដ្ឋកិច្ច​ទាំងស្រុង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​មួយ​ឲ្យ​បាន​មុន​ឆ្នាំ​២០១៥ នេះ​ហើយ​គឺជា​ប្រធាន​រឿង​មួយ​សំខាន់​ដែល​បណ្តា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​របស់​អាស៊ាន រួម​ប្រជុំ​គ្នា​ក្នុង​ថ្ងៃ​ពុធ​ទី​២៥​សីហា​នេះ​នៅ​Danang ប្រទេស​វៀតណាម លើក​យក​មក​ជជែក​គ្នា។ ចំពោះ​លោក​នាយក​រដ្ឋមន្រ្តី​វៀតណាម​Nguyen Tan Dung និង​ចំពោះ​លោក​អគ្គលេខាធិការ​អាស៊ាន Surin Pitsuwan គម្លាត​សេដ្ឋកិច្ច​ខុស​គ្នា​ឆ្ងាយ​ពេក​រវាង​បណ្តា​ប្រទេស​សមាជិក​ទាំង​១០ ជា​ឧបសគ្គ​ចម្បង​សម្រាប់​ការ​បោះ​ជំហាន​ទៅ​រក​សមាហរ័ណកម្ម​អាស៊ាន​ទាំង​ស្រុង​មួយ។ការពិត ទម្រាំ​ទៅ​ដល់​គោលដៅ​នេះបាន ផ្លូវ​ដែល​ត្រូវ​ដើរ​នៅ​វែង​ឆ្ងាយ​ណាស់​ពីព្រោះ​គម្លាត​សេដ្ឋកិច្ច​រវាង​បណ្តា​សមាជិក​អាស៊ាន មិនមែន​ជា​បញ្ហា​តែ​មួយ​ដែល​កំពុង​ចោទ​ឡើង​ទេ។ 

គម្លាតសេដ្ឋកិច្ច​រវាងបណ្តាសមាជិក​អាស៊ាន​ជាឧបសគ្គ​សម្រាប់ការបោះជំហាន​ទៅរក​សមាហរ័ណកម្ម​អាស៊ាន​ទាំងស្រុង​
គម្លាតសេដ្ឋកិច្ច​រវាងបណ្តាសមាជិក​អាស៊ាន​ជាឧបសគ្គ​សម្រាប់ការបោះជំហាន​ទៅរក​សមាហរ័ណកម្ម​អាស៊ាន​ទាំងស្រុង​ ©​ RFI
ផ្សាយពាណិជ្ជកម្ម

មហិច្ឆតា​របស់​ថ្នាក់ដឹកនាំ​អាស៊ី​អាគ្នេយ៍ គឺ​ជម្រុញ​ធ្វើ​យ៉ាងណា​ឲ្យ​អាស៊ាន ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៦៧ ក្លាយ​ទៅ​ជា​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នា​ពេល​ឆាប់ៗ​ខាង​មុខ ដោយ​យក​គំរូ​តាម​សហភាព​អឺរ៉ុប។ បាន​ន័យ​ថា សមាជិក​អាស៊ាន​ទាំង​១០​ប្រទេស​ចង់​បាន​សមា​ហរ័ណកម្ម​ទាំង​ស្រុង​មួយ ដែល​មិន​ត្រឹម​តែ​មាន​ចរាចរណ៍​ទំនិញ​ដោយ​សេរី​ប៉ុណ្ណោះទេ តែ​ក៏​នឹង​ត្រូវ​មាន​ដែរ​ចរាចរណ៍​មូលធន​ និង​ចរាចរណ៍​ប្រជាជន​ដោយ​សេរី​នៅ​ក្នុង​លំហដែន​ដី​នៃ​អាស៊ាន​ទាំង​មូល។ ក៏​ប៉ុន្តែ នេះ​ជា​គោលដៅ​មួយ​ពិបាក​សែន​ពិបាក​នឹង​ទៅ​ដល់។

 
ម្យ៉ាង គឺ​មក​អំពី​បញ្ហា​ផ្ទៃ​ក្នុង​អាស៊ាន​តែ​ម្តង។ នៅ​ខ្វះខាត​ច្រើន​ណាស់​ហេដ្ឋា​រចនាសម្ព័ន្ធ ដូច​ជា​ផ្លូវ​ដែក ផ្លូវ​ថ្នល់ និង​ជើង​យន្តហោះអន្តរប្រទេស ដែល​នឹង​អាច​បើក​លទ្ធភាព​ឲ្យ​មាន​ចរាចរណ៍​មនុស្ស ទំនិញ និង​មូលធន ធំ​ទូលំ​ទូលាយ​នៅ​ក្នុង​ព្រំដែន​អាស៊ាន។ នេះ មិន​ទាន់​និយាយ​ដល់​ឧបសគ្គ​នយោបាយ​និង​រនាំង​ផ្នត់​គំនិត​ផង។ ឧទាហរណ៍ តើ​ខ្មែរ​ព្រម​ឲ្យ ជនជាតិវៀតណាម ឬ​ក៍​ថៃ​ព្រម​ឲ្យ​ជនជាតិ​ខ្មែរចេញ​ចូល​មកដោយ​សេរី ក្នុង​ទឹកដី​នៃ​ប្រទេស​របស់​គេ​រៀងៗ​ខ្លួន​ដែរ​ឬ​ទេ? ពីព្រោះ ដើម្បី​ធ្វើ​អ៊ីចឹង​បាន វា​ទាល់​តែ​ពលរដ្ឋ​នៃ​ប្រទេស​សមាជិក​អាស៊ាន​នីមួយៗ ចេះ​សម្លឹង​មើល​ឆ្ងាយ ឆ្ងាយ​ហួស​ពី​ព្រំដែន​របស់​ប្រទេស​ខ្លួន និង​ឆ្ងាយ​ហួស​ពី​ចក្ខុនិមិត្ត​ជាតិនិយម​ឬ​ជាតិនិយម​ជ្រុល ដើម្បី​ឱប​ក្រសោប​យក​ព្រំដែន​និង​ផល​ប្រយោជន៍​តំបន់។

ក៏​មាន​ដែរ​ឧបសគ្គ​ម្យ៉ាង​ទៀតនៃ​សមាហរ័ណកម្ម​អាស៊ាន​ទាំងស្រុង​មួយដូច​គំរូ​សហភាព​អឺរ៉ុប នោះ​គឺគម្លាត​សេដ្ឋកិច្ច និង​របប​នយោបាយ​ខុស​គ្នា​ខ្លាំង​ពេក រវាង​បណ្តា​ប្រទេស​សមាជិក​ទាំង១០។ តើដូចគ្នា​ត្រង់​ណា​ទៅ កម្រិត​ជីវភាព​របស់​ប្រជាពលរដ្ឋ​សិង្ហបុរី ដែល​ម្នាក់ៗ​ទទួល​បាន​ជា​មធ្យមភាគ ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ ៣ ៥០០០ដុល្លារ និង​កម្រិត​ជីវភាព​ លំបាកលំបិន​មែនទែន​របស់​ប្រជាពលរដ្ឋ​ឡាវ កម្ពុជា ឬវៀតណាម?
តើ ដូចគ្នា​ត្រង់​ណា​ទៅ​របប​ប្រជាធិបតេយ្យ​ឥណ្ឌូនេស៊ី​និង​របប​សឹក​ភូមា ឬ​ក៏​របប​កុម្មុយនិស្ត​វៀតណាម និង​របប​អំណាច​ផ្តាច់ការ​ភ្លឺស្វាង​សិង្ហបុរី?

គឺ​គម្លាត​សេដ្ឋកិច្ច និង​របប​នយោបាយ​ខុស​គ្នា​ខ្លាំង​ពេក នៃ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​នេះ​ហើយ​ដែល​បង្ក​ជា​ឧបសគ្គ នៅ​ក្នុង​ទំនាក់ទំនង​រវាង​អាស៊ាន​និង​ប្រទេស​ធំៗ​ក្នុង​លោក។

ឧទាហរណ៍​ជាក់​ស្តែង ក្រោយ​ពី​ការ​ចូល​ជា​ធរមាន​នៃ​កិច្ច​ព្រមព្រៀង​ស្តី​ពី​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ដោយ​សេរី រវាង​ប្រទេស​ចិន​និង​អាស៊ាន​នៅ​ឆ្នាំ​២០១០​នេះ ស្រាប់​តែ​ប្រទេស​ឥណ្ឌូនេស៊ី ចេញ​មុខ​ទាមទារ​ឲ្យ​ធ្វើ​ការ​ចរចា​ឡើង​វិញ ពីព្រោះ​សមាជិក​អាស៊ាន​ដ៏​ធំ​ជាង​គេ​មួយ​នេះ ខ្លាច​បាត់បង់​ឧស្សាហកម្ម​ថ្មីថ្មោង​របស់​ខ្លួន។

ដូច​គ្នា​អ៊ីចឹង​ដែរ ប្រទេស​ធំៗ​ក្នុង​លោក ចូលចិត្ត​ចរចា​ឬ​សន្ទនា​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​​នីមួយៗ ពីព្រោះ​វា​ស្រួល​ជាង​ចរចា​ជាមួយ​អង្គការ​អាស៊ាន​ទាំង​មូល ដោយ​ហេតុតែ​នៅ​ក្នុង​នោះ មាន​រដ្ឋាភិបាល​សមាជិក​ខ្លះ ដូច​យ៉ាង​ភូមា​ជា​ដើម​ដែល​អ្នក​ដឹកនាំ​បស្ចិម​លោក​ខ្លះ​មិន​ចង់​ជួប​មុខ។

គឺ​បញ្ហា និង​ឧបសគ្គ​ទាំងអស់​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ក្រុម​អ្នក​សង្កេតការណ៍​គ្មាន​សុទិដ្ឋិនិយម​ទាល់​តែ​សោះ ចំពោះ​ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​មួយ ឲ្យ​បាន​មុន​ឆ្នាំ​២០១៥៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ