អានតួអត្ថបទ
ចិន-តៃវ៉ាន់

ប៉េកំាង និង​តៃប៉ិ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម ជា​ប្រវត្តិសាស្រ្ត

ថ្ងៃ​អង្គារ ទី២៩ មិថុនា ឆ្នំា ២០១០ នេះ ចិន​ដី​គោក និង​ចិន​តៃវ៉ាន់​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជា​ ប្រវត្តិសាស្រ្ត​រវាង​គ្នា។ តំាង​ពី​ចិន​ទំាង​ពីរ​បាន​ខ័ណ្ឌ​ចែក​ដែន​ដី​គ្នា​ក្នុង​ឆ្នំា ១៩៤៩ មក នេះ​ជា​លើក​ទី​មួយ​ដែល​មាន​កិច្ច​ព្រមព្រៀង​មួយ​ដ៏​សំខាន់​របៀប​នេះ។ តើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​នោះ មាន​ចែង​អំពី​អ្វី​ខ្លះ ?

ប៉េកំាង និង​តៃប៉ិ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម ជា​ប្រវត្តិសាស្រ្ត ថ្ងៃ​ទី ២៩ មិថុនា ២០១០
ប៉េកំាង និង​តៃប៉ិ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម ជា​ប្រវត្តិសាស្រ្ត ថ្ងៃ​ទី ២៩ មិថុនា ២០១០ ©Reuters/Jason Lee
ផ្សាយពាណិជ្ជកម្ម

06:39

បទអន្តរាគមន៍​របស់ គួច គន្ធារ៉ា

គួច គន្ធារ៉ា

កិច្ច​ព្រមព្រៀង​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិ​សេដ្ឋកិច្ច​រវាង​ចិន​ដីគោក និង​ចិន​តៃវ៉ាន់ ដែល​ទើប​បាន​ចុះ​ហត្ថលេខា​ក្នុង​ថ្ងៃ​នេះ បាន​ផ្តោត​ជា​សំខាន់​លើ​ការ​កាត់​បន្ថយ​ច្បាប់​ពន្ធគយ​នៃ​ការ​នំា​ទំនិញ​ពី​ចិន​ដី​គោក ចូល​ទៅ​ចិន​តៃវ៉ាន់ និង​ពី​ចិន​តៃវ៉ាន់ ចូល​ទៅ​ចិន​ដីគោក។ យោង​តាម​កិច្ចព្រមព្រៀង​នោះ ទីក្រុង​ប៉េកំាង​បាន​យល់​ព្រម​កាត់​បន្ថយ​ច្បាប់​ពន្ធគយ​លើ​ផលិតផល​របស់​ខ្លួន​ប្រមាណ​ជា ៥៣៩​មុខ ដែល​នំា​ចូល​ក្នុង​ទឹក​ដី​ចិន​តៃវ៉ាន់។ ជា​ថ្នូរ​មក​វិញ មាន​ផលិតផល​តៃវ៉ាន់​នំា​ចូល​ទៅ​ចិន​ដីគោក​ប្រមាណ​តែ ២៥០ មុខ​ប៉ុណ្ណោះ ដែល​ត្រូវ​កាត់​បន្ថយ​ច្បាប់​ពន្ធគយ។ ជា​មួយ​នឹង​បរិមាណ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ចំនួន​ផលិតផល​ចិន​តៃវ៉ាន់​ដែល​ទទួល​បាន​ការ​កាត់​បន្ថយ​ច្បាប់​ពន្ធគយ មាន​២​ដង​តិច​ជាង បើ​ធៀប​នឹង​ចំនួន​ផលិតផល​ចិន​ដី​គោក ហើយ​បើ​គិត​ជា​តម្លៃ​របស់​វា​វិញ គឺ​មាន​រហូត​ដល់​ទៅ ៥​ដង​តិច​ជាង។ មួយ​វិញ​ទៀត កិច្ច​ព្រមព្រៀង​នោះ​ក៏​បាន​ចែង​ផង​ដែរ​ថា គ្រប់​ធនាគារ​របស់​ចិន​តៃវ៉ាន់​ដែល​កំពុង​រក​ស៊ី​ក្នុង​ទឹក​ដី​ចិន​ដី​គោក​នា​ពេល​បច្ចុប្បន្ន ក៏​នឹង​ទទួល​បាន​ការ​បន្ធូរបន្ថយ​លើ​ពន្ធដារ​ដែរ។

សូម​ជម្រាប​ជូន​ថា ចិន​ដី​គោក​បាន​ក្លាយ​ជា​ដៃគូ​ពាណិជ្ជកម្ម​ទីមួយ​របស់​ចិន​តៃវ៉ាន់។ ជាក់​ស្តែង​ក្នុង​ឆ្នំា ២០០៩ ចំនួន​ទឹកប្រាក់​នៃ​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​រវាង​គ្នា មាន​រហូត​ដល់​ទៅ ៨​ម៉ឺន ៧ពាន់​លាន​ដុល្លារ។ បច្ចុប្បន្ន​នេះ​ទៀត មាន​ប្រជាជន​ចិន​តៃវ៉ាន់​រាប់​ពាន់​នាក់​ដែល​កំពុង​រស់​នៅ​ក្នុង​ទឹក​ដី​ចិន​ដី​គោក បាន​បោះ​ទុន​វិនិយោគ​ក្នុង​ទឹក​ប្រាក់​ជាង ១៥​ម៉ឺន​ពាន់​លាន​ដុល្លារ ហើយ​តំាង​ពី​ឆ្នំា ២០០៨​មក ពលរដ្ឋ​ចិន​ដី​គោក​អាច​ធ្វើ​ដំណើរ​តាម​យន្តហោះ​ទៅ​លេង​ចិន​តៃវ៉ាន់ ដោយ​មិន​ចំា​បាច់​ឆ្លង​កាត់​ប្រទេស​ណា​មួយ​ទេ។

ប្រជាជន​តៃវ៉ាន់​បាន​នំា​គ្នា​ធ្វើ​បាតុកម្ម​ក្នុង​ទីក្រុង​តៃប៉ិ ប្រឆំាង​នឹង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម
ប្រជាជន​តៃវ៉ាន់​បាន​នំា​គ្នា​ធ្វើ​បាតុកម្ម​ក្នុង​ទីក្រុង​តៃប៉ិ ប្រឆំាង​នឹង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម ©Reuters

កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម ឆ្ពោះ​ទៅ​រក​ការ​បង្រួបបង្រួម​ចិន​ទំាង​ពីរ ?

បើ​និយាយ​តែ​ពី​ផ្លូវ​សេដ្ឋកិច្ច គឺ​អាច តែ​បើ​និយាយ​ដល់​រឿង​នយោបាយ វា​ជា​ផ្លូវ​មួយ ដែល​នៅ​វែង​ឆ្ងាយ​នៅ​ឡើយ។ វា​ពិត​ណាស់​ថា​នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នំា​ចុង​ក្រោយ​នេះ ពិសេស តំាង​ពី​ការ​ឡើង​ធ្វើ​ជា​ប្រធានាធិបតី​តៃវ៉ាន់​របស់​លោក​ Ma Ying-jeou ក្នុង​ឆ្នំា ២០០៨ ដែល​ចេញ​ពី​គណបក្ស​Kuomintang មក ទំនាក់ទំនង​រវាង​ទីក្រុង​ប៉េកំាង និង​ទីក្រុង​តៃប៉ិ​មាន​ដំណើរ​យ៉ាង​រលូន ដែល​មិន​ធ្លាប់​មាន​ទេ​នា​ពេល​កន្លង​មក។ តែ​នេះ​ មិន​មែន​បាន​ន័យ​ថា​ចិន​ទាំង​ពីរ​ត្រៀម​ខ្លួន​បង្រួប​បង្រួម​គ្នា​ឲ្យ​ទៅ​ជា​ចិន​តែ​មួយ​នោះ​ទេ។ តាម​ពិត​ទៅ ទំនាក់​ទំនង​ដ៏​ល្អ​ក្នុង​គ្រា​បច្ចុប្បន្ន​រវាង​ចិនទំាងពីរសុទ្ធតែ​បាន​បង្កប់​ទៅ​ដោយពុតត្បុត​រៀង​ៗ​ខ្លួន។ត្រង់​ចំណុច​នេះ ទំាង​ទីក្រុង​ប៉េកំាង និង​ទីក្រុង​តៃប៉ិ​បាន​យល់​ច្បាស់​ណាស់។ តែ​អ្វី​ដែល​អ្នក​ទំាង​ពីរ​ប្រឹងប្រែង​ធ្វើ​រហូត​មក​ទល់​ពេល​នេះ គឺ​ក្នុង​គោលដៅ​រំងាប់​ភាព​តាន​តឹង​រវាង​គ្នា។ សូម​កុំ​ភ្លេច​ថា កុំ​ថា​ឡើយ រហូត​ដល់​បង្រួបបង្រួម​ចិន​តែ​មួយ សូម្បី​តែ​សម្រួល​ឲ្យមានទំនាក់ទំនង​ការទូត​រវាង​គ្នាក៏ពិបាក​នឹង​ធ្វើ​ផង ​ព្រោះ​ថា បើ​ក្រុង​ប៉េកំាង​បង្កើត​ឲ្យ​មាន​ទំនាក់ទំនង​ការ​ទូត​ជា​មួយ​ក្រុង​តៃប៉ិ វា​ស្មើ​នឹង​ចិន​ដីគោកទទួលស្គាល់អធិបតេយ្យ​របស់​តៃវ៉ាន់​ក្នុង​នាម​ជា​ប្រទេស​មួយ​ដាច់​ដោយ​ឡែក​ពី​ប្រទេស​ខ្លួន​។គេ​ត្រូវ​ដឹង​ថា គោលបំណង​របស់​ចិន​​ដី​គោក​មាន​តែ​មួយ​គត់ ទប់​កុំ​ឲ្យ​ចិន​តៃវ៉ាន់​ប្រកាស​ឯករាជ្យ និង​អូស​ទាញ​ចិនតៃវ៉ាន់​មក​ដាក់​ក្រោម​អាណាព្យាបាលរបស់​ខ្លួន។សម្រាប់ចិន​ដីគោក ដើម្បី​ឲ្យ​ខ្លួន​ក្លាយ​ជា​មហា​អំណាច​តំបន់ ឬ​មួយ​មហា​អំណាច​ពិភពលោក​បាន ត្រូវ​តែ​មាន​នយោបាយ​ចិន​តែ​មួយ និយាយ​បែប​ផ្សេង ភ្នំមួយមិនអាចមានខ្លាពីរបានទេ។

លោក Ma Ying-Jeou ប្រធានាធិបតីតៃវ៉ាន់
លោក Ma Ying-Jeou ប្រធានាធិបតីតៃវ៉ាន់ ©Reuters

កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជា​អន្ទាក់​ថ្មី​របស់​ចិន​ដីគោក ក្នុង​ការ​ក្រសោប​ចិន​តៃវ៉ាន់ ?

កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ មាន​ប្រជាជន​តៃវ៉ាន់​រាប់​ពាន់​នាក់​បាន​នំា​គ្នា​ធ្វើ​បាតុកម្ម​ក្នុង​ទីក្រុង​តៃប៉ិប្រឆំាង​នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​រដ្ឋាភិបាល​ចិន​ដី​គោក និង​ចិន​តៃវ៉ាន់។ អ្វី​ដែល​ប្រជាជន​តៃវ៉ាន់​បារម្ភ​ដំបូង​នោះ គឺ​ការ​ហូរ​ចូល​ទំនិញ Made in China មាន​តម្លៃ​ថោក​ទៅ​ក្នុង​ទឹក​ដី​តៃវ៉ាន់ និង​នំា​ឲ្យ​មាន​ការ​កើន​ឡើង​ចំនួន​អ្នក​អត់​ការងារ​ធ្វើ។ ក្រោម​ភ្នែក ច្រមុះ​ពលរដ្ឋ​តៃវ៉ាន់ គេ​ចង់​ឲ្យ​គ្រប់​កិច្ចចរចា​ទំាង​អស់​ដែល​ធ្វើ​ជា​មួយ​ចិន​ដី​គោក ត្រូវ​តែ​ឆ្លង​កាត់​ការ​បោះឆ្នោត​ប្រជាមតិ​ជា​មុន​សិន។ មួយ​វិញ​ទៀត អ្វី​ដែល​ជា​ក្តី​បារម្ភ​ខ្លំាង​របស់​ប្រជាជន​តៃវ៉ាន់ និង​បក្ស​ប្រឆំាង​នោះ គឺ​ខ្លាច​តែ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ពេល​នេះ ជា​អន្ទាក់​ថ្មី​មួយ ឬ​ក៏​ថា អាច​ជា​ល្បិច​ថ្មី​មួយ​ទៀត​របស់​ចិន​ដីគោក ក្នុង​ការ​កៀង​តៃវ៉ាន់​បន្តិច​ម្តងៗ មុន​នឹង​ក្រសោប​យក​ទំាង​មូល​តែ​ម្តង។

ក្តី​បារម្ភ​របៀប​នេះ​របស់​ប្រជាជន​តៃវ៉ាន់ ក៏​មិន​សូវ​ខុស​ដែរ ព្រោះ​ថា កាល​ពី​ចិន​តៃវ៉ាន់​ស្ថិត​ក្រោមការ​ដឹក​នាំ​របស់​លោកប្រធានាធិបតី​ទាមទារ​ឯករាជ្យ​និយម Chen Shui-bian ទំនាក់ទំនង​រវាង​ក្រុង​ប៉េកំាង និង​ក្រុង​តៃប៉ិបាន​ឡើងតាន​តឹង​ដល់​កំរិត​កំពូល។ ចិន​ដី​គោក​ថែម​ទំាង​គំរាម​នឹង​ប្រើ​គ្រប់​មធ្យោបាយ​ទំាង​អស់ មាន​ទំាង​យោធា​ផង ដើម្បី​ទប់​កុំ​ឲ្យ​តៃវ៉ាន់​ប្រកាស​ឯករាជ្យ។ តែ​តំាង​ពី​តៃវ៉ាន់​ស្ថិត​ក្រោម​អំណាច​របស់​លោក Ma Ying-Jeou ក្នុង​ឆ្នំា ២០០៨ មក លទ្ធភាពនៃ​ការ​ប្រកាស​ឯករាជ្យ​ពី​សំណាក់​តៃវ៉ាន់​មាន​កំរិត​តិចតួចជាង​សម័យ​លោក​Chen Shui-Bian។ ត្រង់​ចំណុច​នេះ ក្រុង​ប៉េកំាង​បាន​យល់​ភ្លាម​ថា មាន​តែ​ការ​បង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ចនិង​ពាណិជ្ជកម្ម​ទេដែល​មិន​យូរ​ មិនឆាប់​ គង់​មាន​ថ្ងៃ​ណា​មួយ ដែល​តៃវ៉ាន់​​ត្រូវ​ធ្លាក់​ក្នុង​ស៊ង​របស់​គេ​ជា​មិន​ខាន។

ទី​ក្រុង​តៃប៉ិវិញយល់ឃើញថា​ការ​ពង្រឹង​ទំនាក់​ទំនង​សេដ្ឋកិច្ច​ជា​មួយ​ចិន​ដី​គោក​ដោយ​មិន​និយាយ​ពីអធិបតេយ្យ​របស់​តៃវ៉ាន់​នឹង​ធ្វើ​ឲ្យ​ខ្លួនចំណេញ​ទៅ​វិញ​ទេ។ លើស​ពី​នេះ​ទៅ​ទៀត ជួន​ចំ​ពេល​ដែល​ប្រទេស​ជា​ច្រើន​មាន​ទំាង​តៃវ៉ាន់​ផង កំពុង​ទទួល​រង​វិបត្តិ​សេដ្ឋកិច្ច​នោះ មាន​តែ​ប្រទេស​ចិន​មួយ​ទេ​ដែល​អាច​ជួយ​ស្រោច​ស្រង់​តៃវ៉ាន់​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ