អានតួអត្ថបទ
កម្ពុជា

ចូល​ឆ្នាំ​ថ្ងៃ​ទី​១ មាន​គ្រោះ​ថ្នាក់​ចរាចរណ៍ ២០​ករណី ស្លាប់​៦​នាក់​

គ្រោះ​ថ្នាក់​ចរា​ចរណ៍​កើត​មាន​ចំនួន ២០​ករណី ហើយ​មាន​មនុស្ស​ស្លាប់​ចំនួន ៦​នាក់ នៅ​ទូទាំង​ប្រ​ទេស នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្ងៃ​ទី​១ គឺ​ថ្ងៃ​ទី ១៤​មេសា​។ អ្នក​នាំ​ពាក្យ​ អគ្គស្នង​ការ​ដ្ឋាន​នគ​របាល​ជាតិ បាន​បញ្ជាក់​ថា ករណី​នេះ​ប្រហាក់​ប្រហែល​នឹង​ឆ្នាំ​មុន​ៗ​ដែរ ប៉ុន្តែ​ចំ​ពោះ​បញ្ហា​សន្តិ​សុខ និង​សណ្តាប់​ធ្នាក់​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ ឆ្នាំ​មមី​នេះ ពុំមាន​បញ្ហា​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ទេ។

គ្រោះថ្នាក់ចរាចរណ៍​តែងតែ​កើតមាន​ នៅ​ក្នុង​ពេល​បុណ្យ​ចូលឆ្នាំ​ម្តងៗ
គ្រោះថ្នាក់ចរាចរណ៍​តែងតែ​កើតមាន​ នៅ​ក្នុង​ពេល​បុណ្យ​ចូលឆ្នាំ​ម្តងៗ RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

មនុស្ស​៦​នាក់​បាន​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បាន​កើត​ឡើង​ចំនួន​២០​ករណី នៅ​ទូទាំង​ប្រទេស​ក្នុង​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​នេះ។ លោក​ឧត្តម​សេនីយ៍​ឯក គៀត ច័ន្ទ​ថា​រិទ្ធ អ្នក​នាំ​ពាក្យ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​បាន​បញ្ជាក់​ថា តួ​លេខ​នេះ ប្រហាក់​ប្រ​ហែល​នឹង​ឆ្នាំ​មុន​ៗ​ដែរ​។

លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​បន្ត​ថា គ្រោះ​ថ្នាក់​នេះ កើត​មាន​ច្រើន​រវាង​ម៉ូតូ​និង​ម៉ូតូ ហើយ​មាន​នៅ​តាម​បណ្តា​ខេត្ត​នានា។ ដោយ​ឡែក​ដង​វិថី​នានា នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​វិញ មិន​សូវ​មាន​អ្នក​ធ្វើ​ដំណើរ​ច្រើន​នោះ​ទេ ព្រោះ​ប្រជា​ជន​ភាគ​ច្រើន បាន​នាំ​គ្នា​ធ្វើដំណើរ​ទៅកាន់​ស្រុក​កំ​ណើត ដើម្បី​ទៅ​ចូល​រួម​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​។ ដូ​ច្នេះ ទាំង​បញ្ហា​ចរា​ចរណ៍ និង​សន្តិ​សុខ​នៅ​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ គឺ​មាន​ភាព​ល្អ​ប្រ​សើរ​។

បើ​ទោះ​បី​ជា​កើត​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​២០​ករណី​បែប​នេះ​ក៏​ដោយ ក៏​ប៉ុន្តែ​លោក គៀត ច័ន្ទ​ថា​រិទ្ធ បាន​បញ្ជាក់​ថា បញ្ហា​សន្តិ​សុខ​ទៅ​ទូទាំង​ប្រទេស ពុំ​មាន​អ្វី​កើត​ឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ​ទេ។ ក៏​ប៉ុន្តែ​បញ្ហា​កក​ស្ទះ​ចរា​ចរណ៍​កើត​មាន​បន្តិច​បន្តួច នៅ​ក្នុង​ខេត្ត​សៀប​រាប និង ខេត្ត​ព្រះ​សីហនុ ព្រោះ​ប្រជា​ពលរដ្ឋ​សម្រុក​ទៅ​លេង​ទៅ​កន្លែង​នោះ​ច្រើន ជា​ពិ​សេស​នៅ​ក្នុង​ខេត្ត​សៀម​រាប ដែល​មាន​រៀប​ចំ​ព្រឹត្តិ​ការណ៍​អង្គរ​សង្ក្រាន្ត។

សូម​រម្លឹក​ជូន​ថា នៅ​កម្ពុជា​គ្រោះ​ថ្នាក់​ចរា​ចរណ៍​បាន​សម្លាប់​មនុស្ស​ជា​មធ្យម​ប្រមាណ​ជា៥នាក់​ក្នុង​មួយ​ថ្ងៃៗ។ ចំនួន​អ្នក​ស្លាប់​និង​របួស​តែង​កើន​ឡើង​យ៉ាង​គំហុគ​ក្នុង​ពិធី​បុណ្យធំៗ​ដែល​មនុស្ស​ធ្វើ​ដំ​ណើរ​ច្រើន​នៅ​តាម​ដង​ផ្លូវ​ដូច​ជា​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ជា​ដើម។ ការ​បើកបរ​ក្នុង​ល្បឿន​ហួស​កំណត់ មិន​គោរព​ស្លាក​សញ្ញា​ចរា​ចរណ៍ និង​បើក​បរ​ក្នុង​ស្ថាន​ភាព​ស្រវឹង​ជាដើម គឺជា​មូល​ហេតុ​ចម្បង​នៃ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​។
 

ហេតុ​ដូច្នេះ​ហើយ បាន​ជា​នៅ​មុន​បុណ្យ​ចូល​ឆ្នាំ​ចូល​មក​ដល់ ប្រមុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ក្រសួង​មហា​ផ្ទៃ និង​សាលា​រា​ជនី​ភ្នំ​ពេញ​ជា​ដើម សុទ្ធ​តែ​បាន​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ និង គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ត្រឹមត្រូវ​នៅពេល​ធ្វើដំណើរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ