អានតួអត្ថបទ
កម្ពុជា

កីឡា​​ល្បុក្កតោ​ត្រៀម​ចាំ​​លទ្ធផល​​នៃ​ការ​​សម្រេច​​របស់​​អង្គការ​​បេតិកភណ្ឌ​​ UNESCO​​

អង្គការយូណេស្កូ បាន​ទទួល​ស្គាល់​យក​សំណុំ​បែបបទ​របស់​កម្ពុជា​​ ដែល​បាន​​សុំបញ្ចូល​ប្រភេទ​កីឡា​​ល្បុក្កតោ​ ជា​បេតិកភណ្ឌ​អរូបិយ​​អន្តរជាតិ​។​ អង្គការ​នេះ​​នឹង​​បញ្ជូន​​គណៈប្រតិភូ​​មក​​ពិនិត្យ​ និង​​ស្រាវជ្រាវ​​បន្ថែម​​ ក្នុង​​រយៈ​ពេល​​ដ៏ខ្លី​​ខាងមុខ។​​

ការ​ប្រកួត​​កីឡា​ល្បុក្កតោ​
ការ​ប្រកួត​​កីឡា​ល្បុក្កតោ​ RFI
ផ្សាយពាណិជ្ជកម្ម

 

សំណុំ​បែប​បទដែល​កម្ពុជា បាន​ផ្ញើ​ទៅ​កាន់​អង្គការ UNESCO កាល​ពី​ខែ​មេសា​ ឆ្នាំ ២០១៣​នេះ គឺ​មាន​លក្ខណៈត្រឹម​ត្រូវ​គ្រប់​យ៉ាង ហើយ​UNESCO នឹង​បញ្ជូន​ប្រតិភូ​មក​​ស្រាវ​ជ្រាវ​ពី​ប្រភេទ​កីឡាល្បុក្កតោ​ក្បាច់​ គុនខ្មែរ​ដ៏ចំណាស់​នេះ​បន្ត​ទៀត។ នេះ​បើ​តាម​ លោក ហុក ឈាង​គីម អគ្គ​លេខាធិការ​នៃ​សហព័ន្ធ​កីឡាល្បុក្កតោ​កម្ពុជា​ ដែលបាន​ប្រាប់​វិទ្យុ​ បារាំង​នៅ​ថ្ងៃនេះ​។

លោក ហុក ឈាង​គីម បាន​ឲ្យ​ដឹង​ថា ពុំ​មាន​អ្វី​រាំងស្ទះ​ចំពោះ​ដំណើរ​ការ​ស្នើសុំ​ដាក់​កីឡាល្បុក្កតោ​​ជា​ បេតិកភណ្ឌកីឡា​អរូបិយ​អន្ត​រជាតិ​នោះ​ទេ។ ប៉ុន្តែ​ កម្ពុជាត្រូវ​រង់​ចាំការ​សម្រេច​​របស់គណៈកម្មា​ការ​បេតិកភណ្ឌ UNESCO នៅ​ក្នុង​ការ​ប្រជុំលើក​ទី ៣៨ នៅ​ឆ្នាំ ២០១៤។

កាល​ពី​​សប្តាហ៍មុន គណៈកម្មាធិការ​ជាតិ​អូឡាំពិកកម្ពុជា ក៏​បាន​ទៅ​ចូលរួម​ប្រជុំ​ជាមួយ​សម្ព័ន្ធកីឡា​យុទ្ធសិល្ប៍ពិភព​លោក និង​អង្គការ​យូណេស្កូ នៅ​ក្នុង​ប្រទេស​កូរ៉េ​ផងដែរ។

បើ​តាម​ការ​ឲ្យដឹង​ពី​លោក វ៉ាត់ ចំរើន អគ្គ​លេខាធិការ​គណៈ​កម្មាធិការ​អូឡាំពិកកម្ពុជា គឺ​កីឡាល្បុក្កតោ​ខ្មែរ មាន​សង្ឃឹម​ច្រើន​ ក្នុង​ការ​ចូលជា​បេតិកភណ្ឌ​កីឡា​អរូបិយ​​អន្តរជាតិ។ ក្តីសង្ឃឹម​នេះ​កើត​ឡើង​ក៏​ព្រោះ​តែ​កម្ពុជា​មាន​មូលដ្ឋាន​វប្បធម៌ច្បាស់​ លាល់ និង​មាន​គ្រឹះ​ក្បាច់គុនចំណាស់​ជាង​គេ។ មួយ​វិញ​ទៀត កម្ពុជា​ក៏​ជា​សមាជិករ​បស់​អង្គការ​យុទ្ធសីល្ប៍​ពិភពលោក ដែល​​ត្រូវ​ចូលរួម​សម្រេច​ក្នុង​ការ​ជ្រើស​តាំង​បេតិកណ្ឌកីឡា​អរូបិយ​ អន្តរជាតិ នៅ​ឆ្នាំ​២០១៤​ផងដែរ។

គួរបញ្ជាក់​ថា នៅ​ពេល​បច្ចប្បន្ន ទាំង​គណៈកម្មការ​ជាតិ​អូឡាំពិកកម្ពុជា និង​សហព័ន្ធ​កីឡាល្បុក្ក​តោ​ កំពុង​តែ​ព្យា​យាម​ផ្សព្វផ្សាយ​ពីប្រភេទ​កីឡានេះ ឲ្យ​សាយ​ភាយ​ពាស​ពេញ​ពិភពលោក។ ស្របពេលជាមួយគ្នានេះដែរ គេ​ក៏​បាន​ព្យាយាម​បណ្តុះ​បណ្តាល​កីឡានេះដល់​យុវជន​កម្ពុជា ឲ្យ​យល់​ដឹង​កាន់​តែ​ច្រើនឡើងៗផងដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ