អានតួអត្ថបទ
កូរ៉េខាងត្បូង-ជប៉ុន

កិច្ចព្រមព្រៀង​យោធា​លើក​ទីមួយ​បង្អស់​រវាង​ជប៉ុន និង​កូរ៉េ​ខាងត្បូង

ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង​ត្រៀម​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​យោធា​មួយ​នា​ពេល​ឆាប់ៗ​ខាង​មុខ។ នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​ប្រទេស​ជិត​ខាង​ទាំង​ពីរ​នឹង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​យោធា​រវាង​គ្នា។ ព័ត៌មាន​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​យោធា​នេះ​បាន​ធ្លាក់​មក​ដល់ ជួន​ចំ​ពេល​មួយ ដែល​កូរ៉េ​ខាង​ជើង​បាន​និង​កំពុង​បន្ត​គំរាម​កំហែង​ទៅ​លើ​កូរ៉េ​ខាង​ត្បូង។

ទាហាននៃកងកម្លាំងស្វ័យការពារឈរយាមក្បែរ អង្គភាពកាំជ្រួចមីស៊ីល Patriot Advanced Capability-3 (PAC-3) (រូបថតឯកសារ)
ទាហាននៃកងកម្លាំងស្វ័យការពារឈរយាមក្បែរ អង្គភាពកាំជ្រួចមីស៊ីល Patriot Advanced Capability-3 (PAC-3) (រូបថតឯកសារ) Reuters
ផ្សាយពាណិជ្ជកម្ម

 

កិច្ច​ព្រមព្រៀង​នេះ​ប្រហែល​ជា​នឹង​ត្រូវ​ចុះ​ហត្ថលេខា​នា​ពេល​ឆាប់ៗ​ខាង​មុខ យ៉ាង​យូរ​នៅ​ដំណាច់​ខែ​ឧសភា។ នេះ​បើ​យោង​ទៅ​តាម​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង។ ប្រភព​ដដែល​អះអាង​ថា ស្រប​ទៅ​តាម​កិច្ច​ព្រមព្រៀង​នេះ កូរ៉េ​ខាង​ត្បូង​និង​ជប៉ុន នឹង​ចែក​រំលែក​គ្នា​នូវ​ព័ត៌មាន​សម្ងាត់​ស្តី​ពី​កម្ម​វិធី​នុយក្លេអ៊ែរ​និង​កម្មវិធី​កាំជ្រួច​មីស្ស៊ីល​របស់​កូរ៉េ​ខាង​ជើង។ ភាគី​ទាំង​ពីរ​ក៏​នឹង​ប្រហែល​ជា​ត្រូវ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​រវាង​គ្នា​ដែរ ​នៅ​លើ​វិស័យ​សង្គ្រោះ​ក្នុង​ផ្ទៃ​សមុទ្រ និង​នៅ​លើ​វិស័យ​រក្សា​សន្តិភាព​នៅ​ក្រៅ​ប្រទេស។

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង​បាន​ធ្វើ​កិច្ច​ចរចា​យោធា​រវាង​គ្នា។ ទោះ​ជា​ភាគី​ទាំង​ពីរ​អះអាង​ថា កិច្ចចរចា​បាន​ផ្តើម​ឡើង​តាំង​ពី​ឆ្នាំ​ទៅ​មិញ​មក​ម្ល៉េះ​ក៏​ដោយ ក៏​ព័ត៌មាន​នេះ​ធ្លាក់​មក​ដល់​ជួន​ចំ​ពេល​មួយ​ដែល​តំបន់​អាស៊ី​បូព៌ា​កំពុង​ឋិត​ក្នុង​ភាព​តានតឹង​ខ្លាំង។ កាល​ពី​ខែ​មុន កូរ៉េ​ខាង​ជើង​បាន​ទទួល​បរាជ័យ​ក្នុង​ការ​បាញ់​សាកល្បង​គ្រាប់​rocket ហើយ​ក្រោយ​មក​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ខ្លួន​កំពុង​ត្រៀម​សាកល្បង​ជា​លើក​ទី​បី​អាវុធ​នុយក្លេអ៊ែរ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ លើស​ពី​នេះ​ទៅ​ទៀត របប​កុម្មុយនិស្ត​ព្យុងយ៉ាង​ក៏​ថែម​ទាំង​បាន​គំរាម​ដែរ​ថា ខ្លួន​អាច​កំទេច​កូរ៉េ​ខាង​ត្បូង​ឱ្យ​ទៅ​ជា​ផេះ តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ។

យ៉ាង​ណា​ក៏​ដោយ កិច្ច​ព្រមព្រៀង​យោធា​នេះ​រវាង​ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង​នឹង​ច្បាស់​ជា​ធ្វើ​ឱ្យ​កូរ៉េ​ខាង​ជើង​ខឹង​ក្រេវ​ក្រោធ។ វា​ក៏​ច្បាស់​ជា​នឹង​មិន​ធ្វើ​ឱ្យ​ចិន​សប្បាយ​ចិត្ត​ដែរ​ទេ ដ្បិត​ទីក្រុង​ប៉េកាំង​អាច​វាយ​តម្លៃ​ថា ទាំង​នេះ​ជា​សញ្ញា​នៃ​ការ​ពង្រីក​ឥទ្ធិពល​រវាង​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​នៅ​ក្នុង​តំបន់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ