អានតួអត្ថបទ
ហុងកុង

ហុងកុង​៖​មេដឹកនាំ​​ថ្មី​ជា​មនុស្ស​ជំនិត​របស់​ក្រុង​ប៉េកាំង

គឺ អ្នកជំនួញ​ម្នាក់​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ដែល​បាន​ជាប់ឆ្នោត​នៅ​ថ្ងៃ អាទិត្យ ទី២៥ មីនា​នេះ ជា​មេដឹកនាំ​ថ្មី​របស់​ក្រុង ហុងកុង។ លោក Leung Chun Ying ត្រូវ​បាន​ ជ្រើសតាំង​តាមរយៈ​ការ​បោះឆ្នោត​ដោយ​មិនចំពោះ​មួយ​ ចូលរួម​ដោយ​អ្នក​បោះឆ្នោត​តំណាង ចំនួន​១២០០​នាក់​ជ្រើសរើស​មក​ពី មជ្ឈដ្ឋាន ហិរញ្ញវត្ថុ ជំនួញ និង​សាលា​ជាន់​ខ្ពស់ ។​​ ឯ​ចំណែក​លោក​ Henry Tang គូប្រជែង​លេចធ្លោ​ម្នាក់​ទៀត បាន​អាប់អោន​ប្រជាប្រិយភាព​បន្ទាប់​ពី​លោក​ត្រូវបាន​បរិហារ​ជុំវិញ​រឿង​អាស្រូវ​ជាច្រើន​រាប់​មិនអស់ ទាក់ទង​នឹង អំពើ​ក្បត់​ផិត​ប្រពន្ធ និង​ការងារ​ខុសច្បាប់​មួយ​ចំនួន​ទៀត។

លោក Leung Chun Ying ត្រូវបាន​ជ្រើសតាំង​ជា​មេដឹកនាំ​ថ្មី​របស់​ក្រុង ហុងកុង
លោក Leung Chun Ying ត្រូវបាន​ជ្រើសតាំង​ជា​មេដឹកនាំ​ថ្មី​របស់​ក្រុង ហុងកុង REUTERS/Bobby Yip
ផ្សាយពាណិជ្ជកម្ម

លោក Leung Chun Ying ដែល​បច្ចុប្បន្ន​មាន​វ័យ ៥៧​ឆ្នាំ​គឺ​ជា​កូន​របស់​មន្រ្តី​ប៉ូលិស​ម្នាក់។ គាត់​បាន​បញ្ចប់​ការសិក្សា​នៅ​ប្រទេស​អង់គ្លេស ហើយ​ធ្លាប់​កាន់​តំណែង​ជា​អគ្គលេខាធិការ​របស់​អាជ្ញាធរ​ក្រុង ហុងកុង។ អ្នកជំនួញ​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ក្រុងប៉េកាំង​រូបនេះ ក៏​កំពុង​តែ​ដឹកនាំ ការិយាល័យ​ជំនាញ ដីធ្លី​មួយ​ដែល​ទទួល​បន្ទុក​ផ្តល់​ប្រឹក្សា​ស្របច្បាប់​ទៅដល់​ខេត្ត​ជាច្រើន​ក្នុង​ប្រទេស​ចិន​អំពី កំណែ​ទម្រង់​ដីធ្លី។

នៅ​តែ​ពីរ​ខែ​ទៀតទេ លោកនឹង​ឡើង​កាន់តំណែង​បន្ត​ពី​លោក Donald Tsang ហើយ​នឹង​ក្លាយ​ជាប្រមុខ​ដឹកនាំ​ទី​៤​របស់ ហុងកុង បន្ទាប់​ពី​តំបន់នេះ​ត្រូវបាន​ប្រទេស​អង់គ្លេស​សំរេច​ប្រគល់​អោយ​ទៅ​ប្រទេសចិន​វិញ​កាល​ពី​ឆ្នាំ ១៩៩៧។ នៅក្នុង​ការ​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ លោក Leung Chun Ying ទទួល​បាន​សំឡេង​គាំទ្រ​ដល់ទៅ​ជាង ៥៧ ភាគរយ ពី​អ្នក​បោះឆ្នោត​តំណាង ចំនួន​១២០០នាក់ ដែល​គេ​និយាយ​ជា​រួមជា​អ្នកមាន​ប្រចាំ​ក្រុង ហុងកុង។

ឯ​ចំណែក លោក​ Henry Tang គូប្រជែង​លេចធ្លោ​ម្នាក់​ទៀត​ដែល​មាន​វ័យ​ច្រើន​ជាង​លោក​ពីរឆ្នាំ បាន​ទទូល​សំឡេង​គាំទ្រ​តែ​ជិត​២៤​សំឡេង​ប៉ុណ្ណោះ ដោយសារ​តែ​គាត់​ជាប់​ពាក់ព័ន្ធ នឹង​រឿង​អាស្រូវ​ជាច្រើន។ ហើយ​បើ​គេ​និយាយ​ដល់ លោក Albert Ho ដែល​ជា​បេក្ខជន​តំណាង​អោយ​លិទ្ធិ​ប្រជាធិបតេយ្យ លោក​ទទួល​បាន​សំឡេង​មិន​ដល់ ៧​ភាគរយ​ផង។

មនុស្ស​រាប់ពាន់​នាក់​បាន​មក​ជួបជុំ​នៅ​ពី​មុខអគារ​សន្និបាត ហុងកុង ជាទី​កន្លែង​បោះឆ្នោត​នៅ​ព្រឹក​មិញ​នេះ ដើម្បី​ទាមទារ​អោយ​មាន​ការ​បោះឆ្នោត​ជា​សកល​ដោយ​ចំពោះ
មនុស្ស​រាប់ពាន់​នាក់​បាន​មក​ជួបជុំ​នៅ​ពី​មុខអគារ​សន្និបាត ហុងកុង ជាទី​កន្លែង​បោះឆ្នោត​នៅ​ព្រឹក​មិញ​នេះ ដើម្បី​ទាមទារ​អោយ​មាន​ការ​បោះឆ្នោត​ជា​សកល​ដោយ​ចំពោះ RFI/Chevallier Florent

ដោយ​មិនពេញចិត្ត​ទៅនឹង​ការបោះឆ្នោត​មិនចំពោះ​របៀប​ខាងលើ មនុស្ស​រាប់ពាន់​នាក់​បាន​កែនគ្នា​មក​ជួបជុំ​នៅ​ពី​មុខ អគារ​សន្និបាត ហុងកុង ជាទី​កន្លែង​បោះឆ្នោត​នៅ​ព្រឹកមិញ​នេះ ដើម្បី​ទាមទារ​អោយមាន​ការ​បោះឆ្នោត​ជា​សកល​ដោយ​ចំពោះ និង​ប្រកប​ដោយ​លទ្ធិ​ប្រជាធិបតេយ្យ។ ពួកគេ​នាំគ្នា​ស្រែក​ទាមទារ​រហូត​លឺ​ដល់​ក្នុង​សាល​បោះឆ្នោត​ថា “សូម​កុំ​បោះឆ្នោត​អី”។ ប៉ុន្តែ​បន្ទាប់​ពី​ប្រកាស​ថា​បាន​ឈ្នះ​ឆ្នោត​លោក Leung Chun Ying បាន​អះអាង​តបត​ទៅវិញ​ថា លោក​នឹង​ធ្វើ​យ៉ាងណា​អោយ​អ្នក​ទាំងអស់​នោះ​ឈប់​មាន​គំនិត​អគតិ​មក​លើ​រូបលោក។ នៅ​ឯ​ទីក្រុង​ប៉េកាំង​ឯណោះ​វិញ គេ​លឺ​ល្ហេចល្ហៀង​មកថា យ៉ាងហោច​ណាស់ រហូត​ដល់​ឆ្នាំ២០១៧ ទើបការ​បោះឆ្នោត​ដោយចំពោះមួយ​អាច​កើតមាន​នៅ​ក្នុងការ​ជ្រើសរើស​មេដឹកនាំ​នៅ​តាម​ខេត្ត​ក្រុង​ក្នុង​ប្រទេសចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ