អានតួអត្ថបទ
អាហ្វហ្កានីស្ថាន-អាមេរិក

ប្រធានាធិបតី​អាហ្វហ្កានីស្ថាន៖« CIA ពិត​ជា​បាន​ផ្តល់លុយ​ដោយ​សម្ងាត់​មែន »

នៅ​ប្រទេស​អាហ្វហ្កានីស្ថាន លោក​ប្រធានាធិបតី​ Hamid Karzai បាន​ប្រកាស​ទទួល​ស្គាល់​ជាផ្លូវការ​នៅ​ថ្ងៃ​ចន្ទ ទី២៩ មេសា​ម្សិលមិញ​ថា ក្នុង​រយៈពេល ១០ឆ្នំា​ចុងក្រោយ​នេះ ក្រសួង​ស៊ើបការសម្ងាត់​អាមេរិកំាង CIA ពិត​ជា​បាន​ផ្តល់លុយ​ដោយសម្ងាត់​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខជាតិ​របស់​វិមាន​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន។ ការ​ប្រកាស​ទទួល​ស្គាល់​របស់​លោក Hamid Karzai បាន​ធ្វើ​ឡើង ក្រោយ​ពី​ព័ត៌មាន​នេះ​ត្រូវ​បាន​ចុះផ្សាយ​ដោយ​កាសែត​អាមេរិកំាង​មួយ​ឈ្មោះ New York Times។

លោក​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន Hamid Karzai
លោក​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន Hamid Karzai REUTERS/Mohammad Ismail
ផ្សាយពាណិជ្ជកម្ម

« ពិត​ណាស់ ក្នុង​រយៈពេល ១០ឆ្នំា​ចុងក្រោយ​នេះ ក្រុមប្រឹក្សាសន្តិសុខជាតិ​នៃ​វិមាន​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​ពិត​ជា​បាន​ទទួល​ប្រាក់​ពី CIA ដោយ​សម្ងាត់មែន តែ​មិន​មាន​ចំនួន​ច្រើន​ប៉ុន្មាន​ទេ » នេះ​ជា​​ការ​ថ្លែង​របស់​លោក​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន Hamid Karzai នៅ​ក្នុង​សន្និសីទកាសែត​មួយ​នា​ដំណើរ​ទស្សនកិច្ច​របស់​លោក​ក្នុង​ប្រទេស​ហ្វំាងឡង់។ ក៏​ប៉ុន្តែ លោក Karzai មិន​បាន​បញ្ជាក់​ពី​ចំនួន​ដែល​បាន​ទទួល និង​ក៏​មិន​បាន​ពន្យល់​ឲ្យ​បាន​ច្បាស់លាស់​អំពី​គោលដៅ​នៃ​ការ​ប្រើប្រាស់​លុយកាក់​នោះ។ លោក Karzai គ្រាន់​តែ​បាន​បញ្ជាក់​ថា លុយកាក់​ទំាង​នោះ​ត្រូវ​បាន​យក​ទៅ​ចាយវាយ​លើ​ផ្នែក​ផ្សេងៗ រួម​មាន ជួយង្រ្គោះ​អ្នករងរបួស អ្នកជំងឺ ឬ​មួយ​ក៏​ចំណាយ​លើ​ការ​ជួលផ្ទះ​ជាដើម និង​ថា ការគំាទ្រ​ផ្នែក​ហិរញ្ញវត្ថុ​នេះ​ពិត​ជា​មាន​ប្រយោជន៍​ខ្លំាងណាស់។

ការ​ប្រកាស​ទទួល​ស្គាល់​ជា​ផ្លូវការ​របស់​លោក​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​ពេល​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​ព័ត៌មាន​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ដោយ​កាសែត​អាមេរិកំាង New York Times កាល​ពី​ថ្ងៃចន្ទ ទី២៩ មេសា​ម្សិលមិញ។ យោងតាម New York Times មាន​លុយ​សុទ្ធ​រាប់សិបលានដុល្លារ​ត្រូវ​បាន CIA ដាក់​ក្នុង​វ៉ាលិស ឬ​មួយ​ក៏​ដាក់​ក្នុង​កាបូប​ស្ពៀយខ្នង​ប្រគល់​ទៅ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខជាតិ​នៃ​វិមាន​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន។ បន្ទាប់​មក វិមាន​ប្រធានាធិបតី​បាន​យក​លុយ​ទំាង​នោះ​មួយភាគ​ទៅ​ចែកចាយ​ឲ្យ​មេកន្ទ្រាញសង្រ្គាម​ដែល​អ្នក​ខ្លះ​មាន​ជាប់ពាក់ព័ន្ធ​នឹង​ការ​រត់ពន្ធគ្រឿងញាន ឬ​មួយ​ក៏​ប្រគល់​ទៅ​ឲ្យ​ពួកឧទ្ទាម​តាលីបង់ ជា​ថ្នូរ​នឹង​ការ​ធានា​នូវ​សេចក្តីស្មោះត្រង់​របស់​ពួក​គេ។

គួរ​ជម្រាប​ជូន​ថា ក្រៅ​ពី​សហរដ្ឋអាមេរិក ប្រទេស​អ៊ីរ៉ង់​ក៏​ធ្លាប់​បាន​លួច​ផ្តល់​លុយ​ស្ងាត់ៗ​ឲ្យ​ទៅ​ទីប្រឹក្សា​ម្នាក់​ស្និទ្ធ​នឹង​លោក​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន Hamid Karzai ដែរ ដូច​ដែល​លោក Karzai បាន​ប្រកាស​ទទួល​ស្គាល់​កាល​ពី​ឆ្នំា ២០១០។ កាល​ណោះ លោក Karzai ក៏​បាន​គូសបញ្ជាក់​បន្ថែម​ថា អាមេរិក​ក៏​បាន​ធ្វើ​ដូច​គ្នា​នេះ​ដែរ។ ប៉ុន្តែ​តំាង​ពី​ពេល​នោះ​មក ទីក្រុង​តេហេរ៉ង់​បាន​បញ្ឈប់​ការ​ផ្តល់​លុយ​នេះ រីឯ CIA វិញ​បាន​បន្ត​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន នេះ​បើ​យោង​តាម​កាសែត New York Times។ យោង​តាម​កាសែត New York Times ដដែល អាមេរិក​ថែម​ទំាង​បាន​ផ្តល់លុយ​ដោយ​ផ្ទាល់​ទៅ​ឲ្យ​មេកន្ទ្រាញសង្រ្គាម​អាហ្វហ្កានីស្ថាន​ក្នុង​ឆ្នំា ២០០១ ដើម្បី​ឲ្យ​ពួក​គេ​វាយប្រហារ​ផ្តួលរំលំ​របប​តាលីបង់​ដែល​បាន​លាក់បំពួន​សត្រូវទីមួយ​របស់​អាមេរិក គឺ Oussama ben Laden។

អ្វី​ជា​ការ​កត់សម្គាល់ ព័ត៌មាន​នេះ​បាន​លេច​ឡើង ចំ​ពេល​ដែល​ថ្ងៃ​នៃ​ការ​ដកកម្លំាង​ទ័ព​អាមរិកំាង និង​សម្ព័ន្ធមិត្ត​ចេញ​ពី​អាហ្វហ្កានីស្ថាន​កាន់​តែ​ខិតចូល​ជិត​មក​ដល់ ពោល​គឺ​នៅ​ដំណាច់​ឆ្នំា ២០១៤។ ឆ្នំា ២០១៤ ក៏​ជា​ឆ្នំា​ដែល​ត្រូវ​រៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​ថ្មី​ដែរ និង​ដែល​លោក Hamid Karzai មិន​អាច​ឈរឈ្មោះ​ជា​ថ្មី​បាន​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ