អានតួអត្ថបទ
ភូមា-ចិន

ភូមា៖ ​ចាប់ជំរិត​ជនជាតិ​ចិន​ពីរនាក់​បង្ខំ​ឲ្យ​ក្រុមហ៊ុន​ចិន​បញ្ឈប់​ការ​ធ្វើ​អាជីវកម្ម​រ៉ែ

ជនជាតិ​ពីរនាក់ ដែល​បម្រើការ​ឲ្យ​ក្រុមហ៊ុន​រ៉ែ​​ដ៏ចម្រូងចម្រាស​មួយ​ នៅ​ក្នុង​ប្រទេស​ភូមា ត្រូវ​បាន​សកម្មជន​ និង​ព្រះសង្ឃ​ភូមា​ចាប់​ជំរឹត។ នេះ​បើ​យោងតាម​ការអះអាង​របស់​ក្រុមហ៊ុន​ កាល​ពីថ្ងៃ​ចន្ទ​ ដោយ​បាន​បញ្ជាក់ថា សកម្មជន​គំរាម​ថា​នឹង​សម្លាប់​ជនជាតិ​ចិន​ទាំងពីរ​នាក់​នេះ​ចោល ហើយ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​​​បញ្ឈប់​គម្រោង​អាជីវកម្ម​រ៉ែ​ទាំងស្រុង។

ផ្សាយពាណិជ្ជកម្ម

 

ក្រុមហ៊ុន​ចិន ឈ្មោះ Wanbao ដែល​កំពុង​រកស៊ី​ធ្វើ​អាជីវកម្ម​រ៉ែ​ទង់ដែង នៅ​ក្នុង​ប្រទេស​ភូមា​ បាន​ឲ្យដឹង​ថា បុគ្គលិក ៣នាក់​របស់​ខ្លួន ក្នុងនោះ មានជនជាតិ​ចិន​ ២នាក់ និង​ជនជាតិ​ភូមា​ម្នាក់ ត្រូវ​បាន​សកម្មជន ដោយ​មានព្រះសង្ឃ​ផង ចាប់ជំរិត កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ។ ប៉ុន្តែ ក្រោយ​មក បុគ្គលិក​ជនជាតិ​ភូមា​ត្រូវ​បាន​ដោះលែង​មក​វិញ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍ កាល​ពីថ្ងៃ​ចន្ទ ក្រុមហ៊ុន Wanbao ក្រៅ​ពី​បាន​ថ្កោលទោស​ការ​ចាប់ជំរឹត​នេះ ក៏​បាន​បញ្ជាក់​ឲ្យដឹង​ផងដែរ​ថា សកម្មជន​បាន​ធ្វើការ​ទាមទារ​ឲ្យ​​​អាជ្ញាធរ​ដោះលែង​គ្នា​គេ​មួយ​ចំនួន ដែល​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន កាលពីព្រឹក​ថ្ងៃ​អាទិត្យ ព្រមទាំង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​ការ​ធ្វើ​របង​ព័ទ្ធ​យក​ដី​របស់​អ្នកភូមិ។ ក្រោយ​មក​ទៀត សកម្មជន​បាន​ទាមទារ​​ឲ្យ​​ក្រុមហ៊ុន​បញ្ឈប់​សកម្មភាព​ធ្វើ​អាជីវកម្ម​រ៉ែ​ទាំងស្រុង ហើយ​បាន​គំរាម​ថា​នឹង​សម្លាប់​ជនជាតិ​ចិនទាំងពីរ​នាក់ ប្រសិនបើ​ប៉ូលិស​ព្យាយាម​ចូល​ទៅ​រំដោះ​ពួកគេ។

គួររំឭកឡើងវិញ​ថា គម្រោង​អាជីវកម្ម​រ៉ែ​ទង់ដែង ដោយ​ក្រុមហ៊ុន​ចិន Wanbao នេះ ត្រូវ​បាន​សហគមន៍​ធ្វើការ​តវ៉ា​ជំទាស់​យ៉ាង​ខ្លាំង​ក្លា ដោយ​ចោទ​ថា ក្រុមហ៊ុន​នេះ​បាន​រឹបអូស​ដី​របស់​អ្នក​ភូមិ ព្រមទាំង​បាន​ធ្វើ​ឲ្យ​ខូចខាត​ដល់​បរិស្ថាន។ បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​អាជីវកម្ម​រ៉ែ​នេះ​ត្រូវ​បាន​អ្នកភូមិ និង​សកម្មជន​រៀបចំ​ធ្វើ​ជាច្រើន​លើក​ច្រើន​សា រហូត​ដល់​មាន​ការ​បង្រ្កាប​ដោយ​ហិង្សា​ ពី​សំណាក់​ប៉ូលិសភូមា កាល​ពី​ចុងឆ្នាំ​២០១២​កន្លងទៅ។ សូម្បី​តែ​លោកស្រី​អ៊ុង សានស៊ូជី ប្រមុខដឹកនាំ​ប្រឆាំង​ដ៏ល្បីល្បាញ​របស់​ភូមា ក៏​ធ្លាប់​ត្រូវ​បាន​អ្នកភូមិ និង​សកម្មជន​ធ្វើការ​រិះគន់​យ៉ាង​ខ្លាំង​ក្លា​ដែរ នាពេល​កន្លងមក នៅពេល​ដែល​លោកស្រី​ប្រកាស​គាំទ្រ​ឲ្យ​ក្រុមហ៊ុន​រ៉ែ​ចិននេះ​បន្ត​ធ្វើ​អាជីវកម្ម​រ៉ែ​ នៅ​ក្នុង​តំបន់​ចម្រូងចម្រាស តទៅទៀត។

ហេតុការណ៍​ចាប់ជំរិត​ជនជាតិ​ចិន​ នៅ​ភូមា​នេះ បាន​កើតមាន​ឡើង នៅ​ក្នុង​ពេល​ដែល​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុងតែ​ជម្លៀស​ពលរដ្ឋ​របស់​ខ្លួន​ចេញ​ពី​ប្រទេស​វៀតណាម ក្រោយ​ពី​​ជម្លោះ​ដែន​សមុទ្រ​បាន​រាលដាល​ទៅ​ជា​អំពើ​កុប្បកម្ម​ប្រឆាំង​នឹង​ក្រុមហ៊ុន​ និង​ជនជាតិ​ចិន រហូត​បណ្តាល​ឲ្យ​ជនជាតិ​ចិន​ត្រូវ​ស្លាប់ និង​របួស​ជាច្រើន​នាក់។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ