អានតួអត្ថបទ
ថាមពលនុយក្លេអ៊ែរ

ថាមពលនុយក្លេអ៊ែរ​ជា​តួឯក​ដែលកំពុងឡើងកូដ ដោយសារ​សង្រ្គាមរុស្ស៊ីឈ្លានពាន​អ៊ុយក្រែន

ប្រទេស​ជាង ៣០​នៅក្នុងពិភពលោក​បាន​ចូលរួម​នៅក្នុង​ជំនួបកំពូល​ដែល​ទីភ្នាក់ងារថាមពល​នុយក្លេអ៊ែរ​អន្តរជាតិ AIEA បាន​រៀបចំ​ជា​លើកទី១ ដើម្បីជំរុញ​ការអភិវឌ្ឍរួមគ្នា​ថាមពល​នុយក្លេអ៊ែរស៊ីវិល។ លើកសរសើរ​ជា​ថាមពល​ស្អាតស្អំ មិនបញ្ចេញ​ឧស្ម័នកាបូនិក ឧស្ម័នផ្ទះកញ្ចក់ ដែលជា​ដើមហេតុ​ធ្វើ​ឲ្យ​ផែនដីឡើងកំដៅ ថាមពល​នុយក្លេអ៊ែរ​កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​បណ្តា​ប្រទេស​ដែល​ចង់​សម្រេច​កម្មវត្ថុ​អព្យាក្រឹត​កាបូន ឬ​ប្រទេស​ដែល​កំពុងជួបវិបត្តិថាមពល​ឡើង​ថ្លៃ​ដោយសារ​សង្រ្គាមរុស្ស៊ីឈ្លានពាន​អ៊ុយក្រែន។

ប្រទេស​ជាង ៣០​នៅក្នុងពិភពលោក​បាន​ចូលរួម​នៅក្នុង​ជំនួបកំពូល​ដែល​ទីភ្នាក់ងារថាមពល​នុយក្លេអ៊ែរ​អន្តរជាតិ AIEA បាន​រៀបចំ​ជា​លើកទី១ ដើម្បីជំរុញ​ការអភិវឌ្ឍរួមគ្នា​ថាមពល​នុយក្លេអ៊ែរស៊ីវិល។
ប្រទេស​ជាង ៣០​នៅក្នុងពិភពលោក​បាន​ចូលរួម​នៅក្នុង​ជំនួបកំពូល​ដែល​ទីភ្នាក់ងារថាមពល​នុយក្លេអ៊ែរ​អន្តរជាតិ AIEA បាន​រៀបចំ​ជា​លើកទី១ ដើម្បីជំរុញ​ការអភិវឌ្ឍរួមគ្នា​ថាមពល​នុយក្លេអ៊ែរស៊ីវិល។ REUTERS - Yves Herman
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ពិភពលោក​មួយ​ដែល​គេ​កំពុង​ត្រូវការ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូនិក ឧស្ម័នផ្ទះកញ្ចក់ បូកផ្សំ​នឹងតម្លៃ​ថាមពល​ប្រេង​ឧស្ម័ន​បោះពួយ​ឡើងថ្លៃ​ដោយសារ​សង្រ្គាមរុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន ថាមពល​នុយក្លេអ៊ែរ​ត្រលប់មក​ឡើងកូដសាជាថ្មី ក្នុង​នាម​ជា​តួឯក​ថាមពល​បៃតង ដែល​ស្អាតស្អំ ច្បាស់លាស់ និង​ចំណេញ។

ដើម្បី​លើកតម្កើង​ថាមពល​នុយក្លេអ៊ែរ នៅក្នុង​កាលៈទេសៈដែលពិភពលោកកំពុងជួប​វិបត្តិថាមពលឡើងថ្លៃ និង​តម្រូវការប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួលអាកាសធាតុ ទីភ្នាក់ងារ​ថាមពល​នុយក្លេអ៊ែរ​អន្តរជាតិ​AIEA បាន​រៀបចំ​សន្និសីទ​អន្តរជាតិ​ជាលើកទី១ នៅទីក្រុង​ព្រុចស៊ែល កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅក្បែរ​សារមន្ទីរ​Atomium ដែលមានរូប​អាតូម តំណាង​ឲ្យ​នវានុវត្ត​បច្ចេកវិទ្យា។

ប្រទេស​ជាង​៣០​បាន​ចូលរួម នៅក្នុង​សន្និសីទជាប្រវត្តិសាស្រ្ត​ស្តីពី​ថាមពលនុយក្លេអ៊ែរ ដែលនៅក្នុងនោះ សហរដ្ឋអាមេរិក ចិន ប្រេស៊ីល ជប៉ុន កូរ៉េខាងត្បូង ប៉ាគីស្ថាន អេហ្ស៊ីប អារ៉ាប៊ី សាអូឌីត ឬ​កាណាដា​ជាដើម។ ជំនួបកំពូល ស្តីពីថាមពល​នុយក្លេអ៊ែរ គឺ​ជា​លទ្ធផល​នៃ​ការមូលមតិគ្នា នៅក្នុង​សន្និសីទអន្តរជាតិ​ស្តីពីអាកាសធាតុ ទី​២៨ ដែលនៅក្នុងនោះ ប្រទេស​ជាង​២០​បានទាមទារ​ឲ្យ​បង្កើន​ការផលិត​ថាមពល​នុយក្លេអ៊ែរ​ឲ្យបាន​៣ដង យ៉ាងយូរបំផុត​នៅ​ដំណាច់​ឆ្នាំ ២០៥០។

ថ្លែងនៅ​មុន​បើកសន្និសីទ នៅថ្ងៃ​ព្រហស្បតិ៍​ប្រធានថាមពល​នុយក្លេអ៊ែរ​អន្តរជាតិ លោក​Rafael Grossi បាននិយាយ​បែបចំអក​ថា គេបានរៀបចំ​សន្និសីទស្តីពី​អាកាសធាតុ​ដល់​ទៅ​២៨លើក ដើម្បី​ដឹង យល់​ច្បាស់​ពី​អត្ថប្រយោជន៍​នៃថាមពល​នុយក្លេអ៊ែរ។ សម្រាប់​លោក ថាមពល​នុយក្លេអ៊ែរ​ជា​ថាមពល​ច្បាស់លាស់ ស្អាតស្អំ និង​ចំណេញ ពោលគឺមិនមែនជា​គំនិត​ហួស​វិស័យ​នោះទេ។ គោលបំណង​សំខាន់​នៃ​សន្និសីទលើកនេះ គឺ​ពង្រឹង​បណ្តាញ​សហការ​រវាងគ្នា ក្នុង​ផ្នែក​បច្ចេកវិទ្យា និង​សេដ្ឋកិច្ច។

តាមរយៈ​សន្និសីទអន្តរជាតិ​នៅទីក្រុង​ព្រុចស៊ែល ស្ថាប័នថាមពល​នុយក្លេអ៊ែរ​របស់​អង្គការ​សហប្រជាជាតិ ចង់​ជំរុញប្រទេស​ដែលនៅរារែក ឬ​អរិភាព​ថាមពល​នុយក្លេអ៊ែរ ប្តូរចិត្ត​ត្រលប់​មក​ប្រើថាមពល​នុយក្លេអ៊ែរ។ ប្រទេស​នៅអឺរ៉ុប​មួយចំនួន​នៅតែ​មិនទុកចិត្ត​ថាមពល​នុយក្លេអ៊ែរ​ ដោយសារ​តែឃើញបទពិសោធន​គ្រោះថ្នាក់​ឆេះរោងចក្រ​នុយក្លេអ៊ែរ​នៅ​ហ្វូគូស៊្ហីម៉ា កាលពី​ឆ្នាំ ២០១១។ ដោយសារ​តែ​ហេតុការណ៍នៅហ្វូគូស្ហ៊ីម៉ា អាល្លឺម៉ង់​បាន​កាត់បន្ថយ​ការប្រើថាមពល​នុយក្លេអ៊ែរ ដោយ​បាន​បិទ​រោងចក្រ​នុយក្លេអ៊ែរ​ចំនួន ៦ និង​កាត់បន្ថយ​ការពឹងផ្អែក​បន្តិចម្តងៗ ដើម្បី​ឈាន​ទៅ​បិទម៉ាស៊ីនប្រតិករ​ដែលនៅសេសសល់ ចុងក្រោយ កាលពី​ឆ្នាំ​២០២៣។

នៅ​ចំពោះមុខ​តម្រូវការទុនវិនិយោគ​ដ៏មហាសាល ក្រុមប្រទេស​ដែល​ដៅចង់បាន​ថាមពល​នុយក្លេអ៊ែរ​ចង់​ប្រមូលកម្លាំងគ្នា​ដើម្បីបញ្ចុះបញ្ចូល​ស្ថាប័ន​ធនាគារ​អន្តរជាតិ ដែល​រហូតមកដល់​ពេលនេះ នៅតែ​អរិភាព មិនទាន់​ចាត់ទុក​ថាមពល​នុយក្លេអ៊ែរ​ជាថាមពល​ស្អាតស្អំ ដូចថាមពលព្រះអាទិត្យ ឬ​ថាមពលវាយោ។

ប៉ុន្តែ សម្រាប់​អ្នកការពារ​បរិស្ថាន ទោះមិនបញ្ចេញ​ឧស្ម័នកាបូនិក ឧស្ម័នផ្ទះកញ្ចក់ដែល​ជាដើមហេតុ​នៃការឡើងកំដៅផែនដីមែន ប៉ុន្តែ ថាមពល​នុយក្លេអ៊ែរ​មិនអាចត្រូវ​គេ​ប្រើ​ជំនួស​ថាមពលស្អាតស្អំ​ដូចជាផ្ទាំងសូឡាបានទេ។ ក្រៅពី​បញ្ចេញ​សាយភាយ​សារធាតុវិទ្យុសកម្មនៅពេល​មាន​គ្រោះថ្នាក់កើតឡើង រោងចក្រ​នុយក្លេអ៊ែរ​នៅ​បញ្ចេញ​កាកសំណល់ពុល គ្មានថ្ងៃរលាយ​បាត់​ពី​ផែនដី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ