អានតួអត្ថបទ
រុស្ស៊ី-សេរីភាពសារព័ត៌មាន

រុស្ស៊ី សម្រុកចាប់ខ្លួនក្រុមអ្នកសារព័ត៌មានឯករាជ្យ

នៅក្នុងប្រទេសរុស្ស៊ី មានអ្នកកាសែតចំនួន ៥នាក់ដែលបម្រើការឲ្យស្ថាប័នព័ត៌មានឯករាជ្យត្រូវបានចាប់ខ្លួននៅយប់ថ្ងៃពុធ ទី២៧ឆ្លងចូលព្រហស្បតិ៍ ទី២៨ មីនា។ ការចាប់ខ្លួនអ្នកកាសែតពេលនេះជាសក្ខីកម្មថ្មីមួយទៀតដែលបញ្ជាក់ថា ក្រុងមូស្គូមិនញញើតនឹងកំចាត់អ្នកដែលហ៊ានចេញមុខរិះគន់ និងប្រឆាំងខ្លួន។

រុស្ស៊ីសម្រុកចាប់ខ្លួនក្រុមអ្នកសារព័ត៌មានឯករាជ្យ
រុស្ស៊ីសម្រុកចាប់ខ្លួនក្រុមអ្នកសារព័ត៌មានឯករាជ្យ REUTERS - Maxim Shemetov
ផ្សាយពាណិជ្ជកម្ម

យោងតាមសេចក្តីរាយការណ៍របស់ អង្គការក្រៅរដ្ឋាភិបាល OVD-Info ដែលតែងតាមដានរាល់សកម្មភាពបង្ក្រាបនានាក្នុងប្រទេសរុស្ស៊ី នៅយប់ថ្ងៃពុធឆ្លងមកថ្ងៃព្រហស្បតិ៍ទី ២៨ មីនា ប៉ូលីសរុស្ស៊ី បានសួរដេញដោល លោកស្រី Ekaterina Anikevitch នៃប្រព័ន្ធផ្សព្វផ្សាយ SOTAvision និង លោក Konstantin Jarov មកពី RusNews។ រីឯ អ្នកកាសែត ២ នាក់ទៀត គឺលោកស្រី Alexandra Astakhova  និង លោកស្រី Anastassia Moussatova ក៏ត្រូវបានប៉ូលីសសួរចម្លើយដូចគ្នាដែរ នេះបើយោងតាមប្រភពព័ត៌មានតែមួយ។

អង្គការក្រៅរដ្ឋាភិបាលខាងលើ​ បន្ថែមថា លោក Jarov បានរង ការវាយដំ បំភិតបំភ័យ ព្រមទាំងអំពើហិង្សាផ្លូវភេទ ពីសំណាក់ក្រុមប៉ូលីស។ លោក Jarov បានឲ្យដឹងថា ដើមហេតុនៃអំពើហិង្សាខាងលើ គឺបណ្តាលមកពីរូបលោក បានថតវីដេអូ នៅក្បែរលំនៅដ្ឋាន របស់អ្នកកាសែតម្នាក់ទៀត គឺលោកស្រី Antonina Favorskaya ដែលធ្វើការឲ្យ SOTAvision។ លោកស្រី Favorskaya ត្រូវបានប៉ូលីសយកទៅសួរដេញដោល នៅល្ងាចថ្ងៃពុធ ក្រោយ ពីបានរួចពីការឃុំខ្លួនអស់រយៈពេល ១០ ថ្ងៃ ក្រោមបទមិនស្តាប់តាមបង្គាប់ប៉ូលីស។ បើតាមសំដីមេធាវីរបស់លោកស្រី Favorskaya គេហដ្ឋានរបស់គាត់ និង ឪពុកម្តាយគាត់ ត្រូវបានប៉ូលីសរុករកឆែកឆេរ ។

ដោយឡែក គេហទំព័របច្ចុប្បន្នភាព Mediazona ដែលជំនាញលើសំណុំរឿងតុលាការនានាក្នុងប្រទេសរុស្ស៊ី បានបំភ្លឺថា ដំណើរចោទប្រកាន់លើ លោកស្រី Favorskaya គឺមានជាប់ពាក់ព័ន្ធនឹងសកម្មភាពរបស់មេបក្សប្រឆាំង លោក អាឡិកសី ណាវ៉ាល់នី ដែលបានបាត់បង់ជីវិត ក្នុងពន្ធនាគារ កាលពីខែ កុម្ភៈ កន្លងទៅ។ យ៉ាងណាមិញ អស់រយៈពេលជាច្រើនឆ្នាំ លោកស្រី Antonina Favorskaya តែងធ្វើសេចក្តីរាយការណ៍ នៅគ្រប់សវនាការទាំងអស់ ដែលទាក់ទងនឹងរូបលោក អាឡិកសី ណាវ៉ាល់នី។ ជាក់ស្តែង លោកស្រី គឺជាអ្នកថតវីដេអូចុងក្រោយបង្អស់ ដែលបង្ហាញរូបលោក ណាវ៉ាល់នី កំពុងនៅមានជីវិតនៅឡើយ កាលពីថ្ងៃទី ១៥ កុម្ភៈ កន្លងទៅ ក្នុងអង្គជំនុំជម្រះនៃតុលាការមួយ។  

គួររំឭកដែរថា បច្ចុប្បន្ននេះ បណ្តាអង្គការនានា ដែលពាក់ព័ន្ធនិង លោក ណាវ៉ាល់នី ត្រូវបានតុលាការរុស្ស៊ី ចាត់ទុកជាអង្គការជ្រុលនិយម ទាំងអស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ