អានតួអត្ថបទ
កូរ៉េ​ខាង​ត្បូង-​គ្រូពេទ្យ

បាតុកម្មពេទ្យ​កម្មសិក្សា៖​ រដ្ឋាភិបាល​កូរ៉េខាង​ត្បូង​ផ្តើម​បែប​បទ​ព្យួរ​សញ្ញាប័ត្រ​​កូដករ

បន្ទាប់​ពី​​ព្រមាន រដ្ឋាភិបាលកូរ៉េខាង​ត្បូង​បាន​ចាប់​ផ្តើម​ដំណើរ​បែប​បទដាក់​ទណ្ឌកម្ម​ ​ព្យួរ​​ក្រុមពេទ្យ​កម្មសិក្សា​ទាំង​ជាង​៤៩០០នាក់ ដែល​ធ្វើ​កូដកម្ម​​មិនមក​​បំពេញ​​តួនាទីកម្មសិក្សា​នៅ​តាម​មន្ទីរពេទ្យ។ វិធានការ​នេះ​អាច​នឹង​ធ្វើឱ្យ​និស្សិត​ពេទ្យ​ខាតពេល​ដល់​មួយ​ឆ្នាំ និង​មិន​អាច​ទទួល​សញ្ញាប័ត្រ​ជា​វេជ្ជបណ្ឌិត​ពេញ​សិទ្ធិ​បាន។

ពេទ្យ​ម្នាក់​ដើរ​នៅមុខ​សាល​វះ​កាត់​នៃ​មន្ទីរពេទ្យ​ Gwangju ប្រទេស​កូរ៉េខាង​ត្បូង
ពេទ្យ​ម្នាក់​ដើរ​នៅមុខ​សាល​វះ​កាត់​នៃ​មន្ទីរពេទ្យ​ Gwangju ប្រទេស​កូរ៉េខាង​ត្បូង AP
ផ្សាយពាណិជ្ជកម្ម

និស្សិត​ថ្នាក់​កម្មសិក្សាបាន​នាំគ្នា​ធ្វើ​កូដកម្ម បោះបង់​តួនាទីជា​គ្រូពេទ្យ​​មិន​មក​ធ្វើ​ការ​ តាំងពី​ថ្ងៃ​ទី​២០​កុម្ភៈ​មក​ ជា​ហេតុ​ធ្វើ​ឱ្យ​មន្ទីរពេទ្យ​មាន​ដំណើរការ​យ៉ាង​រអាក់រអួលបំផុត​ កម្មវិធី​ព្យាបាល -វះកាត់ ជាង​ពាក់​កណ្តាល​ត្រូវ​លើក​ពេល​ ព្រោះ​ប្រព័ន្ធសុខាភិបាល​(មន្ទីរពេទ្យកូរ៉េខាងត្បូង) ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​កម្លាំងពលកម្ម​របស់​គ្រូពេទ្យ​កម្មសិក្សា។

ស្ថានភាពមន្ទីរពេទ្យ​​យ៉ាប់​យឺន​ខ្លាំង​ បាន​ជំរុញ​​ឱ្យ​រដ្ឋាភិបាល​កោះ​ប្រមូល​និង​បញ្ចេញ​ពេទ្យ​យោធា​មក​ជា​ជំនួយ។ ទន្ទឹម​ពេល​ជា​មួយ​គ្នា​នេះ ក្រោយ​ពី​បាន​ព្រមាននិង​បញ្ជា​ឱ្យ​ប៉ូលិស​បើក​អង្កេត​ នៅថ្ងៃ​ចន្ទ​នេះ​រដ្ឋាភិបាល​បាន​ផ្តើមដំណើរ​បែបទ​​​ដាក់ទណ្ឌកម្ម​និស្សិតកម្មសិក្សា​ជា​កូដករ។ ក្នុង​ដំណាក់កាលទីមួយ ក្រសួងសុខាភិបាល​បាន​ផ្ញើ​លិខិត​រដ្ឋបាល​​ទៅ​កាន់​កូដករ​ទាំងជាង​៤៩០០នាក់ ​ឱ្យក្រុម​និស្សិតបាតុករ​​ត្រលប់​មក​បំពេញ​ការងារ​នៅ​មន្ទីរពេទ្យ​វិញ ព្រោះ​តាម​ច្បាប់​​គ្រូពេទ្យ​ ​ជា​ការងារ​ដ៏​សំខាន់ ដែលមិន​អាច​ធ្វើ​កូដកម្ម​បាន​ទេ។ បន្ទាប់​មក​ បើ​ពេទ្យ​កម្មសិក្សា​នៅ​តែបន្ត​​មិន​ចូល​ធ្វើការទេ នោះ​អាជ្ញាធរ​នឹង​ព្យួរ​សញ្ញាប័ត្ររបស់​ពួកគេ​សម្រាប់​​រយៈ​ពេល​បី​ខែ ដែល​ជាស្វ័យ​ប្រវត្តិ​ពួកគេ​នឹង​ត្រូវ​ខាត​ពេលយ៉ាង​ហោច​​​មួយ​ឆ្នាំសិក្សា​តែ​ម្តង ពោល​គឺ​ពួក​គេ​​មិន​អាច​ទទួល​សញ្ញាប័ត្របញ្ចប់​ការ​សិក្សា​ក្លាយ​ជា​វេជ្ជបណ្ឌិត ជា​អ្នក​​ឯកទេស​បាន​ទេ សម្រាប់​និស្សិតកូដករ​​ត្រូវ​បញ្ចប់​ឆ្នាំ​នៅ​ឆ្នាំ​នេះ។ ក្រសួង​សន្យា​ថា​នឹង​រាល់​និស្សិត​កូដករ​ដែល​សុខចិត្ត​ត្រលប់​មក​ចូល​ធ្វើ​ការ​វិញ​ភ្លាម​ នឹង​បាន​រួច​ខ្លួន​ពី​ទណ្ឌកម្ម​នេះ។

​​​ប៉ុន្តែ​និស្សិត​កម្មសិក្សា​​​ចំនួន​១២០០០នាក់​ ពោលគឺ​៩៣% បាន​អវត្តមាន​នៅថ្ងៃ​ចន្ទ​ ដើម្បី​ផ្គើន​សេចក្តី​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាលទៅ​វិញ។ គ្រូពេទ្យ​​កម្មសិក្សា​បាន​នាំគ្នា​ធ្វើ​បាតុកម្ម​មិន​ចូល​ធ្វើការ​ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​គម្រោង​កំណែទម្រង់​ប្រព័ន្ធ​សិក្សា​វេជ្ជសាស្ត្រ​ ដែល​គ្រោង​នឹង​ដំឡើង​ចំនួន​និស្សិត​ចូល​រៀន​៦៥% ឬ​២០០០នាក់​បន្ថែម​ក្នុង​មួយ​ឆ្នាំ​ចាប់ពី​ឆ្នាំ​ក្រោយ​ទៅ។

ប្រឈម​នឹង​កំណើន​ប្រជាពលរដ្ឋ​វ័យ​ចំណាស់ និង​កង្វះ​គ្រូពេទ្យ​ដែល​អាច​ដល់​ទៅ​១៥០០០នាក់​នៅ​ឆ្នាំ​២០៣៥ ​រដ្ឋាភិបាលកូរ៉េខាងត្បូង​ចាំបាច់​ត្រូវ​ធ្វើ​កំណែទម្រង់​ដំឡើង​ចំនួន​និស្សិត​ឱ្យ​បាន​​ចូល​រៀន​ពេទ្យ។ រដ្ឋាភិបាល​ព្យាករ​ថា​ប្រទេស​​​នឹង​មាន​ពលរដ្ឋ​អាយុ​​លើស​ពី​៦៥​ឆ្នាំ​ចំនួន​ដល់​ទៅ​៤៤%​នៅ​ឆ្នាំ​២០៥០។​ បច្ចុប្បន្ន​នេះ ​កូរ៉េខាង​ត្បូង​មាន​គ្រូពេទ្យ​ជា​មធ្យម​តែ​២,៦នាក់​ប៉ុណ្ណោះ​សម្រាប់​មើល​ពលរដ្ឋ​១ពាន់នាក់ ទល់​នឹង​មធ្យមភាគ​៣,៧%​ បើប្រៀប​ទៅ​នឹង​​៣៧​រដ្ឋ​​ជា​សមាជិក​អង្គការ​ប្រទេស​អភិវឌ្ឍន៍​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ