អានតួអត្ថបទ
ឥណ្ឌា-បោះឆ្នោត

ឥណ្ឌា៖ សមាជិកម្នាក់នៃ​គណៈកម្មការជាតិរៀបចំការបោះឆ្នោត ប្រកាសលាឈប់ ខណៈការបោះឆ្នោតសភាជិតមកដល់

នៅឥណ្ឌា តាមការគ្រោងទុក ការបោះឆ្នោតសភាអាណត្តិថ្មី នឹងត្រូវធ្វើនៅរវាង​ខែ​មេសា និង​ឧសភាខាងមុខនេះ។ ស្របពេល​ដែល​កាលបរិច្ឆេទនៃការបោះឆ្នោត នៅមិនទាន់ត្រូវបាន​គេ​​ប្រកាស ស្រាប់តែកាលពីថ្ងៃ​​សៅរ៍ ទី​៩មីនា សមាជិក​ម្នាក់​នៃគណកម្មការជាតិរៀបចំការបោះឆ្នោតឥណ្ឌា បានប្រកាសលាលែងពីតំណែង។ ក្រុមគណបក្សប្រឆាំងឥណ្ឌា បាន​​លើកឡើង​ពី​​ការព្រួយ​បារម្ភ ថាគណកម្មការរៀបចំការបោះឆ្នោត ពិតជាបានរងសំពាធពី​រដ្ឋាភិបាល​របស់​លោក ណារិន្ទ្រ ម៉ូឌី​។

មនុស្ស​ដើរកាត់ខាងមុខទីស្នាក់ការ គណៈកម្មការជាតិរៀបចំការបោះឆ្នោត​ឥណ្ឌា នៅទីក្រុងញូដេលី ថ្ងៃទី ១១ មីនា ២០១៩
មនុស្ស​ដើរកាត់ខាងមុខទីស្នាក់ការ គណៈកម្មការជាតិរៀបចំការបោះឆ្នោត​ឥណ្ឌា នៅទីក្រុងញូដេលី ថ្ងៃទី ១១ មីនា ២០១៩ REUTERS - Adnan Abidi
ផ្សាយពាណិជ្ជកម្ម

ការបោះឆ្នោត​សភាកាន់តែខិតជិតមកដល់ តែគណកម្មការជាតិរៀបចំការបោះឆ្នោតឥណ្ឌា ដែលមានសមាជិកជាន់ខ្ពស់ចំនួន​៣នាក់នោះ គឺ​នៅ​សល់​សមាជិក​តែ១នាក់គត់ បន្ទាប់ពីលោក Arun Goel បាន​ប្រកាសលាឈប់ពីមុខងារ កាលពីថ្ងៃសៅរ៍ទី​៩មីនា​។ ចំណែក​សមាជិកម្នាក់ទៀត បានឈប់ពីមុខងារដែរ ដោយដល់អាយុចូលនិវត្ត តែមកទល់ពេលនេះ មិនទាន់មាននរណាមកជំនួសឡើយ​។

ផ្អែកតាមក្រសួងយុត្តិធម៌ឥណ្ឌា លោកស្រីប្រធានាធិបតី​ឥណ្ឌា Droupadi Murmu បានទទួលយក​លិខិតសុំលាឈប់ របស់​លោក​ Arun Goel ហើយ តែដោយមិនបានបញ្ជាក់​ឲ្យដឹងថា ការ​សុំលាឈប់នេះ មានមូលហេតុអ្វីនោះទេ។ ដោយឡែក បណ្តាញទូរទស្សន៍ NDTV ដោយ​មិនបញ្ជាក់ប្រភព បាន​ផ្សាយ​ថា លោក Arun Goel បានលាឈប់ពី​គណៈកម្មការជាតិរៀបចំការបោះឆ្នោត ដោយ​មូលហេតុផ្ទាល់ខ្លួន​។

សូមបញ្ជាក់ថា យោងតាម​បណ្តាញផ្សព្វផ្សាយឥណ្ឌា កាលបរិច្ឆេទនៃការបោះឆ្នោតសភា នឹងត្រូវប្រកាសនៅសប្តាហ៍​ក្រោយ​នេះហើយ ដោយគណៈកម្មការជាតិរៀប​ចំការបោះឆ្នោត។ ប្រជាជន​ឥណ្ឌា​ប្រមាណ​ជិត​១០០០លាននាក់ នឹងត្រូវទៅបោះឆ្នោត ជ្រើសរើសសមាជិកសភា​ជាន់ទាប ដែលមានឈ្មោះថា Lok Sabha ដែលការបោះឆ្នោត​នេះនឹងត្រូវធ្វើច្រើនដំណាក់កាល តាមរដ្ឋនីមួយ​ៗរបស់សហព័ន្ធឥណ្ឌា​។ ពោលវាគឺជាការបោះឆ្នោត​តាមបែបប្រជាធិបតេយ្យ ដ៏ធំបំផុត​នៃ​ពិភពលោក​។

លោក Venugopal អគ្គលេខានៃគណបក្ស Congrès ដែលជាបក្សប្រឆាំងធំបំផុតនៅឥណ្ឌា បាន​លើកឡើងថា ការលាចុះពីតំណែងទាន់ហន់របស់ Arun Goel គឺពិតជាគួរ​ឲ្យ​ព្រួយបារម្ភធំ​ណាស់។ នៅលើបណ្តាញសង្គម លោក Venugopal បានសរសេរថា សុខភាពនៃលទ្ធិប្រជាធិបតេយ្យឥណ្ឌា ដែលជាប្រទេសប្រជាធិបតេយ្យ​​ធំជាងគេបង្អស់នៃពិភពលោក​ កំពុងតែជួបគ្រោះថ្នាក់ បន្ទាប់ពី​សមាជិក​គណៈកម្មការជាតិរៀបចំការបោះឆ្នោត លាឈប់ពីតំណែងនៅមុនពេល​និងការបោះឆ្នោតបែបនេះ​។ លោក​បន្ថែមថា ស្ថាប័ន​ចាត់ចែងការបោះឆ្នោតនេះ គ្មានតម្លាភាពទេ ហើយជាងនេះទៀត គឺវាបានបង្ហាញថា ស្ថាប័ននេះពិតជាបានរងនូវការដាក់សំពាធផ្សេងៗ ពីរដ្ឋាភិបាល​របស់​លោក​ណារិន្ទ្រ ម៉ូឌី។

គួរបញ្ជាក់ថា លោក​ណារិន្ទ្រ ម៉ូឌី បានប្រកាសថានឹងឈរឈ្មោះ ជានាយករដ្ឋមន្ត្រីក្នុងអាណត្តិទី​៣។ យោងតាម​ការស្ទាបស្ទង់មតិ គណបក្សBharatiya Janata Party (BJP) របស់​លោក​ណារិន្ទ្រ ម៉ូឌី អាចទទួលបានជ័យជំនះយ៉ាងងាយ នៅក្នុងការបោះឆ្នោត។ ការសិក្សាមួយរបស់ Pew Research នៅឆ្នាំ២០២៣ បានបង្ហាញ​ថា ៨០%នៃ​ប្រជាជនឥណ្ឌា មានគំនិតយល់ឃើញវិជ្ជមាន​ លើ​លោកនាយករដ្ឋមន្ត្រី​ហិណ្ឌូជាតិ​និយមរូបនេះ។ ចំណែក​ការស្ទាបស្ទង់មតិមួយទៀត ធ្វើឡើងដោយ​ YouGov បង្ហាញ​ថា គណបក្ស Bharatiya Janata Party របស់​លោកម៉ូឌី អាចទទួលបានការគាំទ្រលើសគណបក្សប្រឆាំងផ្សេងទៀត​ ពីសំណាក់​ប្រជាជនឥណ្ឌាគ្រប់ស្រទាប់វណ្ណៈ ដែល​គេបាន​ចោទសួរ​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ