អានតួអត្ថបទ
ចិន-ម៉ាល់ឌីវ-ឥណ្ឌា

ម៉ាល់ឌីវ ចុះកិច្ចព្រមព្រៀងយោធាជាមួយចិន បន្ទាប់ពីបាន​បញ្ជាឲ្យ​កងទ័ព​ឥណ្ឌា​ចាកចេញ

រដ្ឋាភិបាល​ប្រទេសម៉ាល់ឌីវ បានចុះកិច្ចព្រមព្រៀងយោធាថ្មីមួយ ជាមួយ​ចិន ​កាលពីថ្ងៃអង្គារ ទី​៥មីនា។ កិច្ចព្រមព្រៀងដែលនឹងអនុញ្ញាតឲ្យងកងទ័ពម៉ាល់ឌីវ ទទួលបាន​ការជួយ​ទំនុកបំរុងពីកងទ័ពចិន។ មួយឆ្នាំបនញទាប់ពី​បាន​ចូលកាន់អំណាច ប្រធានាធិបតីថ្មីរបស់ម៉ាឌីវ ដែលមានទំនោរទៅរកចិន បានចេញបញ្ជា​ឲ្យ​កងទ័ពឥណ្ឌាត្រូវចាកចេញឲ្យអស់ពីទឹកដី​ម៉ាល់ឌីវ​។

លោក Mohammed Muizzu ប្រធានាធិបតី​ថ្មីម៉ាល់ឌីវ ដែលមានទំនោរងាកទៅរកចិន ហើយផ្តាច់ខ្លួនចេញ​ឥទ្ធិពលឥណ្ឌា។
លោក Mohammed Muizzu ប្រធានាធិបតី​ថ្មីម៉ាល់ឌីវ ដែលមានទំនោរងាកទៅរកចិន ហើយផ្តាច់ខ្លួនចេញ​ឥទ្ធិពលឥណ្ឌា។ AFP - ISHARA S. KODIKARA
ផ្សាយពាណិជ្ជកម្ម

ក្រសួងការ​ពារជាតិ​ម៉ាល់ឌីវ បាន​បញ្ជាក់​នៅរសៀលថ្ងៃអង្គារទី​៥មីនា ម៉ាល់ឌីវ​​បានចុះកិច្ចព្រមព្រៀងយោធា ជាមួយ ចិន ដើម្បីឲ្យភាគី​ចិនជួយ​ផ្គត់ផ្គង់សម្ភារៈយោធា​ និង​ជំនួយ​ផ្សេងៗ។ ដោយ​មិនលំអិតឲ្យ​បានច្រើនជាងនេះ ក្រសួងការពារជាតិម៉ាល់ឌីវ បានត្រឹម​បញ្ជាក់ថា កិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀង​​ដោយ​​ឥតគិតថ្លៃ។ ដោយឡែក នៅតាមបណ្តាញសង្គម​ X ក្រសួងការពារជាតិ​ម៉ាល់ឌីវ បាន​បង្ហោះសារ ថា​កិច្ចព្រមព្រៀងយោធាជាមួយចិន ត្រូវបានធ្វើឡើងក្នុងកម្មវត្ថុពង្រឹងសហប្រតិបត្តិការទ្វេរភាគី​។

ស្របពេល​ ​មានការប្រកាសពី​កិច្ចព្រមព្រៀង​យោធាជាមួយចិននេះដែរ ក្រសួងសុខាភិបាល​ម៉ាល់ឌីវឯនោះ បានប្រកាសថាគេបានទទួលអំណោយជារថយន្តសង្គ្រោះបន្ទាន់ចំនួន​១០គ្រឿងពីរដ្ឋាភិបាលចិន​។

គួរបញ្ជាក់ថា ម៉ាល់ឌីវ ដែលជាប្រទេសអ៊ីស្លាម ​​ប្រជុំកោះស្ថិតក្នុងមហាសមុទ្រឥណ្ឌា តាំងតែពីដើមមក គឺតែងស្ថិតក្នុងដែនឥទ្ធិពល​របស់ឥណ្ឌា។ តែយ៉ាងណា ទំនាក់ទំនងរវាង​ឥណ្ឌានិងម៉ាល់ឌីវ បានល្អក់កករខ្លាំង បន្ទាប់ពីលោកប្រធានាធិបតី Mohamed Muizzu បានចូលកាន់អំណាច​កាលពីខែកញ្ញា​​ឆ្នាំ​២០២៣។ លោក​ប្រធានាធិបតី​ថ្មីរូបនេះ មានទំនោរងាកទៅរកចិន ហើយ​បាន​ធ្វើ​ឥណ្ឌាកាន់តែបារម្ភ ថាចិនអាចនឹងប្រើប្រាស់ម៉ាល់ឌីវ ដើម្បីតាំងទីកងទ័ពកៀកនឹងឥណ្ឌា​។

កាលពីថ្ងៃចន្ទ ទី​៤មីនា ប្រធានាធិបតីថ្មីរបស់ម៉ាល់ឌីវ បានប្រកាសថា កងទាហានឥណ្ឌាចំនួន៨៩នាក់ នឹងត្រូវចាកចេញឲ្យអស់ពីទឹកដីម៉ាល់ឌីវ យ៉ាងយូរបំផុត នៅថ្ងៃ​១០​ឧសភាខាង​មុខ។​ ទាហានឥណ្ឌាទាំងនេះ គឺត្រូវបាន​គេបញ្ជូន​មក ក្នុងបេសកកម្ម​​ប្រើប្រាស់​​យន្តហោះ​ប្រមូលព័ត៌មាន​ល្បាត​សមុទ្រចំនួន​៣គ្រឿង​។ តាមការគ្រោងទុក ភាគីឥណ្ឌា ត្រូវបញ្ជូន​បុគ្គលិកស៊ីវីល​ មកជំនួសទាហានទាំងនេះ ដើម្បីបន្តបេសកកម្ម​។

គួររំលឹកដែរថា ទំនោរខិតទៅរកចិន របស់​ម៉ាល់ឌីវ បាន​ធ្វើ​ឲ្យ​ឥណ្ឌាបារម្ភខ្លាំងឡើងៗ។ កាលពីខែកុម្ភៈ ម៉ាល់ឌីវ បាន​អនុញ្ញាតឲ្យ​នាវាមួយគ្រឿងរបស់ចិន ឲ្យចូលមកក្នុងដែនទឹកម៉ាល់ឌីវ ដែលគេអះអាងជាផ្លូវការថា ជានាវាស្រាវជ្រាវសមុទ្រ។ នាវាចិនឈ្មោះ Xiang Yang Hong 3 នេះ បានចូល​មក​ចតនៅកំពង់ផែរដ្ឋធានី​​ Malé របស់ម៉ាល់ឌីវ បន្ទាប់ពីត្រូវអាជ្ញាធរស្រីលង្កាបដិសេធមិនឲ្យចូលចត។ ឥណ្ឌា​បានដាក់ការសង្ស័យថា នាវាចិននេះ ជានាវាឈ្លបយកការណ៍​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ