អានតួអត្ថបទ
ឥណ្ឌា-អ៊ីស្លាម

តើជម្លោះសាសនា​កំពុង​ចាប់​រើបឡើងវិញ នៅ​ឥណ្ឌា?

នៅ​ឥណ្ឌា អាជ្ញាធរ​ក្នុង​រដ្ឋ​Uttarkahand ប៉ះទង្គិចគ្នា​ជាមួយ​ក្រុម​អ្នកកាន់សាសនា​អ៊ីស្លាម ដែលធ្វើបាតុកម្ម​ហិង្សា ប្រឆាំង​អាជ្ញាធរ នៅក្នុង​រឿងវាយកម្ទេច​ទីតាំងសាសនា​របស់​ពួកគេ។ នៅថ្ងៃព្រហស្បតិ៍​ម្សិលមិញ អាជ្ញាធរ​មូលដ្ឋាន​នៅក្នុង​រដ្ឋភាគខាងជើង​ឥណ្ឌា Uttarkahand​​បញ្ជា​ឲ្យគេ​បំផ្លាញ​អគារ​សាលារៀន និង​វិហារអ៊ីស្លាម នៅក្នុង​ហេតុផល​ថាជាសំណង់​ខុសច្បាប់។ ការប៉ះទង្គិចគ្នា​ដ៏ហិង្សា នៅ​ថ្ងៃ​សុក្រទី ៩​កុម្ភៈ ដែលនៅក្នុង​បាតុករ​ដុតបំផ្លាញ​រថយន្តជាច្រើនគ្រឿង មនុស្ស​ពីរ​នាក់​ស្លាប់ និង​ជាង​១០នាក់​រងរបួស ដែលភាគច្រើនជា​ប៉ូលិសឥណ្ឌា។ 

ទីសក្ការៈបូជា​ដ៏ចម្រូងចម្រាស​មួយ នៅក្នុង​ទីក្រុង​អាយុធ្យា សាងសង់​នៅលើ​ទីតាំង​ដែល​ធ្លាប់មាន​វិហាអ៊ីស្លាម សតវត្សរ៍​ទី​១៦ ប៉ុន្តែ ដែល​ត្រូវ​ក្រុមអ្នកកាន់​សាសនាហិណ្ឌូ​វាយបំផ្លាញ នៅ​ឆ្នាំ ១៩៩២។
ទីសក្ការៈបូជា​ដ៏ចម្រូងចម្រាស​មួយ នៅក្នុង​ទីក្រុង​អាយុធ្យា សាងសង់​នៅលើ​ទីតាំង​ដែល​ធ្លាប់មាន​វិហាអ៊ីស្លាម សតវត្សរ៍​ទី​១៦ ប៉ុន្តែ ដែល​ត្រូវ​ក្រុមអ្នកកាន់​សាសនាហិណ្ឌូ​វាយបំផ្លាញ នៅ​ឆ្នាំ ១៩៩២។ AP - Rajesh Kumar Singh
ផ្សាយពាណិជ្ជកម្ម

មនុស្ស​២នាក់​ស្លាប់ ចំណែកជាង​១០នាក់​រងរបួស​នៅក្នុង​ការប៉ះទង្គិច​គ្នា​ដ៏ហិង្សា​រវាង​អ្នកកាន់សាសនា​អ៊ីស្លាម និង​កងកម្លាំង​រក្សា​សន្តិសុខ នៅ​រដ្ឋ Uttarkahand​ភាគខាងជើង​ឥណ្ឌា។ ប៉ូលិស​មិន​បាន​បញ្ជាក់​អត្តសញ្ញាណ​របស់​ជនរងគ្រោះ​ស្លាប់​នៅក្នុង​បាតុកម្ម​ហិង្សា ដុតរថយន្ត​បង្ក​ឡើង​ដោយ​អ្នកកាន់សាសនា​អ៊ីស្លាមទេ ប៉ុន្តែ គ្រាន់តែ បញ្ជាក់ថា មាន​ប៉ូលិស​ជាច្រើននាក់​ដែល​រងរបួស​ដោយសារ​ការគប់ដុំថ្ម​របស់​បាតុករ។

មន្រ្តីប៉ូលិស​មូលដ្ឋាន​ម្នាក់ បាន​និយាយ​ប្រាប់​អ្នកកាសែត​ថា គេ​បាន​ទទួលបញ្ជា​ពី​ថ្នាក់លើ​ឲ្យ​បាញ់​សំដៅ​កុបករ ដោយ​មិនបង្អង់ដៃ។

ការប្រឈមដាក់គ្នា​ដ៏ហិង្សា​រវាង​ប៉ូលិស និង​បាតុករ​អ៊ីស្លាម កើតឡើង​នៅ​មួយថ្ងៃ​ក្រោយពី​អាជ្ញាធរក្រុង ក្នុង​រដ្ឋ​ Uttarkahand​បញ្ជា​ឲ្យ​វាយបំផ្លាញ សាលារៀន និង​វិហារអ៊ីស្លាម​នៅក្នុងហេតុផលថា ជាសំណង់ សង់ឡើង​ដោយ​គ្មានសុំការអនុញ្ញាត​ពីអាជ្ញាធរ។

សម្រាប់​សហគមន៍​អ៊ីស្លាម នេះ​ជាការធ្វើទុក្ខបុកម្នេញ មួយទៀត​របស់​អាជ្ញាធរ​ឥណ្ឌា ទៅលើ​អ្នកកាន់សាសនា​អ៊ីស្លាម។ នៅក្រោម​ការដឹកនាំ​របស់​លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា ណារិនដ្រា ម៉ូឌី ដែល​ជាអ្នកកាន់​សាសនា​ហិណ្ឌូ​យ៉ាង​ជោគជាំ សំឡេង​ទាមទារ​ឲ្យ​សាសនា​ហិណ្ឌូ ជា​សាសនា​កំពូល​របស់​ឥណ្ឌា​មានកាន់តែ​ច្រើនឡើងៗ។ តាំង​ពីលោកណារិនដ្រា ម៉ូឌី​ចូលកាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​នៅ​ឆ្នាំ ២០១៤ ក្រុម​ហិណ្ឌូ​ជាតិ​និយម​កាន់​តែ​បាន​ដៃ បើក​យុទ្ធនាការ​ប្រឆាំង វាយបំផ្លាញ​ទីតាំង​សាសនា​ជាច្រើន​របស់​ប្រជាជន​អ៊ីស្លាម នៅ​ឥណ្ឌា។

ហេតុការណ៍​ប៉ះទង្គិច​នៅ​ថ្ងៃ​សុក្រនេះ កើតឡើង​នៅតែ​ប៉ុន្មានសប្តាហ៍​ក្រោយ ដែលលោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា​បើកសម្ពោធ​ទីសក្ការៈបូជា​ដ៏ចម្រូងចម្រាស​មួយ នៅក្នុង​ទីក្រុង​អាយុធ្យា។ ចម្រូងចម្រាស ព្រោះ​វិហារហិណ្ឌូ​មួយនេះ សាងសង់​នៅលើ​ទីតាំង​ដែល​ធ្លាប់មាន​វិហាអ៊ីស្លាម សតវត្សរ៍​ទី​១៦ ប៉ុន្តែ ដែល​ត្រូវ​ក្រុមអ្នកកាន់​សាសនាហិណ្ឌូ​វាយបំផ្លាញ នៅ​ឆ្នាំ ១៩៩២។ កាលណោះ ការវាយបំផ្លាញ​វិហារអ៊ីស្លាម​បាន​បណ្តាល​ឲ្យ​មានកុបកម្ម ការប៉ះទង្គិចគ្នា​ដ៏ហិង្សា ដែលបាន​សម្លាប់មនុស្ស​ប្រមាណ ២០០០នាក់ ដែល​ភាគច្រើន​ជា​អ្នកកាន់​សាសនា​អ៊ីស្លាម។

នៅ​ឥណ្ឌា ដែល​ប្រជាជន​ឥណ្ឌា​សរុប ជាង ១៤០០លាននាក់ អ្នកកាន់​សាសនា​អ៊ីស្លាម ប្រមាណ​២១០​លាន​នាក់ កំពុង​រស់នៅ​ក្នុង​ការភ័យខ្លាច ព្រួយបារម្ភ​ពីអនាគត​របស់ពួកគេ។ ខណៈពេលដែល​ការបោះឆ្នោតជាតិកាន់តែ​កៀកខិតចូលមកដល់ នៅខែ​មេសាខាងមុខ អំពើហិង្សា ការធ្វើទុកម្នេញ និង​ការដៅ​បំផ្លាញ ទ្រព្យសម្បត្តិ ទីតាំង​គោរពបូជា​របស់​អ្នកកាន់សាសនា​អ៊ីស្លាម​មានកាន់តែ​ច្រើនឡើងៗ។

នៅចុងខែ​មករា អាជ្ញាធរ​ឥណ្ឌា​បាន​បំផ្លាញ​វិហារអ៊ីស្លាម​មួយទៀត ចំណាស់ ៦០០ឆ្នាំ នៅក្នុងទីក្រុង​ញូវដេលី នៅក្នុង​លេសថា វិហារអ៊ីស្លាម​ស្ថិតនៅ​ដោយ​ខុសច្បាប់ ក្នុង​ឧទ្យានជាតិ។ ចំណែក​នៅ​រដ្ឋធានី Mumbai អាជ្ញាធរ​ចេញបញ្ជា​ឲ្យ​បំផ្លាញ​ហាងទំនិញ ជាច្រើន​កន្លែង​របស់​អ្នកកាន់សាសនា​អ៊ីស្លាម នៅក្រោយ​ពីមាន​ការផ្ទុះអំពើហិង្សាដាក់គ្នា​​រវាង​អ្នកកាន់សាសនា​ហិណ្ឌូ និងអ្នកកាន់សាសនាអ៊ីស្លាម ដោយសារ វិហារហិណ្ឌូ នៅ​អាយុធ្យា។

នៅក្នុង​រដ្ឋ​ Uttarkahand​ នៅមុនមាន​បាតុកម្មតវ៉ា​របស់​អ្នកកាន់សាសនា​អ៊ីស្លាម នៅថ្ងៃសុក្រ​នេះ ភាពតានតឹងចាប់កើនឡើង ​តាំង​ពីថ្ងៃ​ពុធ នៅពេល​អាជ្ញាធរ​អនុម័តច្បាប់ តម្រូវ​ឲ្យ​គេអនុវត្ត​ក្រមរដ្ឋប្បវេណី ជំនួស​ច្បាប់អ៊ីស្លាម នៅក្នុង​រឿង​លែងលះ ការរៀបអាពាហ៍ពិពាហ៍ ឬ​ការផ្ទេរមរតកជាដើម។ អ្នកកាន់សាសនា​អ៊ីស្លាម​ប្រឆាំង​តវ៉ាខ្លាំង ព្រោះ​វា​ប៉ះពាល់​ដល់​សិទ្ធិ ការអនុវត្ត​ច្បាប់អ៊ីស្លាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ