អានតួអត្ថបទ
ចិន-ចារកិច្ច

ចិន​កាត់​​ទោស​ប្រហារ​ជីវិត​​អ្នក​និពន្ធជាតិ​​អូស្ត្រាលី​ដើម​កំណើត​ចិន ពីបទ​ចារកិច្ច

លោក យ៉ាង ហឺនជីន អ្នក​និពន្ធនិង​ជា​សាស្ត្រាចារ្យ​សកលវិទ្យាល័យ​ជាតិ​អូស្ត្រាលី​ដើម​កំណើត​ចិន ដែល​ប៉េកាំង​ចាប់​ឃុំ​ឃាំង​តាំងពី​ឆ្នាំ​២០១៩មក ពី​បទ​ជាប់​ចោទ​ធ្វើ​ចារកិច្ច​​ ត្រូវ​បាន​តុលាការចិន​កាត់​ទោសប្រហារ​ជីវិត​ដោយ​ព្យួរ​។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួងការបរទេស​អូស្ត្រាលី​ នៅថ្ងៃទី ៥កុម្ភៈ​២០២៤។

លោក យ៉ាង ហឺនជីន អ្នក​និពន្ធ​ជាតិ​អូស្ត្រាលី​ ត្រូវ​តុលាការ​ចិន​កាត់​ទោស​ប្រហារជីវិត​ដោយ​ព្យូរ
លោក យ៉ាង ហឺនជីន អ្នក​និពន្ធ​ជាតិ​អូស្ត្រាលី​ ត្រូវ​តុលាការ​ចិន​កាត់​ទោស​ប្រហារជីវិត​ដោយ​ព្យូរ Twitter @YANGHENGJUN via REUTERS
ផ្សាយពាណិជ្ជកម្ម

កើត​នៅ​ប្រទេស​ចិន​ក្នុង​ឆ្នាំ​១៩៦៥ ជាអ្នក​និពន្ធ​ប្រលោម​លោក ជាអ្នក​សរសេរ​​ប្លុក ជា​សកម្មជន​ប្រជាធិបតេយ្យចិន និង​ជា​អតីត​អ្នក​ការទូតចិន ​លោក យ៉ាង ជីន បានក្លាយ​ជា​ពលរដ្ឋ​​សញ្ជាតិ​អូស្ត្រាលី​នៅ​ឆ្នាំ​២០០២។ ល្បី​ក្រោម​ឈ្មោះ​ យ៉ាង ហឺនជីន និង​រស់​នៅ​សហរដ្ឋ​អាមេរិក ​លោកយ៉ាង ជីន ត្រូវ​បានអាជ្ញាធរ​ប៉េកាំង​ចាប់​ខ្លួន ​នៅ​ខែ​មករា​ឆ្នាំ​២០១៩ ពេល​ធ្វើ​ដំណើរ​មក​ប្រទេស​ចិន ពី​បទ​សង្ស័យ​ធ្វើ​ចារកិច្ច។ ​តុលាការ​ចិនធ្លាប់​បាន​បើក​សវនាការ​កាត់​ទោស លោក យ៉ាង ​ដោយ​បិទ​ទ្វារ កាលពី​ឆ្នាំ​២០២១ ដោយ​គ្មាន​ធ្លាយសាលក្រម​ចេញ​​ជា​សាធារណៈ​ទេ។ កាលណោះ​​ក្នុង​ខែ​ឧសភា​២០២១ លោក​បាន​អះអាងថា​ទទួល​រង​ទារុណកម្ម នៅក្នុង​កន្លែង​ឃុំ​ឃាំង​សម្ងាត់។ នៅ​​ខែ​សីហា​២០២៣ លោក​យ៉ាង បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ចំពោះ​អាយុជីវិត​ក្នុង​ពន្ធនាគារ​ ដោយ​​ហេតុ​តែ​លោក​មាន​រោគា​ដុះ​ដុំ​សាច់​នៅ​ក្នុង​ក្រលៀន។​

ទើប​តែ​នៅថ្ងៃ​ចន្ទ​ទី​៥​កុម្ភៈ២០២៤​​នេះ ដែល​អ្នក​នាំពាក្យ​ក្រសួងការបរទេស​ចិន​ Wang Wenbin ​​ចេញ​មុខ​ផ្តល់​ព័ត៌មាន​។ ​ជាមួយ​ទោស​ប្រព្រឹត្ត​បទ​​ចារកិច្ច​ ​តុលាការ​ក្រុង​ប៉េកាំង​បាន​​សម្រេច​កាត់​ទោស​ប្រហារ​ជីវិត​លោក យ៉ាងជីន ដោយ​ព្យួរ​រយៈ​ពេល​ពីរ​ឆ្នាំ ព្រមទាំង​រឹប​អូស​យក​​ទ្រព្យ​សម្បត្តិ​ផ្ទាល់​របស់​លោកទាំងអស់។ នេះ​បើ​តាម​អ្នក​នាំពាក្យ​ក្រសួងបរទេស​ចិនដដែល។

នៅ​ចិន ពាក្យ​ថា មាន​ទោស​ប្រហារ​ជីវិត​ដោយ​ព្យួរ​រយៈ​ពេល​ពីរ​ឆ្នាំ​មាន​ន័យ​ថាជា​ការ​សម្រាល​ទោស​ ផុត​រយៈ​ពេល​ព្យួរ​ពីរ​ឆ្នាំ​ អ្នក​ទោស​ត្រូវ​ជាប់​ក្នុង​ពន្ធនាគារ​អស់​មួយ​មួយ​ជីវិត។

សូម​បញ្ជាក់​ថា​ នៅ​មុន​សេចក្តី​ប្រកាស​របស់​អាជ្ញាធរ​ចិន លោកស្រី​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អូស្ត្រាលី​បាន​ជូន​ដំណឹង​ស្តីអំពី​ការ​កាត់ទោស​ប្រហារជីវិត​លោក​សាស្ត្រាចារ្យ​ យ៉ាង ជន និង​អះអាង​ថា​រដ្ឋាភិបាល​អូស្ត្រាលី​ភ្ញាក់ផ្អើលនឹង​សាលក្រម​ចិន​ខ្លាំងណាស់។ លោកស្រី​ប្រមុខ​ការទូតបាន​សន្យា​​បញ្ចេញ​ប្រតិកម្ម​ដោយ​សក្តិសម​ និង​បាន​កោះ​ហៅ​ឯកអគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​ទីក្រុងកង់​បេរ៉ាមក​បំភ្លឺ​រួច​ហើយ​នៅ​ថ្ងៃចន្ទ​នេះ។

ការ​សម្រេច​ប្រហារ​ជីវិត​អ្នក​និពន្ធ​និង​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​ជាតិ​អូស្រ្តាលី​នេះ ប្រព្រឹត្ត​ទៅ​​ក្នុង​ខណៈ​ដែល​ទំនាក់ទំនង​ចិន​អូស្ត្រាលី​ហាក់​បាន​ធូរ​ស្បើយ​​ស្គាល់ភាព​ប្រសើរ​ឡើង​​បន្តិច​ តាំងពី​ខែ​តុលា​២០២៣​មក​ក្រោយ​ពេល​ប៉េកាំង​សម្រេច​ដោះលែង​អ្នក​កាសែត​ជាតិ​អូស្រ្តាលី​អ្នក​ ឆេង លៃ ជាប់​ឃុំ​នៅ​ចិន​ពី​បទ​ចារកិច្ច​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ